ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

មនុស្ស​២​នាក់​ត្រូវ​បាន​ឃុំ​ខ្លួន ក្រោយ​រិះគន់​រដ្ឋាភិបាល​អំពី​ការ​ប្រើ​វ៉ាក់សាំង​កូវីដ​ចិន


រូបឯកសារ៖ ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ ស៊ីណូហ្វាម​​ នៅ​ភ្នំពេញ​ ថ្ងៃ​ទី១០​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​។ (ហ៊ាន សុជាតា​​/វីអូអេ)

តុលាការ​រាជធានី​ភ្នំពេញ​បាន​សម្រេច​ឃុំ​ខ្លួនមនុស្ស​ពីរ​នាក់​ ដែល​ជា​អ្នកគាំទ្រ​និង​សកម្ម​ជន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទាក់ទង​នឹង​ការ​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ដោយរិះគន់​ការចាក់​វ៉ាក់​សាំង​របស់​ចិន។

លោក ធន ច័ន្ទថា ដែល​ប្រើ​ប្រាស់​គណនីហ្វេសប៊ុក​ឈ្មោះ​ «ធន ច័ន្ទថា» និង​អ្នកស្រី ម៉ី សុផន ដែលប្រើប្រាស់​គណនី​ឈ្មោះ ​«Sophorn Angkor» ត្រូវ​បាន​អាជ្ញា​ធរចាប់​ខ្លួន​ជាបន្ត​បន្ទាប់​ កាល​ពី​សប្តាហ៍​មុន។

រដ្ឋាភិបាល​កម្ពុជា​បាន​បន្ត​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​របស់​ប្រទេស​ចិន ឈ្មោះ ​Sinopharm ដែល​ពលរដ្ឋ​មួយ​ចំនួន​រិះគន់​អំពី​គុណភាព ដោយសារ​វា​មិន​ទាន់​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភព​លោក ​(WHO)។

លោក​ សាន សុខសីហា ​អ្នក​នាំ​ពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ប្រាប់ VOA ​នៅ​ថ្ងៃ​ច័​ន្ទ​នេះ​ថា ​កម្លាំង​នគរបាល​បាន​សម្រេច​បញ្ជូន​ខ្លួន​លោក ​ធន ច័ន្ទថា​ អាយុ​ ៤៤ ​ឆ្នាំ​ និង​អ្នកស្រី ម៉ី សុផន អាយុ​ ៤៣ ​ឆ្នាំ​ទៅ​កាន់​តុលា​ការ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​អាទិត្យ​ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​ត្រូវ​បាន​ចោទពី «បទ​ញុះ​ញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិ​សុខ​សង្គម» ​តាម​មាត្រា ​៤៩៥ ​នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា។

លោក​មាន​ប្រសាសន៍​ថា៖ «ករណី​ហ្នឹង​យើង​បញ្ជូន​ទៅតុលាការ​តាំង​ពីម្សិល​មិញ​ហើយ​ តាម​ព័ត៌មាន​មក​ថា​ ដូច​ជា​បាន​បញ្ជូន​ទៅ​ឃុំឃាំង​នៅ​ពន្ធនាគារ​ហើយ​បង។ សួរ​ព័ត៌មាន​បន្ថែម​ទៅ​ខាង​តុលាការ​ទៅ។ ផុត​ដៃ​របស់​សមត្ថកិច្ច​ហើយ»។

លោក អ៊ី រិន្ទ អ្នក​នាំពាក្យ​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ប្រាប់​ VOA​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ​លោក ធន ច័ន្ទថា ត្រូវ​បាន​ចៅក្រម​ស៊ើប​សួរ​សម្រេច​ឃុំ​ខ្លួន នៅ​មណ្ឌល​អប់រំ​កែ​ប្រែ​ទី​១ និង​អ្នកស្រី​ ម៉ី សុផន ត្រូវ​បាន​ឃុំ​ខ្លួន​ដូច​គ្នា ​នៅ​មណ្ឌល​អប់រំ​កែ​ប្រែ​ទី​២ ពី​បទ​ល្មើស «​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ និង​ជេរ​ប្រមាថ​»។

