ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​៨​នាក់​ត្រូវចោទ​ពីបទ​រៀបចំ​ចាត់​តាំង​ក្រុម​ជន​ប្រដាប់​អាវុធ


សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃទី​២៣​ ខែ​មីនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)
សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃទី​២៣​ ខែ​មីនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)

នាយ​ឧត្តម​សេនីយ៍​ ​ខៀវ សុភ័គ​ ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ប្រាប់​ ​VOA​ ​ថា​ ​ការ​លាក់ទុក​អាវុធ​ខុស​ច្បាប់​ ​គឺ​ជា​ចេតនា​ទុច្ចរិត​របស់​ជន​សង្ស័យ​ ​ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា​ តើ​ករណី​ជនល្មើស​ទាំង​៨នាក់​នោះ​ ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​អ្វី​ឲ្យ​ពិត​ប្រាកដ​នោះ​ទេ​ ​ដោយ​លោក​ថា​ ​រងចាំ​ការ​ស៊ើប​អង្កេត​របស់​សមត្ថកិច្ច​ជាបន្ត។

អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​នៅ​ថ្ងៃ​អង្គារ​នេះ​ ​សម្រេច​ចោទ​ប្រកាន់​មនុស្ស​ចំនួន​៨​នាក់​ ​ពី​បទ​រៀបចំ​ចាត់​តាំង​ក្រុម​ជន​ប្រដាប់​អាវុធ​ និង​បទ​ចូលរួម​ក្នុង​ក្រុម​ជន​ប្រដាប់​អាវុធ​ បន្ទាប់​ពី​សមត្ថកិច្ច​រក​ឃើញ​ថា​ ពួក​គេ​លាក់​ទុក​អាវុធ​ប្រភេទ​អាកាស្វាយបត់ចំនួន​២៨​ដើម។​ ​នេះ​បើ​តាមការ​បញ្ជាក់​របស់​មន្រ្តី​ជាន់​ខ្ពស់​តុលាការ​ភ្នំពេញ។​

លោក​ ​លី សុផាណា​ ​អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​ប្រាប់​អ្នក​សារ​ព័ត៌មានតាម​រយៈបណ្តាញសង្គម​តេឡេក្រាម​ថា​ ​មនុស្ស​៨​នាក់​ ​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ក្នុង​សង្កាត់​បន្សាំង​ ​ខណ្ឌ​ព្រែកព្នៅ កាល​ពី​ថ្ងៃទី២៦​ ​កញ្ញា​ ពាក់ព័ន្ធ​នឹង​ការ​លាក់​ទុក​អាវុធ​ ​ចំនួន​២៨ដើម​ ​ត្រូវ​បាន​អយ្យការ​ចោទ​ ​និង​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី។​

លោក​ លី សុផាណា​ បញ្ជាក់​បន្ថែមថា៖​

«អយ្យការ​បាន​សម្រេច​ចោទ​ប្រកាន់​ ​និង​បញ្ជូន​ទៅ​ចៅក្រម​ស៊ើប​សួរដើម្បី​ចាត់​ការ​បន្ត​តាម​នីតិវិធី។​ ​ពី​បទ៖​ ​រៀបចំ​ចាត់​តាំង​ក្រុម​ជន​ប្រដាប់​អាវុធ​ ​សន្និធិ​អាវុធ​ ​និង​គ្រឿង​ផ្ទុះ​ ​ដោយ​គ្មាន​ការ​អនុញ្ញាត​ ​និងបទ៖​ ​ចូលរួម​ក្នុង​ក្រុមជន​ប្រដាប់​អាវុធ​ ​តាម​មាត្រា​៤៨៥​ ​មាត្រា​៤៨៦​ ​និង​មាត្រា​៤៨៨​ ​នៃ​ក្រម​ព្រហ្ម​ទណ្ឌ»។​

