ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​នយោបាយ​ត្រៀម​ខ្លួន​តាម​ដាន​មើល​ការ​សាកល្បង​ចុះឈ្មោះ​អ្នក​បោះឆ្នោត


រូបឯកសារ៖ កម្មករ​ខ្មែរ​ឈរ​នៅ​ក្រោម​បដា​ដែល​សរសេរ​ជា​ភាសា​អង់គ្លេស​ថា «Where is my vote» ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា «សន្លឹក​ឆ្នោត​របស់​ខ្ញុំ​នៅ​ឯណា» នៅ​គ្រាដែល​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រមូល​ផ្តុំ​គ្នា នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។
រូបឯកសារ៖ កម្មករ​ខ្មែរ​ឈរ​នៅ​ក្រោម​បដា​ដែល​សរសេរ​ជា​ភាសា​អង់គ្លេស​ថា «Where is my vote» ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា «សន្លឹក​ឆ្នោត​របស់​ខ្ញុំ​នៅ​ឯណា» នៅ​គ្រាដែល​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រមូល​ផ្តុំ​គ្នា នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។

គណបក្ស​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ បាន​សាទរ​​ចំពោះ​ការចាប់​ផ្តើមសាក​ល្បង​​ការ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ ​ក៏​ប៉ុន្តែ​ពួក​ខ្លួន​នៅតែ​បន្ត​​តាម​ដាន​ដំណើរ​ការ​នៃ​ការ​ចុះ​បញ្ជី​អ្នក​បោះ​ឆ្នោត​ដោយ​ប្រុងប្រយ័ត្ន។

គណបក្ស​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ បាន​សាទរចំពោះ​ការចាប់​ផ្តើមសាក​ល្បងការ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ ​ក៏​ប៉ុន្តែ​ពួក​ខ្លួន​នៅតែ​បន្តតាម​ដាន​ដំណើរ​ការ​នៃ​ការ​ចុះ​បញ្ជី​អ្នក​បោះ​ឆ្នោត​ដោយ​ប្រុងប្រយ័ត្ន។

​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការបោះ​ឆ្នោត(គ​.ជ.​ប.​)​ នឹង​ចាប់​ផ្តើម​សាក​ល្បងចុះ​ឈ្នោះ​អ្នក​បោះ​ឆ្នោត​នៅ​ក្នុងភូមិ​ចំនួន​៤១​នៃ​ប្រទេស​កម្ពុជា​រយៈពេល​១៥ថ្ងៃ​នា​ខែ​វិច្ឆិកា ​ដើម្បី​ត្រៀម​រៀបចំ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោតថ្មី ​សម្រាប់ការ​បោះ​ឆ្នោត​ឃុំសង្កាត់​នា​ឆ្នាំ​២០១៧ និង​តំណាង​រាស្ត្រ​នា​ឆ្នាំ​២០១៨​ខាង​មុខ​នេះ។

តំណាង​គណបក្ស​នានាក្នុង​ប្រ​ទេស​កម្ពុជា​បាន​បញ្ជាក់​ក្នុង​កិច្ចសម្ភាស​ជាមួយ​ VOA ខេមរភាសា​ នា​សប្តាហ៍​នេះ​ថា​គណបក្ស​របស់​ខ្លួន​នឹង​ចូល​រួម​ ​ជំរុញ​អ្នក​គាំ​ទ្រ​ខ្លួន​ដែល​នៅ​តាម​ភូមិគោល​ដៅ​ទាំង​នោះ ​ចូល​រួម​ឲ្យ​បាន​ច្រើន។​

