ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជំងឺកូវីដ១៩ និង​អសន្តិសុខ បាន​ពន្យឺត​មាតុភូមិនិវត្តន៍​ជនភៀស​ខ្លួន​អាហ្វហ្គានីស្ថាន​ពី​ប៉ាគីស្ថាន​ និង​អ៊ីរ៉ង់


រូបឯកសារ៖ ក្មេងៗ លេង​ជាមួយ​កូនឆ្កែ​នៅ​ជំរំ​ជនភៀសខ្លួន​អាហ្វហ្គានីស្ថាន​មួយ​កន្លែង នៅ​ទីក្រុង​អ៊ីស្លាម៉ាបាដ​នៃ​ប្រទេស​ប៉ាគីស្ថាន កាលពី​ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨។
រូបឯកសារ៖ ក្មេងៗ លេង​ជាមួយ​កូនឆ្កែ​នៅ​ជំរំ​ជនភៀសខ្លួន​អាហ្វហ្គានីស្ថាន​មួយ​កន្លែង នៅ​ទីក្រុង​អ៊ីស្លាម៉ាបាដ​នៃ​ប្រទេស​ប៉ាគីស្ថាន កាលពី​ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨។

ទី​ភ្នាក់​ងារ​ជន​ភៀស​ខ្លួន​នៃ​អង្គការ​សហប្រជា​ជាតិ​ បាន​រាយការណ៍​ថា​ ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ​១៩​ អំពើ​ហិង្សា​ និង​បញ្ហា​អសន្តិសុខ​ ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ បានបំបាក់​ទឹក​ចិត្ត​ជន​ភៀស​ខ្លួន​អាហ្វហ្គានីស្ថាន​ ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ និង​ប្រទេស​អ៊ីរ៉ង់​ មិន​ឲ្យ​វិល​ត្រឡប់​ទៅ​កាន់​ផ្ទះ​សម្បែងរបស់​ពួកគេ​វិញ ក្រោយពេលដែលពួក​គេ​បាន​រត់​គេចចេញអស់​ជា​ច្រើន​ឆ្នាំ។

ក្រោយ​ការ​ដួល​រលំ​នៃ​របប​តាលី​បង់​ក្នុង​ឆ្នាំ​២០០២ ជន​ភៀស​ខ្លួន​អាហ្វហ្គានី​ស្ថាន​ជា​ច្រើន​នាក់​ ក្នុង​ប្រទេស​ប៉ាគី​ស្ថាន​ និង​អ៊ីរ៉ង់​ បាន​វិល​ត្រឡប់​ទៅ​ស្រុកកំណើតរបស់​ពួកគេ​វិញក្នុង​លក្ខណៈជា​ក្រុម។ អ្នក​នាំពាក្យរបស់​ទី​ភ្នាក់​ងារ​ជន​ភៀស​ខ្លួននៃ​អង្គការ​សហប្រជាជាតិ​ (អ.ស.ប.)​ លោក ​Babar Baloch បាន​ថ្លែង​បា្រប់​វីអូអេ​ថា​ លោកបាន​ឃើញ​មនុស្ស​ចំនួន​ច្រើន​សន្ធឹក​សន្ធាប់​ ដែលកំពុង​រស់​នៅ​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស​នោះ​ បាន​វិល​ត្រឡប់​ទៅ​ស្រុកកំណើត​របស់​ខ្លួន​វិញ​ ដែល​ជា​ចំនួន​ច្រើន​ក្នុង​រយៈពេល​ជាង​២ទសវត្សរ៍​កន្លង​មកនេះ​។​

