ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប.៖​ សង្គ្រាម​​ ការ​​​​ប្រែប្រួល​អាកាសធាតុ​​នាំ​ឱ្យ​មនុស្ស​​​រាប់​រយ​លាន​នាក់​ស្រេកឃ្លាន


រូបភាពឯកសារ៖ ជនជាតិ​ប៉ាឡេស្ទីន​តម្រង់ជួរ​យក​អាហារ​នៅ​ទីក្រុង​ Rafah តំបន់ហ្កាហ្សា​កាលពីថ្ងៃទី​១៦ កុម្ភៈ ឆ្នាំ២០២៤។
រូបភាពឯកសារ៖ ជនជាតិ​ប៉ាឡេស្ទីន​តម្រង់ជួរ​យក​អាហារ​នៅ​ទីក្រុង​ Rafah តំបន់ហ្កាហ្សា​កាលពីថ្ងៃទី​១៦ កុម្ភៈ ឆ្នាំ២០២៤។

ការ​វិភាគ​ថ្មី​មួយ​អំពី​ស្ថានភាពនៃការ​ស្រេកឃ្លាន​សាកលរក​ឃើញ​ថា សង្គ្រាម​ ការប្រែប្រួល​ធាតុអាកាសនិង​ការ​ធ្លាក់​ចុះខាង​សេដ្ឋកិច្ចបាន​នាំ​ឱ្យមនុស្ស​ច្រើន​ជាង​មុនមានការស្រេកឃ្លាន​ធ្ងន់ធ្ងរ​ ​នាំ​ឱ្យអន្តរាយ​ដល់សមិទ្ធផលដែល​មាន​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុនៗក្នុង​ការ​ធ្វើ​ឱ្យ​សម្រេច​គោលដៅ​ការអភិវឌ្ឍន៍ប្រកប​ដោយ​ចីរភាព​របស់​អ.ស.ប.​មិន​ឱ្យ​ហួស​ពី​ឆ្នាំ​២០៣០។

ដោយត្រូវ​បានបោះពុម្ពផ្សាយ​កាលពីថ្ងៃ​ពុធ​ ទី២៤ ខែ​មេសា របាយការណ៍​សាកល​ឆ្នាំ​២០២៤អំពី​វិបត្តិ​ស្បៀង​អាហារ​រក​ឃើញ​ថា មនុស្ស​២៨១​លាន​៦​សែន​នាក់​ឬ​២១,៥% នៃមនុស្ស​ត្រូវ​ធ្វើវិភាគ​កាល​ពី​ឆ្នាំ២០២៣ ​ប្រឈម​នឹងកម្រិត​ខ្ពស់​នៃអសន្តិសុខធ្ងន់ធ្ងរក្នុង​ប្រទេស​និង​ដែនដី​៥៩​ដែល​មានវិបត្តិ​ម្ហូបអាហារ។

លោក Dominique Burgeon ជា​នាយកអង្គការ​ស្បៀងអាហារ​និង​កសិកម្ម​ឬ FAO នៅ​ក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស។ លោក​បាន​និយាយ​ថា៖ «នៅពេល​យើង​និយាយអំពី​អសន្តិសុខ​ស្បៀង​ធ្ងន់ធ្ងរ គឺយើង​និយាយអំពី​ការស្រេកឃ្លាន​សែន​ធ្ងន់ធ្ងរដែល​នាំ​ឱ្យ​មាន​ការ​គំរាមកំហែង​បន្ទាន់ដល់ជីវភាព​និង​ជីវិត​ប្រជារាស្ត្រ»។

លោក​បាន​ថ្លែង​ថា៖ «នេះជា​ការ​ស្រេកឃ្លាន​ដែល​នាំ​ឱ្យ​មានទុរភិក្ស​និងបណ្តាល​ឱ្យ​មានមនុស្ស​ស្លាប់​ច្រើន។ របាយការណ៍នេះក៏​ប្រាប់​យើង​ដែរ​ថា​កុមារ​៦០%​កំពុង​មាន​បញ្ហាទទួល​អាហារ​មិន​គ្រប់គ្រាន់​នៅ​ក្នុង​ប្រទេស​១០ដែល​ប្រឈមនឹងកម្រិត​ខ្ពស់​បំផុត​នៃអសន្តិសុខស្បៀង​ធ្ងន់ធ្ងរ»។​

សេចក្តី​រាយការណ៍​នេះនិយាយ​ថា៖ «វិបត្តិស្បៀង​អាហារបាន​កើន​ឡើង​ខ្លាំង​នៅកន្លែង​មាន​សង្គ្រាម‍»​ក្នុងឆ្នាំ​២០២៣ ដូច​ជា​នៅ​តំបន់​ហ្កាហ្សា​និង​ប្រទេស​ស៊ូដង់​ជា​ដើម។ របាយការណ៍​នេះ​ថ្លែង​ថា​ នៅ​ដំណាច់​ឆ្នាំ​២០២៣ តំបន់​ហ្កាហ្សា​បាន​ក្លាយ​ទៅ​ជា​កន្លែង​មាន​វិបត្តិ​ស្បៀងអាហារ​ធ្ងន់ធ្ងរ​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ។

លោក​ Gian Carlo Cirri ជានាយក​កម្មវិធី​ស្បៀងអាហារពិភពលោក​នៅ​ក្រុងហ្សឺណែវ។ លោកបាន​និយាយថា៖ «ស្ថានភាពនៅ​តំបន់​ហ្កាហ្សានាំ​ឱ្យ​មាន​ការព្រួយ​បារម្ភខ្លាំង។ យើង​ទាំង​អស់​គ្នា​ដឹង​ថា​ យើង​ជិត​មាន​ស្ថានភាព​ទុរភិក្ស​ហើយ»។

«ការ​ទទួលអាហារ​មិន​គ្រប់គ្រាន់​ក្នុង​ចំណោម​កុមារ​កំពុង​រាលដាល។ ​យើងស្ទង់​ប្រមាណ​ថា​៣០%​នៃ​ក្រុម​កុមារ​អាយុ​តិច​ជាង​២ឆ្នាំ​ខ្វះ​អាហារយ៉ាង​ធ្ងន់ធ្ងរ​ឬ​មានទម្ងន់​តិច ហើយចំនួន​៧០%នៃ​ប្រជារាស្ត្រ​ក្នុង​ប៉ែក​ខាង​ជើងតំបន់ហ្កាហ្សាកំពុង​ប្រឈម​នឹងការស្រេកឃ្លាន​ខ្លាំង។

លោក Gian Carlo Cirri បានថ្លែង​ថា៖ «មាន​ភស្តុតាង​សម​ហេតុផល​ថា​ ការចាប់​ផ្តើមទាំង​បី​នៃទុរភិក្ស​គឺ​អសន្តិសុខ​ស្បៀង ​ការ​មាន​អាហារ​មិន​គ្រប់គ្រាន់​និង​ការ​ស្លាប់​នឹង​កើត​មាន​ក្នុង​ពេល​៦​អាទិត្យ​ទៀត» ដោយ​លោក​បាន​កត់សម្គាល់​ថា មនុស្ស​នៅហ្កាហ្សា​មិន​អាច​មាន​អាហារមូលដ្ឋាន​បំផុតរបស់​ពួក​គេ​ទេ។ មនុស្សភាគ​ច្រើនបាន​លក់​របស់របរ​របស់​ពួកគេ​ដើម្បីទិញអាហារ។

លោក​បាន​ថ្លែង​ថា៖ «ពួកគេ​ក្រីក្រណាស់ហើយជន​ខ្លះក្នុង​បណ្តាពួកគេ​កំពុងស្លាប់ដោយ​សារ​ការ​ស្រេកឃ្លាន»។ លោក​បានបន្ថែម​ថា៖ «នៅពេលយើង​ប្រកាសអំពី​ទុរភិក្ស វាហួសពេល​ណាស់​ទៅ​ហើយ។ យើង​បាន​បាត់​បង់​មនុស្ស​ច្រើន​នាក់​ទៅ​ហើយ»។

លោកស្រី Courtney Blake ទីប្រឹក្សាជាន់ខ្ពស់ខាង​មនុស្សធម៌​នៅស្ថាន​បេសកកម្ម​សហរដ្ឋ​អាមេរិក​នៅ​ក្រុងហ្សឺណែវ​បាន​និយាយ​ប្រាប់​ពួក​អ្នកកាសែត​ថា​ ពួកមន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាលនៅ​រដ្ឋធានីវ៉ាស៊ីនតោន​បាន​និយាយ​ច្បាស់លាស់​ថា ត្រូវ​មាន​វិធានការ​ថែមទៀត​ដើម្បី​បន្ធូរបន្ថយ​ស្ថានភាព​នេះ។

លោកស្រីបាន​ថ្លែង​ថា៖ «អ៊ីស្រាអែលត្រូវ​តែបើកឱ្យ​មាន​ការ​ដឹកជញ្ជូនស្បៀងអាហារ​ដោយ​គ្មាន​ការ​បង្អាក់ទៅ​កាន់​ប៉ែក​ខាងជើងនិងផ្នែក​ខាងត្បូងនៃតំបន់​ហ្កាហ្សា​ដើម្បី​ប្រែ​ក្រឡះស្ថានភាព​ស្បៀង​ដែលធ្ងន់ធ្ងរ​យ៉ាង​លឿន​និង​បញ្ចៀស​កុំ​ឱ្យ​មាន​មនុស្ស​ស្លាប់​ដោយសារទុរភិក្ស ​ការ​មាន​អាហារ​មិន​គ្រប់គ្រាន់ធ្ងន់ធ្ងរ​និងការ​មាន​ជំងឺ​រាល​ដាល»។