លោក​ យឹម សុវណ្ណ​ អ្នក​នាំពាក្យ​គណបក្ស​ដែល​មាន​សំឡេង​ភាគតិច​ក្នុង​រដ្ឋសភា​បាន​បញ្ជាក់​ថា​បើ​ទោះ​ជា​គណបក្ស​លោក​មាន​ការ​ព្រួយបារម្ភ​មួយ​ចំនួន​ទាក់ទិន​នឹង​ការ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ថ្មី​ក៏​ដោយ​ ​ក៏​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ទុក​ពេល​វេលា​ឲ្យ​គ្រប់គ្រាន់​ដល់គ​.ជ.​ប.​ ថ្មី​ ​ធ្វើ​ការ​របស់​ខ្លួន​ដោយ​ឯករាជ្យ។​ ​ហើយ​គណបក្ស​ជំទាស់​ដ៏​ធំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​នៅ​ជួយ​ជំរុញ​តាម​ដាន​ដំណើរ​ការ​ចុះ​ឈ្មោះ​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់។

«យើង​រង់ចាំ​មើល​ដំណើរ​ការ​នៃ​ការ​ប្រមូល​ទិន្នន័យ​សិន ថា​តើយើង​នៅ​មាន​ឧបសគ្គ​អ្វី​ខ្លះ​?​ ឥ​ឡូវ​ហ្នឹង​យើង​គណបក្ស​សង្គ្រោះ​បាន​ជូនដំណឹង​ទៅ​ថ្នាក់ដឹកនាំ​មូលដ្ឋាន​ ជា​ពិសេស​ថ្នាក់​ដឹកនាំ​នៅ​ឃុំ​សង្កាត់​ដែល​គជប​បម្រុង​នឹង​ទៅ​ចុះ​បញ្ជី​ឈ្មោះហ្នឹង​ ឲ្យ​មេត្តា​ពិនិត្យ​មើល​ ឃ្លាំមើល​ដំណើរ​ការ​ធ្វើ​ហ្នឹង​ថា​តើ​មាន​ឧបសគ្គ​អ្វីខ្លះ​?​ ​ហើយ​មាន​បញ្ហា​អ្វីខ្លះ​ដែលមាន​ពាក់ព័ន្ធ​នឹង​សមត្ថកិច្ច​ ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​មាន​ដំណើរ​ការ​ល្អ»​។​

ស្របគ្នា​នេះ​ដែរ​ គណបក្ស​នយោបាយ​ថ្មី​ ដែល​មាន​ឈ្មោះ​ថា​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​ក៏​បញ្ជាក់​ថា​ ​ខ្លួន​នៅ​ចាំ​ឃ្លាំ​មើល​ដំណើរ​ការ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​សាកល្បងនេះ​ ​ហើយ​វា​គឺ​ជា​ជំហាន​មួយ​ដ៏​ល្អ​សម្រាប់​ដំណើរ​ការ​ ប្រជាធិបតេយ្យ​នៅ​ក្នុង​កម្ពុជា​ដ៏​ក្រីក្រ​នេះ។​

​លោក​ សាម អ៊ីន​ អគ្គលេខា​និង​ជា​អ្នក​នាំពាក្យ​នៃ​គណ​បក្ស​ ប្រជា​ធិបតេយ្យ​មូលដ្ឋានបាន​បញ្ជាក់​ថា៖«អញ្ចឹង​យើង​គិត​ថា​ជា​ជំហាន​មួយ​ទៅ​មុខ​ល្អ​ ​ប៉ុន្តែ​យើង​នៅ​រង់ចាំ​មើល​ការ​ចាត់ចែង​ការងារ​របស់​គជប​ថ្មី​នេះ​ វា​មាន​អព្យា​ក្រិត​ភាព​ មាន​តម្លាភាព​ ​ហើយ​នឹង​ភាព​ល្អ​ប្រសើរ​កម្រិត​ណា​យើងមិន​ទាន់​មាន​ការ​វាយ​តម្លៃ​នៅ​ឡើយ​ទេ។​ ក៏ប៉ុន្តែ​ ​ខ្ញុំសង្កេត​ឃើញ​ថា​ការ​ចេញ​ដំណើរ​នៃ​ការ​សាក​ល្បង​ការ​ចុះ​បញ្ជី​បោះឆ្នោត​ថ្មី​នេះ​គឺខ្ញុំ​គិត​ថា​ជា​ការ​ចាប់​ផ្តើម​មួយ​ ​ដ៏ល្អ​ ក៏ប៉ុន្តែ​យើង​ចាំសង្កេត​មើល​ទាំង​អស់​គ្នា​ទៀត»។

