គម្រោងលុបស្រះទឹកដែលមានផ្ទៃក្រឡាប្រមាណ ១០ ហិកតានៅបុរីស្កឹមស្កៃហ្រ្គេនភ្នំពេញក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញនាំឲ្យមានការតវ៉ាពីក្រុមម្ចាស់ផ្ទះនៅក្នុងបុរីនោះ។
ម្ចាស់ផ្ទះចំនួន ១៤០ នាក់បានដាក់លិខិតសុំអន្តរាគមន៍ពីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងបរិស្ថាន និងសាលារាជធានីភ្នំពេញ។ ពួកគេបានចេញមុខតវ៉ាកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដោយលើកឡើងថា ពួកគេចង់រក្សាស្រះទឹកទុក និងមិនចង់ឲ្យម្ចាស់បុរីដែលជាក្រុមហ៊ុនជីបម៉ុងលែនយកទៅអភិវឌ្ឍធ្វើបុរីនោះទេ។
«ទេសភាព បរិស្ថានល្អ ស្រះទឹកធំ និងទីលានវាយកូនហ្គោលដ៏ខៀវស្រងាត់» គឺជាអ្វីដែលអ្នករស់នៅបុរីនោះថា ពួកគេរំពឹងចង់បាន នៅពេលពួកគេចំណាយលុយច្រើនដើម្បីទិញផ្ទះនៅទីនោះ។
លោក កៅ សុផល ជាម្ចាស់ផ្ទះមួយរូបដែលបានទិញផ្ទះនៅក្នុងបុរីទីក្រុងរណបអន្តរជាតិហ្គ្រេនភ្នំពេញកាលពីជាង១០ឆ្នាំមុន។ លោកបានថ្លែងប្រាប់ VOA នៅថ្ងៃអង្គារនេះថា លោកទិញផ្ទះប្រភេទវីឡាឃីង ទំហំប្រមាណ ៦០០ ម៉ែត្រការ៉េតម្លៃជាង៨០ម៉ឺនដុល្លារ គឺដោយសារមើលឃើញអំពីភាពស្រស់ស្អាតនៃគម្រោងដើមដែលបង្ហាញបរិស្ថានជុំវិញជាដើម។
លោកមានប្រសាសន៍ថា៖ «បើនិយាយឲ្យចំទៅ ផ្ទះតម្លៃប៉ុណ្ណឹងអត់អី តែវាត្រូវការបរិស្ថាន ត្រូវការស្អាត ត្រូវការអីៗជុំវិញហ្នឹង។ភាពស្រស់ស្អាតក្នុងហ្នឹងមានធម្មជាតិ មានបឹងបួរ ចរាចរណ៍ជុំវិញ មានការលក់ដូរ ផ្សារ សាលារៀននៅជិត។ [...] វាប៉ះពាល់មែន និយាយឲ្យត្រង់ទៅ។ ឧទាហរណ៍ ទិញផ្ទះអ៊ីចឹងវាយតម្លៃ វាដោយសារបរិស្ថានជុំវិញ។ដោយសារ បើពេលអត់មានបរិស្ថានផងផ្ទះហ្នឹងចង់សង់កន្លែងណាក៏វាដូចតែគ្នាដែរអ៊ីចឹងនោះ»។
ការតវ៉ាដ៏ចម្រូងចម្រាសរវាងក្រុមពលរដ្ឋប្រមាណ ១៤០ នាក់ ដែលជាអ្នកមានផ្ទះល្វែង និងផ្ទះវីឡាស្កឹមស្កៃក្នុងបុរីនេះ ជំទាស់នឹងគម្រោងថ្មីរបស់ម្ចាស់បុរី គឺក្រុមហ៊ុនហ៊ុនជីបម៉ុងលែន បានកើតឡើងជាបន្តបន្ទាប់ចាប់តាំងពីសប្តាហ៍មុន។ ការជំទាស់នេះមានទាំងការចងបដាមុខផ្ទះ និងការផ្តល់បទសម្ភាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងស្រុកផងដែរ។ពួកគេថា ពួកគេស្នើសុំឲ្យមានការរក្សាទុកស្រះទឹក និងទីលានវាយកូនហ្គោលនៅក្នុងបុរីនោះ ដើម្បីរក្សាសោភ័ណភាពក្នុងបុរី ដែលស្របតាមប្លង់មេនៃគម្រោងអភិវឌ្ឍន៍ក្នុងបុរី តាំងពីដើមមក។
