ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិល​មក​បន្ទប់​សវនាការ លោក កឹម សុខា ស្នើ​តុលាការ​ពន្លឿន​ការកាត់​ក្តី​ដើម្បី​ឆាប់​បាន​វិល​ចូល​នយោបាយ


លោក កឹម សុខា អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ កំពុង​ជិះ​រថយន្ដ​ធ្វើ​ដំណើរ​ទៅ​កាន់​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​ចូលរួម​សវនាការ​កាត់​ក្ដី​លោក​ពី​បទ​ក្បត់ជាតិ​ រាជធានី​ភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ (TANG CHHIN Sothy / AFP)
លោក កឹម សុខា អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ កំពុង​ជិះ​រថយន្ដ​ធ្វើ​ដំណើរ​ទៅ​កាន់​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​ចូលរួម​សវនាការ​កាត់​ក្ដី​លោក​ពី​បទ​ក្បត់ជាតិ​ រាជធានី​ភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ (TANG CHHIN Sothy / AFP)

​អតីត​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ កឹម សុខា​ បាន​បង្ហាញ​មុខ​ជា​ថ្មី​ម្តង​ទៀត​នៅ​តុលាការ​ក្រុង​ភ្នំពេញ​ ដើម្បី​បន្ត​តតាំង​ក្តីក្តាំ​របស់​លោក​ដែល​អូស​បន្លាយ​ពេល​មក​ជិត​ពីរ​ឆ្នាំ​មក​ហើយ។

លោក​ កឹម សុខា​ កំពុង​រង​ការ​ចោទ​ប្រកាន់​អំពី​ការ​រៀប​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ដោយ​មាន​សហ​រដ្ឋ​អាមេរិក​នៅ​ពី​ក្រោយ។ ​ទាំង​លោក​ កឹម សុខា​ និង​សហ​រដ្ឋ​អា​មេរិក ​កន្លង​មក​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។ ​

នៅ​ក្នុង​សាល​សវនាការ​ដែល​មាន​ការ​ឃ្លាំមើល​ពី​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ និង​មន្ត្រី​ការទូត​បរទេស​ផង​ដែរ​នោះ​ លោក​ កឹម​ សុខា អតីត​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ចាម​ បាន​ស្នើ​សុំ​ឱ្យ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ដឹកនាំ​ដោយ​លោក​ចៅក្រម​ កូយ សៅ​បន្ត​នីតិវិធី​ដោយ​ភាព​ត្រឹម​ត្រូវ​ និង​ពន្លឿន​ការ​កាត់​ក្តី​របស់​លោក​ ដើម្បី​អាច​ឱ្យ​លោក​បាន​ចូលរួម​បម្រើ​ជាតិ។​

លោក កឹម សុខា​ អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ ថ្លែង​ទៅ​កាន់​អ្នកកាសែត​ មុន​នឹង​ចេញដំណើរ​ពីគេហដ្ឋាន​ទៅ​សាលារាជធានី​ភ្នំពេញ​ ដើម្បី​ចូលរួម​សវនាការ​កាត់​ក្ដី​លោក​ពី​បទ​ក្បត់ជាតិ​ រាជធានី​ភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ (TANG CHHIN Sothy / AFP)
លោក កឹម សុខា​ អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ ថ្លែង​ទៅ​កាន់​អ្នកកាសែត​ មុន​នឹង​ចេញដំណើរ​ពីគេហដ្ឋាន​ទៅ​សាលារាជធានី​ភ្នំពេញ​ ដើម្បី​ចូលរួម​សវនាការ​កាត់​ក្ដី​លោក​ពី​បទ​ក្បត់ជាតិ​ រាជធានី​ភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ (TANG CHHIN Sothy / AFP)

លោក ​កឹម សុខា​ បាន​លើក​ឡើង​ថា៖​ «ខ្ញុំ​គាំទ្រ​សវនាការ​ឱ្យ​ឆាប់​ចប់។​ ខ្ញុំ​ជម្រាប​ថ្នាក់​ដឹក​នាំ​ខ្ញុំ​ត្រូវការ​ចូល​រួម​បម្រើ​ប្រទេស​ជាតិ»។​

សំណើ​របស់​អតីត​មេ​បក្ស​ជំទាស់​រូប​នេះ​ ធ្វើ​ឡើងក្រោយ​ការ​ខ្វែង​គំនិត​គ្នា​យ៉ាង​តានតឹង​ រវាង​ក្រុម​មេធាវី​តំណាង​ឱ្យ​រដ្ឋាភិបាល​ តំណាង​អយ្យការ​ និង​ក្រុម​មេធាវី​ការពារ​ក្តី​ជន​ជាប់​ចោទ​ គឺ​លោក ​កឹម សុខា។​

