ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការនិយាយភាសាបរទេសគ្របដណ្តប់ខ្លាំងលើភាសាជាតិនាំឱ្យមានការរិះគន់


រូបភាពដកស្រង់ពីបណ្តាញសង្គមបង្ហាញកិច្ចពិភាក្សាមួយរបស់កម្មវិធី The Thomith Show ដែលបង្កឱ្យមានមតិចម្រុះពីសាធារណជនអំពីការប្រើប្រាស់ភាសាជាតិនិងភាសាបរទេសលាយគ្នា។ (Facebook/The Thomith Show)
រូបភាពដកស្រង់ពីបណ្តាញសង្គមបង្ហាញកិច្ចពិភាក្សាមួយរបស់កម្មវិធី The Thomith Show ដែលបង្កឱ្យមានមតិចម្រុះពីសាធារណជនអំពីការប្រើប្រាស់ភាសាជាតិនិងភាសាបរទេសលាយគ្នា។ (Facebook/The Thomith Show)

យុវជន និង​អ្នក​តាមដាន​សង្គមខ្លះ​មាន​មតិ​ចម្រុះជុំវិញ​ការ​និយាយ​ឆ្លាស់​ភាសា ( Code-switching)​ ដែល​អាច​មានទាំង​ផល​វិជ្ជមាន និង​អវិជ្ជមាន​ក្នុងពេល​និយាយ​នៅ​ទីសាធារណៈ​ ឬ​ក៏ពិធី​ផ្លូវ​ការ​ដែលតម្រូវ​ឱ្យ​ប្រើប្រាស់​ភាសាជាតិ​ ហើយ​ក៏អាច​ជាការ​ជះ​ឥទ្ធិ​ពល​មិនល្អ​មួយ​ចំនួន​ដល់​យុវជន​ជំនាន់​ក្រោយ​។

ការ​លើក​ឡើង​ពី​បញ្ហា​ការ​និយាយ​ឆ្លាស់​ភាសា​នេះ​កើត​មាន​ឡើង​ក្រោយ​មាន​ការ​ចែក​រំលែក​ឃ្លីប​វីដេអូ​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ ដែល​ដក​ស្រង់​ចេញ​ពី​កម្មវិធី​ជជែក​ដេញ​ដាល The Thomith Show របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​ ៥។ នៅ​ក្នុង​វីដេអូ​ឃ្លីប​ដែល​ចែក​ចាយ​លើ​បណ្តាញ​សង្គម​រយៈ​ពេល​ប្រមាណ ​២ នាទី​ជាង​នោះ​ មាន​ការ​ជជែក​គ្នា​ដោយ​និយាយ​ភាសាខ្មែរ​លាយ​ជាមួយ​ភាសា​អង់គ្លេស និង​ធ្វើ​ឱ្យ​សាធារណជន​ទូទៅផ្តល់​មតិ​រិះគន់​ផ្សេងៗ​គ្នា។

និស្សិត​ជំនាញ​ប្រវត្តិវិទ្យា​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​លោក​ម៉េត ណាត​ អាយុ ២២​ ឆ្នាំ​យល់​ឃើញ​ថា​ ការ​និយាយ​ភាសា​ឆ្លាស់​គ្នា​ មិន​សូវ​ជា​ល្អ​ប៉ុន្មាន​នោះ​ទេ ព្រោះ​វា​អាច​នឹង​ធ្វើ​ឱ្យ​អ្នក​សា្តប់​ពិបាក​យល់​ពី​អត្ថន័យ​។

លោក​ថ្លែង​ថា៖ «ហ្នឹង​ហើយ​បង គួរ​តែ​និយាយ​ភាសា​មួយ​ឱ្យ​ច្បាស់​លាស់​។ ឧទា​ហរណ៍​ថា ​អង់គ្លេស​ទៅ​អង់គ្លេស​ឱ្យ​ចំ​ ខ្មែរ​គឺ​ខ្មែរ​ឱ្យ​ចំ ចៀស​វាង​ការ​មាន​បញ្ហា​នៅ​ថ្ងៃក្រោយ​»។

