ព្រះរាជអាជ្ញានៃតុលាការរាជធានីភ្នំពេញ នៅថ្ងៃពុធនេះ បានសម្រេចមិនចោទប្រកាន់មនុស្ស ៣ នាក់នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការផឹកស៊ីជុំគ្នា ដោយមានចាក់ធុងបាស ដែលសមត្ថកិច្ចចោទថា បំពានវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ប៉ុន្តែព្រះរាជអាជ្ញាបានឲ្យពួកគេធ្វើកិច្ចសន្យាថា នឹងឈប់បន្តសកម្មភាពទាំងនោះទៀត ខណៈពួកគេក៏ត្រូវបានពិន័យជាប្រាក់ផងដែរ។
លោក គុជ គឹមឡុង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់អ្នកសារព័ត៌មានតាមប្រព័ន្ធតេឡេក្រាមនៅយប់ថ្ងៃពុធថា ពួកគេទាំង ៣ នាក់ បានប្រព្រឹត្តសកម្មភាពល្មើសនឹងមាត្រា ៣ នៃច្បាប់ស្តីពីកូវីដ១៩ ដែលចែងពីវិធានការសុខាភិបាលដែលតម្រូវឲ្យប្រជាពលរដ្ឋធ្វើអនាម័យ ពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាពសង្គម និងអនុវត្តតាមវិធានការសុខាភិបាលផ្សេងទៀត ដែលមានភាពចាំបាច់ដើម្បីឆ្លើយតបនឹងការរាតត្បាតជំងឺកូវីដ១៩។
ច្បាប់ស្តីពីជំងឺកូវីដ១៩ នេះ ត្រូវបានប្រកាសឲ្យប្រើប្រាស់កាលពីខែមីនា ស្របពេលដែលកម្ពុជាកំពុងប្រឈមនឹងការឆ្លងជំងឺកូវីដ១៩ ធ្ងន់ធ្ងរ ចាប់តាំងពីការផ្ទុះឆ្លងក្នុងសហគមន៍កាលពីថ្ងៃទី ២០ ខែកុម្ភៈ។
អ្នកនាំពាក្យរបស់តុលាការរាជធានីភ្នំពេញបន្តថា ពួកគេទាំង ៣ នាក់ ត្រូវបានពិន័យប្រាក់ជាអន្តរការណ៍ ប៉ុន្តែលោកមិនបានបញ្ជាក់ថាចំនួនប៉ុន្មាននោះទេ។
លោក គុជ គឹមឡុង មានប្រសាសន៍ថា៖ «ក្រោយពីសាកសួរតាមនីតិវិធីរួច លោកព្រះរាជអាជ្ញារង មុត តារា បានសម្រេចឲ្យខាងក្រសួងសុខាភិបាលជាសមត្ថកិច្ចនៅក្នុងការធ្វើការពិន័យអន្តរការណ៍ ហើយបានឲ្យពួកគាត់ទាំង៣នាក់ធ្វើកិច្ចសន្យានិងអប់រំ ឲ្យចូលរួមដើម្បីគោរពវិធានសុខាភិបាលទាំងអស់គ្នាហើយនិងបានអនុញ្ញាតឲ្យគាត់ទាំង ៣ នាក់ឲ្យបានត្រឡប់ទៅផ្ទះវិញ»។
កាលពីថ្ងៃទី ៦ ខែមេសា ស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា បុរសទាំង ៣ នាក់ ត្រូវបានបញ្ជូនទៅតុលាការ ក្រោយត្រូវចាប់ខ្លួនកាលពីថ្ងៃទី ៤ ខែមេសា ដោយសារពួកគេបានជួបជុំគ្នាផឹកស៊ីដែលប៉ូលិសចោទថា «ល្មើសនឹងវិធានការសុខាភិបាល»។
បើតាមសមត្ថកិច្ច ពួកគេទាំង៣នាក់ ត្រូវបានចាប់ខ្លួនកាលពីម៉ោង ៥ កន្លះល្ងាច ថ្ងៃទី ៤ ខែមេសា ដោយប៉ូលិស ប៉ុស្តិ៍នគរបាលគោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានចោទពួកគេថា «ជួបជុំស៊ីផឹក និងច្រៀងខារ៉ាអូខេនៅចំណុចមុខបន្ទប់ជួលក្នុងផ្សារបឹងបៃតង ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ»។
បើតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អ្នកទាំងនោះ មានឈ្មោះ អូន រតនា អាយុ ៣៧ ឆ្នាំ លោក ហូ រុនមុនី អាយុ ៣០ ឆ្នាំ និងលោក ហេង សូវីត អាយុ ៧២ ឆ្នាំ។ រូបភាពរបស់ពួកគេទាំង ៣ នាក់ ឈរក្បែរធុងបាស ដែលមានបិទស្លាក (The Voice) ដែលថតជាមួយប៉ូលិស ត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុកផងដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ២៥ ខែមីនា តុលាការរាជធានីភ្នំពេញបានចោទប្រកាន់បុរសម្នាក់ដោយប្រើច្បាប់កូវីដ១៩ លើកដំបូង ពាក់ព័ន្ធនឹងការអធិប្បាយកុំឲ្យចាក់វ៉ាក់សាំងចិន។ បុរសម្នាក់ឈ្មោះ តោ ចន្នី អាយុ ២៨ ឆ្នាំ ត្រូវបានចោទប្រកាន់តាមមាត្រា ១១ នៃច្បាប់ស្តីពីវិធានការបង្ការជំងឺកូវីដ១៩ ដែលអាចជាប់ពន្ធនាគារពី ៦ ខែទៅ ៣ ឆ្នាំ ប្រសិនបើបុរសនោះ ត្រូវបានរកឃើញថាមានទោសមែន។
មាត្រា ១១ នៃច្បាប់ស្តីពីកូវីដ១៩ ដែលត្រូវបានប្រកាសឲ្យប្រើប្រាស់ជាប្រញាប់កាលពីថ្ងៃទី ១១ ខែមីនា ចែងពីអំពើរារាំង ឬបង្កឧបសគ្គដោយចេតនាដល់ការអនុវត្តវិធានការដែលបានដាក់ចេញដោយក្រសួងសុខាភិបាល៕