ភាព​តាន​តឹង​បាន​ស្ថិត​នៅ​ជុំវិញ​ការ​អូស​បន្លាយ​ពេល​នៃ​សវនាការ​ ការ​ប្តឹង​ទាស់​ និង​ការ​ដាក់​ភស្តុតាង​បន្ថែម​ពី​សំណាក់​ក្រុម​មេធាវី​ការពារ​ក្តី​ លោក​ កឹម សុខា​ នៅ​សាលា​ឧទ្ធរណ៍ស្ថានភាព​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩​ ដែល​បាន​បង្អាក់​ការកាត់​ក្តី​ជិត​ពីរ​ឆ្នាំ​ និង​ការ​ដាក់​ញត្តិ​របស់​ភាគី​មេធាវី​របស់​លោក​ កឹម សុខា ​ឱ្យ​បញ្ឈប់​នីតិវិធី​ប្រឆាំង​អតីត​មេបក្ស​ប្រឆាំង​រូប​នេះ។​

បន្ទាប់​ពី​សវនាការ​រយៈ​ពេល​ជាង​៣​ម៉ោង​ ក្រុម​មេធាវី​របស់​លោក ​កឹម សុខា ​ប្រាប់​សន្និសីទ​ព័ត៌មាន​ក្នុង​បរិវេណ​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា​ លោក ​កឹម សុខា​ មិន​បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ដូច​ការ​ចោទ​របស់​តុលាការ​ទេ​ ហើយ​ថា​ តុលាការ​មាន​បំណង​អូស​បន្លាយ​ពេល​កាត់​ក្តី​ ដោយ​យក​លេស​អំពី​ការ​ឆ្លង​រាត​ត្បាត​ជំងឺ​កូវីដ១៩​ ហើយ​មិន​ព្រម​ធ្វើ​តាម​សំណើរ​របស់​ក្រុម​មេធាវី​ឱ្យ​ពន្លឿន​នីតិវិធី​ជម្រះ​ក្តី​នោះ​ទេ។​

លោក​មេធាវី ចាន់ ចេន ធ្វើ​សន្និសីទ​សារព័ត៌មាន​ក្នុង​តុលាការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃទី១៩ ខែមករា ឆ្នាំ​២០២២។ (ហ៊ុល រស្មី/វីអូអេ)
លោក​មេធាវី ចាន់ ចេន ធ្វើ​សន្និសីទ​សារព័ត៌មាន​ក្នុង​តុលាការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃទី១៩ ខែមករា ឆ្នាំ​២០២២។ (ហ៊ុល រស្មី/វីអូអេ)

លោក​មេធាវី ​ចាន់ ចេន​ និយាយ​ថា​ កូនក្តី​របស់​លោក ​ពី​មុន​មក​មាន​ការ​រាប់​អាន​គ្នា​ជាមួយ​ប្រជាជន​ និង​ថ្នាក់​ដឹកនាំ​កម្ពុជា​យ៉ាង​ជិត​ស្និទ្ធ​ និង​ក៏​បាន​ជួប​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​មន្ត្រី​អង្គទូត​នានា​ប្រចាំ​កម្ពុជា​ និង​មន្ត្រី​ការទូត​ដែល​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​ ហើយ​កូនក្តី​លោក​ ក៏​បាន​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុង​កិច្ច​ការ​មនុស្ស​ធម៌​ផង​ដែរ។ ​ផ្អែក​លើ​ចំណុច​វិជ្ជាមាន​ទាំងនេះ​ លោក​ជឿ​ថា​ កូន​ក្តី​លោក ​នឹង​បាន​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់។​

«អ៊ីចឹង​ជា​ចុង​ក្រោយ​តាម​ទឡ្ហីករណ៍​ទាំង​បី​ហ្នឹង ​ខ្ញុំ​យល់​ឃើញ​ថា យើង​មាន​ក្តី​សង្ឃឹម​ថា ​កូន​ក្តី​ខ្ញុំ​ រួច​ផុត​ពី​បទ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ»។

លោក​មេធាវី អាង ឧត្តម និយាយ​ជាមួយ​អ្នកកាសែត ក្នុង​តុលាការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃទី១៩ ខែមករា​ ឆ្នាំ​២០២២។ (ហ៊ុល រស្មី/វីអូអេ)
លោក​មេធាវី អាង ឧត្តម និយាយ​ជាមួយ​អ្នកកាសែត ក្នុង​តុលាការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃទី១៩ ខែមករា​ ឆ្នាំ​២០២២។ (ហ៊ុល រស្មី/វីអូអេ)

