ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វគ្គ​សិក្សា​បាន​បង្រៀន​ជនជាតិ​ម៉ាលី​ឲ្យ​ទាមទាររក​​មេដឹកនាំ​ល្អ​ជាង​មុន​


ជនជាតិ​ម៉ាលី​កំពុង​សិក្សា​អំពី​អ្វី​ដែល​មន្រ្តី​ជាប់ឆ្នោត​ក្នុង​តំបន់​របស់​ពួកគេ​មាន​ទំនួល​ខុស​ត្រូវ​អ្វី​ខ្លះ​នៅ​ក្នុង​ថ្នាក់​សិក្សា​សម្រាប់​ពលរដ្ឋ​ស៊ីវិល។ (Jessica Gottlieb)
ជនជាតិ​ម៉ាលី​កំពុង​សិក្សា​អំពី​អ្វី​ដែល​មន្រ្តី​ជាប់ឆ្នោត​ក្នុង​តំបន់​របស់​ពួកគេ​មាន​ទំនួល​ខុស​ត្រូវ​អ្វី​ខ្លះ​នៅ​ក្នុង​ថ្នាក់​សិក្សា​សម្រាប់​ពលរដ្ឋ​ស៊ីវិល។ (Jessica Gottlieb)

​ការ​ធ្វើ​ឲ្យ​អ្នក​បោះឆ្នោតមាន​​សេចក្តី​រំពឹងខ្ពស់​​អាច​នាំ​ឲ្យ​តម្លៃ​នៃ​ការ​ទិញ​សន្លឹក​ឆ្នោត​នៅ​ក្នុង​លទ្ធិប្រជាធិបតេយ្យ​ដែល​កំពុង​តែ​អភិវឌ្ឍកើនឡើង​។

វា​មិនមែន​ជា​ដំណោះ​ស្រាយ​ល្អ​ឥតខ្ចោះ​សម្រាប់​រដ្ឋាភិបាល​ដែល​មិន​គ្រប់​លក្ខណៈ។ ប៉ុន្តែ​វា​ជា​វិធី​មួយ​ដើម្បី​ឲ្យ​ដឹង​ពី​អ្វី​ដែល​កើត​ឡើង​នៅ​ពេល​ដែល​អ្នក​បាន​បង្រៀន​អ្នក​បោះ​ឆ្នោត​អំពី​អ្វី​ដែល​មន្ត្រី​ជាប់​ឆ្នោត​របស់​ពួក​គេ​គួរ​តែត្រូវធ្វើ។

បើយោង​ទៅ​តាម​ការស្រាវ​ជ្រាវ​ថ្មី​មួយ​ អ្នក​នយោបាយ​អាច​រួច​ខ្លួននៅ​ពេល​បំពេញការងារមិនបានល្អ​នៅ​ក្នុង​លទ្ធិប្រជាធិបតេយ្យ​ដែល​កំពុង​អភិវឌ្ឍន៍​ដូច​ជា​នៅ​ក្នុង​ប្រទេស​ម៉ាលី​ពីព្រោះ​អ្នក​បោះ​ឆ្នោត​មិន​ដឹង​ថា​ នឹង​រំពឹង​ចង់បាន​អ្វី​ពី​អ្នក​នយោបាយ​នោះ​ទេ។ វគ្គ​សិក្សា​អប់រំនេះ​បាន​រក​ឃើញ​ថា​ការ​អប់រំ​ពលរដ្ឋ​អាច​នាំ​ឲ្យ​អ្នក​បោះ​ឆ្នោត​ទាមទារកាន់​តែខ្ពស់ ទោះ​បី​ការ​បង្រៀន​នោះ​មាន​ការ​ចំណាយ​ច្រើន​ទាំង​ពេលវេលានិង​ថវិកា។