និស្សិត​ជំនាញ​ប្រវត្តិវិទ្យា​រូប​នេះ​បន្ថែម​ថា ប្រសិន​បើ​នៅ​តែ​បន្ត​មាន​សកម្មភាព​នៃ​ការ​និយាយ​ភាសា​ឆ្លាស់​គ្នា​ទៀត នោះ​វា​អាច​នឹង​ជះ​ឥទ្ធិពល​មួយ​ចំនួន​ទៅ​ដល់​យុវជន​ជំនាន់​ក្រោយ ហើយ​អាច​ឱ្យ​ពួកគេ​ទាំង​នោះ​ក៏​អាច​យក​គំរូ​តាម។

កញ្ញា ប៊ុន គឹមឡេង​ និស្សិត​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ Business Intelligence និង​អ្នក​ណែ​នាំ​ការ​ចាប់ផ្តើម​អាជីវកម្ម​ឯករាជ្យ​ ប្រាប់​វីអូអេ​ថា ការ​និយាយ​ឆ្លាស់​ភាសា​អាច​ជា​កំហុស​ដែល​កើត​ឡើង​ដោយ​មិន​ដឹង​ខ្លួន​ ពីព្រោះ​យុវជន​កម្ពុជា​ភាគ​ច្រើន​សុទ្ធ​តែ​បាន​រៀន​ភាសា​ទីពីរ​ ដើម្បី​ទុកប្រាស្រ័យ​ទាក់​ទង​ជាមួយ​ជន​បរទេស ឬដើម្បី​ការសិក្សា​ ឬ​ក៏​ដើម្បី​ទទួល​បាន​ឱកាស​ការ​ងារ។

កញ្ញា​ថ្លែង​ថា៖ «ប៉ុន្តែ​នៅ​ពេល​ដែល​យើង​ស្តាប់​ឮ​ពួកគាត់​និយាយ Code-switch [ការ​ឆ្លាស់​ភាសា] ហ្នឹង​ សុំ​ចង់​និយាយ​ថា​ សុំ​បងប្អូន​មួយ​ចំនួន​កុំ​ថា​ប្រកាន់​ពេក ឬ​ក៏​ជាតិ​និយម​ពេក​ ពីព្រោះ​មនុស្ស​ម្នាក់ៗ​គាត់​អត់​ដែល​ចង់​មាន​កំហុស​ខាង​ភាសា​ហ្នឹង​ទេ ប៉ុន្តែ​ពេល​ខ្លះ​គាត់​ធ្វើ​ឡើង​ដោយ​ការ​អត់​ដឹង​ខ្លួន​ដែរ»។

ជុំវិញ​ការ​ផលិត​មាតិកា​វីដេអូ​ដែល​និយាយ​ឆ្លាស់​ភាសា​វិញ​យុវជន និង​យុវតី​ដែល​វីអូអេ​បាន​សម្ភាសន៍​ភាគ​ច្រើន​សុទ្ធ​តែជំរុញ​ឱ្យ​អ្នក​ផលិត​មាតិកា​ទាំង​នោះ​ ព្យាយាម​និយាយ​ភាសា​ណាមួយ​ឱ្យ​ច្បាស់លាស់​ និង​ធ្វើ​យ៉ាង​ណា​ឱ្យ​បន្ត​ភាព​ទាក់​ទាញ​នៅ​ក្នុង​វីដេអូ​របស់​ខ្លួន ពីព្រោះ​ពួកគេ​យល់​ថា​មិន​មែន​រាល់​ទស្សនិកជន​ទាំង​អស់​សុទ្ធ​តែ​អាច​ស្តាប់​យល់​នូវ​ភាសា​អង់គ្លេស​ដែល​អ្នក​ផលិត​មាតិកា​នោះ​និយាយ​ឡើយ​។