ចំណែក​លោក​មេធាវី​ អាង​ ឧត្តម​ ដែល​ធ្លាប់​បម្រើការ​នៅ​សាលាក្តី​ខ្មែរ​ក្រហម​ បាន​លើក​ឡើង​ពី​ការ​មិន​អើពើ​របស់​ស្ថាប័ន​តុលាការ​លើ​សំណើ​របស់​ក្រុម​មេធាវី​ជន​ជាប់​ចោទ​ដែល​ធ្វើ​ឡើង​ចំនួន​បី​លើក​ដែល​ទទូច​ឱ្យ​តុលាការ​ពន្លឿន​ការ​កាត់​ក្តី​ រហូត​ត្រូវ​សុំ​កិច្ច​អន្តរាគមន៍​ពី​ក្រសួង​យុត្តិធម៌​ ប៉ុន្តែ​សវនាការ​នៅ​តែ​មិន​ទៅ​មុខ។ ​

«យើង​ទទួល​ស្គាល់​ទេតើ!​ ករណី​ទូទៅ​ធ្ងន់​ធ្ងរ​នៃ​ជំងឺ​កូវីដ​ហ្នឹង​ ហើយ​មិន​បិទ​ទូទៅ​ឯណា? សាលាក្តី​ពេញ​ស្រុក​ខ្មែរ​ នៅ​ដំណើរ​ នៅ​បន្ត​ទេតើ!​ តែ​គេ​យក​លេស​ថា​ គេ​បន្ត​តែ​អ្នក​ជាប់​ឃុំ។ ​ក៏ប៉ុន្តែ​ ការ​ពន្យារ​ពេល​នេះ​ គឺ​ប៉ះពាល់​ដល់​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​លឿន​ ដោយ​ឆាប់​រហ័ស»។​

នៅ​ក្នុង​សាល​សវនាការ​ លោក​ចៅក្រម​ កូយ សៅ ​បាន​លើក​ឡើង​ថា​ ក្នុង​គ្រា​មាន​ការ​ឆ្លង​រាតត្បាត​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូវីដ១៩​នោះ​ តុលាការ​បាន​ជូន​ដំណឹង​អំពី​ការ​ផ្អាក​សវនាការ​ច្រើន​ណាស់​ ពោល ​គឺ​បន្ត​បើក​សវនាការ​តែ​២​ភាគរយ​ប៉ុណ្ណោះ​នៃ​សំណុំ​រឿង​ ហើយ​សវនាការ​នោះ​ ធ្វើ​ឡើង​តែ​ទៅ​លើ​ជនជាប់​ចោទ​ក្នុង​ឃុំ​ ដើម្បី​បញ្ចៀស​ពី​ការ​រំលោភ​សិទ្ធិ​របស់​ជន​ជាប់ឃុំ​ ដែល​អាច​ឃុំ​ខ្លួន​លើស​នីតិវិធី​ បើ​មិន​មាន​ការ​ជម្រះ​ក្តី​នោះ។​

ត្រង់​ចំណុច​នៃ​ការ​លើក​ឡើង​ពី​ភាគី​មេធាវី​លោក ​កឹម សុខា ​ថា​ តុលាការ​គួរ​បញ្ឈប់​នីតិវិធី​កាត់​ក្តី​លោក​កឹម សុខា​ និង​ថា​ លោក​ កឹម សុខា​ នឹង​រួច​ពី​ការ​ចោទ​ប្រកាន់​នោះ​តំណាង​អយ្យការ​លោក ​ប្លង់​ សុផល​ បញ្ជាក់​ថា​ សវនាការ​មិន​អាច​បញ្ឈប់​បាន​ទេ​ ព្រោះ​មាន​ភស្តុតាង​ជាច្រើន​ ដែល​ត្រូវ​លើក​យក​មក​ពិភាក្សា​ ដើម្បី​បញ្ជាក់​ថា​ លោក​កឹម សុខា​ មាន​កំហុស​ ឬ​មិន​មាន​កំហុស​នោះ។​

លោក ​ប្លង់ សុផល​ ពន្យល់​ថា៖ ​«ដើម្បី​បញ្ចប់​នីតិវិធី​បាន​ ទីមួយ ​គឺ​មរណភាព​របស់​ជន​ជាប់​ចោទ។​ ទីពីរ​ គឺ​សាលក្រម​ចុង​ក្រោយ​សម្រេច​ថា​ មាន​ទោស ​អត់​ទោស»។ ​

តំណាង​អយ្យការ​លោក​ ប្លង់ សុផល ​បន្ថែម​ថា៖​ «ភស្តុតាង​ប៉ុណ្ណឹង​ហើយ​ បើ​ជន​ជាប់​ចោទ​សារភាព​ គឺ​ចប់​ហើយ។ ​ចង់​ចប់​តាម​ចិត្ត​ម៉េច​បាន? នីតិវិធី​មាន»។​

