ឧត្តមស្នងការសហប្រជាជាតិ ទទូលបន្ទុកជនភៀសខ្លួនព្រមានថា ជំងឺកូវី១៩ បានគំរាមកំហែងសន្តិភាពនិងការអភិវឌ្ឍនៅជុំវិញពិភពលោក។ លោកស្រី Michelle Bachelet អំពាវនាវឱ្យធ្វើសកម្មភាពដើម្បីការពារពលរដ្ឋដែលងាយទទួលរងគ្រោះថ្នាក់នៅក្នុងឱកាសបើកសន្និបាតក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី៤៤។
ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកឡើងថា ការឆ្លងរាតត្បាតជំងឺកូវីដ១៩ បានធ្វើឱ្យមានការផ្លាស់ប្តូរដ៏សំខាន់នូវស្ថានភាពសិទ្ធិមនុស្សជាសកល និងធ្វើឱ្យភាពមិនស្មើគ្នាកាន់តែរីកធំឡើងនៅលើពិភពលោកទាំងមូល។ លោកស្រី Michelle Bachelet បានលើកឡើងថា ក្រុមជនជាតិភាគតិចចម្រុះជាតិសាសន៍ និងជនជាតិដើម ជាជនដែលស្ថិតក្នុងចំណោមជនរងគ្រោះខ្លាំងបំផុត ដោយជំងឺឆ្លងដែលសម្លាប់ជីវិតមនុស្សនេះ។ លោកស្រីក៏បានបន្ថែមផងដែរថា វាជាការពិតផងដែរ ដែលថាពលរដ្ឋដើមកំណើតអាហ្វ្រិកបន្តប្រឈមមុខការរើសអើងពូជសាសន៍ និងឱកាសមិនស្មើភាពគ្នានៅក្នុងវិស័យជាច្រើន ដូចជាការអប់រំ និងការទទួលបានការងារធ្វើជាដើម។
លោកស្រី Bachelet បានសម្តែងការខកចិត្តចំពោះសេចក្តីរាយការណ៍ផ្សេងៗទាក់ទងនឹងការម៉ាក់ងាយ ការរើសអើង និងការស្អប់ចំពោះជនជាតិភាគតិច និងជនអន្តោប្រវេសន៍ នៅក្នុងប្រទេសជាច្រើនដូចជាប្រទេសស្រីលង្កា ឥណ្ឌា ប៊ុលហ្គារី ហាយទី អ៊ីរ៉ាក់ និងប៉ាគីស្ថានជាដើម។ លោកស្រី បានអំពាវនាវឱ្យមានសកម្មភាពជាបន្ទាន់មួយ ដើម្បីបញ្ចប់នូវភាពអយុត្តិធម៌ និងអំពើហិង្សាពីសំណាក់មន្រ្តីអនុវត្តច្បាប់ក៏ដូចជាការបញ្ចប់ការរើសអើងពូជសាសន៍ជាប្រព័ន្ធដែលកំពុងកើតមានក្នុងប្រទេសជាច្រើន។
«ការប្រកាន់ពូជសាសន៍បណ្តាលឱ្យមនុស្សស្លាប់។ ការដកហូតនូវសិទ្ធិសង្គម និងសេដ្ឋកិច្ចពីពលរដ្ឋក៏បណ្តាលឱ្យមនុស្សស្លាប់ដែរ។ ហើយការស្លាប់ និងការឈឺចាប់ទាំងនេះធ្វើឱ្យមានការខូចខាតដល់សង្គមទាំងមូល។ ជំងឺកូវីដ១៩ គឺដូចជាឧបករណ៍ស្ទង់កម្តៅដែលផ្ទុះឡើង និងបានជួយបន្ថែមកម្តៅដោយភាពបរាជ័យជាប្រព័ន្ធ ក្នុងការលើកស្ទួយសិទ្ធិមនុស្ស។ បើគ្មានការសម្រេចចិត្តដោយរដ្ឋ និងអន្តរជាតិជាបន្ទាន់នោះទេ ជំងឺរាតត្បាតនេះនឹងបញ្ចប់នូវក្តីសង្ឃឹមដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ក្នុងឆ្នាំ២០៣០»។
