ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ៖ ​រដ្ឋាភិបាល​​លោក​ ​ហ៊ុន សែន​ ​គោរព​រដ្ឋ​ធម្មនុញ្ញ​យ៉ាង​ខ្ជាប់ខ្ជួន​​២៤ឆ្នាំ​មក​នេះ


រូបឯកសារ៖ ព្រះបាទ​នរោត្តម សីហមុនី ថតរូបជាមួយនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​រដ្ឋសភាលោក ហេង សំរិន និង​សមាជិក​រដ្ឋសភា​ផ្សេងៗទៀត។
រូបឯកសារ៖ ព្រះបាទ​នរោត្តម សីហមុនី ថតរូបជាមួយនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​រដ្ឋសភាលោក ហេង សំរិន និង​សមាជិក​រដ្ឋសភា​ផ្សេងៗទៀត។

នៅ​ពេល​ស្ថាន​ការណ៍​នយោ​បាយ​កំពុង​កើន​កម្តៅ​ និង​ក្រោយ​មាន​ការ​រិះគន់​ជា​បន្តបន្ទាប់​ថា​ គណ​បក្ស​កាន់​អំណាច​​មិន​គោរព​រដ្ឋ​ធម្មនុញ្ញ​ ក្រុម​ប្រឹក្សា​​ធម្មនុញ្ញ​អះអាង​ថា​ ​រដ្ឋាភិបាល​​លោក​ ​ហ៊ុន សែន​ ​គោរព​រដ្ឋ​ធម្មនុញ្ញ​យ៉ាង​ខ្ជាប់ខ្ជួន​​២៤​ឆ្នាំ​មក​នេះ។

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​កម្ពុជា​ ​ដែល​មាន​សមាសភាព​ភាគ​ច្រើន​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ ​បាន​ធ្វើ​សន្និសីទ​ដ៏​កម្រ​មួយ​នៅ​ថ្ងៃ​ពុធនេះ​ ​ដើម្បី​បង្ហាញ​ពី​សមិទ្ធផល​របស់​រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន​ ​ក្នុង​ការ​គោរព​រដ្ឋ​ធម្មនុញ្ញ​រយៈពេល​២៤ឆ្នាំ​មក​នេះ។សនិ្នសីទ​ដ៏​កម្រ​នេះ​ធ្វើ​ឡើង​ចំ​ពេល​ស្ថាន​ការណ៍​នយោបាយ​កំពុង​កើន​កម្តៅ​ និង​ក្រោយ​មានការ​រិះគន់​ជា​បន្តបន្ទាប់​ថា​ គណបក្ស​កាន់​អំណាច​មិន​គោរព​រដ្ឋ​ធម្មនុញ្ញ។

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​រំឭក​ខួប​២៤​ឆ្នាំ​នៃ​ទិវា​ប្រកាស​ឲ្យ​ប្រើ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ ​ដោយ​ការ​បង្ហាញ​ពី​សមិទ្ធផល​របស់​រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន​ ​ចំពោះ​ការ​គោរព​ ​និង​ការ​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ​យ៉ាង​ត្រឹមត្រូវ​ ​បើ​ទោះជា​អង្គការ​ ​និង​ស្ថាប័ន​ជាតិ​ ​អន្តរជាតិ​មួយ​ចំនួន​បាន​រិះ​គន់​ថា​ ​ការ​អនុវត្ត​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​កំពុង​ដើរ​ថយ​ក្រោយ​ ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​ក៏​ដោយ។​

(រូបថតពីកាមេរ៉ា) លោក អ៊ឹម ឈុនលឹម ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ ថ្លែងក្នុងសន្និសីទ​ស្តីពី «​សមិទ្ធផល​២៤​ឆ្នាំ​នៃ​ការ​អនុវត្ត​រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រា​ជាណាចក្រ​កម្ពុជា» នៅ​ក្រុមប្រឹក្សាធម្មនុញ្ញ នា​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៧។ (កាន់ ​វិច្ឆិកា/VOA)
(រូបថតពីកាមេរ៉ា) លោក អ៊ឹម ឈុនលឹម ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ ថ្លែងក្នុងសន្និសីទ​ស្តីពី «​សមិទ្ធផល​២៤​ឆ្នាំ​នៃ​ការ​អនុវត្ត​រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រា​ជាណាចក្រ​កម្ពុជា» នៅ​ក្រុមប្រឹក្សាធម្មនុញ្ញ នា​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៧។ (កាន់ ​វិច្ឆិកា/VOA)