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ចាកចេញ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១៩ ខែមករា ឆ្នាំ​២០២២។ (ហ៊ុល រស្មី​/វីអូអេ)
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ចាកចេញ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១៩ ខែមករា ឆ្នាំ​២០២២។ (ហ៊ុល រស្មី​/វីអូអេ)

ក្នុង​សំណុំ​រឿង​ក្បត់​ជាតិ​ដ៏ចម្រូង​ចម្រាស​នេះ មេ​ដឹកនាំ​គណបក្ស​ជំទាស់​លោក​ កឹម សុខា​ ត្រូវ​បាន​អាជ្ញាធរ​ទីក្រុង​ភ្នំពេញ​ចាប់​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ស្ថិត​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ជាប់​ប្រទេស​វៀតណាម​ កាល​ពី​ដើម​ខែ​កញ្ញា​ឆ្នាំ​២០១៧​ គឺ​ពីរ​ខែ​មុន​តុលាការ​កំពូលរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧។​

បើតាម​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​លោក​ កូយ សៅ ​ សំណុំ​រឿង​លោក​ កឹម សុខា​ មាន​អង្គហេតុ​ពីរ​ធំៗ​ ពាក់ព័ន្ធ​នឹង​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​ឬ​ត្រូវ​រ៉ូវ​គ្នា​ជាមួយ​រដ្ឋ​បរទេស​ និង​អំពើ​ប្រទូសរ៉ាយ​ ឬ​អំពើ​ឈ្លាន​ពាន​កម្ពុជា​យោង​តាម​មាត្រា​៤៤៣​នៃ​ក្រម​ព្រហ្មទណ្ឌ។​

អង្គហេតុ​ពីរ​ធំៗនេះ​ មាន​ទំនាក់​ទំនង​នឹង​សកម្មភាព​នយោបាយ ​និង​ស៊ីវិល​របស់​លោក​ កឹម សុខា​ តាំងពី​ឆ្នាំ​១៩៩៣​ ដែល​រួមមាន​ការ​បង្កើត​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ការ​បង្កើត​គណបក្ស​សិទ្ធិ​មនុស្ស​ការ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ព្រឹត្តិ​ការណ៍​នៃ​ការ​ចាប់​ខ្លួន​លោក​ កឹម សុខា​កាលពី​ដើម​ខែ​កញ្ញា​ឆ្នាំ​២០១៧។ ​

ក្នុង​សវនាការ​កាលពី​ថ្ងៃពុធ​លោក​ចៅក្រម ​កូយ សៅ​ បាន​បញ្ជា​ឱ្យ​មន្ត្រី​រដ្ឋបាល​តុលាការ​ចាក់​បញ្ចាំង​ភស្តុតាង​ជា​ឃ្លីប​វីដេអូ​មួយ​មាន​រយៈ​ពេល​១​ម៉ោង​ ៣​នាទី​ និង​១៩​វិនាទី​ទាំង​ស្រុង​ឱ្យ​លោក​ កឹម សុខា​ ក្រុម​អ្នក​ការពារ​ក្តី​ និង​អ្នក​ឃ្លាំ​មើល​សវនាការ​មើល​ឡើង​វិញ​ម្តង​ទៀត​ ដើម្បី​ជម្រះ​ការ​សង្ស័យ​ដែល​ថា​វីដេអូ​នោះ​ត្រូវ​បាន​គេ​កាត់​ត​ជា​កង់ៗ​ ​មុន​នឹង​ដំណើរ​ការ​នីតិវិធី​បន្ត​ទៀត។​

បន្ទាប់​ពី​ការ​ចាក់​បញ្ចាំង​វីដេអូ​នោះ​ បាន​ជាង​២០​នាទី​លោក​ កូយ សៅ​ ប្រកាស​បន្ត​សវនាការ​ទៅ​ថ្ងៃ​អង្គារ​ ទី​២៥​ ខែ​មករា​ ឆ្នាំ​២០២២​ខាង​មុខ។​

នាយក​រង​ទទួល​បន្ទុក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អង្គការ​លីកាដូ​លោក​ អំ សំអាត​ យល់​ថា​ រឿង​ក្តី​ដែល​មាន​លក្ខណៈ​នយោបាយ​ និង​មាន​ភាព​ស្មុគ​ស្មាញ​នេះ ​នឹង​មិន​ងាយ​ចប់​ទេ​ ព្រោះ​មក​ដល់​ពេល​បន្ត​សវនាការ​ជាថ្មី​នេះ​ មិន​ទាន់​មាន​ការ​កោះ​ហៅ​សាក្សី​មក​ផ្ដល់​សក្ខី​កម្ម​នៅ​ឡើយ៕​

XS
SM
MD
LG