​យ៉ាង​ណា​ក៏​ដោយ​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​សែន​ មិនមាន​ភាព​មន្ទិល​ចំពោះ​ដំណើរការ​ចុះបញ្ជី​បោះឆ្នោត​ថ្មីនេះ​ទេ​ ​ដោយ​ខ្លួនមាន​ទំនុក​ចិត្ត​ចំពោះ​គជប​ថ្មី​ដែល​ទើបបានបង្កើត។​

លោក​ សុខ ឦសាន​ ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​៖​ «យើង​ដូច​អត់​មាន​បញ្ហា​អ្វី​ស្មុគស្មាញ​ទេ​ យើងចាំ​តែ​គោរពតាម​នីតិវិធី​របស់​គជប​ថ្មី​ហ្នឹង។ វិធាន​គឺ​ដូច​ជា​មិន​មាន​អ្វីស្មុគ​ស្មាញ​ទេ​។ ​បាទបញ្ហា​សំខាន់​គឺ​គណបក្ស​គ្រាន់ថា​ចុះ​ទៅ​មូលដ្ឋាន​ ដើម្បី​អប់រំ​បងប្អូន​ប្រជាជន​ ឲ្យ​ចូលរួមសស្រាក់សស្រាំ​ក្នុង​ការចូលរួម​ចុះឈ្មោះ​បោះឆ្នោត​និង​ធ្វើ​អត្តសញ្ញាណបណ្ណ​ដែល​សម្រាប់​បម្រើ​ក្នុង​បោះ​ឆ្នោត​ហ្នឹង»​។

គណៈកម្មា​ធិការ​ជាតិរៀប​ចំ​ការបោះ​ឆ្នោត​ពេល​បច្ចុប្បន្នកើត​ឡើង​ដោយ​ការ​ឯក​ភាព​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិបន្ទាប់​ពី​មាន​ការ​ជាប់​គាំង​នយោ​បាយ​ជិត១​ឆ្នាំ​ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​ខែ​កក្កដា​ឆ្នាំ​២០១៣​ ​ក្រោ​យ​ពេល​ដែល​គណបក្ស​ជំទាស់​ចោទ​ពីភាព​មិន​ប្រក្រ​តី​ក្នុង​ការ​បោះ​ឆ្នោត​និង​បញ្ជី​បោះឆ្នោត។​ ​គ.ជ.ប​ថ្មី​នេះមាន​សមាជិក​៩រូប​រួម​ទាំង​ប្រធាន​ដែល​មាន​សមាស​ភាព​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ​និង​អនុ​ប្រធាន​មក​ពី​គណបក្ស​ជំទាស់​ ​ត្រូវ​បាន​ឯកភាព​និង​ជ្រើស​តាំងកាល​ពីចុង​ខែ​មេសា​កន្លង​ទៅ​ដែល​ជាផ្នែក​មួយ​នៃ​ការ​កែ​ទម្រង់​ការ​បោះឆ្នោត​នៅ​កម្ពុជា។​ ​

កាល​ពី​សប្តាហ៍​កន្លង​ទៅ​គ.ជ.ប​ថ្មី​នេះ​ ​បាន​ប្រកាស​ពី​គម្រោង​ចុះ​បញ្ជី​អ្នក​បោះ​ឆ្នោត​សាក​ល្បងចាប់​ពី​ដើម​ខែ​វិច្ឆិកា​ខាង​មុខ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ថ្មី។​