បើ​រក​ឃើញ​មាន​កំហុសតាម​បទ​ញុះ​ញង់​នេះ ពួក​គេ​ទាំង​ពីរ អាច​ប្រឈមមុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​ ៦​ខែ​ទៅ​ ២ ឆ្នាំ និង​ពិន័យ​ជាប្រាក់​ពី​ ១​ លាន​រៀល​ទៅ ​៤ ​លាន​រៀល។

បទ​ចោទ​ញុះញង់​នេះ​ត្រូវ​បាន​ក្រុម​សិទ្ធិ​មនុស្ស​រិះគន់​ថា ​ប្រើប្រាស់ដើម្បី​បិទ​សំឡេង​ប្រឆាំង​ក្នុង​ប្រទេស​កម្ពុជា​។

រូបឯកសារ៖ ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ ស៊ីណូហ្វាម នៅ​ភ្នំពេញ​ ថ្ងៃ​ទី១០​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​។ (ហ៊ាន សុជាតា/វីអូអេ)
រូបឯកសារ៖ ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ ស៊ីណូហ្វាម នៅ​ភ្នំពេញ​ ថ្ងៃ​ទី១០​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​។ (ហ៊ាន សុជាតា/វីអូអេ)

មុន​ពេល​ចាប់ខ្លួន​លោក ​ធន ច័ន្ទថា ​ដែល​ជា​អតីត​សកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ​ខ ណ្ឌ​ទួល​គោក​ រាជ​ធានី​ភ្នំពេញ បាន​បង្ហោះ​សារ​មួយនៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក កាល​ពី​ថ្ងៃទី​១៨ ខែ​កុម្ភៈ​ ដោយ​បរិយាយ​ថា​៖

«មើល​ឲ្យ​ហើយ​បងប្អូន​ខ្មែរ​ប្រជា​ពលរដ្ឋ​មិន​ព្រម​ចាក់​វ៉ាក់​សាំង​ចិន ​បង្ខំឲ្យ​គេ​ចាក់​ទៅ​វិញ​ហេតុអ្វី​ក៏​យក​ប្រជា​ពលរដ្ឋ​ខ្លួន​ជា​សត្វ​សម្រាប់​ពិសោធន៍​ទៅ​វិញ»។

ដោយ​ឡែក​អ្នកស្រី ម៉ី សុផន​ ដែល​គេ​ដឹង​ថា​ធ្លាប់​ចូលរួម​ជាមួយ​ស្ត្រី​តវ៉ា​រៀងរាល់​ថ្ងៃ​សុក្រ ដើម្បី​ទាមទារ​សេរីភាព​អ្នក​ជាប់​ឃុំ​ដែល​ជា​អតីត​មន្ត្រី​របស់​គណបក្ស​ជំទាស់​នោះ​ បាន​បង្ហោះ​សារមួយ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ដោយ​បាន​ពណ៌នាថា៖

«កម្ពុជា​ជា​ប្រទេស​មួយ​ដែល​មិន​មាន​ការ​ឆ្លង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម ​(កូវីដ​១៩)​ ឬ​ស្លាប់​ដោយ​ជំងឺ​នេះ​គួរ​ឲ្យ​ព្រួយ​បារម្ភ​ឡើយ។​ ហេតុអ្វី​បាន​ជា​រដ្ឋា​ភិបាល​ឯក​បក្ស​ប្រញាប់​ប្រញាល់​អំពាវ​នាវ​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ​ចាក់​វ៉ាក់​សាំង​របស់​ចិន​ ដែលមិន​ទាន់​បាន​ទទួល​ស្គាល់​ពី​អង្គការ​សុខភាព​ពិភព​លោក ​(WHO)​ យ៉ាង​តក់​ក្រហល់​បែប​នេះ?»។

