ស្របពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)គ្រោងចាប់ផ្តើមសាកល្បងចុះឈ្នោះអ្នកបោះឆ្នោតនៅដើមខែវិច្ឆិកាខាងមុខនេះ និងធ្វើបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មីនាដើមឆ្នាំ២០១៦ ប្រជាពលរដ្ឋមួយចំនួនធំមិនទាន់បានទទួលអត្តសញ្ញាណបណ្ណប្រភេទថ្មី ដែលជាឯកសារសំខាន់សម្រាប់ការចុះឈ្មោះនោះនៅឡើយទេ។
លោកស្រី អ៊ឹង គ្រិន កសិករក្នុងខេត្តកំពង់ឆ្នាំង បានប្រាប់ VOA ថា គាត់មិនបានទទួលដំណឹងពីការចាប់ផ្តើមចុះឈ្មោះបោះឆ្នោតថ្មីនេះនៅឡើយទេ ដោយរវល់នឹងការធ្វើស្រែក្នុងរដូវវស្សានេះ។ កសិករអាយុ៥៥ឆ្នាំរូបនេះបានបញ្ជាក់ថា គាត់នៅមិនទាន់បានទទួលអត្តសញ្ញាណបណ្ណប្រភេទថ្មីសម្រាប់ត្រៀមខ្លួនចុះឈ្មោះបោះឆ្នោតនាពេលខាងមុខនៅឡើយ បើទោះជាប្រជាពលរដ្ឋមួយចំនួននៅក្នុងស្រុករលាផ្អៀរ បានទទួលអត្តសញ្ញាណបណ្ណរួចរាល់ក៏ដោយ។
«ច៎ាស បានខ្លះហើយ តែខ្ញុំហ្នឹងអត់ទាន់បានទេ។ គេមកបើកកាលនៅវត្តហ្នឹងអត់ទាន់បានដឹងថាថ្ងៃណាទេលោកគ្រូ បើគេអត់ទាន់ប្រកាសផង អានៅសល់ក្រោយហ្នឹងអត់ទាន់បានផង»។
លោកស្រី អ៊ឹង គ្រិន មានកូន៣នាក់ដែលដល់អាយុបោះឆ្នោតបានបញ្ជាក់ពីក្តីបារម្ភថា ខ្លួនអាចនឹងអាចខកខានក្នុងការចូលរួមការបោះឆ្នោតឃុំសង្កាត់ និងការបោះឆ្នោតថ្នាក់ជាតិនាឆ្នាំ២០១៨ខាងមុខ។
«ទេបារម្ភដែរហ្នឹងហា៎ បើអត់មានអត្តសញ្ញាណបណ្ណហ្នឹង គេអត់ឲ្យបោះហ្នឹងហា៎ បើអត់មានអត្តសញ្ញាណបណ្ណដឹងគេឲ្យបោះដឹងថាអត់»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)បានប្រកាសថា ខ្លួននឹងចាប់ផ្តើមសាកល្បងចុះឈ្នោះអ្នកបោះឆ្នោតនៅក្នុងភូមិចំនួន៤១នៃប្រទេសកម្ពុជារយៈពេល១៥ថ្ងៃក្នុងខែវិច្ឆិកាខាងមុខ។ ការសាកល្បងនេះគឺដើម្បីត្រៀមរៀបចំបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មីដោយប្រព័ន្ធកុំព្យូទ័រ សម្រាប់ការបោះឆ្នោតឃុំ សង្កាត់នាឆ្នាំ២០១៧ និងតំណាងរាស្ត្រនាឆ្នាំ២០១៨ខាងមុខនេះ។ ក៏ប៉ុន្តែដើម្បីឈានដល់ការចុះឈ្មោះបោះឆ្នោត ប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោតត្រូវភ្ជាប់ជាមួយនូវអត្តសញ្ញាណបណ្ណ និងលិខិតដែលសម្គាល់អត្តសញ្ញាណរបស់ខ្លួន។
លោក ម៉ៅ ច័ន្ទតារា អគ្គនាយកនៃអគ្គនាយកដ្ឋានអត្ដសញ្ញាណកម្មក្រសួងមហាផ្ទៃបានបញ្ជាក់ក្នុងកិច្ចសម្ភាសជាមួយ VOA នាថ្ងៃព្រហស្បតិ៍នេះថា ក្រសួងមហាផ្ទៃបានផ្តល់អត្តសញ្ញាណបណ្ណប្រភេទថ្មីដល់ប្រជាពលរដ្ឋត្រឹមតែ៥លាន៥សែននាក់ប៉ុណ្ណោះនៃចំនួនពលរដ្ឋគ្រប់អាយុបោះឆ្នោត ដែលមានចំនួនជាង៩លាននាក់។ បើទោះជាយ៉ាងនេះក្តី ក៏លោកបានបញ្ជាក់ថា ក្រសួងមហាផ្ទៃនឹងសហការយ៉ាងជិតស្និទជាមួយ គ.ជ.ប.ក្នុងការសម្រួលដល់ការចុះបញ្ជីបោះឆ្នោតថ្មីនេះ។