ប្រជាធិបតេយ្យ​នៅ​ក្នុង​សង្គម​ដែល​មាន​ជីវភាព​ខ្វះខាត

ប្រទេស​ម៉ាលី​ទទួល​ការ​ដាក់​ពិន្ទុ​ស្ទើរ​តែ​ក្នុង​កម្រិត​ទាប​បំផុតនៃ​សន្ទស្សន៍​ការ​អភិវឌ្ឍន៏​មនុស្ស​។ អត្រា​ភាព​ក្រីក្រ​មាន​កម្រិត​ខ្ពស់ ប៉ុន្តែ​អត្រា​អក្ខរកម្មមាន​កម្រិត​ទាប​ខ្លាំង។

ប៉ុន្តែ​ប្រទេស​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ប្រទេស​ប្រជាធិបតេយ្យ​នៅ​ ពីរ​ទសវត្សរ៍​ចុង​ក្រោយ​នេះ។ អង្គការ​ឃ្លាំ​មើល​ស្ថានការណ៍​មួយ​ឈ្មោះ ​Freedom House​ បាន​ផ្តល់​ពិន្ទុ​ខ្ពស់​ឲ្យ​ប្រទេស​នេះ ​រហូត​ពេល​មាន​រដ្ឋ​ប្រហារ​មួយ​នៅ​ក្នុង​ឆ្នាំ ​២០១២។

លោកស្រី​សាស្រ្តាចារ្យ​ Jessica ​Gottieb​ នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​នយោបាយ​ Texas​ A&M​ ឆ្ងល់​ថា​តើ​លទ្ធិប្រជាធិបតេយ្យ​បាន​កំពុង​ដំណើរ​ការ​ល្អ​ប៉ុណ្ណា​នៅ​ទីជនបទ​នៃ​ប្រទេស​ម៉ាលី​ជា​កន្លែង​ដែល​មនុស្ស​ភាគ​ច្រើន​ជា​កសិករ​ចិញ្ចឹម​ជីវិតត្រឹម​តែ​មួយ​រស់មាន​មធ្យោបាយ​តិចតួចដើម្បី​ទទួល​ព័ត៌មាន​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ។

លោកស្រី​បាន​សួរ​ថា៖ «តើ​ប្រជាជន​ដឹង​អំពី​អ្វី​ដែល​រដ្ឋាភិបាល​របស់​ពួកគេ​កំពុង​ធ្វើ​ដែរ​ឬ​ទេ?»។ «តើ​ពួក​គេ​អាច​ដើរ​តួនាទី​ជា​ពលរដ្ឋ​ក្នុង​ប្រទេស​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ ដែល​ដាក់​ទណ្ឌកម្ម​មេដឹកនាំ​របស់​ពួក​គេ​ចំពោះ​ឥរិយាបទ​អាក្រក់​ដែរ​ឬ​ទេ?»។

រដ្ឋាភិបាល​បាន​ធ្វើ​វិមជ្ឈការ (ផ្ទេរ​អំណាច​មួយ​ចំនួន​ទៅ​ថ្នាក់​ក្រោម) ​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៩០​ ដោយ​ដាក់​មន្ត្រី​ក្នុង​តំបន់​ឲ្យ​ទទួល​ខុស​ត្រូវ​ទៅ​លើ​សេវា​មូលដ្ឋាន​ដូច​ជា​ការ​ផ្គត់ផ្គង់​ទឹក​ និង​ការ​ថែ​ទាំ​សុខភាព​និង​ថវិកា​ដើម្បី​ធ្វើ​ការ​លើ​រឿង​នេះ។ ប៉ុន្តែ​មាន​មនុស្ស​តិចតួច​ណាស់​ដែល​បាន​ដឹង​ពី​កិច្ចការ​នេះ។ មន្ត្រី​ក្នុង​តំបន់​មិន​មានរង្វាន់​លើកទឹក​ចិត្ត​គ្រប់​គ្រាន់ដើម្បី​ប្រាប់​ដល់​ពលរដ្ឋ​នោះ​ទេ។

