ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ការបរទេស​អាមេរិកបញ្ជា​ឲ្យ​បុគ្គលិក​របស់​ខ្លួន​ដែល​គ្មាន​ភារកិច្ច​ចាំបាច់ ចាកចេញ​ពី​ទីក្រុង​សៀងហៃ


រូបឯកសារ៖ ទង់ជាតិ​ចិន និង​សហរដ្ឋ​អាមេរិក​បាន​បក់រវិច​នៅ​ក្នុង​ទីក្រុង​សៀងហៃ នៃ​ប្រទេស​ចិន កាលពី​ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩។

ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក បាន​បញ្ជាឲ្យ​បុគ្គលិក​របស់​ខ្លួនដែល​គ្មាន​ភារកិច្ច​ចាំបាច់​នៅ​ក្នុង​ទីក្រុង​សៀងហៃ​ ត្រូវ​ចាក​ចេញ​ពី​ទីក្រុងនៅ​ភាគ​ខាង​កើត​របស់​ចិន​មួយ​នេះ​ ដែល​កំពុងទប់ទល់​នឹង​ការ​ផ្ទុះ​ឡើងនៃករណី​ឆ្លង​ថ្មីៗ​ជា​ច្រើន​នៃ​ជំងឺ​កូវីដ១៩។

បទ​បញ្ជា​របស់​ក្រសួង​ការបរទេស​អាមេរិក​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ កើត​មាន​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់ពីក្រសួង​នេះ បាន​ប្រកាស​ឲ្យ​បុគ្គលិករបស់​ខ្លួន​អាច​ចាកចេញដោយ​ស្ម័គ្រចិត្ត​ពី​ស្ថាន​កុងស៊ុល​អាមេរិក​នៅ​ក្នុង​ទីក្រុង​សៀងហៃ។

«ការផ្លាស់​ប្តូរ​គោល​ជំហរ​របស់​យើង​ កើត​មាន​ឡើង​ដោយយោង​ទៅ​លើ​ការវាយតម្លៃរបស់​យើង​ដែល​ថា វា​មាន​សារៈសំខាន់​ក្នុង​ការកាត់​បន្ថយ​ចំនួន​បុគ្គលិក​និង​ក្រុមគ្រួសារ​របស់​ពួក​គេ ហើយ​ប្រតិបត្តិការ​របស់​យើង​ ក៏​នឹង​អាច​ត្រូវ​បាន​កាត់​បន្ថយ​ផង​ដែរ​ ដោយ​យោង​ទៅ​លើ​កា លៈទេសៈ​ផ្លាស់​ប្តូរជាក់​ស្តែង​នៅទី​នេះ»។ នេះ​បើ​តាម​ការ​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការ​មួយ​របស់ស្ថានកុងស៊ុលអាមេរិក​នៅក្នុង​ទីក្រុង​សៀងហៃ​ ដែលត្រូវ​បានបង្ហោះ​នៅ​លើគេហទំព័រ​ស្ថាន​ទូត​ និងកុងស៊ុល​អាមេរិក​នានា​នៅ​ក្នុង​ប្រទេស​ចិន។

ពលរដ្ឋ​ចិន​ចំនួន២៦លាន​នាក់​ដែល​កំពុង​រស់​នៅក្នុង​ទីក្រុង​សៀងហៃ ត្រូវ​បាន​បញ្ជា​ឲ្យ​ស្ថិត​នៅ​ក្នុង​ផ្ទះ​ចាប់តាំង​ពីដើម​ខែមេសា​មក​ជាការទប់​ទល់​ទៅ​នឹងការឆ្លង​ជំងឺ​កូវីដ១៩​ថ្មី​ដែល​កំពុង​មាន​សន្ទុះ​ខ្លាំងដែល​ភាគ​ច្រើន​ជា​ការឆ្លង​ដោយ​សារ​វីរុស​បំប្លែង​ថ្មី​អូមីក្រុង​ដែលមាន​លក្ខណៈ​ឆ្លងយ៉ាង​ឆាប់​រហ័ស។ ការឆ្លង​ថ្មី​ប្រមាណ​ជាង២៧.០០០ករណី​ដែល​ត្រូវ​បាន​គេ​រក​ឃើញកាល​ពី​ថ្ងៃ​ចន្ទ​នៅ​ក្នុង​ប្រទេស​ចិន​ទាំង​មូល​នោះ​ គឺ​ភាគ​ច្រើនត្រូវ​បាន​គេ​រកឃើញ​នៅ​ក្នុង​ទីក្រុង​សៀងហៃ​នេះ។

បុគ្គលិក​ដែល​ពាក់​ឧបករណ៍​ការពារ (PPE) ពិនិត្យ​មើលអាហារ​ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​ដល់​ពលរដ្ឋដែលរស់នៅ​ក្នុង​តំបន់​មួយ​នៅ​ក្នុង​សង្កាត់ Jing'an ក្នុង​ទីក្រុង​សៀងហៃ ប្រទេស​ចិន ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់​ដោយសារ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ១៩ កាលពី​ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២។
បុគ្គលិក​ដែល​ពាក់​ឧបករណ៍​ការពារ (PPE) ពិនិត្យ​មើលអាហារ​ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​ដល់​ពលរដ្ឋដែលរស់នៅ​ក្នុង​តំបន់​មួយ​នៅ​ក្នុង​សង្កាត់ Jing'an ក្នុង​ទីក្រុង​សៀងហៃ ប្រទេស​ចិន ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់​ដោយសារ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ១៩ កាលពី​ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២។

ការបិទ​ខ្ទប់​ទីក្រុងទាំង​មូល​ បាន​ធ្វើមាន​ការត្អូញត្អែ​យ៉ាង​ខ្លាំង​ពី​សំណាក់​ពលរដ្ឋ​ចិននៅ​ក្នុង​ទីក្រុង​សៀងហៃ​នៅ​តាម​បណ្តាញ​អនឡាញ​ ដោយសារ​តែ​ការ​ខ្វះ​ម្ហូបអាហារ​ស្រស់ៗ​ ជា​ពិសេស​បន្លែ​ហើយ​ហាង​លក់គ្រឿង​ទេស​នានា​ ត្រូវ​បាន​ទ្វារ ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋចិន​នៅ​ទី​នោះ​មិន​អាច​បញ្ជា​ទិញ​តាមប្រព័ន្ធអនឡាញ​បាន។ ការខឹង​សម្បា​ពី​សំណាក់​ពលរដ្ឋក្នុង​ទីក្រុង​សៀងហៃ​ បាន​ធ្វើ​ឲ្យ​ពួក​គេ​ស្រែក​ឡូឡា​ចេញ​តាម​បង្អួច​ផ្ទះ​របស់​គេ​ដែល​ស្ថិត​នៅលើ​អគារ​ខ្ពស់​កាល​ពី​ថ្ងៃសៅរ៍​សប្តាហ៍​មុន​ ហើយ​ដែល​ត្រូវគេ​ថត​បាន​និង​បង្ហោះ​យ៉ាង​ព្រោង​ព្រាត​នៅ​លើ​បណ្តាញ​សង្គម​ភ្លាមៗ៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន AP AFP និង Reuters។

XS
SM
MD
LG