ក្រុមការងារនៃគណបក្សទាំងពីរដែលមានអាសនៈនៅក្នុងសភាជាតិបានជួបប្រជុំគ្នាជាលើកដំបូងបន្ទាប់ពីអាក់ខានដោយសារតែមានការខ្វែងគំនិតគ្នាលើបញ្ហាព្រំដែននិងការចាប់និងការកាត់ទោសមន្ត្រីនិងសកម្មជនគណបក្សប្រឆាំងដាក់ពន្ធនាគារ។
ក្រុមចរចាដែលដឹកនាំដោយលោក ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជានិងលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានផ្តោតតែជាសំខាន់លើបញ្ហាធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតឃុំសង្កាត់ដោយមិនមាននិយាយដល់ការដោះលែងមន្ត្រីនិងសកម្មជនដែលកំពុងជាប់ពន្ធនាគារនោះឡើយ។
លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានបញ្ជាក់នៅក្នុងសារតាមទំព័រហ្វេសប៊ុករបស់លោកថាក្រុមការងារ«បានស្រុះស្រួលគ្នាស្ទើទាំងស្រុង ហើយ៥ចំណុចទៀតដែលនៅសេសសល់ ក្រុមការងារនៃគណបក្សទាំងពីរនឹងបន្ដសិក្សា ជជែកគ្នានៅសប្ដាហ៍ក្រោយ»។
ចំណុចទាំង៥ដែលមិនទាន់ឯកភាពគ្នាគឺទាក់ទិននឹង ការហែក្បួនឃោសនាបោះឆ្នោត រយៈពេលឃោសនាបោះឆ្នោត ការលើកស្លាកគណបក្សនៅទីសាធារណៈទោសប្បញ្ញត្តិនិងការដាក់ពិន័យលើមន្ត្រីសាធារណៈ។
លោកសក់ សេដ្ឋា នៃគណបក្សប្រជាជនកម្ពុជាក៏បានបញ្ជាក់បន្ថែមថាការជួបជុំគ្នាលើកនេះគឺ«ជាការបន្តអនុវត្តនូវវប្បធម៌សន្ទនា» ដែលថ្នាក់ដឹកនាំគណបក្សទាំងពីរបានបង្កើតឡើងបន្ទាប់ពី ជាប់គាំងនយោបាយអស់រយៈពេលជិត១ឆ្នាំនៅ ក្រោយពី ការបោះឆ្នោតជាតិឆ្នាំ២០១៣។
វប្បធម៌សន្ទនានេះរងការប៉ះទង្គិចជាច្រើនដោយសារតែជារឿយៗលោកនាយករដ្ឋមន្ត្រីហ៊ុន សែនចោទមេដឹកនាំគណបក្សប្រឆាំងថាមិនស្មោះត្រង់និងមានការចាប់មន្ត្រីនិងសកម្មជនគណបក្សប្រឆាំងជាង១០នាក់ដាក់ពន្ធនាគារពាក់ព័ន្ធនឹងសំណុំរឿងបាតុកម្មហិង្សានិងព្រំដែនជាដើម៕