ក្នុង​សន្និសីទ​រយៈពេល​ជិត​បួន​ម៉ោង​ស្តីពី​ ​«សមិទ្ធផល​២៤​ឆ្នាំ​នៃ​ការ​អនុវត្ត​រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា»​ ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃពុធ​នេះ ​ ​លោក​ ​អ៊ឹម ឈុនលឹម​ ​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ​មក​ពី​គណបក្ស​កាន់​អំណាច​ ថ្លែង​ថា​ ក្រោយ​ការ​ប្រកាស​ឲ្យ​ប្រើ​រដ្ឋ​ធម្មនុញ្ញឆ្នាំ​១៩៩៣​ ​ស្ថាប័ន​ជាតិ​នានា​បាន​ខិតខំ​បំពេញ​តួនាទី​ ​ភារកិច្ច​របស់​ខ្លួន​ ​សម្រេច​បាន​សមិទ្ធ​ផល​ដ៏​ធំធេង​ ​ទាំង​លើ​ការងារ​កសាង​អនុវត្តច្បាប់​ ​និង​បទដ្ឋាន​គតិយុត្តិ ទាំង​លើ​ការអនុវត្ត​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​ជាតិ​តាម​ជំនាញ​របស់​ស្ថាប័ន​នីមួយៗ។

លោក​បន្ថែម​ថា​ ​កម្ពុជា​បច្ចុប្បន្ន​មាន​សុខ​សន្តិភាព​ពិត​ប្រាកដ​ ​មាន​រដ្ឋ​ធម្មនុញ្ញ​ ​មាន​ប្រព័ន្ធ​ច្បាប់​ ​និង​ប្រព័ន្ធ​យុត្តិធម៌អាច​ជឿទុក​ចិត្ត​បាន​ ​ធានា​ឲ្យ​សង្គម​មាន​របៀប​រៀបរយ​ ​មាន​ប្រព័ន្ធ​សេដ្ឋកិច្ច​ដ៏​ល្អ​ប្រសើរ​ ​សម្រេច​តាម​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។​

លោក​ អ៊ឹម ឈុនលឹម​ ​ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ​មកពី​គណបក្ស​កាន់​អំណាច​មាន​ប្រសាសន៍​ថា៖​

«សមិទ្ធផល​ទាំងអស់​នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា ​រាជ​រដ្ឋាភិបាល រួម​ជាមួយស្ថាប័ន​អំណាច​ទាំង​អស់​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ ​បាន​សម្រេច​ការ​បំពេញ​ភារកិច្ច​របស់​ខ្លួន​ ​ក្នុងការ​ថែ​រក្សា​សន្តិភាព​ ​ការ​បង្រួប​បង្រួម​ជាតិ​ ​និង​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​ ស្រប​តាម​គោល​បំណង​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស»។​

ការ​ថ្លែង​ពី​សមិទ្ធ​ផល​ផ្សេងៗ​របស់​រដ្ឋាភិបាល​ ​និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ក្នុង​ខួប​២៤​ឆ្នាំ​នៃទិវា​ប្រកាស​ឲ្យ​ប្រើ​រដ្ឋធម្មនុញ្ញនេះ​ ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ស្ថានការណ៍​នយោបាយ​កំពុង​កើន​កម្តៅ​ ​នា​ពេល​ចុង​ក្រោយ​នេះ។​ ​