​យ៉ាង​ណា​មិញ​គណបក្ស​នយោបាយ​មួយ​ចំនួន​នៅតែ​មាន​ក្តី​បារម្ភ​ចំពោះ​ដំណើរ​ការ​នៃ​ការ​ចុះ​បញ្ជី​សម្រាប់​ព​លករ​ចំណាក​ស្រុកនិង​ការ​ចូល​រួម​របស់​ប្រជាពលរដ្ឋ​ ​ក្នុង​ដំណើរការ​បោះ​ឆ្នោត​ឃុំសង្កាត់​នា​ឆ្នាំ​២០១៧​ខាង​មុខ​។​

លោក​ សាម អ៊ីន​ អគ្គលេខា​និង​ជា​អ្នកនាំពាក្យ​នៃ​គណ​បក្ស​ ប្រជា​ធិបតេយ្យ​មូលដ្ឋាន​បាន​បញ្ជាក់​ពី​ក្តី​បារម្ភ​ចំពោះ​ការ​ចូល​រួម​ពី​សង្គមស៊ីវិល​និង​ប្រជា​ពលរដ្ឋកម្ពុជា​ក្នុង​ដំណើរ​ការ​ចុះ​បញ្ជីរ​បោះ​ឆ្នោត​ថ្មី​នេះ​។​

«ខ្ញុំ​គ្រាន់​តែ​ចង់ប​ញ្ជាក់​ថា​បើ​សិន​ជា​យើងចង់​ឲ្យ​មាន​ការបោះឆ្នោត​ដោយ​សេរី​នឹង​ ​យុត្តិធម៌​យើង​ពឹង​អាស្រ័យ​តែ​គជប​តែ​ម្នាក់​ហ្នឹង​គឺ​មិន​គ្រប់គ្រាន់​ទេ។ ​អញ្ចឹង​គឺ​យើង​ត្រូវ​ការ​ឲ្យ​មាន​ការ​ចូល​រួម​យ៉ាងសកម្ម​ពី​បង​ប្អូន​ប្រជា​ពល​រដ្ឋ​យើង​ ជា​ពិសេស​ទៅ​ចុះ​ឈ្មោះ​ ​ទៅ​ផ្ទៀង​ឈ្មោះ​ ​ហើយនឹងជួយទៅ​តាម​ដាន​ដំណើរ​ការ​នេះ​ទាំង​អស់​គ្នា ​ទើប​យើង​ទទួល​បាន​ការបោះឆ្នោត​មួយ​ដោយ​សេរី​នឹង​ ​យុត្តិធម៌»​។​

លោក​យឹម សុវណ្ណ​អ្នកនាំពាក្យ​គណបក្ស​ជំទាស់​បាន​ថ្លែង​ថា​គជប​គួរ​តែ​គិត​ដល់​ពលករ​ចំណាក​ស្រុក​កម្ពុជា​រាប់​ម៉ឺន​នាក់​ដែល​កំពុង​តែ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ដោយ​ឲ្យ​ពួក​គាត់គួរ​តែ​ទទួល​បាន​សិទ្ធិ​បោះ​ឆ្នោត​ផង​ដែរ​។​ ​ហើយ​រដ្ឋាភិបាល​ត្រូវ​តែ​ពន្លឿន​ការ​ធ្វើ​អត្ត​សញ្ញាណ​បណ្ណ​ដល់​ប្រជាពល​រដ្ឋឲ្យ​បាន​គ្រប់​គ្នា ​ដែល​ជា​ឯក​សា​សំខាន់​សម្រាប់​ធ្វើ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នោះ។​

«ទាក់​ទង​នឹង​អ្នក​ដែល​ទៅធ្វើការ​នៅ​ក្រៅ​ប្រទេស​ ក៏ដូចជា​បងប្អូន​យើង​ដែល​ទៅរស់​នៅ​ក្រៅ​ប្រ​ទេស​ ​គឺ​គំនិត​ដើម​របស់​ ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​ចង់ឲ្យគជប​ហ្នឹង​រៀប​ចំ​ការិយាល័យ​នៅ​ក្រៅ​ប្រទេស​ជា​ពិសេស​ការិយាល័យ​នឹង​គឺស្ថិត នៅ​តាម​បណ្តា​កុងស៊ុល​ ​និង​ស្ថាន​ទូត​មួយ​ចំនួន ​ដែល​ជួយ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ប្រជា​ពលរដ្ឋ​យើង​ ​បាន​ចុះឈ្មោះ​ ​នឹង​បោះ​ឆ្នោត​ដូច​បណ្តា​ប្រទេស​មួយ​ចំនួន​ដែល​ធ្វើនៅ​ក្នុង​ស្រុក​ខ្មែរ​យើង​»​។​