លោកស្រី​បាន​និយាយ​ថា៖ «ប្រាកដ​ណាស់​ថា​វា​ជា​ប្រយោជន៍​របស់​មន្ត្រី​ជាប់​ឆ្នោត​ក្នុង​តំបន់​ក្នុង​ការរក្សា​សេចក្តី​រំពឺង​របស់​ប្រជាពលរដ្ឋឲ្យ​នៅ​ទាប​ ដូច្នេះ​ពួក​គេ​អាច​បន្ត​ជាប់​ឆ្នោត​ដោយ​មិន​បាច់​ធ្វើ​អ្វី​ច្រើន »។

ដូច្នេះ​នៅ​ក្នុង​ឆ្នាំ ​២០១១​ ខណៈពេល​ដែលអ្នក​ស្រី​កំពុង​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​ម៉ាលី​និង​ក្រុម​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ អ្នកស្រីបាន​ដាក់​បញ្ចូល​គ្នា​នូវ​វគ្គ​សិក្សាមួយដើម្បី​បង្រៀន​អ្នក​ភូមិ​នៅ​តាម​ជនបទ​នូវទំនួលខុសត្រូវ​របស់​រដ្ឋាភិបាល​ក្នុង​កម្រិត​ផ្សេងៗ។ ពួកគេ​បាន​ប្រៀបធៀប​ថា​តើ​រដ្ឋាភិបាល​ក្នុង​ស្រុក​ធ្វើ​ការ​យ៉ាង​ដូចម្តេច​ខ្លះ​បើ​ធៀប​ទៅ​នឹង​រដ្ឋាភិបាល​ដទៃ​ទៀត​នៅ​ក្នុង​តំបន់។ ហើយ​ពួក​គេ​បាន​ប្រាប់​ប្រជាជន​ថា​រដ្ឋាភិបាល​ក្នុង​តំបន់​ទទួល​បាន​កម្រៃប៉ុន្មាន​ដើម្បី​ផ្តល់​សេវាកម្ម។

លោកស្រី​បាន​និយាយ​ថា​ តួលេខ​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​ប្រជាជន​មាន​ការ​ភ្ញាក់​ផ្អើល។ «ជា​ញឹកញាប់​ពួកគេ​បាន​គិត​ថា​រដ្ឋាភិបាល​ក្នុង​ស្រុក​មិន​មាន​លុយ​ដើម្បី​ចំណាយ​ទៅ​លើ​រឿង​ទាំង​នេះ​ទេ​ពីព្រោះ​ពួក​គេ​មិន​ឃើញ​មាន​លទ្ធផលច្រើន​សោះ»។

តម្លៃ​សន្លឹក​ឆ្នោត​

ប៉ុន្មាន​ខែ​ក្រោយ​មក​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ស្ទង់​មតិ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ដែល​បាន​ទទួល​វគ្គ​សិក្សា​និង​ប្រជាជន​ដែល​មិន​បានចូល​រួម​ក្នុងវគ្គ​សិក្សា។ ពួក​គេ​បាន​សួរ​សំណួរ​ប្រជាពលរដ្ឋ​អំពី​ការ​បោះឆ្នោត​ប៉ាន់ស្មាន​មួយ។

បើ​ទោះ​ជា​បី​ភាគ​បួន​នៃ​អ្នក​ភូមិ​បាន​និយាយ​ថា​បេក្ខជន​ដែល​នៅ​ក្នុង​តំណែង​ទាប​មិន​អាច​ទិញ​សំឡេង​ឆ្នោត​របស់​ពួក​គេ ​មួយ​ភាគ​បួន​នៃ​ប្រជាជន​បង្ហាញ​ថា​សំឡេង​ឆ្នោត​របស់​ពួក​គេ​អាច​ទិញ​បាន។ ប៉ុន្តែ​តម្លៃ​នៃ​សន្លឹក​ឆ្នោត​របស់​ពួក​គេ​បាន​កើន​ឡើង​ពី​ប្រហែល​៧​ដុល្លារ​នៅ​ក្នុង​ភូមិ​ដែល​មិន​បាន​ទទួល​វគ្គ​សិក្សា​ ទៅ​ដល់​ប្រហែល​៩​ដុល្លារ​នៅ​ក្នុង​ភូមិ​ដែល​បាន​ទទួល​វគ្គ​សិក្សា។