កាល​ពី​ដើម​ខែ​កញ្ញា​ លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ចាប់​ ​និង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ ​ដោយ​រង​ការ​ចោទ​ថា​ ​«ក្បត់ជាតិ»។​ ​ក្រៅ​ពីនេះ​មាន​ការ​បិទ​ស្ថាប័ន​មួយ​ដែល​ធ្វើការ​ជំរុញ​លទ្ធិ​ប្រជា​ធិប្បតេយ្យ​នៅ​កម្ពុជា​ មាន​ការ​បិទ​សារព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន​ដែល​មិន​ចំណុះ​គណបក្ស​កាន់​អំណាច​ ​និង​ការ​រុះរើ​ស្លាក​ ​ឬ​បដា​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដាក់​នៅ​ខាង​មុខ​ស្នាក់​ការ​គណបក្ស​ទូទាំង​ប្រទេស​ ​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​លោក​ ​កឹម សុខា​ ​ជាដើម។​ ​

លោក អ៊ុត ឈន ​អ្នកនាំពាក្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ថ្លែង​ប្រាប់អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​សន្និសីទ​ស្តីពី «​សមិទ្ធផល​២៤​ឆ្នាំ​នៃ​ការ​អនុវត្ត​រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រា​ជាណាចក្រ​កម្ពុជា» នៅ​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៧។ (កាន់ ​វិច្ឆិកា/VOA)
លោក អ៊ុត ឈន ​អ្នកនាំពាក្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ថ្លែង​ប្រាប់អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​សន្និសីទ​ស្តីពី «​សមិទ្ធផល​២៤​ឆ្នាំ​នៃ​ការ​អនុវត្ត​រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រា​ជាណាចក្រ​កម្ពុជា» នៅ​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៧។ (កាន់ ​វិច្ឆិកា/VOA)

ការណ៍​នេះ​ត្រូវ​បាន​អង្គការ​ ​និង​ស្ថាប័នជាតិ​ ​អន្តរជាតិ​ជាច្រើន​ ​ព្រម​ទាំង​អ្នកច្បាប់​ផង ​លើក​ឡើង​ថា​ ​រដ្ឋាភិបាល​កំពុង​រំលោភ​លើ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ ​និង​ថា​ ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​កំពុង​ដើរ​ថយ​ក្រោយ​ ​ខណៈ​ដែល​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨​ ​ជិត​ឈាន​ចូល​មក​ដល់។

រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​បាន​ច្រាន​ចោល​ការ​លើក​ឡើង​របស់​អង្គការ​ ​និង​ស្ថាប័ន​ទាំងនោះ​ ​ដោយ​អះអាង​ថា​ ​កម្ពុជា​អនុវត្ត​តាម​គោលការណ៍​ច្បាប់ ​និង​បាន​រំឭក​ដល់​អគ្គ​រដ្ឋទូត​ទាំង​អស់​ឲ្យ​គោរព​ឯករាជ្យ​ ​អធិបតេយ្យ​ភាព​ ​អព្យាក្រឹត្យ​ភាព​ ​និង​ច្បាប់​កម្ពុជា​ ​ហើយកុំ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​ ​ព្រមទាំង​បាន​បញ្ជាក់​ថា ​លោក​ ​កឹម សុខា​ ​បាន​ប្រព្រឹត្ត​បទ​ល្មើស​ក្បត់​ជាតិ​ ដែល​ត្រូវ​ចាត់​ការ​ដោយ​តុលាការ។​

ទោះ​យ៉ាង​ណា​ក៏​ដោយ​ ​លោក​ ​អ៊ុត ឈន​ ​អ្នក​នាំពាក្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ​បាន​បដិសេធ​មិន​ឆ្លើយ​នឹង​សំណួរ​ ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​ដែលថា​ ​ការ​ចាប់​ខ្លួន​លោក​ ​កឹម សុខា​ ​អ្នក​តំណាង​រាស្រ្ត​មាន​អភ័យ​ឯក​សិទ្ធិ ​និង​ការ​រុះរើបដា​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​នៅ​ខាងមុខ​ស្នាក់ការ​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​លោក កឹម សុខា​នោះ​ ​គឺជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ​កម្ពុជា៕

XS
SM
MD
LG