ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​បង្កើត​តុលាការ​ថ្មី​នៅ​ប៉ៃលិន​អតីត​តំបន់​ខ្មែរ​ក្រហម


អតីត​ទាហាន​ម្នាក់​​ កំពុង​ឈរ​នៅ​ក្នុង​ផ្សារ​​នៃ​ទី​ប្រជុំជន​​ប៉ែលិន ដែល​ជា​អតីត​មូលដ្ឋាន​រឹង​មាំ​របស់​ទហាន​ខ្មែរ​ក្រហម កាល​ពី​ថ្ងៃ​ទី​០៣​កក្កដា​ឆ្នាំ​២០០៦។
អតីត​ទាហាន​ម្នាក់​​ កំពុង​ឈរ​នៅ​ក្នុង​ផ្សារ​​នៃ​ទី​ប្រជុំជន​​ប៉ែលិន ដែល​ជា​អតីត​មូលដ្ឋាន​រឹង​មាំ​របស់​ទហាន​ខ្មែរ​ក្រហម កាល​ពី​ថ្ងៃ​ទី​០៣​កក្កដា​ឆ្នាំ​២០០៦។

ប្រទេស​កម្ពុជា​ទើបតែ​បង្កើត​ស្ថាប័ន​តុលាការ​ថ្មីមួយ​នៅ​ថ្ងៃ​នេះ ក្នុង​អតីត​តំបន់​ ដែល​កាន់កាប់​ដោយ​កងទ័ព​ខ្មែរ​ក្រហម។ ​ក្រុម​មន្ដ្រី​និយាយ​ថា​ ​ការ​បង្កើត​តុលាការ​នេះ​នឹង​ធ្វើ​ឲ្យ​រីក​ចម្រើន​ផ្នែក​ប្រព័ន្ធ​យុត្តិធម៌​នៅ​ក្នុង​ខេត្ត​ប៉ែក​ពាយ័ព្យ​នេះ។

ខេត្ត​ប៉ៃលិន​ អតីត​តំបន់​ឈរជើង​ដ៏​រឹងមាំ​របស់​កងទ័ព​កុម្មុយនិស្ដ​ខ្មែរ​ក្រហម​ ​បាន​បង្កើត​តុលាការមួយ​សម្រាប់​ដំណើរការ​កាត់ក្ដី​ដោយ​ឯករាជ្យ​ក្នុង​តំបន់​គ្រប់គ្រង​របស់​ខ្លួន​នៅ​ថ្ងៃ​ច័ន្ទ​នេះ។​ ការ​បង្កើត​តុលាការ​ថ្មី​នេះ​ធ្វើឡើង​ដំណាល​គ្នា​នឹង​សាលាក្ដី​ខ្មែរក្រហម​គ្រោង​បើក​សវនាការ​លើ​បណ្ដឹង​សារទុក្ខរបស់​មេដឹកនាំ​កំពូល​ខ្មែរក្រហម​ចំនួន​ពីរ​នាក់​នៅ​សប្ដាហ៍​ក្រោយ។

លោក​ឡៅ ស៊ុនប៉ា ​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ខេត្ត​ប៉ៃលិន​ ​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ ​បន្ទាប់​ពី​ពិធី​ប្រកាស​បង្កើត​តុលាការ​ជាផ្លូវការ​ថា​ ​តុលាការ​នឹង​ជួយ​សម្រួល​ច្រើន​ដល់​ប្រជា​ពលរដ្ឋ​របស់​លោក​ក្នុង​ដំណើរការ​ស្វែងរក​យុត្តិធម៌។

«បើ​មាន​រឿង​អ្វី​ ប្រជាជន​ទាក់ទង​ក្នុង​ខេត្ត​នេះ​តែម្ដង​ ​មិន​ចាំបាច់​ចំណាយ​ប្រាក់កាស​ច្រើន»។

ខេត្ត​ប៉ៃលិន​គឺជា​ខេត្ត​ទី២៣ ​ដែល​មាន​តុលាការ​សាលាដំបូង​ក្នុង​តំបន់​របស់​ខ្លួន។​ រដ្ឋាភិបាល​ខ្មែរ គ្រោង​នឹង​បង្កើត​តុលាការ​សាលា​ដំបូង​មួយ​ទៀត​នៅក្នុង​ខេត្ត​ឧត្តរមានជ័យ​ក្នុង​ពេល​ខាង​មុខ។ ​ខេត្ត​នេះ​ប្រើប្រាស់​តុលាការ​រួម​ជាមួយ​នឹង​ខេត្ត​សៀមរាប​សម្រាប់​ដោះស្រាយ​សំណុំរឿង​ផ្សេងៗ។​ រីឯ​ខេត្ត​ប៉ៃលិន​ ​កន្លងមក​ ​ត្រូវ​ពឹងផ្អែក​លើ​ប្រព័ន្ធ​តុលាការ​ក្នុង​ខេត្ត​បាត់ដំបង​ដែល​ស្ថិតនៅ​ចម្ងាយ​ជាង​៧០គ.ម.។