«សម្រាប់​ប្រជាជន​ម៉ាលី​ជាង​ពាក់​កណ្តាល​រស់​នៅ​តាម​ជនបទ​រស់​នៅ​ដោយ​ពឹង​ផ្អែក​លើ​ចំណូល​តិច​ជាង​មួយ​ដុល្លារ​ក្នុង​មួយ​ថ្ងៃ នេះ​គឺ​ជា​ចំនួនដ៏​សំខាន់»។ លោកស្រី Gottlieb ​បាន​សរសេរ​នៅ​ក្នុង​ការ​ស្រាវជ្រាវ​មួយ​ដែល​បាន​ចេញផ្សាយ​នៅ​ក្នុង​កាសែត​អាមេរិក​នៃវិទ្យាសាស្រ្ត​នយោបាយ​ (American Journal of Political Science)។ ((http://onlinelibrary.wiley.com/doi/10.1111/ajps.12186/abstract))

លោកស្រី​ក៏​បាន​រក​ឃើញ​ថា ​ប្រជាជន​តវ៉ា​ជាមួយ​មន្ត្រី​ជាប់​ឆ្នោត​ប្រហែល​៥០​ភាគ​រយ​ច្រើន​ជាង ​នៅ​ក្នុង​សាល​ប្រជុំ​របស់​សាលា​ក្រុង​នៅ​ក្នុង​ភូមិ​ទាំង​នេះ ​ ​ជា​មធ្យមនៅ​ក្នុង​កិច្ច​ប្រជុំ​មួយមាន​ការ​តវ៉ា ​៤​ដង​នៅ​ក្នុង​ភូមិ​ដែល​មិន​មាន​វគ្គ​សិក្សា​ នឹង​ ៦​ដង​នៅ​ក្នុង​ភូមិ​ដែល​មាន​វគ្គ​សិក្សា។

ពួកគេ​ក៏​បាន​រក​ឃើញ​ថា​នៅ​ក្នុង​ភូមិ​ដែល​បាន​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ ប្រជាជន ​អាច​នឹង​ជ្រើសរើស​បេក្ខជន​ដែល​ចំណាយ​លើ​សេវាកម្ម​សាធារណៈ​ជាង​បេក្ខជន​ដែល​ចំណាយ​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន។ ហើយ​ពួក​គេ​ហាក់​ដូច​ជា​ចង់​បោះឆ្នោត​ឲ្យ​បេក្ខជន​ដោយ​ផ្អែក​លើកា​របំពេញការងារ​ជា​ជាង​ភាព​ជិតស្និទ្ធ​ឬ​ក៏​ការ​តែងតាំង​ដោយ​ប្រធាន។​

វគ្គ​បណ្តុះបណ្តាល​ពលរដ្ឋ​មិនមែនដើម្បី​បង្រៀន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​អំពី​ការ​ទទួល​ខុសត្រូវ​របស់​រដ្ឋាភិបាល​របស់​ពួក​គេជា​លើក​ដំបូង​នោះ​ទេ។លោក Abhijit Banerjee ​ដែល​សិក្សា​សេដ្ឋកិច្ច​នៃ​ភាព​ក្រីក្រ​នៅ​ Massachusetts Institute of Technology​ និយាយ​ថា​ប៉ុន្តែ​ «ការ​សិក្សា​នេះ​ផ្តល់​អ្នក​នូវ​ភស្តុតាង​ដែល​ភាគច្រើន​សុទ្ធ​តែ​មាន​ប្រយោជន៍»។ គាត់​មិន​បាន​ចូលរួម​ក្នុង​ការ​ស្រាវជ្រាវ​នោះ​ទេ។