VOA​ ​បាន​ព្យាយាម​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ ​ឆាយ គឹមខឿន​ ​អគ្គ​ស្នងការ​រង​ ​និង​ជា​អ្នក​នាំ​ពាក្យ​នគរបាល​ជាតិ​ ​តែ​លោក​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​លម្អិត​ដោយ​គ្រាន់តែ​ប្រាប់​ថា​ ​សមត្ថកិច្ចបាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ទាំង​៨​នាក់​ ​បញ្ជូន​ទៅ​តុលាការ។​

លោក​បញ្ជាក់​ថា៖​

«សូម​ជម្រាប​ថា​ ​អាវុធ​ប៉ុន្មាន​ ​មនុស្ស​ប៉ុន្មាន​ ​ខ្ញុំអត់​ឆ្លើយ​បាន​ទេ​ ​ព្រោះ​កិច្ចប្រតិបត្តិ​ការ​កំពុង​តែ​ប្រតិបត្តិការ​ ​ក៏​ប៉ុន្តែ​គ្រាន់តែ​ចំណាត់​ការ​របស់​កម្លាំង​មានសមត្ថកិច្ច​ ​យើង​អត់មានទុក​យូរ​ទេ​ ​គឺ​ត្រូវ​ចាត់​នីតិវិធី​បញ្ជូន​ទៅ​តុលាការ»។​

បើ​តាម​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​អង្គារនេះ​ ​បាន​ផ្សព្វផ្សាយ​ដោយយោង​តាម​របាយការណ៍​របស់​អគ្គស្នង​ការ​នគរ​បាលជាតិ​ ​និង​មន្ត្រី​នគរបាល​មូលដ្ឋាន​ថា ​ក្រុមជន​ជាប់ចោទ​ទាំងនេះ​មានបណ្តាញ​ពាក់ព័ន្ធ​នៅ​រាជធានី​ភ្នំពេញ​ ​ខេត្ដ​កំពត​ ​និង​ពោធិ៍សាត់​ ​ដែល​បានចាប់​ផ្តើម​ប្រតិបត្តិការ​ចាប់​តាំងពី​ថ្ងៃទី​២៨​ ​ខែ​កញ្ញាមក។​ ​កាសែត​ដដែល​ផ្សាយ​ថា​ ​អាវុធ​ដែល​ដកហូត​បាន​គឺជា​ប្រភេទ​កាំភ្លើង​អាកាស្វាយ​បត់ចំនួន​២៨ដើម ​ដែល​អាវុធ​ទាំង​នេះ​ត្រូវ​បាន​ជន​សង្ស័យ​កប់​លាក់ទុក​នៅ​ក្នុង​ដី​ស្ថិត​នៅ​សង្កាត់​ពន្សាំង​ ​ខណ្ឌ​ព្រែកព្នៅ​ ​រាជធានី​ភ្នំពេញ​ចំនួន​២៥ដើម​ នៅ​ភូមិ​តេជោ​ក្បាលដំរី​ ​ខេត្ត​កំពត​ ចំនួន​២ដើម និង​នៅ​ស្រុក​ក្រគរ​ ​ខេត្ត​ពោធិ៍សាត់​ចំនួន​១ដើម។​

នាយ​ឧត្តម​សេនីយ៍​ ​ខៀវ សុភ័គ​ ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ប្រាប់​ ​VOA​ ​ថា​ ​ការ​លាក់ទុក​អាវុធ​ខុស​ច្បាប់​ ​គឺ​ជា​ចេតនា​ទុច្ចរិត​របស់​ជន​សង្ស័យ​ ​ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា​ តើ​ករណី​ជនល្មើស​ទាំង​៨នាក់​នោះ​ ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​អ្វី​ឲ្យ​ពិត​ប្រាកដ​នោះ​ទេ​ ​ដោយ​លោក​ថា​ ​រងចាំ​ការ​ស៊ើប​អង្កេត​របស់​សមត្ថកិច្ច​ជាបន្ត។​