ដោយ​ឡែក​លោក​ សុខ ឦសាន​ បាន​ឆ្លើយ​តប​ថា​ប្រទេស​កម្ពុជា​មិនទាន់​មាន​លទ្ធភាព​ក្នុងការ​បង្កើត​ការិយាល័យ​បោះឆ្នោតនៅ​តាម​ស្ថានទូត​កម្ពុជា​នៅ​ឯបរទេស​នៅ​ឡើយ​នោះ​ទេ​ ​ហើយ​ការធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើការ​នៅ​បរទេស​គឺ​ជាជម្រើស​របស់​ប្រជាពល​រដ្ឋកម្ពុជា​ក្នុង​ការ​ស្វែង​រក​ចំណូល​របស់​ពួក​គាត់។​

«លក្ខណៈ​សម្បត្តិ​របស់​កម្ពុជា​គឺ​មិនទាន់​ដល់​ថ្នាក់​នោះ​ទេ។ ​យើង​ធ្វើតែ​ក្នុងស្រុក​នៅ​គេ​ចោទ​យើង​ថា​មិន​មានយុត្តិធម៌ ​ចុះទម្រាំ​ទៅធ្វើ​នៅក្រៅស្រុក​ទៀត បើគាត់​ចាញ់ឆ្នោត​ទៀត​ គាត់​មិនឡាំប៉ា​កាន់តែ​ខ្លាំង​ឡើងទៀត​ហើយ។​ រា​ជរដ្ឋាភិបាល​កម្ពុជា​មិន​មាន​ចំណង​ណាមួយ​ដែល​ទប់ស្កាត់​ពួកគាត់​មិន​ឲ្យ​មក​បោះ​ឆ្នោត​ទេ​ ​ក៏ប៉ុន្តែ​បើ​ថា​គាត់​ចេញ​ទៅ​ហើយ​ ​ត្រឡប់​មក​វិញ​ យើង​ស្វាគមន៍​ ​តែ​បើគាត់​មិន​ចង់​ត្រឡប់​មកយើង​ក៏​មិន​អាច​ទៅ​ដេញ​គាត់​បា​ន​ដែរ»​។​

​តាម​ការ​ឲ្យដឹង​របស់​លោក​ ហង្ស ពុទ្ធា​ ​អ្នក​នាំ​ពាក្យ គ.ជ.ប​ ដំណើរ​ការសា​កល្បង​រយៈ​ពេល១៥​ថ្ងៃ​គឺ​ដើម្បី​ប្រមូល​ ​ទិន្នន័យ​និង​ការ​កែ​សម្រួលប្រព័ន្ធ​ចុះ​បញ្ជី​ថ្មី​ មុន​នឹង​ធ្វើការ​ចុះ​បញ្ជី​ទូទាំង​ប្រទេស​ផ្លួវ​ការ​នា​ដើម​ឆ្នាំ​២០១៦​ខាង​មុខ​នេះ​។ គ.ជ.បនឹង​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួនប្រមាណ​៧០ម៉ឺន​ ​ដុល្លារស​ហ​រដ្ឋ​អាមេរិក​ដើម្បីការធ្វើ​បញ្ជី​បោះ​ឆ្នោត​ថ្មីនេះដោយ​ធ្វើ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ដែល​មាន​ប្រសិទ្ធ​ភាព​និង​រហ័ស​ជាង​ការ​ចុះ​បញ្ជី​ដោយ​ការ​កត់​ត្រា​ដោយ​ដៃ​នោះ៕

XS
SM
MD
LG