«យើងធ្វើមិនទាន់ទេបាទ យើងធ្វើម៉េចទាន់ ព្រោះខែ១១ គ.ជ.ប.លោកហ្នឹងគ្រោងចុះធ្វើសាកល្បង ហើយយើងធ្វើបានទើបតែឥឡូវនេះអាថ្មីនេះគឺ យើងទើបតែធ្វើបានលានកន្លះទេបាទ អីចឹងនៅក្នុងប៉ុន្មានខែទៀត យើងមិនអាចផ្តល់ជូនគ្រប់ប្រជាពលរដ្ឋ ព្រោះយើងនៅសល់ ដូចខ្ញុំបានជម្រាបអញ្ចឹងគឺ យើងនៅសល់ប្រហែលជាង៤លានទៀត។ ឥឡូវយើងកំពុងតែខំជំរុញ ទោះជាយ៉ាងណាក៏ដោយ យើងខំប្រឹងប្រមែ ប្រមូល និងព្យាយាមអប់រំប្រជាពលរដ្ឋមកធ្វើ»។
លោកក៏បានបញ្ជាក់ថា ក្រសួងមហាផ្ទៃគ្រោងនឹងផ្តល់អត្តសញ្ញាណបណ្ណប្រភេទថ្មីដល់ប្រជាពលរដ្ឋដែលគ្រប់អាយុទាំងអស់គ្នាក្នុងខែមិនាខាងមុខនេះ ដើម្បីត្រៀមខ្លួនចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មី ដែលរៀបចំដោយគ.ជ.ប.នោះ។ យ៉ាងណាក៏ដោយ អគ្គនាយកដ្ឋានអត្ដសញ្ញាណកម្មនឹងសហការជាមួយគ.ជ.ប.ក្នុងការសម្រួលដល់ការចុះបញ្ជីអ្នកបោះឆ្នោតសាកល្បងនេះ។
«ពាក់ព័ន្ធនឹងការចុះទៅសាកល្បងរបស់គ.ជ.ប.នេះ ខាងខ្ញុំបានត្រៀមរួចរាល់អស់ហើយ បាទត្រៀម។ នេះគឺជាសមត្ថកិច្ចរបស់គ.ជ.ប.ទេ ក៏ប៉ុន្តែយើងខ្ញុំបានត្រៀមក្នុងការផ្តល់ទិន្នន័យ ផ្តល់អ្វីនេះ ប្រសិនជាមានសំណូមពរ នៅពេលធ្វើការចុះឈ្មោះសាកល្បងហ្នឹង»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតពេលបច្ចុប្បន្នត្រូវបានបង្កើតឡើងដោយការឯកភាពនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បន្ទាប់ពីមានការជាប់គាំងនយោបាយជិត១ឆ្នាំ ចាប់តាំងពីការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៣ ក្រោយពេលដែលគណបក្សជំទាស់ចោទប្រកាន់ពីភាពមិនប្រក្រតីក្នុងការបោះឆ្នោត និងបញ្ជីបោះឆ្នោត។ គ.ជ.ប.ថ្មីនេះមានសមាជិក៩រូបរួមទាំងប្រធាន ដែលមានសមាសភាពមកពីគណបក្សប្រជាជនកម្ពុជា និងអនុប្រធានមកពីគណបក្សជំទាស់ហើយត្រូវបានឯកភាព និងជ្រើសតាំងកាលពីចុងខែមេសាកន្លងទៅ ដែលជាផ្នែកមួយនៃការកែទម្រង់ការបោះឆ្នោតនៅកម្ពុជា។
យ៉ាងណាមិញគណបក្សនយោបាយមួយចំនួននៅតែមានក្តីបារម្ភចំពោះដំណើរការនៃការចុះបញ្ជីសម្រាប់ពលករចំណាកស្រុក និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរការបោះឆ្នោតឃុំសង្កាត់នាឆ្នាំ២០១៧ខាងមុខ ហើយខ្លួននឹងត្រៀមធ្វើការត្រួតពិនិត្យយ៉ាងដិតដល់ចំពោះដំណើរការចុះបញ្ជីអ្នកបោះឆ្នោតថ្មីនេះ៕