អ្នករត់ម៉ូតូឌុបឱ្យដឹងថា តម្រូវការពាក់មួកសុវត្ថិភាពរួមរបស់ម៉ូតូឌុប ដែលអ្នកជិះជាច្រើនមិនចង់ពាក់ជាពិសេសតាំងពីជំងឺកូវីដ១៩បានចាប់ផ្តើមនោះ នៅតែបន្តជាឧបសគ្គសម្រាប់មុខរបរនេះនៅឡើយ ជាពិសេសអតិថិជនស្ត្រីដែលមានការតុបតែងសក់សម្រាប់កម្មវិធីនានា ដូចជាអាពាហ៍ពិពាហ៍ជាដើម។ ពួកគាត់ទទួលស្គាល់ថា ក្រៅពីមិនចាំបាច់ពាក់មួកសុវត្ថិភាពរួមដូចពេលជិះម៉ូតូឌុបនោះ អ្នកជិះរ៉ឺម៉កកង់បីមានសុវត្ថិភាព មានដំបូលជ្រកភ្លៀង និងកម្តៅថ្ងៃ។
កំពុងរៀបចំអីវ៉ាន់លើម៉ូតូឌុបរបស់លោកនៅផ្សារអូរឬស្សី លោក សុង ងួន ប្រាប់វីអូអេថា៖
«កាលពីសម័យកូវីដគេយល់អ៊ីចឹង តែបច្ចុប្បន្នគេយល់ថាក្តៅ»។
លោកងួន ដែលរកស៊ីរត់ម៉ូតូឌុបតាំងពីឆ្នាំ១៩៩១មកនោះ បន្តថា តាំងពីជំងឺកូវីដ១៩រាតត្បាត ចំណូលក្នុងមួយថ្ងៃរបស់លោកបានត្រឹមសម្រាប់ថ្លៃសាំង និងសល់ជាងមួយម៉ឺនរៀល ឬតិចជាងនេះ ហើយលោកមិនអាចឱ្យលោកទទួលទានអាហារពេលព្រឹកក្រៅផ្ទះបានទេ។
«បាយកកផ្ទះហើយបានចុះម៉ោ! ញ៉ាំហើយ ម៉ោង៦ជាងបន្តិច ចុះម៉ោ… ត្រីងៀតអាំង ត្រីងៀតចៀន»។
លោកបន្តថា សេវាដឹកជញ្ជូននេះមានការប្រកួតប្រជែងខ្លាំង។
«យូរៗកាត់បន្ថយអស់ហើយ… ម៉ូតូឌុបចង់បាត់អស់ហើយ។ វាទៅកើន PassApp(ម៉ូតូកង់បី) ហើយសព្វថ្ងៃPassApp កើនច្រើនពេក ចង់បាត់អស់វិញហើយ»។
អ្នករត់ម៉ូតូឌុបនិយាយថា ម៉ូតូឌុបរបស់ពួកគេឥឡូវនៅសល់តែឈ្មោះទេព្រោះសេវាពួកគេក្លាយជាម៉ូតូដឹកអីវ៉ាន់ទៅហើយ ។ ពួកគាត់អះអាងថាភាគច្រើនបានចំណូលពីការដឹកទំនិញជាជាងឌុបអតិថិជនដែលមួយថ្ងៃសូម្បីអតិថិជនម្នាក់ក៏គ្មានផង។
កំពុងរៀបចំដឹកបន្លែដែរនោះ លោក ហាយ ថាវុន ដែលរត់ម៉ូតូឌុបប្រមាណ២០ឆ្នាំមកនោះ និយាយថា៖
«អត់រត់ផង! រាល់ថ្ងៃអត់រត់ផង …ឈប់ហើយ។ គ្រាន់តែដឹកបន្លែមួយជើងហើយចូលផ្ទះ»។
អ្នករត់ម៉ូតូឌុបនិយាយថា ជីវភាពគ្រួសាររបស់ពួកគាត់ពឹងផ្អែកលើចំណូលដែលភរិយារកបានដូចជាអ្នកលក់បាយ និងម្ហូបឆ្អិនស្រាប់ដូចជាត្រីអាំង ត្រីចៀន មាន់អាំង ពេលយប់។ ភរិយាអ្នករត់ម៉ូតូឌុបខ្លះជាអាជីវករក្នុងផ្សារ ឬអាជីវករតាមផ្សារតាមផ្លូវ។