ប៉ៃលិន​បាន​ចូល​សមាហរណ​កម្ម​ជាមួយ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​កាលពី​ឆ្នាំ​១៩៩៦។ ​រដ្ឋបាល​គ្រប់គ្រង​នៅ​ទីនេះ​ដឹកនាំ​ដោយ​អតីត​កម្មាភិបាល​ខ្មែរក្រហម​ជាន់ខ្ពស់​ភាគច្រើន។ ​អតីត​បងធំ​ទីពីរ​នៃ​របប​កម្ពុជា​ប្រជាធិប​តេយ្យ​គឺនួន ជា​ ​អតីត​បងធំ​ទីបី​គឺ​អៀង សារី ​និង​ប្រពន្ធ​របស់​គាត់​អៀង ធារិទ្ធ​ ​និង​អតីត​ប្រមុខ​រដ្ឋ​ខ្មែរក្រហម​គឺ​ខៀវ សំផនបាន​បន្ដ​ស្នាក់នៅ​ទីនេះ​យ៉ាង​សុខសាន្ដ ​មុន​ការ​ចាប់ខ្លួន​យក​មក​ឃុំ​ ​ចាំ​ការកាត់ទោស​ដោយ​សាលាក្ដី​ខ្មែរក្រហម។

លោក​ច័ន្ទ មនោ​ ​អគ្គនាយក​រដ្ឋបាល​ ​និង​ហិរញ្ញ​វត្ថុ​របស់​ក្រសួង​យុត្តិធម៌​ដែល​បាន​ចូលរួម​ពិធី​ប្រកាស​បង្កើត​តុលាការ​ខេត្តប៉ៃលិន​ ​មាន​ប្រសាសន៍ថា​ ​តុលាការ​ថ្មីនេះ​នឹង​ធ្វើឲ្យ​ប្រជាជន​ក្នុង​តំបន់​នេះ​ទទួល​ បាន​សេវា​យុត្តិធម៌​ឆាប់​រហស័។

«គឺ​ក្នុង​ទិសដៅ​បង្ខិត​សេវា​យុត្តិធម៌​ឲ្យ​កាន់តែ​ជិត​ប្រជា​ពលរដ្ឋ​ ​ដើម្បី​ជួយ​កាត់បន្ថយ​ការ​លំបាក​ដល់​ពួកគាត់​ក្នុង​ការ​ដោះស្រាយ​រឿង​ក្ដី​កន្លង​មក»។

លោក​ចាន់ សាវ៉េត​ ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​លើ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ អាដហុក​ ​បាន​លើកឡើង​ថា​ ​មាន​ការ​ចាប់ខ្លួន​ដោយ​ខុសច្បាប់​ និង​ការ​ឃុំខ្លួន​ខុសច្បាប់​ជា​ញឹកញាប់បាន​កើត​ឡើង​ក្នុង​ខេត្ត​ប៉ៃលិន​ ​ហើយ​ជួន​កាល​ប្រជា​ពលរដ្ឋ​ស្ថិត​ក្នុង​សម្ពាធ​ដែល​តម្រូវ​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​នានា​ដោយ​មាន​ការសម្រុះ​សម្រួល​ក្រៅ​ប្រព័ន្ធ​តុលាការ។

«ការ​បង្កើត​តុលាការនេះ​ ​វាជា​រឿង​មួយ​សមស្រប​ដែរ​ ជារឿង​មួយ​ចាំបាច់​ ​ដោយសារ​តែ​មាន​ក្រុម​សិទ្ធិ​មនុស្ស​មួយ​ចំនួន​តែងតែ​លើក​ថា​ ​ប៉ូលិស​ឃុំខ្លួន​ពលរដ្ឋ ​ប៉ូលិស​ឃាត់ខ្លួន​ដោយ​ខុស​ច្បាប់​ជាដើម​ ហើយ​ការ​បញ្ជូន​ទៅ​តុលាការ​មាន​ការ​យឺតយ៉ាវ»។

ស្របពេល​ជាមួយ​គ្នា​នឹង​ការបង្កើត​តុលាការ​ក្នុង​ខេត្ត​ប៉ៃលិននេះ​ សាលាក្ដី​ខ្មែរ​ក្រហម​បាន​គ្រោង​បើក​សវនាការ​ជា​សាធារណៈ​នៅថ្ងៃ​ច័ន្ទ​សប្ដាហ៍​ក្រោយ​ដើម្បី​សម្រេច​លើ​បណ្ដឹង​ឧទ្ធរណ៍​របស់​ជន​ជាប់​ចោទ​នួន ជា​ ​និង​ខៀវ សំផន។​ មេធាវី​របស់​ជន​ជាប់​ចោទ​ទាំងពីរ​ទាមទារ​សុំ​ឲ្យ​ដោះលែង​កូនក្ដី​របស់​ផងខ្លួន។ ​មេធាវី​ការពារ​ជន​ជាប់ចោទ​ទាំងពីរ​ចាត់ទុក​ថា​ ​កូនក្ដី​របស់​ផង​ខ្លួន​ត្រូវឃុំ​ឃាំង​បណ្ដោះ​អាសន្ន​ដោយ​ខុសច្បាប់៕

XS
SM
MD
LG