លោកស្រី Bachelet ក៏បានរិះគន់ប្រទេសមួយចំនួន ដូចជាប្រទេសរុស្ស៊ី ចិននិងប្រទេសអេហ្ស៊ីប ក្នុងការប្រើប្រាស់ជំងឺកូវីដ១៩ ដើម្បីបង្ក្រាបអ្នកកាសែត ការបញ្ជេញមតិ និងការជួបជុំជាដើម។ លោកស្រីក៏បានព្រមានផងដែរថា ជំងឺរាតត្បាតនេះ កំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរចំពោះសន្តិភាពក្នុងស្រុក និងតំបន់។ លោកស្រីក៏បានកត់សម្គាល់ផងដែរពីស្ថានភាពសិទ្ធិមនុស្ស និងមនុស្សធម៌ ក្នុងប្រទេសយេម៉ែន និងប្រទេសស៊ីរី ដែលកំពុងហែកហួរដោយសង្រ្គាម ថាមានលក្ខណៈអាក្រក់ ក្នុងខណៈពេលដែលជំងឺផ្លូវដង្ហើមនេះកំពុងវាយលុកយ៉ាងខ្លាំងនោះ។
«ខ្ញុំក៏បារម្ភផងដែរដែលស្ថានភាពដ៏ធ្ងន់ធ្ងរ ក្នុងតំបន់ Sahel អាចធ្លាក់ដុនដាបកាន់តែខ្លាំងថែមទៀត ខណៈដែលការប៉ះពាល់នៃជំងឺកូវីដ១៩ បានបង្កើនភាពឈឺចាប់ ភាពក្រីក្រ និងទុក្ខសោករបស់ពលរដ្ឋកាន់តែខ្លាំង។ ទន្ទឹមនឹងនេះដែរ ក្រុមជ្រុលនិយមប្រដាប់អាវុធក៏បានពង្រឹងនូវឥទ្ធិពលរបស់ខ្លួនលើសហគមន៍ក្នុងស្រុក ក្នុងផ្នែកកណ្តាល និងផ្នែកខាងជើងប្រទេសម៉ាលី ផ្នែកភាគខាងជើងប្រទេសបូគីណាហ្វាសូ (Burkina Faso) និងផ្នែកខ្លះនៃប្រទេសឆាដ។ ដោយឡែកក្នុងប្រទេសស៊ូដង់ខាងត្បូងវិញ ជំងឺកូវីដ១៩អាចមានភាពកាន់តែអាក្រក់ និងធ្វើឱ្យមានការប៉ះពាល់កាន់តែខ្លាំងឡើងដល់ពលរដ្ឋរបស់ប្រទេសនេះ»។
អង្គការសុខភាពពិភពលោក WHO លើកឡើងថា ប្រជាជនប្រមាណជាង១០លាននាក់នៅលើពិភពលោកទទួលរងការប៉ះពាល់ដោយវីរុសកូរ៉ូណា ហើយមានមនុស្សជាងកន្លះលាននាក់ បានស្លាប់ដោយសារជំងឺនេះ។ អង្គការ WHO ព្រមានថាបញ្ហាធ្ងន់ធ្ងរជាងនេះ អាចនឹងកើតមានឡើងទៅថ្ងៃមុខ ហើយថាវិធីតែមួយគត់ដើម្បីកម្ចាត់ការរាតត្បាតជំងឺនេះ គឺប្រទេសទាំងអស់ ត្រូវសាមគ្គីគ្នា។
លោកស្រីប្រធានឧត្តមស្នងការសិទ្ធិមនុស្ស Bachelet យល់ស្របចំពោះរឿងនេះ។ លោកស្រីថា ប្រទេសនានាត្រូវធ្វើការរួមគ្នា ដើម្បីធ្វើឱ្យមានភាពប្រសើរឡើងសម្រាប់ប្រទេសទាំងអស់។ លោកស្រីព្រមានថា ការខ្វះកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការប្រឹងប្រែងរកចំណេញផ្ទាល់ខ្លួន ឬផលចំណេញខាងនយោបាយ ដោយមិនគិតគូរអំពីសុខភាពសាធារណៈរបស់ពលរដ្ឋ នឹងធ្វើឱ្យជំងឺរាតត្បាតនេះបន្តរីករាលដាលខ្លាំង និងប៉ះពាល់ដល់ការធ្វើឱ្យប្រសើរឡើងវិញនៃសេដ្ឋកិច្ច៕
ប្រែសម្រួលដោយ លោក ជ្រា វណ្ណារិទ្ធ