មិនខុសពីអ្នករត់ម៉ូតូឌុបផ្សេងទៀតដែលវីអូអេបានសួរ លោក យ៉ាន សុខគាន ដែលមិនទាន់បានអតិថិជនម្នាក់នៅឡើយនោះ បានប្រាប់វីអូអេថា ជីវភាពគ្រួសារលោកបានពឹងលើចំណូលភរិយា។
«បានប្រពន្ធជួយយោងទេ។ តាមខ្ញុំអ្នកម៉ូតូឌុប ចប់បាត់ហើយ! បានគ្រួសារគាត់ជួយរកដែរ»។
ពេលកំពុងរង់ចាំអ្នកជិះ លោកត្រូវបានអ្នកលក់ហៅឱ្យដឹកផ្លែលើទៅឱ្យអ្នកទិញ។ ដឹកទំនិញនេះជាសេវាទីមួយដែលម៉ូតូឌុបរបស់លោករកប្រាក់ចំណូលឱ្យលោក១ម៉ឺនរៀលនៅថ្ងៃអាទិត្យទី១២ខែមិថុនា។
លោកឱ្យដឹងថា លោកនិងភរិយាមករកស៊ីនៅភ្នំពេញចោលកូន៤នាក់ ដោយកូនពៅអាយុទើបបានមួយខួប៣ខែ នៅស្រុកមេសាង ខេត្តព្រៃវែង។ លោកបានទៅជួបកូន៣ទៅ៤ដងក្នុងមួយឆ្នាំគឺនៅពេលទៅបោះឆ្នោត ពេលបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំឬ ថ្ងៃបុណ្យជាតិ។
ត្រឡប់មកលោក ហាយ ថាវុន វិញ លោកឱ្យដឹងថា លោកត្រូវទៅផ្ទះជួយការងារប្រពន្ធ ដែលលក់ចាប់ហួយដើម្បីជួយគ្នារកចំណូល ហើយវាគ្រាន់បើជាងមុខរបរម៉ូតូឌុបដែលត្រូវចំណាយពេលរង់ចាំ ដោយមិនរំពឹងថាមានអតិថិជន។
«បាទវាខ្វះខាតបងអើយ! រកព្រឹក ខ្វះល្ងាច។ រាល់ថ្ងៃកុំតែបានប្រពន្ធ ជួយលក់កំប៉ិកកំប៉ុក កុំអីចប់បាត់ហើយ! អត់មានមុខរបរអីពិតប្រាកដផង»។
នៅថ្ងៃនេះអាទិត្យទី១២ ខែមិថុនា លោកថាវុនរកបាន៣ម៉ឺនរៀលសម្រាប់ដឹកបន្លែមួយជើងឱ្យហាងចំនួនពីរដែលជាម៉ូយរបស់លោក។
អ្នករត់ម៉ូតូឌុបឱ្យដឹងថា តម្រូវការមួកសុវត្ថិភាព សាំងឡើងថ្លៃ និង ការប្រជែងពីម៉ូតូកង់បីប្រើឧស្ម័នដែលថោកជាងសាំង បានធ្វើឱ្យមុខរបរម៉ូតូឌុបបាត់បង់អ្នកជិះក្លាយពីម៉ូតូឌុបមកជាម៉ូតូដឹកទំនិញ។
លោកសុង ងួននិយាយថា អ្នកដំណើរភាគច្រើនហាក់ដូចជាយល់ថា ឈប់មានសេវា ម៉ូតូឌុបទៀតហើយ។លោកឃើញអ្នកដំណើរសុខចិត្តហៅម៉ូតូកង់បីតាម PassApp ហើយរង់ចាំម៉ូតូកង់បីនេះពី៣ទៅ១០នាទី ខណៈម៉ូតូឌុបរបស់លោកកំពុងរង់ចាំអ្នកជិះ។
ក្រុមអ្នករត់ម៉ូតូឌុបនិយាយថា មានតែអ្នកដំណើរប្រញាប់ទេដែលនៅរកម៉ូតូឌុបជិះព្រោះមិនសូវស្ទះចរាចរណ៍ហើយនេះជាហេតុផលតែមួយគត់ដែលអ្នកដំណើរត្រូវការសេវារបស់ពួកគាត់៕