តម្លាភាព​តិច​ជាង​មុន​

លោកស្រី Gottlieb ​និយាយ​ថា​បញ្ហា​មួយ​របស់​កម្មវិធី​នេះ​គឺ​ វា​អាច​នឹង​មាន​ការ​លំបាក​ប្រសិន​បើ​យើង​ចង់​ដំណើរ​ការក្នុង​ទ្រង់​ទ្រាយ​ធំ។ គ្រូ​បង្រៀនចំណាយ​ពេល​ជា​ច្រើន​ថ្ងៃ​នៅ​ក្នុង​ភូមិ​នី​មួយៗ​។ វា​ចំណាយ​អស់​ច្រើន​ណាស់។

លោកស្រី​បាន​បន្ថែម​ថា៖ «ខ្ញុំ​មិន​ដឹង​ថា​រដ្ឋាភិបាល​មាន​ប្រាក់លើក​ទឹក​ចិត្ត​ដើម្បី​ធ្វើ​ការងារ​នេះ​ដោយ​ខ្លួន​ឯង​ឬ​ទេ។ ម្ចាស់​ជំនួយ​អាច​នឹង​មាន។ ប៉ុន្តែ​វា​តម្រូវ​ឱ្យ​មាន​ការ​ជំរុញ​ដ៏​ខ្លាំងក្លា​មួយ»។

ប៉ុន្តែ​មាន​បញ្ហា​ផ្សេង​ទៀត​ក្រៅ​ពី​នេះ។ នៅ​ពេល​ដែល​អ្នក​បោះឆ្នោត​ទាមទារ​កាន់​តែ​ច្រើន​អ្នក​នយោបាយ​ហាក់​ដូច​ជា​មិន​សូវ​មាន​ឆន្ទៈ​ក្នុង​ការ​ឆ្លើយ​តប​ជាមួយ​ពួក​គេ។ ​នៅ​ក្នុង​ភូមិ​ដែល​មាន​ការ​បង្រៀន​វគ្គ​នេះ​ ថ្នាក់​ដឹកនាំរៀប​ចំកិច្ច​ប្រជុំ​សាធារណៈ​តិច​ជាង​មុន​ប៉ុន្មាន​ខែ​បន្ទាប់ ​បើ​ធៀប​ទៅ​នឹង​ភូមិ​ដែល​មិន​មាន​ការ​បណ្តុះបណ្តាល។

ហើយ​បេក្ខជន​ហាក់​ដូច​ជា​មិន​សូវ​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​តម្លាភាព។

លោកស្រី Gottlieb​ និយាយ​ថា​ «វា​សមហេតុផល​ប្រសិន​បើ ​(មន្ត្រី​ជាប់​ឆ្នោត) ប្រព្រឹត្ត​មិន​ត្រឹមត្រូវ»។

លោក Banerjee​ ឃើញ​ផល​ប៉ះពាល់​ស្រដៀង​គ្នា​នៅ​ក្នុង​ការ​សិក្សា​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។ បន្ទាប់​ពី​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុករលួយមួយ​ «មនុស្រ​អាក្រក់​មួយ​ចំនួន​មិន​ឈរ​ឈ្មោះ​ទៀត​ទេ។ ពួកគេ​បាន​ដាក់​ឈ្មោះ​កូនស្រី ឬ​ក្មួយ​របស់​ពួកគេជំនួស​វិញ ​ដូច្នេះ​យ៉ាង​ហោច​ណាស់​ពួក​គេ​មាន​មុខ​មាត់​ថ្មី។ ពួក​គេ​ព្យាយាម​បន្លំ​អ្នក​បោះ​ឆ្នោត»៕

ប្រែ​សម្រួល​ដោយ​៖ ផន ​បុប្ផា

XS
SM
MD
LG