ក្នុងចំណោមអ្នកតវ៉ានោះ មានលោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដា ជាតំណាងពលរដ្ឋស្នាក់នៅក្នុងបុរីនោះផងដែរ។
នៅក្នុងលិខិតមួយច្បាប់ចេញផ្សាយកាលពីថ្ងៃច័ន្ទ សាលារាជធានីភ្នំពេញបានឆ្លើយតបទៅនឹងសំណើរបស់ក្រុមពលរដ្ឋដែលរស់នៅក្នុងបុរីទីក្រុងរណបអន្តរជាតិហ្គ្រេនភ្នំពេញសុំមិនឲ្យលុបស្រះទឹក និងបំបាត់ទីលានវាយកូនហ្គោល ដោយលើកឡើងថាខ្លួនពុំមានសមត្ថកិច្ចគ្រប់គ្រាន់តាមផ្លូវច្បាប់ ដើម្បីធ្វើអន្តរាគមន៍រក្សាទុក និងទប់ស្កាត់ការលុបស្រះទឹកបានទេ។
អភិបាលសាលារាជធានីភ្នំពេញ លោកឃួង ស្រេង កាលពីថ្ងៃច័ន្ទ បានបញ្ជាក់ថា៖ «ស្រះទឹកខាងលើនេះពុំមែនជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញឡើយ»ប៉ុន្តែជា«កម្មសិទ្ធិរបស់លោកឧកញ៉ា លាង ឃុន និងលោកឧកញ៉ាលាង ម៉េង ដែលបានទិញពីក្រុមហ៊ុនវ៉ាយ អិល ភី គ្រុប»។
លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ថាក្រសួងក៏បានទទួលលិខិតពីពលរដ្ឋដែលស្នើសុំឲ្យក្រសួងបរិស្ថានជួយអន្តរាគមន៍ដែរ។លោកថា ក្រសួងនឹងពិនិត្យតាមវិធីច្បាប់ ប៉ុន្តែលោកពុំអាចអត្ថាធិប្បាយអ្វីបានទេនាពេលនេះថា តើក្រសួងនឹងសម្របសម្រួលយ៉ាងណាចំពោះការស្នើសុំអន្តរាគមន៍មិនឲ្យលុបស្រះទឹកនេះ។
បុរីទីក្រុងរណបអន្តរជាតិហ្គ្រេនភ្នំពេញដើមឡើយជាគម្រោងបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន YLP Group និង Ciputra Group ដែលជាក្រុមហ៊ុនគ្រប់គ្រងដោយលោកស្រី ម៉ៅ ម៉ាល័យ ជាភរិយារបស់អតីតអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ លោក កែ គឹមយ៉ាន និងក្រុមហ៊ុនឥណ្ឌូនេស៊ី។ នេះបើតាមការផ្សាយនៅឆ្នាំ២០១៣ របស់កាសែត The Cambodia Daily។ បុរីនេះត្រូវបានទិញបន្តដោយក្រុមហ៊ុនជីបម៉ុងលែននៅក្នុងខែតុលា ឆ្នាំ២០១៩ ។ គម្រោងសាងសង់ត្រូវព្យួរមួយរយៈរហូតដល់ខែឧសភា ឆ្នាំ២០២០ ទើបចាប់ផ្តើមគម្រោងសាងសង់អភិវឌ្ឍន៍ឡើងវិញ។ នេះបើតាមការផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍។
បើតាមសាលារាជធានីភ្នំពេញ ស្រះទឹកនេះមានបណ្តោយ ៤២៣ ម៉ែត្រ និងទទឹង ២៤៥ ម៉ែត្រ ដែលសរុបទៅមានផ្ទៃក្រឡាជាង ១០ ហិកតា។
តាមការប៉ាន់ស្មានរបស់អ្នកវាយតម្លៃ អចលនវត្ថុ ដីនៅតំបន់បុរីនោះអាចមានតម្លៃចន្លោះពី ៨៥០ ដុល្លារទៅដល់ ១៧០០ ដុល្លារ ឬ ២ ពាន់ដុល្លារក្នុងមួយមែត្រការ៉េ អាស្រ័យទៅលើទំហំ និងទីតាំងរបស់ដី។
ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោក ច្រឹក សុខនីម ប្រាប់វីអូអេថា ជាទូទៅនៅពេលពលរដ្ឋដែលទិញផ្ទះនៅតាមបុរីតម្លៃខ្ពស់រមែងចង់បានបរិស្ថានជុំវិញល្អ។
លោកមានប្រសាសន៍ថា៖ «ជារួម បើសិនជាតថភាពទូទៅ ពាក់ព័ន្ធម្ចាស់បុរី តាមធម្មតា ប្លង់ ការចេញប្លង់មេគឺជាMaster concept ដើម្បីធ្វើការសិក្សាដំបូង។ អ៊ីចឹងគាត់អាចសិក្សាអំពីទីតាំងលំនៅដ្ឋាន ឬក៏អីអ៊ីចឹងទៅ។នៅពេលចាប់អនុវត្តទៅបើគេមើលឃើញប្រសើរជាងហ្នឹងគាត់អាចpropose(ស្នើ) ធ្វើការកែប្រែបានខ្លះក្នុងកម្រិតណាមួយដែលអាចទទួលយកបានទាំងអស់គ្នា»។
លោកបន្ថែមថា៖ «ប៉ុន្តែ បើការកែប្រែអាចបាត់សោភ័ណភាព ឬបាត់ប្រយោជន៍របស់អ្នកទិញ អ៊ីចឹងជាទូទៅ គេតែងតែផ្ទុះការតវ៉ាហើយ»។
តំណាងក្រុមហ៊ុនជីបម៉ុងលែន ទទួលបន្ទុកទំនាក់ទំនង និងព័ត៌មានឲ្យដឹងថា ក្រុមហ៊ុននៅតែមានគោលជំហរបន្តអភិវឌ្ឍស្រះទឹកនេះ ដោយបញ្ជាក់ថាជា«អាងស្តុកទឹក» ដែលនឹងត្រូវលុប «ដើម្បីធ្វើជាតំបន់រស់នៅ ផ្លូវថ្នល់ និងឧទ្យានទំហំមួយហិកតា»។
តំណាងក្រុមហ៊ុនជីបម៉ុងលែនរូបនោះ និយាយដោយសុំមិនប្រាប់ឈ្មោះថា ក្រុមហ៊ុនមិនមានគម្រោងយកតារាងវាយកូនហ្គោលទៅធ្វើជាផ្ទះនោះទេ។
តំណាងរូបនោះមានប្រសាសន៍ថា៖ «ចង់ហៅស្រះ ចង់ហៅបឹង អាស្រ័យទៅតាម(ការយល់ឃើញ)តែអាហ្នឹងតួនាទីកន្លែងហ្នឹងជាអាងស្តុកទឹកបណ្តោះអាសន្ន។ [...] អាងនេះ វាជាអាងស្តុកទឹក ដែលនៅក្នុងបណ្ណកម្មសិទ្ធិស្ថិតក្នុងដីប្រភេទសាងសង់។វាមិនមែនជាទ្រព្យសម្បត្តិធម្មជាតិ មិនមែនជាទ្រព្យសម្បត្តិសាធារណៈទេ»។
លោកបន្ថែមថា៖ «ខ្ញុំសូមបញ្ជាក់ថា ទិញផ្ទះ មិនមែនទិញស្រះ។ គាត់ធ្លាប់នៅផ្ទះមើលឃើញស្រះដល់ពេល អត់ឃើញស្រះ។គាត់ថា បាត់ស្រះគាត់ទៅណា។ មិនមែនស្រះគាត់ទេ ស្រះក្រុមហ៊ុនតើ!មិនមែនស្រះទៀត អាងស្តុកទឹកតើ!»
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដាជា តំណាងពលរដ្ឋនៅក្នុងបុរីទីក្រុងរណបអន្តរជាតិហ្គ្រេនភ្នំពេញ បានប្រាប់វីអូអេតាមប្រព័ន្ធ WhatsApp ថា៖«ឥឡូវនេះ ពលរដ្ឋបានសម្រេចចិត្តជ្រើសរើសយកការជជែកជាមួយក្រុមហ៊ុន»។
គួរបញ្ជាក់ដែរថាក្រុមហ៊ុនជីបម៉ុងលែន ជាក្រុមហ៊ុនមួយនៃក្រុមហ៊ុនជីបម៉ុងគ្រុប ដែលរកស៊ីក្នុងវិស័យជាច្រើនដូចជាផលិតស្រាបៀរ ផលិតស៊ីម៉ងត៍ គ្រឿងសំណង់ អគារពាណិជ្ជកម្ម និងធនាគារ៕