ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជំនួប​លោក​ស ខេង និង​កឹម សុខា​ ទទួល​បាន​លទ្ធផល​តិចតួច


រូបឯកសារ៖ លោក​ ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​និង​លោក​ កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​ជួប​ពិភាក្សា​គ្នាដើម្បី​ដោះស្រាយ​ជម្លោះ​នយោបាយ​រវាង​គណបក្ស​ទាំងពីរនៅ​រដ្ឋសភា​ជាតិ កាល​ពី​ថ្ងៃព្រហស្បតិ៍ ទី១០ ខែ​ធ្នូ ឆ្នាំ២០១៥។ (រូបថត​ដក​ស្រង់​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​របស់​លោក ស ខេង)
រូបឯកសារ៖ លោក​ ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​និង​លោក​ កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​ជួប​ពិភាក្សា​គ្នាដើម្បី​ដោះស្រាយ​ជម្លោះ​នយោបាយ​រវាង​គណបក្ស​ទាំងពីរនៅ​រដ្ឋសភា​ជាតិ កាល​ពី​ថ្ងៃព្រហស្បតិ៍ ទី១០ ខែ​ធ្នូ ឆ្នាំ២០១៥។ (រូបថត​ដក​ស្រង់​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​របស់​លោក ស ខេង)

ក្រោយ​កិច្ច​ប្រជុំ​ដែល​គ្មាន​លទ្ធផល​ជា​ដុំកំភួន​នេះ លោក​ ស ខេង ​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ ​និង​លោក​ កឹម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​យក​ព័ត៌មាន​ទេ។

កិច្ច​ប្រជុំ​បិទ​ទ្វារ​រយៈពេល​ប្រហែល​ជាង​១ម៉ោង​នៅ​រដ្ឋសភា​រវាង​លោក​ ស ខេង ​ប្រធាន​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ​និង​លោក​ កឹម សុខា​ ប្រធាន​ស្តីទី​នៃ​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​ពិភាក្សា​បញ្ហា៤​ចំណុច​ រួមមាន​ការ​វាយ​តម្លៃ​អត្ថ​ប្រយោជន៍​នៃ​វប្បធម៌​សន្ទនា ​ការ​សម្រេច​កញ្ចប់​ថវិកា​ចំណាយ​សម្រាប់​ក្រុម​តំណាង​រាស្ត្រ​ទាំង​ពីរ​គណបក្ស​នៅ​រដ្ឋសភា ការ​ព្រម​ព្រៀង​គ្នា​លើ​ច្បាប់​សហជីព ​និង​ការ​ព្រម​ព្រៀង​ថា ​នឹង​ជួបគ្នា​ទៀត ​តែ​មិន​ទាន់​កំណត់​ថ្ងៃ។​

ក្រោយ​កិច្ច​ប្រជុំ​ដែល​គ្មាន​លទ្ធផល​ជា​ដុំកំភួន​នេះ លោក​ ស ខេង ​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ ​និង​លោក​ កឹម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​យក​ព័ត៌មាន​ទេ ​ដោយ​គ្រាន់​តែ​ប្រកាស​ឲ្យ​លោក​ ឈាង វុន​ អ្នក​នាំ​ពាក្យ​ក្រុម​តំណាង​រាស្ត្រ​សំឡេង​ភាគ​ច្រើន​ និង​លោក​ យ៉ែម បុញ្ញឫទ្ធិ ​អ្នក​នាំ​ពាក្យ​ក្រុម​តំណាង​រាស្ត្រ​សំឡេង​ភាគ​តិច​ធ្វើ​សន្និសីទ​ព័ត៌មាន។​

ទាក់ទង​នឹង​ច្បាប់​សហជីព ​លោក​ ឈាង វុន ​បាន​និយាយ​ថា ​ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ធ្វើ​សិក្ខាសាលា​ ដើម្បី​ទទួល​មតិ​សាធារណជន​ មតិ​សហជីព ​និង​មតិ​សង្គម​ស៊ីវិល​សម្រាប់​ច្បាប់​នេះ។

«យើង​បាន​យក​ច្បាប់ ​សេចក្តីព្រៀង​ច្បាប់​សហជីព​យក​មក​ធ្វើជា​គោល​ក្នុង​ការ​អនុវត្ត​រួម​គ្នា ​គឺ​វប្បធម៌​សន្ទនា​នេះ។ ​ហើយ​សូម​ជម្រាប​ថា​ គណបក្ស​ទាំងពីរ​បាន​យល់​ស្រប​ជាមួយ​គ្នា​អស់​ហើយ​នៅ​ក្នុង​សេចក្តី​ព្រៀង​ច្បាប់​សហជីព​នេះ»។

