ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំនួន​អ្នក​ស្លាប់​ដោយសារ​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី​កើន​លើស ៩០០ នាក់


កប៉ាល់​ទេសចរណ៍ World Dream ឈប់​នៅ​កន្លែង​ជិះ​កប៉ាល់ Kai Tak នៅ​ពេល​អ្នក​ធ្វើ​ដំណើរ​ចាកចេញ​ពី​កប៉ាល់ បន្ទាប់​ពី​ត្រូវ​ដាក់​ឱ្យ​នៅ​ដោយ​ឡែក ដោយសារ​សង្ស័យ​ការ​ឆ្លង​មេរៅគ​កូរ៉ូណា នៅ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០។
កប៉ាល់​ទេសចរណ៍ World Dream ឈប់​នៅ​កន្លែង​ជិះ​កប៉ាល់ Kai Tak នៅ​ពេល​អ្នក​ធ្វើ​ដំណើរ​ចាកចេញ​ពី​កប៉ាល់ បន្ទាប់​ពី​ត្រូវ​ដាក់​ឱ្យ​នៅ​ដោយ​ឡែក ដោយសារ​សង្ស័យ​ការ​ឆ្លង​មេរៅគ​កូរ៉ូណា នៅ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០។

ចំនួន​អ្នក​ស្លាប់​ដោយសារ​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី​នៅ​ក្នុង​ប្រទេស​ចិន​បាន​កើន​លើស ៩០០ នាក់ ហើយ។ ចំណែក​ឯ​ការ​កើន​ឡើង​នៃ​ករណី​ឆ្លង​នៅ​ក្នុង​ចក្រភព​អង់គ្លេស​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​សម្រេច​ប្រកាស​ថា មេរោគ​នេះ​គឺ​ជា «ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដែល​នឹង​ជិត​កើត​ឡើង‍» ចំពោះ​សុខភាព​សាធារណៈ។

មន្ត្រី​សុខាភិបាល​ចិន​បាន​រាយការណ៍​អំពី​ករណី​ស្លាប់​ថ្មី​ដោយសារ​មេរោគ​នេះ​ចំនួន ៩៧ ករណី​ទៀត​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ដោយ​ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​សរុប​កើន​ដល់ ៩០៨ នាក់។ គេ​ក៏​ឃើញ​មាន​ករណី​ឆ្លង​ថ្មី​បន្ថែម​ទៀត​ចំនួន ៣ ពាន់ ៦២ ករណី​ផង​ដែរ។

នៅ​ថ្ងៃ​ច័ន្ទ​នេះ ចក្រភព​អង់គ្លេស​បាន​រាយការណ៍​អំពី​ករណី​ឆ្លង​មេរោគ​ថ្មី​នេះ ៤ ករណី​ទៀត ដោយ​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​ក្នុង​ប្រទេស​នេះ​កើន​ដល់ ៨ នាក់។ រដ្ឋមន្ត្រី​សុខាភិបាល​អង់គ្លេស​លោក Matt Hancock បាន​ប្រកាស​អំពី​ការ​គំរាមកំហែង​របស់​មេរោគ​នេះ​ចំពោះ​សុខភាព​សាធារណៈ ដើម្បី​ឲ្យ​រដ្ឋាភិបាល​មាន​អំណាច​ជាង​មុន​នៅ​ក្នុង​ការ​ដាក់​អ្នក​ឆ្លង និង​អ្នក​សង្ស័យ​ថា​ឆ្លង​មេរោគ​នេះ​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ ដើម្បី​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​មេរោគ​នេះ​ឆ្លង​រាតត្បាត​បន្ថែម​ទៀត។

នៅ​ក្នុង​ប្រទេស​ជប៉ុន កប៉ាល់​កម្សាន្ត Diamond Princess នៅ​តែ​ត្រូវ​អាជ្ញាធរ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​ដដែល​នៅ​ក្នុង​ទីក្រុង Yokohama ដោយ​មាន​ករណី​ឆ្លង​មេរោគ​នេះ​ថ្មី​ចំនួន ៦៦ ករណី​ទៀត​ត្រូវ​បាន​គេ​រាយការណ៍​នៅ​ថ្ងៃ​ច័ន្ទ​នេះ។

ចំណុច​ផ្ទុះ និង​ឆ្លង​រាលដាល​ខ្លាំង​នៃ​មេរោគ​នេះ​គឺ​នៅ​ក្នុង​ខេត្ត Hubei ប្រទេស​ចិន ដែល​នៅ​ទី​នោះ មនុស្ស​រាប់​លាន​នាក់​នៅ​តែ​ជាប់​គាំង​នៅ​ទី​នោះ ហើយ​មនុស្ស​មួយ​ចំនួន​ត្អូញត្អែរ​អំពី​កង្វះ​ម្ហូប​អាហារ​បរិភោគ។

ចំនួន​អ្នក​ស្លាប់​ដោយសារ​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី​នេះ​គឺ​ខ្ពស់​ជាង​ចំនួន​អ្នក​ស្លាប់​ដោយសារ​មេរោគ SARS កាល​ពី​ឆ្នាំ ២០០២ និង​ឆ្នាំ ២០០៣ ទៅ​ទៀត ដោយ​កាល​នោះ មេរោគ SARS ត្រូវ​បាន​គេ​ជឿ​ថា​បាន​សម្លាប់​មនុស្ស​អស់ ៧៧៤ នាក់ និង​ចម្លង​ដល់​មនុស្ស​ជិត ៨ ពាន់ ១ រយ​នាក់​នៅ​ក្នុង​ប្រទេស​ចិន និង​ទីក្រុង​ហុងកុង៕

XS
SM
MD
LG