វេទិកាត្រូវបានរៀបចំរួចរាល់ហើយសម្រាប់ការជជែកដេញដោលគ្នានៅយប់ថ្ងៃអង្គារម៉ោងក្នុងសហរដ្ឋអាមេរិករវាងអនុប្រធានាធិបតីអាមេរិកខាងបក្សប្រជាធិបតេយ្យអ្នកស្រី Kamala Harris និងអតីតប្រធានាធិបតីអាមេរិកខាងបក្សសាធារណរដ្ឋលោក Donald Trump។
ការជជែកដេញដោលគ្នានេះអាចជាពេលកំណត់ជោគវាសនារបស់បេក្ខជនទាំងពីរក្នុងអំឡុងពេលឃោសនាបោះឆ្នោត មុនការបោះឆ្នោតប្រធានាធិបតីអាមេរិកចូលមកដល់នៅថ្ងៃទី ៥ ខែវិច្ឆិកាខាងមុខ។
បេក្ខជនទាំងពីរមិនដែលបានជួបគ្នាឬសូម្បីតែនិយាយជាមួយគ្នាតាមទូរស័ព្ទនោះទេ តែនៅថ្ងៃអង្គារ ពួកគេនឹងឈរជិតគ្នាលើវេទិកានៅមជ្ឈមណ្ឌល National Constitution Center ក្នុងទីក្រុង Philadelphia រដ្ឋ Pennsylvania។ បេក្ខជនទាំងពីរគ្រោងនឹងនិយាយឌឺដងគ្នារយៈពេល ៩០ នាទីក្នុងពេលឆ្លើយសំណួររបស់ពិធីករទូរទស្សន៍ ABC News លោក David Muir និងអ្នកស្រី Linsey Davis។
ពលរដ្ឋអាមេរិកាំងរាប់សិបលាននាក់ទំនងជានឹងមើលការជជែកតទល់គ្នារវាងបេក្ខជនប្រធានាធិបតីទាំងពីរនេះ ដែលអាចជាការជជែកដេញដោលគ្នាតែម្តងគត់ក្នុងអំឡុងពេលឃោសនាបោះឆ្នោតនេះ។
ព្រឹត្តិការណ៍នេះកើតឡើងក្នុងពេល ៨ សប្តាហ៍មុនថ្ងៃបោះឆ្នោតផ្លូវការចូលមកដល់ ប៉ុន្តែសម្រាប់រដ្ឋខ្លះក្នុងចំណោមរដ្ឋទាំង ៥០ របស់សហរដ្ឋអាមេរិក ការជជែកដេញដោលគ្នានេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនការបោះឆ្នោតមុនកាលកំណត់ចាប់ផ្តើម។
ការស្ទង់មតិទូទាំងប្រទេសបានបង្ហាញថា ការប្រកួតនេះមានលក្ខណៈប្រកៀកប្រកិតគ្នា ដោយធ្វើឲ្យការជជែកដេញដោលគ្នានេះមានសារៈសំខាន់បំផុតសម្រាប់បេក្ខជនទាំងពីរនាក់ក្នុងការទាក់ទាញសន្លឹកឆ្នោតពីអ្នកបោះឆ្នោតមួយចំនួនតូចដែលមិនទាន់សម្រេចចិត្តនៅឡើយ។
ការស្ទង់មតិរួមគ្នារបស់កាសែត New York Times និងមហាវិទ្យាល័យ Siena College ក្នុងរដ្ឋ New York ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ បានបង្ហាញថាលោក Trump នាំមុខអ្នកស្រី Harris ក្នុងចំនួន ៤៨% ទល់នឹង ៤៧% នៅទូទាំងប្រទេស បើទោះបីជាកាសែតនេះបានបង្ហាញថាអ្នកស្រី Harris នាំមុខក្នុងការស្ទង់មតិទូទៅជាច្រើនក្នុងរដ្ឋសំខាន់ៗ ៣ ដែលមានអ្នកគាំទ្របក្សទាំងពីរប្រហាក់ប្រហែលគ្នាគឺរដ្ឋ Wisconsin រដ្ឋ Michigan និងរដ្ឋ Pennsylvania ក៏ដោយ។
បេក្ខជនទាំងពីរទទួលបានការគាំទ្រស្មើគ្នានៅរដ្ឋសំខាន់ៗចំនួន ៤ គឺរដ្ឋ Arizona, Georgia, Nevada និង North Carolina៕
វេទិកាបញ្ចេញមតិ