ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រោយ​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​លោក Trumpជា​លើក​ទី២មាន​ការថ្កោលទោស​និង​អំពាវនាវ​ឱ្យ​មាន​ការ​ការពារ​ប្រសើរ​ជាង​នេះ


​ទីភ្នាក់ងារ​ស៊ើប​អង្កេត​សហព័ន្ធ FBI កំពុងពិនិត្យ​ទីតាំង​ដែល​លោក​ត្រាំ​ត្រូបាន​គេ​ប៉ុនប៉ង​ធ្វើឃាត​នៅ​រដ្ឋ Florida កាលពីថ្ងៃទី​១៦ កញ្ញា ឆ្នាំ២០២៤។
​ទីភ្នាក់ងារ​ស៊ើប​អង្កេត​សហព័ន្ធ FBI កំពុងពិនិត្យ​ទីតាំង​ដែល​លោក​ត្រាំ​ត្រូបាន​គេ​ប៉ុនប៉ង​ធ្វើឃាត​នៅ​រដ្ឋ Florida កាលពីថ្ងៃទី​១៦ កញ្ញា ឆ្នាំ២០២៤។

ក្រោយ​ពី​អ្វី​ដែល​ទីភ្នាក់ងារ​ស៊ើប​អង្កេត​សហព័ន្ធ FBI ហៅ​ថា​ជា​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​លើ​អតីត​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ជា​លើក​ទី​២ មាន​ការ​ថ្កោលទោស​យ៉ាង​ទូលំទំលាយ​លើ​ហិង្សា​នយោបាយ ព្រមទាំង​មាន​ការ​អំពាវនាវ​ឱ្យ​រឹតបន្តឹង​សន្តិ សុខ​បន្ថែម។

អនុ​ប្រធានាធិបតី​អ្នក​ស្រី​ Kamala Harris ដែល​ប្រឆាំង​លោក Trump ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​ និយាយក្នុង​សេចក្តី​ថ្លែងការណ៍​ថា​អ្នកស្រី «ស្រងាក​ចិត្ត​យ៉ាង​ខ្លាំង»​ដោយ​សារ​ឧប្បត្តិ​ហេតុ​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ទីលាន​វាយកូនហ្គោល​ក្នុង​រដ្ឋ Florida។

អ្នកស្រី​និយាយ​ថា៖ «យើង​ទាំង​អស់​គ្នា​ត្រូវ​តែ​រួមចំណែក​ដើម្បី​ធានា​ថាឧប្បត្តិ​ហេតុ​នេះ មិន​ឈាន​ទៅ​ដល់​ហិង្សា​ថែម​ទៀត​ទេ​»។

សមាជិក​ព្រឹទ្ធសភា​ខាង​បក្ស​សាធារណរដ្ឋ​លោក Tim Scott និយាយ​ថា៖ «អំពើ​ហិង្សា​នយោបាយ មិន​ត្រូវ​មាន​ជា​ដាច់​ខាត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក»។

អភិបាល​រដ្ឋ Florida លោក Ron DeSantis ខាង​បក្ស​សាធារណរដ្ឋនិយាយ​ថា​រដ្ឋ​របស់​លោក​នឹង​បើក​ការ​ស៊ើបអង្កេត​ដោយ​ខ្លួន​ឯង​អំពីឧប្បត្តិ​ហេតុនោះ ដោយ​និយាយ​ថា​ប្រជាពលរដ្ឋ​«សម​នឹង​ទទួល​បាន​ការ​ណ៍ពិត​អំពី​ឃាតករ» ហើយ​ថាតើ​បុរស​នោះ អាច​ចូល​ទៅ​កៀក​នឹង​លោក Trump បាន​ដោយ​របៀប​ណា។

អង្គភាព​ការពារ​ប្រធានាធិបតី រង​ការ​ពិនិត្យ​ពិច័យ ក្រោយ​ពី​លោក Trump ត្រូវ​បាន​គេ​បាញ់​ចំ​ស្លឹក​ត្រចៀក​ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោតនៅ​ខែ​កក្កដា។

សមាជិក​សភា អ្នកស្រី​ Elise Stefanik ដែល​ស្ថិត​ក្នុង​លំដាប់​លេខ​រៀង​ទី​៤​ខាង​បក្ស​សាធារណរដ្ឋ​ក៏​លើកឡើង​នូវ​សំណួរ​ស្រដៀង​គ្នា​នេះ​ដែរ​កាល​ពី​ថ្ងៃ​អាទិត្យ។

អ្នក​ស្រី​ថ្លែង​ថា៖ «នៅ​តែ​ខ្វះ​ចម្លើយ​ចំពោះ​ការប៉ុនប៉ង​ធ្វើ​ឃាត​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ​នៅ​រដ្ឋ Pennsylvania ហើយ​យើង​រំពឹង​ថា​នឹង​មាន​ការពន្យល់​ច្បាស់លាស់​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ថ្ងៃ​នេះ​នៅ​ក្នុង​រដ្ឋ Florida»។

សមាជិក​សភា​ខាង​បក្ស​ប្រជាធិបតេយ្យ​លោក Ro Khanna បាន​ហៅ​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​លើ​លោក Trump​ ទាំង​ពីរ​លើក​នេះ​ថា​«មិន​អាច​ទទួល​យក​បាន»​ហើយ​ថា​អង្គ ភាព​ការពារ​ប្រធានាធិបតី «ត្រូវ​តែ​ចូល​មក​បង្ហាញ​មុខ​ក្នុង​សភា​នៅ​ថ្ងៃ​ស្អែក​ហើយ​ប្រាប់​យើង​ថាតើ​ពួកគេ​ត្រូវ​ការ​ធនធាន​អ្វី​ខ្លះ ដើម្បី​ពង្រីក​ដែន​ការពារ ហើយ​យើង​នឹង​វិភាជ​ថវិកា​តាម​ការ​បោះឆ្នោត​ទ្វេ​បក្ស​ក្នុង​ថ្ងៃ​តែមួយ​តែ​ម្តង»។

សមាជិក​រដ្ឋសភា​ខាង​បក្ស​សាធារណរដ្ឋ​លោក Darrell Issa ក៏​មាន​សារ​ស្រដៀង​គ្នា​នេះ​ដែរ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG