ដោយមិនត្រូវបានបង្អាក់ដោយសង្គ្រាមក្នុងប្រទេសរបស់ពួកគេ ប្រតិភូមកពីប្រទេសអ៊ុយក្រែននិងដែនដីប៉ាឡេស្ទីន បានធ្វើសកម្មភាពយ៉ាងសកម្មនៅឯសន្និសីទកំពូលអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ឬហៅកាត់ថា COP28 ដោយបានប្តេជ្ញាទាញការយកចិត្តទុកដាក់ខ្ពស់ មិនគ្រាន់តែលើបញ្ហាគំរាមកំហែងផ្នែកបរិស្ថានដែលប្រទេសទាំងនេះកំពុងប្រឈមប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏បានសង្កត់ធ្ងន់ពីតួនាទីរបស់ប្រទេសខ្លួននៅក្នុងសហគមន៍អន្តរជាតិផងដែរ។
ប្រទេសអ៊ុយក្រែន ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលអន្តរជាតិ COP លើកទី ២ របស់ខ្លួននេះ បានប្រើប្រាស់វេទិកានៅក្នុងទីក្រុង Dubai (ឌូបៃ) ប្រទេសអេមីរ៉ាតអារ៉ាប់រួម ដើម្បីលើកបញ្ជាក់ពីការខូចខាតផ្នែកបរិស្ថានដ៏ធំធេង ដែលបណ្តាលមកពីការឈ្លានពានរបស់ប្រទេសរុស្ស៊ី និងបានស្នើសុំឱ្យមានវិធានការទប់ស្កាត់ប្រឆាំងនឹងសកម្មភាពបំផ្លាញបរិស្ថានធម្មជាតិធ្ងន់ធ្ងរក្នុងទ្រង់ទ្រាយជាសាកលមួយ។
លោក Ruslan Strilets រដ្ឋមន្ត្រីក្រសួងការពារបរិស្ថាននិងធនធានធម្មជាតិអ៊ុយក្រែន បានប្រាប់វីអូអេថា ប្រតិភូអ៊ុយក្រែនមិនគ្រាន់តែមានបំណងលើកបញ្ជាក់ពីផលវិបាកផ្នែកបរិស្ថាននិងអាកាសធាតុ ដោយសារតែសង្គ្រាមប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏ដើម្បីបង្រួបបង្រួមនិងចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការសម្រេចបាននូវយុត្តិធម៌និងសន្តិភាពផងដែរ។ លោក Strilets បន្ថែមទៀតថា ប្រទេសអ៊ុយក្រែនតាំងចិត្តប្រយុទ្ធប្រឆាំងនឹងបម្រួលបម្រួលអាកាសធាតុ។
លោកបាននិយាយដូចនេះទៀតថា៖ «បើទោះជាអ៊ុយក្រែនកំពុងមានសង្គ្រាមក៏ដោយ ក៏ប្រទេសនេះកំពុងអភិវឌ្ឍតំណាក់កាលចុងក្រោយនៃគម្រោងការបរិស្ថានរបស់ខ្លួន និងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួនលើការតាំងចិត្តផ្នែកបរិស្ថាន។ នៅក្នុងសន្និសីទកំពូលអន្តរជាតិ COP28 យើងត្រៀមកៀងគរដៃគូឱ្យបានច្រើនថែមទៀតនៅជុំវិញប្រទេសយើង ដើម្បីធ្វើឱ្យអ៊ុយក្រែនកាន់តែមានភាពខៀវស្រងាត់ក្នុងពេលអនាគត ក៏ដូចជាក្នុងពិភពលោកទាំងមូលផងដែរ។
អ៊ុយក្រែនត្រៀមរៀបចំពិព័រណ៍នៅស្តង់របស់ខ្លួនចែកចេញជា ៣ ផ្នែកសំខាន់ៗ។ ទី ១ គឺការបំផ្ទុះដ៏មហន្តរាយនៃទំនប់រោងចក្រវារីអគ្គិសនី Kakhovka កាលពីខែមិថុនាកន្លងទៅ ដែលធ្វើឱ្យមានជំនន់លិចលង់ទីប្រជុំជននិងភូមិដ្ឋានអ្នកស្រុកអស់ជាច្រើនកន្លែង និងសម្លាប់មនុស្សអស់ជាង ៥០ នាក់។
ផ្នែកទី ២ គឺបង្ហាញពីកិច្ចប្រឹងប្រែងរបស់អ៊ុយក្រែន ដើម្បីធ្វើការកសាងឡើងវិញឱ្យបានឆាប់រហ័ស ទៅលើអ្វីដែលសង្គ្រាមបានបំផ្លិចបំផ្លាញក្នុងពេលកន្លងមក ហើយផ្នែកទី ៣ គឺសេចក្តីលម្អិតនៃផលប៉ះពាល់ដ៏មហន្តរាយលើបរិស្ថាន ដែលបង្កឡើងដោយសង្គ្រាម។
ដោយឡែកពាក់ព័ន្ធនឹងគម្រោងផែនការរបស់ប្រតិភូប៉ាឡេស្ទីនវិញ លោក Ahmed Abuthaher អគ្គនាយកអាជ្ញាធរគុណភាពបរិស្ថាន ដែលមានស្នាក់ការក្នុងតំបន់វែសប៊ែង (West Bank) បានប្រាប់វីអូអេថា ប្រតិភូរបស់លោកដែលកំពុងស្ថិតក្នុងក្រុងឌូបៃ គឺ«ដើម្បីប្រាប់ដល់មនុស្សគ្រប់គ្នាដើម្បីមើលមកយើងក្នុងនាមជាមនុស្សជាតិ ព្រោះសនិ្នសីទនេះក៏សម្រាប់មនុស្សជាតិផងដែរ »។
លោកបន្ថែមដូចនេះថា៖ «សម្រាប់ការផ្លាស់ប្តូរអាកាសធាតុ យើងត្រូវការប្រភពធនធានហិរញ្ញវត្ថុដែលងាយស្រួលទទួលបាន។ យើងខ្វះទឹកប្រើប្រាស់ ហើយក្នុងតំបន់ខ្លះ យើងមានវាលខ្សាច់ជាច្រើនដែលរីកចូលមក។ លោកបានបង្ហាញនូវក្តីសង្ឃឹមថា នឹងទទួលបានការជួយខ្លះ ពីកម្មវិធីផ្តល់ហិរញ្ញប្បទានសម្រាប់ការខូចខាតនិងបាត់បង់ Loss and Damage Fund ដែលត្រូវបានប្រកាសនៅថ្ងៃទីមួយនៃសន្និសីទកំពូលស្តីពីបរិស្ថាននេះ៕
ប្រែសម្រួលដោយ លោក ជ្រា វណ្ណារិទ្ធ