លោក​ Baloch ថ្លែង​ដូច​នេះ​ថា៖

«ខ្ញុំ​មាន​វត្ត​មាន​នៅ​ចំណុច​ព្រំដែនក្នុង​ប្រទេស​ប៉ាគីស្ថាន​ ដែល​នៅ​ទី​នោះ ​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ជា​ច្រើន​ពាន់នាក់​ កំពុង​ធ្វើ​ដំណើរ​វិល​ត្រឡប់​ទៅស្រុកកំណើត​របស់​គេ​វិញ​។ ដូច​នេះយើង​បាន​ឃើញ​ថា​ យ៉ាង​ហោច​ណាស់​ ក៏មានមនុស្ស​ជាង​មួយ​លាន​នាក់​ដែរ​ពី​ដំបូង​ក្នុង​ឆ្នាំ​២០០២​ និង​ក្នុង​ឆ្នាំបន្តមក​ទៀត​។ ចាប់​តាំ​ង​ពី​ពេល​នោះ​មក យើង​បាន​ជួយ​យ៉ាង​ហោច​ណាស់តាម​រយៈ​កម្មវិធី​មាតុភូមិនិវត្តន៍​របស់​ឧត្តម​ស្នង​ការ​ជន​ភៀស​ខ្លួនអ.ស.ប. ឬ UNHCR ដែល​ក្នុង​នោះ​មាន​ជន​ភៀសខ្លួនអាហ្វហ្កានីស្ថាន យ៉ាង​ហោច​ណាស់​ចំនួន​ជិត​ ៥ ​លាន​នាក់ បានវិល​ត្រឡប់​ទៅ​ស្រុកកំណើត​របស់​ពួកគេវិញ​ ដែល​ភាគ​ច្រើន​ចេញ​ពី​ជំរំជន​ភៀស​ខ្លួនក្នុងប្រទេស​ប៉ាគីស្ថាន ​និង​ប្រទេស​អ៊ីរ៉ង់​»។

ការ​វិល​ត្រឡប់នៃ​ជន​ភៀស​ខ្លួន​អាហ្វហ្គានីស្ថាន​នៅពេល​នេះ​ មាន​ការ​ថយ​ចុះខ្លាំង។​ ក្នុង​ឆ្នាំ​នេះ​ សេចក្តី​រាយការណ៍​របស់​អង្គការ​ UNHCR ​បាន​បង្ហាញ​ថា​ ជន​ភៀស​ខ្លួនអាហ្វហ្គានីស្ថានចំនួន​ ២.០០០ ​នាក់​ បាន​ធ្វើ​មាតុភូមិនិវត្តន៍​ ពី​ប្រទេសប៉ាគីស្ថាន​ និង​ប្រទេស​អ៊ីរ៉ង់។ របាយ​ការណ៍​នោះ​ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ ការ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​ជន​ភៀស​ខ្លួន​ ត្រូវ​បាន​ផ្អាក​នៅ​ខែ​មីនា​ ដោយ​សារ​ជំងឺ​កូវីដ​១៩។​

ទោះ​ជា​យ៉ាង​នេះ​ក្តី​ លោក​ Baloch ​បញ្ជាក់​ថា​ ការ​កើន​ឡើង​នៃ​ការ​វាយ​ប្រហារ​ដែល​ធ្វើ​ឲ្យ​ស្លាប់​ដល់​ជីវិត​មនុស្ស​ ប្រឆាំង​ជន​ស៊ីវិល​ និង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ពលរដ្ឋ ​រួម​មាន​មន្ទីរ​ពេទ្យ​ និង​ការ​វាយ​ប្រហារ​ថ្មីៗ​ទៅ​លើ​សាកល​វិទ្យាល័យក្នុង​ក្រុង​កាប៊ុល​នោះ​ បាន​ធ្វើ​ឲ្យ​ជន​ភៀស​ខ្លួន​មាន​ការ​រារែកចិត្ត​ផងដែរ​ ​ក្នុង​ការធ្វើ​មាតុ​ភូមិនិវត្តន៍ ទៅកាន់​ស្រុក​កំណើត​របស់​គេ​វិញ។

លោក​បន្ត​ថា​ ជន​ភៀស​ខ្លួន​អាហ្វហ្គានីស្ថាន​សង្ឃឹម​ថា​ ការ​ចរចាសន្តិភាព​រវាង​ក្រុម​តាលីបង់​និង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ ដែល​ត្រូវ​បានផ្តួច​ផ្តើម​និងសម្រប​សម្រួល​ដោយ​សហរដ្ឋអាមេរិក​នោះ​ នឹង​ទទួល​បាន​ជោគ​ជ័យ​ ហើយ​បញ្ចប់​នូវជម្លោះ​នៅ​ក្នុង​ប្រទេស​របស់ពួក​គេ។​

លោក​ Baloch គូស​បញ្ជាក់​ថា៖

«ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ ​វាមាន​សារៈ​សំខាន់​ផង​ដែរ​ ដែ​ល​សហគម​ន៍​អន្តរជាតិ​ ​នៅ​បន្ត​ការចូលរួម​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ក្នុង​រយៈពេល​យ៉ាង​ហោច​ណាស់ ២ ទសវត្ស​រ៍ចុងក្រោយ​ ហើយ​ភាព​ប្រសើរ​ដែល​ពលរដ្ឋអាហ្វហ្គានីស្ថាន​ទទួល​បាន​ គឺ​ដោយ​សារ​ការ​ចូលរួម​របស់សហគមន៏​អន្តរជាតិ។​ ដូច​នេះ​ ការ​យក​ចិត្ត​ទុក​ដាក់​របៀប​នេះ​ នៅ​តែជា​សេច​ក្តី​ត្រូវ​ការ​នៅ​ឡើយ»។​

