ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ៖ ការ​រាលដាល​នៃ​ជំងឺ​កូវីដ១៩​ក្នុង​សហរដ្ឋអាមេរិក​លឿន​ខ្លាំង​ពេក​ពិបាក​គ្រប់គ្រង


អភិបាល​រដ្ឋ Arizona លោក Doug Ducey និង​អ្នកស្រី​វេជ្ជបណ្ឌិត Cara Christ ចាកចេញ​បន្ទាប់​ពី​ផ្តល់​ព័ត៌មាន​បច្ចុប្បន្នភាព​អំពី​ស្ថានភាព​ជំងឺ​កូវីដ១៩​នៅ​ក្នុង​រដ្ឋ​នេះ កាលពី​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។
អភិបាល​រដ្ឋ Arizona លោក Doug Ducey និង​អ្នកស្រី​វេជ្ជបណ្ឌិត Cara Christ ចាកចេញ​បន្ទាប់​ពី​ផ្តល់​ព័ត៌មាន​បច្ចុប្បន្នភាព​អំពី​ស្ថានភាព​ជំងឺ​កូវីដ១៩​នៅ​ក្នុង​រដ្ឋ​នេះ កាលពី​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។

មេរោគ​កូរ៉ូណា​កំពុង​រាលដាល​យ៉ាង​លឿន​ និង​នៅ​ទីកន្លែង​ជាច្រើន​ក្នុង​សហរដ្ឋអាមេរិក​ដែល​មាន​ការ​ពិបាក​នឹង​គ្រប់គ្រង។ នេះ​តាម​អ្នក​ជំនាញ​កំពូល​ម្នាក់​ដែល​បាន​និយាយ​កាលពី​ថ្ងៃចន្ទ​នៅ​ពេល​ដែល​រដ្ឋ​ខ្លះ​ មាន​ករណី​ឆ្លង​ថ្មី​ខ្ពស់​ជា​រៀងរាល់​ថ្ងៃ។

លោកស្រី​វេជ្ជបណ្ឌិត Anne Schuchat នៃ​មជ្ឈមណ្ឌល​ប្រយុទ្ធ​ប្រឆាំង និង​បង្ការ​ជំងឺ​សហរដ្ឋអាមេរិក​បាន​ប្រាប់​ទស្សនាវដ្តី​សមាគម​វេជ្ជសាស្រ្ត​អាមេរិកាំង​ថា «យើង​មាន​វីរុស​នោះ​ច្រើន​ពេក​នៅ​ទូទាំង​ប្រទេស​នៅ​ពេល​ឥឡូវ​នេះ ដូច្នេះ​វា​ជា​ការ​ស្រងាក​ចិត្ត»។

លោកស្រី​វេជ្ជបណ្ឌិត Schuchat បាន​ហៅ​ការ​កើន​ឡើង​ករណី​ឆ្លង​ថ្មី​នោះ​ថា ជា​ការ​ចាប់ផ្តើម​ហើយ​បាន​និយាយ​ទៀត​ថា​ករណី​ឆ្លង​ថ្មី​នេះ​មិន​ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ និង​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​ឱ្យ​បាន​ឆាប់រហ័ស​ដោយ​ធ្វើ​ការ​តាមដាន​ការ​ទាក់ទង​ឱ្យ​បាន​ត្រឹមត្រូវ។

លោកស្រី​វេជ្ជបណ្ឌិត​បាន​មាន​ប្រសាសន៍​ទៀត​ថា «ខ្ញុំ​គិត​ថា​មាន​ការ​គិត​យ៉ាងច្រើន​នៅ​ក្នុង​ប្រទេស​ថា នេះ​ជា​រដូវ​ក្តៅ។ អ្វីៗ​នឹង​ក្លាយ​ជា​ល្អ។ យើង​មិន​ទាន់​ចប់​បញ្ហា​នេះ​ទេ។ មាន​ការ​ព្រួយបារម្ភ​យ៉ាង​ច្រើន​អំពី​បញ្ហា​នេះ​កាលពី​សប្តាហ៍​មុន»។

លោកស្រី​វេជ្ជបណ្ឌិត Schuchat បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ឱ្យ​ពាក់​ម៉ាស អនុវត្ត​ការ​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា​ហើយ​កុំ​រំពឹង​ថា នឹង​មាន​ភាព​ធូរស្រាល​រហូត​ទាល់​តែ​មាន​ថ្នាំ​វ៉ាក់សាំង។

ទីក្រុង Jacksonville រដ្ឋ Florida ដែល​ជា​ទីកន្លែង​គណបក្ស​សាធារណរដ្ឋ​នឹង​ធ្វើ​សន្និបាត​នៅ​ខែសីហា​បាន​ប្រាប់​ឱ្យ​ដឹង​កាលពី​ថ្ងៃចន្ទ​ថា ខ្លួន​នឹង​តម្រូវ​ឱ្យ​ពាក់​ម៉ាស​នៅ​គ្រប់​ទីកន្លែង​សាធារណៈ​ទាំង​អស់។

រដ្ឋ​អារីហ្សូណា រដ្ឋ​កាលីហ្វ័រញ៉ា រដ្ឋ Florida និង​រដ្ឋ​តិចសាស ស្ថិត​នៅ​ក្នុង​ចំណោម​រដ្ឋ​ដែល​មាន​ការ​ឆ្លង​ថ្មី​ដ៏​ខ្លាំង​បំផុត។

សហរដ្ឋអាមេរិកត្រូវ​គេ​រំពឹង​នឹង​ស្ថិត​នៅ​ក្នុង​បញ្ជី​ប្រទេស​របស់​សហភាព​អឺរ៉ុប​ដែល​ហាមឃាត់​មិន​ឱ្យ​ធ្វើ​ដំណើរ​ទៅ​តំបន់​នោះ​ពី​ព្រោះ​តែ​ជំងឺ​កូវី១៩។ពួក​អ្នក​ការ​ទូត​និយាយ​ថា ប្រទេស​ប្រេស៊ីល ឥណ្ឌា និង​រុស្ស៊ី​ក៏​ត្រូវ​គេ​រំពឹង​នឹង​ស្ថិត​នៅ​ក្នុង​បញ្ជី​នោះ​ដែរ ពីព្រោះ​តែ​ករណី​ឆ្លង​ខ្ពស់៕

XS
SM
MD
LG