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែលលោក Benjamin Netanyahu បានបដិសេធថា គ្មាន​មនុស្សមាន​ទុរភិក្សនៅ​ក្នុង​តំបន់​ហ្កាហ្សា​ទេ ហើយលោក​បាន​បន្ទោសក្រុម​ហាម៉ាស់អំពី​ការ​គ្មានជំនួយ​មនុស្សធម៌​ដឹកជញ្ជូនចូល​ក្នុង​ដែនដី​ត្រូវ​កាន់កាប់​នេះ។

លោក Burgeon នៃអង្គការ​ FAO និយាយ​ថាប្រទេស​ស៊ូដង់​កំពុង​ប្រឈម​នឹង​វិបត្តិ​ស្រេកឃ្លាននិង​តម្រូវ​ឱ្យ​មាន​សកម្មភាព​បន្ទាន់​ដើម្បី​បញ្ឈប់​ការ​ចុះ​ថមថយ​យ៉ាង​លឿននៃស្ថានភាព​សន្តិសុខ​ស្បៀងអាហារនៅក្នុង​ប្រទេសនេះ។

លោក Burgeon បាននិយាយថា៖ «យើងមាន​មនុស្ស​ប្រមាណ​១៨​លាននាក់កំពុង​មានអសន្តិសុខ​ស្បៀង​ធ្ងន់ធ្ងរ...ហើយ​យើង​មាន​មនុស្ស​ប្រមាណ​៥លាន​នាក់​ដែលឋិត​ក្នុង​លំដាប់ IPC 4 គឺ​ថា​ ជិត​មានទុរភិក្សហើយ ​ហើយមនុស្ស៩នាក់​ក្នុង​ចំណោម​មនុស្ស១០នាក់នៃ​ក្រុម​ជន​ទាំង​នេះ...កំពុង​ឋិតនៅ​ក្នុង​កន្លែង​មាន​បញ្ហានេះ​ធ្ងន់ធ្ងរ​គឺ​តំបន់ Darfur, Kordofan, Al Jazirah និង​តំបន់ Khartoum។

លោក Burgeon បាន​ថ្លែង​ថា៖ «អ្វី​ដែលនាំឱ្យ​យើង​បារម្ភខ្លាំង​ណាស់​នោះគឺ​មនុស្ស​ទាំង​នេះ​ពឹង​ពាក់​លើ​កសិកម្ម​សម្រាប់​ជីវភាព​ពួក​គេ។ នៅតែ​ពីរបី​អាទិត្យ​ទៀត​នឹងដល់​រដូវ​ដាំដុះហើយ។ វា​ជា​ការសំខាន់​ណាស់​ដែលយើងត្រូវតែ​ផ្តល់​ធាតុ​ចូលខាង​កសិកម្ម​ឱ្យទាន់​ពេល​វេលា​ដើម្បីឱ្យ​ពួក​គេ​អាចដាំ​ដំណាំរបស់​ពួកគេ​បាន»។

លោក Stefano Fedele ជាអ្នក​សម្របសម្រួលខាងអាហារូបត្ថម្ភ​សាកល​នៃអង្គការ UNICEF នៅក្រុង​ហ្សឺណែវ។ លោកកត់​សម្គាល់​ថា​ កុមារ​៣៦លាន៤សែន​នាក់​ក្រោមអាយុ​៥ឆ្នាំ​នៅ​ក្នុង​ប្រទេស​៣២​មានវិបត្តិកំពុង​ខ្វះ​អាហារធ្ងន់ធ្ងរ ហើយ​មាន​៩លាន​៨​សែននាក់​ខ្វះអាហារ​ធ្ងន់ធ្ងរ​ហើយ​ត្រូវការ​ឱ្យ​មាន​ការ​ព្យាបាល​បន្ទាន់។

លោក​បាន​និយាយ​ថា៖ «កុមារ​ទាំង​នេះ​ប្រថុយ​ប្រថាន​នឹង​ការ​ស្លាប់។ ហើយទោះជាពួក​គេ​រើប​ពីកង្វះអាហារូបត្ថម្ភ​ក៏​ដោយ​ ក៏​ពួក​គេទំនង​ជា​មិន​មាន​សក្តានុពល​នៃ​ការ​លូតលាស់​ទេ ដែលមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​លើ​កម្រិតបុគ្គល តែក៏​ប៉ះពាល់​ដែរដល់សក្ដានុពលនៃ​ការអភិវឌ្ឍ​ប្រទេស​មួយ​បាន»៕
ប្រែសម្រួល​ដោយ លោក ឈឹម សុមេធ

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG