តុលាការក្រុងភ្នំពេញបានបង្ហាញភស្តុតាងជាឃ្លីបវីដេអូ៧បន្ថែមទៀត ក្នុងសវនាការលើកទី២៨របស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានចោទប្រកាន់ក្នុងសំណុំរឿងក្បត់ជាតិ មានអាមេរិកនៅពីក្រោយ។
ការបង្ហាញភស្តុតាងជាវីដេអូទាំង៧នោះ ធ្វើឡើងក្រោយតុលាការចាក់បង្ហើយវីដេអូដែលមានរយៈពេលជាង១ម៉ោង បង្ហាញអំពីការថ្លែងរបស់លោក កឹម សុខា នៅប្រទេសអូស្រា្តលី កាលពីខែវិច្ឆិកា ឆ្នាំ២០១៣ដែលជាភស្តុតាងមួយត្រូវបានតុលាការកំពូលប្រើប្រាស់ដើម្បីរំលាយគណបក្សសង្រ្គោះជាតិ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧។
តំណាងអយ្យការគឺលោក ប្លង់ សុផល បានស្នើសុំឱ្យក្រុមប្រឹក្សាជំនុំជម្រះដែលមានលោកចៅក្រម កូយ សៅ ជាប្រធាន ប្រើប្រាស់វីដេអូទាំង៧នោះដើម្បីបញ្ជាក់អំពីការអនុវត្តផែនការយុទ្ធសាស្ត្ររបស់លោក កឹម សុខា បន្ទាប់ពីការថ្លែងរបស់អតីតមេបក្សប្រឆាំងរូបនេះនៅទីក្រុង Melbourne រដ្ឋ Victoria ប្រទេសអូស្ត្រាលី។
ក៏ប៉ុន្តែក្រុមមេធាវីការពារក្តីឱ្យលោក កឹម សុខា បានប្រាប់សន្និសីទព័ត៌មានមួយនៅក្រៅសាលាដំបូងរាជធានីភ្នំពេញថា តំណាងអយ្យការបានព្យាយាមប្រើប្រាស់ភស្តុតាង«ច្រំដែល» និងធ្លាប់ត្រូវជជែកសួរដេញដោលគ្នារួចមកហើយ ហើយក្រុមមេធាវីការពារក្តីជនជាប់ចោទក៏ធ្លាប់ប្តឹងទៅសាលាឧទ្ធរណ៍ដើម្បីប្រឆាំងការដាក់បន្ថែមភស្តុតាងទាំងនេះផងដែរ។
លោក អាង ឧត្តម មេធាវីមួយរូបក្នុងចំណោមមេធាវី៤រូបដែលការពារក្តីឱ្យលោក កឹម សុខា បកស្រាយថា៖
«ឯកសារនេះ យើងបានតវ៉ា។ យើងបានប្តឹងទៅសាលាឧទ្ធរណ៍ ក្នុងការដាក់ឯកសារបន្ថែមរបស់តំណាងអយ្យការ ក៏ប៉ុន្តែសាលាឧទ្ធរណ៍បានច្រានចោល ដោយសារ...ដែលយើងថា អត់មានពាក់ព័ន្ធ។ វាចម្រូងចម្រាស។ អ៊ីចឹងគេយកឯកសារនេះមកចាក់ឡើងវិញគោលបំណងគេ ចង់ឱ្យសាធារណជនបានដឹង បានឮដែរ។ តាមពិតឯកសារទាំងអស់នេះបានសួរដេញដោល អស់គ្មានសល់ទេ កន្លងមក»។
ចំណែកអ្នកស្រី ម៉េង សុភារី មេធាវីការពារក្តីរបស់លោក កឹម សុខា មួយរូបទៀត បានស្នើឱ្យតុលាការបង្កើនថ្ងៃជម្រះសំណុំរឿងលោក កឹម សុខា ដើម្បីការពារសិទ្ធិទទួលបានការកាត់ក្តីមួយត្រឹមត្រូវ ហើយចៅក្រមក៏មិនអាចធ្វើតាមការស្នើរបស់តំណាងអយ្យការថាសំណុំរឿងលោក កឹម សុខា ជាសំណុំរឿងធំ ដូច្នេះមិនអាចមានការកំណត់ថ្ងៃជាក់លាក់ដើម្បីកាត់សេចក្តីនោះទេ។
«អត់អាចលើកហេតុផលថា រឿងនេះធំ លើកហេតុផលថា រឿងនោះតូចបានទេ»។
ក្នុងសាលសវនាការ តំណាងអយ្យការលោក ប្លង់ សុផល បានប្រាប់ក្រុមប្រឹក្សាជំនុំជម្រះថារឿងក្តីលោក កឹម សុខា ជាសំណុំរឿងស្មុគស្មាញ ដែលត្រូវការពេលពិនិត្យ និងដេញដោលសួរពីភស្តុតាងនីមួយៗ ដើម្បីបានជាសំអាងហេតុចេញសាលក្រម ដូច្នេះលោកថា ភាគីមេធាវីជនជាប់ចោទគ្មានសិទ្ធិតវ៉ាលើការកំណត់ពេលជម្រះក្តីដោយក្រុមប្រឹក្សាជំនុំជម្រះនោះទេ។
លោកថ្លែងថា៖ «សំណុំរឿងនេះ មិនមែនចោរលួចកង់ គឺជាសំណុំរឿងប៉ះពាល់ដល់សន្តិសុខរបស់ជាតិ»។
បន្តិចក្រោយមកទៀត តំណាងអយ្យការលោក ប្លង់ សុផល លើកឡើងថា លោក កឹម សុខា អាចសារភាព ព្រោះមានភស្តុតាងជាដុំកំភួនរួចទៅហើយ។ ការព្រលយពាក្យអំពីការតម្រូវឱ្យលោកកឹម សុខា សារភាព រួចបញ្ចប់នីតិវិធីជម្រះក្តីនោះ គឺធ្វើឡើងជាលើកទីពីរហើយ ព្រោះកាលពីសប្តាហ៍មុន លោកតំណាងអយ្យការដដែលក៏បានប្រើពាក្យសម្តីស្រដៀងគ្នានេះដែរ។
អ្នកស្រី ម៉េង សុភារី ប្រាប់ក្រុមអ្នកកាសែតថា សេចក្តីពន្យល់របស់ភាគីអយ្យការ ពាក់ព័ន្ធនឹងលទ្ធភាពដែលលោក កឹម សុខា អាចសារភាពនោះគឺមិនអាចទទួលយកបានទេ។
«មិនអាចនិយាយថា រឿងលឿន... ទាល់តែជនជាប់ចោទមរណភាពឬមួយក៏ជនជាប់ចោទសារភាព ។ អត់អាចនិយាយអ៊ីចឹងបានទេ។ រឿងជនជាប់ចោទទទួលមរណភាព គឺជារឿងអាជ្ញាអស់ជំនុំ មិនមែនជារឿងនីតិវិធីដោយតាមរយៈជនជាប់ចោទ ទទួលមរណភាព ឬមួយក៏ពន្លឿននីតិវិធីដោយជនជាប់ចោទ ទទួលសារភាពនោះទេ។ វាជាការរំលោភទៅនឹងសិទ្ធិជនជាប់ចោទ និងគោលការណ៍បទដ្ឋានយុត្តិធម៌»។
ឃ្លីបវីដេអីខ្លីៗចំនួន៧ដែលតុលាការចាក់បញ្ចាំងកាលពីព្រឹកថ្ងៃអង្គារ បានបង្ហាញអំពីសេចក្តីរាយការណ៍មួយរបស់សំឡេងសហរដ្ឋអាមេរិក ទាក់ទងនឹងការព្រមព្រៀងនយោបាយរវាង លោក សម រង្ស៊ី ប្រធានគណបក្សសម រង្ស៊ី និងលោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស នៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន ដើម្បីធ្វើការច្របាច់បញ្ចូលគ្នានៃគណបក្សទាំងពីរ ដើម្បីបង្កើតជាគណបក្សជំទាស់ថ្មីមួយតំណាងអ្នកប្រជាធិបតេយ្យខ្មែរ។
វីដេអូខ្លះបានបង្ហាញអំពីព្រឹត្តិការណ៍បាតុកម្មមួយចំនួនដែលធ្វើឡើងដោយគណបក្សសង្គ្រោះជាតិ ក្រោមការដឹកនាំរបស់លោក កឹម សុខា និងលោកសម រង្ស៊ី ក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣ ដែលមានគោលដៅទាមទារដំឡើងប្រាក់ខែកម្មករ និងមន្ត្រីរាជការ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ តែត្រូវខាងអយ្យការចោទថា ជាផែនការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់កម្ពុជា ព្រោះមានការអំពាវនាវពីលោក កឹម សុខា និងលោក សម រង្ស៊ីឱ្យពលរដ្ឋប្រមូលផ្តុំជាមហាបាតុកម្មអំឡុងពេលនៃការធ្វើការបាតុកម្មនៅទីលានប្រជាធិបតេយ្យចាស់ កាលខែធ្នូ ឆ្នាំ២០១៣។
ក្នុងចំណោមវីដេអូទាំងនោះ មានវីដេអូមួយបានបង្ហាញអំពីហេតុការណ៍ហិង្សារបស់បាតុករមួយចំនួនដែលវាយបំផ្លាញទ្រព្យសម្បតិ្តក្នុងអគារមន្ទីរសម្រាកព្យាបាលឯករាជ្យស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង។ភាគីតំណាងអយ្យការពន្យល់តុលាការថា ផ្តើមចេញពីអំពើហិង្សានោះ គឺជនជាប់ចោទ មិនអាចយករួចខ្លួនថាការធ្វើបាតុកម្មកន្លងមកនោះជាបាតុកម្មអហិង្សាទេ។
តំណាងអយ្យការពន្យល់ទៀតថា វីដេអូទាំង៧ ដែលចាក់បញ្ចាំងក្នុងសាលសវនាការនៅថ្ងៃអង្គារ បង្ហាញថាលោក កឹម សុខា ដែលជាប់ចោទពីបទសន្ឋិដ្ឋិភាពជាមួយបរទេស ឬត្រូវរ៉ូវគ្នាជាមួយរដ្ឋបរទេស បានអនុវត្តផែនការទៅតាមការរៀបរាប់របស់លោកទៅកាន់ក្រុមអ្នកគាំទ្របក្សជំទាស់នៅប្រទេសអូស្រាលី។
ក្នុងសាលសវនាការ កាលពីព្រឹកថ្ងៃអង្គារនោះ លោក កឹម សុខា ដែលរងការចោទថា បង្កឱ្យមានអំពើប្រទូសរ៉ាយ ឬអំពើឈ្លានពានកម្ពុជាផងនោះ មិនបានថ្លែងសំណូមពរណាមួយទៅកាន់ក្រុម ប្រឹក្សាជំនុំជម្រះទេ ដោយលោកត្រូវគេសង្កេតឃើញអង្គុយមុខក្រុមប្រឹក្សាជំនុំជម្រះ និងមានការកត់ត្រាទុកនូវអ្វីដែលជាការលើកឡើងរបស់ភាគីតតាំងក្តីក្នុងសវនាការ។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព ដែលបានចូលឃ្លាំមើលសវនាការបានផ្តល់ការកត់សម្គាល់លើប្រព័ន្ធទំនាក់ទំនងសង្គមហេ្វសប៊ុកថាអយ្យការ និងចៅក្រមបានយល់ស្របឱ្យមានការប្រើប្រាស់ភស្តុតាងវីដេអូទាំង៧ ដែលក្រុមមេធាវីការពារក្តីជនជាប់ចោទបានជំទាស់ ដោយសារក្រុមមេធាវីចង់ឲ្យពន្លឿននីតិវិធី។
អ្នកស្រី ចក់ សុភាព បានពន្យល់ទៀតថាសេចក្តីរាយការណ៍របស់វិទ្យុសំឡេងសហរដ្ឋអាមេរិកដែលនិយាយអំពីការរួបរួមរវាងលោក កឹម សុខា និងលោក សម រង្ស៊ី នៅប្រទេសហ្វីលីពីននោះ ត្រូវបានអយ្យការអះអាងថា ជាភស្តុតាងបង្ហាញពីភាពត្រូវរ៉ូវគ្នាជាមួយបរទេស។ មេដឹកនាំអង្គការសិទ្ធិមនុស្សរូបនេះបន្ថែមថា លោក កឹម សុខា និងសកម្មជនដទៃទៀតមិនគួរត្រូវបានចាប់ខ្លួន និងរងបទចោទប្រកាន់ដោយសារតែភាពសកម្មខាងនយោបាយ ឬមាននិន្នាការនយោបាយខុសគ្នានោះឡើយ។
ក្រុមមេធាវីការពារក្តីរបស់លោក កឹម សុខា បាននិយាយថារឿងក្តីលោក កឹម សុខា មានជាប់ហេតុផលនយោបាយ ដែលតោងឱ្យមានការសម្របសម្រួល និងការផ្តល់សម្បទាននយោបាយពីថ្នាក់ដឹកនាំនយោបាយកម្ពុជា ដើម្បីបើកផ្លូវឱ្យលោក កឹម សុខា បានវិលមកបម្រើប្រទេសជាតិវិញ។
មេធាវីការពារក្តីម្នាក់ លោកអាង ឧត្តម និយាយថា៖ «មិនថាតែពលរដ្ឋខ្មែរទេ មិនថា តែមតិអន្តរជាតិទេ ពិភពលោក សាកលលោក សូម្បីតែអ្នកប្តឹងខ្លួនឯង អ្នកប្តឹងដើមបណ្តឹងអាជ្ញាហ្នឹង ព្រះរាជអាជ្ញាដើមបណ្តឹងរដ្ឋប្បវេណីហ្នឹង រដ្ឋាភិបាលក៏ដឹងថា រឿងនេះជារឿងនយោបាយដែរ។ ប៉ុន្តែគេនៅតែធ្វើ»។
បន្ទាប់ពីការចាក់បញ្ចាំងវីដេអូចំនួន៧នោះមក លោកចៅក្រម កូយ សៅ បានប្រកាសបន្តសវនាការទៅថ្ងៃពុធ ទី២ ខែកុម្ភៈ ឆ្នាំ២០២២៕