ទោះជា​យ៉ាងណា​ក្តី​ មន្ត្រី​សង្គម​ស៊ីវិល​និយាយ​ថា ​ក្នុង​ការ​អនុម័ត​ច្បាប់​កន្លង​មក អនុសាសន៍​របស់​សង្គម​ស៊ីវិល​ភាគ​ច្រើន​មិន​ត្រូវ​បាន​សភា​ពិចារណា​សម្រាប់​បញ្ចូល​ក្នុង​ច្បាប់ ​ឬ​សម្រាប់​ធ្វើ​វិសោធន​កម្ម​ច្បាប់​ទេ។

លោក​ យ៉ែម បុញ្ញឫទ្ធិ ​អ្នក​នាំ​ពាក្យ​ភាគី​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ឲ្យ​ដឹង​ថា ​បញ្ហា​តំណែង​អនុ​ប្រធាន​ទីមួយ​នៃ​រដ្ឋសភា​ បញ្ហា​តំណែង​ប្រធាន​ក្រុម​តំណាងរាស្ត្រ​សំឡេង​ភាគ​តិច​របស់​លោក​ សម រង្ស៊ី ហើយ​នឹង​បញ្ហា​លោក ​ហុង សុខហួរ ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ សម រង្ស៊ី​ ដែល​កំពុង​ជាប់​ឃុំឃាំង​ទាក់ទង​នឹង​រឿង​ព្រំដែន​នោះ មិន​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​នោះ​ទេ។​

លោក​និយាយ​ថា ​បញ្ហា​ធំ​ដែល​នៅ​សេស​សល់​នេះ​ត្រូវ​ទុក​ឲ្យ​ថ្នាក់​ដឹក​នាំ​ពិភាក្សា​គ្នា​ទៀត។​

«បញ្ហា​ដែល​នៅ​សេសសល់​យើង​នឹង​ជជែក​ពិភាក្សា​គ្នា​បន្ត​ទៀត​ រវាង​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា ​ដើម្បី​រក​ដំណោះ​ស្រាយ​មួយ​ដូច​សេចក្តី​សម្រេច​ចំណុច​ទី​បួន​ដែល​យើង​ប្រើ​ពាក្យ​ថា ​បង្រួប​បង្រួម​ជាតិ ​ផ្សះផ្សារ​ជាតិ​ ដើម្បី​ដោះស្រាយ​បញ្ហា»។

លោក​ ឈាង វុន​ បន្ថែម​ថា៖​«ការ​ជជែក​របស់​យើង​ល្ងាច​នេះ ​យើង​អត់​មាន​និយាយ​រឿង​បុគ្គល​ណាៗ​ទេ។​ ហើយ​វា​មិន​មែន​ជា​ប្រធាន​បទ​ដែល​យើង​ត្រូវ​ជជែក​គ្នា​ផង»។​

ទោះជា​យ៉ាងណា​ក្តី​ ជំនួប​រវាង​ថា្នក់​ដឹកនាំ​កំពូល​របស់​គណបក្ស​ទាំង​ពីរ​គឺ​លោក​ សម រង្ស៊ី ​និង​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ មិន​ទាន់​មាន​ពន្លឺ​ថា នឹង​ត្រូវ​ជួបគ្នា​នៅ​ពេល​ណា​នោះ​ទេ។​

ទស្សនកិច្ច​របស់​លោក ​ហ៊ុន សែន ​ទៅ​ប្រជុំ​កំពូល​ពិសេស​មេដឹកនាំ​អាស៊ាន​និង​អាមេរិក បាន​ប្រឈម​នឹង​បាតុកម្ម​ប្រឆាំង​ ដូចកាលពី​ឆ្នាំ​មុន​ ប៉ុន្តែ​ក្រុម​អ្នក​គាំទ្រ​របស់​លោក​អះអាង​ថា​ មិន​មាន​ទ្រង់ទ្រាយ​ធំ​ដែល​ធ្វើ​ឲ្យ​ពួកគេ​ខឹង​សម្បារ​រហូត​ដល់​ធ្វើ​បាតុកម្ម​សងសឹក​នោះ​ទេ។ ​អ្នក​គាំទ្រ​លោក​ ហ៊ុន សែន​ ក៏​បាន​លុប​ចោល​គម្រោង​បាតុកម្ម​ប្រឆាំង​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រុង​ភ្នំពេញ​ផង​ដែរ។​

លោក ​យ៉ែម បុញ្ញឫទ្ធិ​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ​ភាគី​គណបក្ស​សង្រ្គោះ​ជាតិ​ក៏​បាន​លើក​ពី​កង្វល់​របស់​គណបក្ស​នេះ​ទាក់ទង​នឹង​បាតុកម្ម​របស់​អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច​ ដែល​កន្លង​មក​បាន​ធ្វើ​ឲ្យ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​នាក់​រង​របួស​នោះ៕

XS
SM
MD
LG