លោក ​អំ សំអាត ​នាយក​រង​ទទួល​បន្ទុក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ យល់​ថា ​វិធាន​ការ​ចាប់​ឃុំ​ខ្លួន​របស់​អាជ្ញាធរ​មាន​ចរិត​ជា​ការបង្ក្រាប​បន្ថែម​ទៀត​លើ​អតីត​សកម្មជន​បក្ស​ជំទាស់ ​ដែល​បាន​ងាក​មក​ប្រើប្រាស់​ហ្វេសប៊ុក​កាន់​តែ​ច្រើន​ឡើង ​ក្នុង​ការ​ចែក​រំលែក​ព័ត៌មាន ​ឬ​ក៏​លើក​ជា​យោបល់​ជំទាស់​បញ្ហា​ណាមួយ ដែល​ពួកគេ​មិន​ពេញ​ចិត្ត ខណៈ​មាន​ការ​រឹត​ត្បិត​កាន់​តែ​ខ្លាំង​លើ​ការ​ជួប​ប្រជុំ​និង​កង្វះ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ។

«ហើយ​បើសិន​ជា​ការ​ចោទ​ប្រកាន់​ទៅ​លើ​បទ​ញុះ​ញង់​អាហ្នឹង​ ទាល់​តែ​យើង​ពិនិត្យ​ទៅ​លើ​ខ្លឹមសារហើយ​ការ​បង្ហោះ​ហ្នឹង​ តើ​វា​ការ​ញុះញង់ ​ឬ​ក៏​ជា​ព័ត៌មាន​នៅ​ក្នុង​ការ​បញ្ចេញ​មតិ។ អាហ្នឹង​គឺ​ត្រូវ​ពិនិត្យ​ឲ្យ​បាន​ច្បាស់​លាស់»។​

ប៉ុន្តែ​លោក​ សាន សុខសីហា អ្នក​នាំ​ពាក្យ​របស់​ស្នង​ការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រតិកម្ម​ថា៖ «វា​មិន​មែន​បញ្ចេញ​មតិ​ទេ​បង ព្រោះ​ធម្មតា​ បើ​ការ​បញ្ចេញ​មតិ​យើង​បញ្ចេញ​ក្នុង​ន័យ​មួយ​ ឲ្យ​វា​ស្ថាបនា ប៉ុន្តែ​នេះ​គឺ​ចុះ​មក​គឺ​ញុះ​ញង់​ហ្មង ​គឺ​ជា​លក្ខណៈ​ព័ត៌មាន​មិន​ពិត​ញុះ​ញង់​ឲ្យ​វា​មាន​ភាព​យល់​ច្រឡំ​របស់​ប្រជា​ពលរដ្ឋ​ទៅ​លើ​អា​បញ្ហា​អស់​ហ្នឹង ព្រោះ​ធម្មតា ​វ៉ាក់សាំង​អស់​ហ្នឹង​តាំង​ពី​យើង​ចាក់​មក​ឲ្យ​កង​កម្លាំង​រាប់​ម៉ឺន​នាក់​ហើយ វា​ដូច​អត់​មាន​បញ្ហា​អី​ផង»។​

លោក​ អំ សំអាត មន្រ្តី​អង្គការ​លីកាដូ ឲ្យ​ដឹង​ថា​មនុស្ស​យ៉ាង​តិច​ ៣០ ​នាក់ ត្រូវ​បាន​ចាប់​ខ្លួនដោយ​ការ​អធិប្បាយ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ពាក់​ព័ន្ធ​នឹងជំងឺ​កូវីដ គិត​ចាប់​តាំង​ពី​ដើម​ឆ្នាំ​ ២០២០ ​មក​នោះ។

នៅ​ក្នុង​សម័យ​ប្រជុំ​លើក​ទី ​៤៦​ នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​សហប្រជាជាតិ លោកស្រី Michelle Bachelet ឧត្តម​ស្នងការ​អង្គការសហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ថ្លែងសំដៅ​ទៅ​លើប្រទេស​កម្ពុជា​ ថា​៖

«ខ្ញុំ​មាន​កង្វល់​ជា​ពិសេស​អំពី​ការធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នូវ​លម្ហ​ស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​វិធាន​ការ​ច្បាប់​និង​រដ្ឋបាល​មិន​សមាមាត្រ​កំពុង​កើន​ឡើង​ ដាក់កំហិតលើ​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​ ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី ការ​ចង​ក្រង​សមាគម​និង​ព័ត៌មាន​ក្នុង​ចំណោម​បញ្ហា​ផ្សេងៗ​ទៀត»៕

XS
SM
MD
LG