លោក​មាន​ប្រសាសន៍​ថា៖​

«ហើយ​យើង​ដឹង​ស្រាប់​ហើយ​ ​គឺ​យើង​ធ្លាប់ជួប​ពិសោធន៍​ហើយ​ ​មាន​នៅ​ឆ្នាំ​ណា​ដូច​ ​ឈុន យ៉ាសិទ្ធ​ ​ធ្វើ​ផ្ទុះ​អាវុធ​ម្តង ការ​ប្រមូល​ផ្តុំ​ ​ស្រដៀងៗ​ហ្នឹង​ដែរ។​ ​ហើយ​ ​ឈុន យ៉ាសិទ្ធ​ ​កន្លង​មក​ក៏​ត្រូវ​បាន​តុលាការ​អាមេរិក​ចាប់​ខ្លួន​ ​នៅ​ក្នុង​ពន្ធនាគារដល់​ពេល​បច្ចុប្បន្ន​ ​ដូច​ជា​អំពើ​ភេរវកម្ម​ ​ដូចជា​អី​ផ្សេងៗ​ទៀត។​ ដោយ​សារ​ករណី​នេះ​យើង​មិនទាន់​ត្រូវ​បាន​គាស់​រំលើង​ដល់​ឬស​គល់​នៅ​ឡើយ​ទេ​ ​គ្រាន់តែ​យើង​បាន​ដុំ​កំភួន​ប៉ុណ្ណឹង​សិន។​ ​ទាល់​គាស់​រំលើង​ឬសគល់​ ​អាហ្នឹង​យើង​ដឹងថា​យ៉ាងណាៗ​ទៀត»។​

ជនជាតិ​ខ្មែរ​អាមេរិកាំង​ ឈ្មោះ ​ឈុន យ៉ាសិទ្ធ​ ​ត្រូវ​បាន​តុលាការ​សហរដ្ឋ​អាមេរិក​ ​ដាក់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់មួយ​ជីវិត​ដោយ​គ្មាន​ការ​លើក​លែង​ទោស​ ​នៅ​ក្នុង​ខែ​មិថុនា​ឆ្នាំ​២០១០។ ការ​ចាប់ខ្លួន​នោះធ្វើ​ឡើង ១០ឆ្នាំ​បន្ទាប់​ពី​លោក​ ​ឈុន យ៉ាសិទ្ធ​ ​ត្រូវ​គេ​ចោទ​ថា​ បាន​បើក​ការ​វាយ​ប្រហារ​ភេរវកម្ម​លើ​ទី​តាំង​សំខាន់ៗរបស់​រដ្ឋាភិបាល​កម្ពុជា​នាពេល​យប់​ ​រួមមានក្រសួង​ការ​ពារ​ប្រទេស​ ​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី​ ក្នុង​ទី​ក្រុង​ភ្នំពេញ​ ​ដែល​ធ្វើ​ឲ្យ​មនុស្ស​យ៉ាង​តិច៦​នាក់​ស្លាប់ ​និង​របួស​ជា​ច្រើន​នាក់ នៅ​ចុងឆ្នាំ​២០០០។​

ការចាប់​ឃុំ ​និង​ចោទ​ប្រកាន់​មនុស្ស​៨នាក់​នៅ​ដើម​សប្តាហ៍​នេះ​ ​ត្រូវបាន​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​បោះ​ឆ្នោតជាតិ​ ​ខែ​កក្កដា​កន្លង​ទៅ​ ​ដោយ​គណបក្ស​កាន់​អំណាច​របស់​លោក​ ​ហ៊ុន សែន​ ​ទទួល​បាន​ជ័យ​ជំនះ​ភ្លូក​ទឹក​ភ្លូក​ដី​ ក្រោយ​គូប្រជែង​ដ៏ធំរបស់​គណបក្ស​នេះ គឺ​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​រំលាយ​ចោល៕

XS
SM
MD
LG