លោក​ Baloch ថ្លែង​ឲ្យ​ដឹង​ថា​ សាមគ្គី​ភាពអន្តរជាតិ​ និង​ដំណើរ​ការ​សន្តិភាព​ មាន​ទំនាក់​ទំនង​គ្នា​ទៅ​វិញ​ទៅ​មក។​

លោក​ Filippo Grandi ​នាយក​ឧត្តម​ស្នងការ​អ.ស.ប.ជន​ភៀស​ខ្លួន​ ដែល​ទើប​តែ​វិល​ត្រឡប់​មក​ពី​បំពេញ​ទស្សនកិច្ច រយៈ​ពេល​៤​ ថ្ងៃ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ បាន​ព្រមានពីគ្រោះ​មហន្តរាយ​មនុស្ស​ធម៌​ដ៏​ធំ​មួយនៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ ប្រសិន​បើ​ដំណើរ​ការ​ចរ​ចា​សន្តិភាព​ ត្រូវ​បរាជ័យ​នោះ។

ខុស​ពី​ការធ្លាក់ចុះ​នៃការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​ជន​ភៀស​ខ្លួន​អាហ្វហ្គានីស្ថាន​នោះ​ អង្គការ​អន្តរ ជាតិ​សម្រាប់​ជន​ចំណាក​ស្រុក​ ដែល​ហៅ​កាត់​ថា​ IOM បាន​លើក​ឡើង​ក្នុង​របាយ​ការ​ណ៍​របស់​ខ្លួន​ថា ជន​ចំណាក​ស្រុក​អាហ្វហ្គានីស្ថាន​ចំនួន​ជាង ៧៤២.០០០ ដែល​គ្មាន​ឯកសារ​ ដែល​ភាគ​ច្រើនរស់​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​នោះ​ បានធ្វើ​មាតុភូមិនិវត្តន៍​ទៅ​ស្រុក​កំណើត​របស់​គេ​វិញ​ហើយ​ នៅ​ក្នុង​ឆ្នាំ​នេះ​។

បច្ចុប្បន្ន​នេះ​ ឧត្តមស្នង​ការ​ជន​ភៀស​ខ្លួន​អ.ស.ប.​ បាន​បញ្ជាក់​នៅ​ក្នុង​របាយ​ការណ៍​របស់​ខ្លួន​ថា​ ជន​ភៀស​ខ្លួន​អាហ្វហ្គានីស្ថាន​ប្រមាណ​២ លាន ៤​ សែន​នាក់​ កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន និង​ប្រទេស​អ៊ីរ៉ង់​នៅ​ឡើយ​ ដោយ​សារ​តែ​បារម្ភ​ពីគ្រោះ​ថ្នាក់​ដល់​ជីវិត​របស់​គេ​ ប្រសិន​បើវិល​ត្រឡប់​ទៅភូមិ​កំណើតវិញ​នោះ។ ទន្ទឹម​នឹង​នេះ​ដែរ​ ពលករ​ចំណាក​ស្រុកអាហ្វហ្គានីស្ថាន ដែល​បាន​ធ្វើ​ដំណើរ​ទៅ​រក​ការ​ងារ​ធ្វើ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ និង​ប្រទេស​អ៊ីរ៉ង់​ ដើម្បី​ផ្គត់​ផ្គង់​ដល់ក្រុម​គ្រួសារ​របស់​គេ​នោះ​ ក៏​បាន​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ ក្នុង​ចំនួន​ដ៏​ច្រើន​ផង​ដែរ​ ព្រោះ​មិន​អាច​រក​ការ​ងារ​ធ្វើ​បានក្នុង​វិស័យ​ក្រៅ​ប្រព័ន្ធ​នោះ​ទេ។

អង្គ​ការ​ IOM បាន​ពន្យល់​ថា ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​របស់​ប្រទេស​អ៊ីរ៉ង់​ និង​វិបត្តិ​ជំងឺកូវីដ​១៩​ បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ឱកាស​ការងារ​ សម្រាប់​ពល​ករ​ចំណាក​ស្រុកអាហ្វហ្គានីស្ថាន​៕

ប្រែ​សម្រួល​ដោយលោក ជ្រា វណ្ណារិទ្ធ

XS
SM
MD
LG