ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អំពើ​ហិង្សា​ប្រឆាំង​ទស្សនាវដ្តី Chalie Hebdo នៅតែ​បន្ត​នៅ​ប្រទេស​នីហ្សេ


ផ្នែក​នៃ​អគារ​មួយ​ដែល​ត្រូវ​គេ​ដុត​នៅ​ក្នុង​ទីក្រុង​នីយ៉ាម៉េ ប្រទេស​នីហ្សេ កាលពី​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ២០១៥។

កាល​ពី​ថ្ងៃ​សៅរ៍​ ក្រុម​បាតុករ​ខឹង​សំបារ​នៅ​ក្នុង​រដ្ឋធានី នីយ៉ាម៉េ (Niamey) នៃ​ប្រទេស​នីហ្សេ (Niger) បាន​ដុត​ព្រះវិហារ​គ្រឹស្តសាសនា​នៅ​ក្នុងថ្ងៃ​ទីពីរ​នៃការ​តវ៉ា​ប្រកប​ដោយ​អំពើ​ហិង្សា​ប្រឆាំង​នឹង​រូបគំនូរ​ត្លុក​កំប្លែង​បង្ហាញ​រូប​ព្យាការី​ Muhammad នៃ​ទស្សនាវដ្តី​ Charlie Hebdo។​

រួបថត​ដោយ​អ្នក​យក​ព័ត៌មាន​ម្នាក់​ឱ្យ​វីអូអេក៏​បាន​បង្ហាញ​ថា​ទ្បាន​ប៉ូលីស​មួយ​គ្រឿង​មាន​ភ្លើង​ឆេះ​សន្ធោសន្ធៅ។​ ក្រុម​ប៉ូលីស​បាន​បាញ់​គ្រាប់បែក​ផ្សែង​ដាក់​ក្រុម​បាតុករ​ដែល​បាន​គប់ដុំ​ថ្ម។​

ការ​ប៉ះទង្គិច​គ្នា​នេះ​កើត​ទ្បើង​មួយ​ថ្ងៃ​ក្រោយ​ពី​កុប្បកម្ម​ប្រឆាំង​នឹង​ទស្សនាវដ្តី Charlie Hebdo នៅ​ក្នុង​ប្រទេស​នីហ្សេ​បាន​បណ្តាលឱ្យ​មនុស្សរហូត​ដល់​ប្រាំនាក់​ស្លាប់។​

ស្ថានទូត​បារាំង​នៅ​ក្នុង​ក្រុង​នីយ៉ាម៉េ​បាន​ចេញ​ផ្សាយ​សេចក្តី​ថ្លែងការណ៍​មួយ​នៅ​លើ​គេហទំព័រ​ខ្លួន​កាល​ពី​ថ្ងៃសៅរ៍​ដោយ​បាន​ព្រមាន​ដល់​ពល​រដ្ឋបារាំង​កុំឱ្យ​ចេញតាម​ផ្លូវ។​

បាតុកម្ម​ដ៏​ប្រល័យ​កាល​ពីថ្ងៃ​សុក្រ​នៅ​ក្នុង​ក្រុង​ Zinder នា​ប៉ែក​ខាង​ត្បូង​នៃអតីត​ដែន​ដី​អាណានិគម​បារាំង​នេះ​មាន​រួម​បញ្ចូល​ការ​វាយ​ប្រហារ​មួយលើ​មជ្ឈមណ្ឌល​វប្បធ៌ម​បារាំង​មួយ​ បន្ថែម​ពី​លើ​ការ​វាយ​ប្រហារ​លើ​ព្រះវិះហារ​គ្រឹស្តសាសនា​មួយ​ចំនួន​ផងដែរ។​

ទស្សនាវដ្តី​ Charlie Hebdo មួយ​ច្បាប់​ចេញផ្សាយ​កាល​ពី​ពេល​ថ្មីៗនេះ​មាន​ក្រប​ខាង​ក្រៅ​បង្ហាញ​រូប​ព្យាការី​ Muhammad យំ​ហើយ​កាន់​សញ្ញា​មួយ​មាន​សរសេរ​អក្សរ​ថា «ខ្ញុំ​ជា​ Charlie» នៅ​ក្រោម​ចំណង​ជើង​ថា «អ្វី​ទាំង​អស់​បាន​ត្រូវ​លើកលែង​ទោស»។

ទស្សនាវដ្តី​នេះ​ជា​ច្បាប់​ចេញ​ផ្សាយ​លើកដំបូង​ចាប់តាំង​ពី​ពេល​ដែល​ក្រុម​ជន​ប្រដាប់អាវុធ​បាន​ធ្វើការ​វាយប្រហារ​នៅក្នុង​ការិយាល័យ​នៃ​ទស្សនាវដ្តី​នេះ​នៅ​ក្នុង​ក្រុង​ប៉ារីស​កាល​ពី​សប្តាហ៍​មុននាំ​ឱ្យ​មនុស្ស​១២​នាក់​បាត់បង់​ជីវិត។ គេ​បាន​និយាយ​ថា​ការ​សម្លាប់​ជន​ទាំង​នេះ​ជា​ការ​សងសឹក​ដល់​ទស្សនាវដ្តី​នេះ​ដែល​កាល​ពី​ពេល​មុនៗ​បាន​ផ្សាយ​រូបគំនូរ​ត្លុកកំប្លែង​របស់​ព្យាការី Muhammad។

ក្រុម​អ្នក​គោរព​សាសនា​អ៊ីស្លាម​ច្រើន​នាក់​ចាត់ទុក​រូប​ត្លុកកំប្លែង​របស់​ Muhammad នៅ​ក្នុង​ទស្សនាវដ្តី​នេះ​ថា​ជា​ការ​ប្រមាថ​មើលងាយ​ដល់​សាសនា​អ៊ីស្លាម៕

XS
SM
MD
LG