កញ្ញា​ ប៊ុន គឹមឡេង ​ថ្លែង​ថា៖ «ប៉ុន្តែ​ត្រង់​មួយ​ថា​អ្នក​ដែល​ផលិត​កម្មវិធី គាត់​អត់​ទាន់​ចាប់​បាន​ថា​នរណា​ជា​អ្នក​ស្តាប់​នៅ​ក្នុង​កម្មវិធី​ហ្នឹង ពីព្រោះ​គាត់​ប្រើ​ភាសា​ដែល​លាយ​ជាមួយ​ភាសាខ្មែរ​ដែល​ភាសា​អង់គ្លេស​ភាគច្រើន​ហ្នឹង​គឺ​ខ្ញុំ​អត់​គិត​ថា​ប្រជាជន​ខ្មែរ​យើង​មាន​ការ​យល់​ដឹង​ស៊ីជម្រៅ​ជាមួយ​នឹង​ពាក្យ​គន្លឹះ​ទាំង​អស់​ហ្នឹង​។ ណាមួយ​ទៀត​បើ​និយាយ​ពី​សិស្ស​និស្សិត​នៅ​ស្រុក​ខ្មែរ​ក៏​គាត់​អត់​សូវ​ជា​ប្រើ​ភាសា​បច្ចេកទេស​ហ្នឹង​ទាំង​ឃ្លា​ប្រយោគ​ អ៊ីចឹង​ហ្នឹង​ជា​បញ្ហា​មួយ​ដែល​គាត់​ត្រូវ​សិក្សា​ឡើង​វិញ​ អ្នក​ផលិត​មាតិកា​ហ្នឹង​ត្រូវ​សិក្សា​ឡើង​វិញ កុំ​ឱ្យ​មាន​ការ​រិះគន់​បន្ថែម​»។

ចំណែក​យុវជន​មួយ​រូប​ទៀតគឺ លោក កឿយ ឆៃឡក់ អាយុ ១៩ ឆ្នាំ និស្សិត​ជំនាញ​អក្សរ​សាស្ត្រ​ខ្មែរ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក៏​លើក​ឡើង​ស្រដៀង​គ្នា​ថា ការ​និយាយ​ឆ្លាស់​ភាសា​មិន​មែន​ជា​រឿង​ល្អ​នោះទេ ពីព្រោះ​វា​បង្ក​ឱ្យ​អ្នក​ស្តាប់​ពិបាក​យល់ និង​ងាយ​ភាន់​ច្រឡំ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា ​វា​អត់​សូវ​ជា​ល្អ​ប៉ុន្មាន​ទេ ប្រសិន​ជាយើង​និយាយ​ខ្មែរ​យើង​គួរ​តែ​និយាយ​ខ្មែរ​ឱ្យ​អស់​ឱ្យ​ដាច់ៗ​សេចក្តី​ឱ្យ​អស់ៗ​តែ​ម្តង។ បើ​យើង​និយាយ​ជា​ភាសា​អង់គ្លេស​យើង​គួរតែ​និយាយ​ជា​ភាសា​អង់គ្លេស​ឱ្យ​អស់​តែ​ម្តង​ ពីព្រោះ​អី​ដល់​ពេល​យើង​និយាយ​អ៊ីចឹង​ជន​បរទេស​ក៏​ងាយ​យល់​ ខ្មែរ​ក៏​ងាយ​យល់​ដែរ។ បើ​យើង​និយាយ​ខ្មែរ​ផង​អង់គ្លេស​ផង​ ខ្មែរ​ក៏​ពិបាក​ស្តាប់​ អង់គ្លេស​ក៏​គេ​អត់​ងាយ​យល់»។

និស្សិត​ជំនាញ​អក្សរ​សាស្ត្រខ្មែរ​សង្កេត​ឃើញ​ថា ប្រសិន​បើ​ការ​និយាយ​នោះ​ជា​សាធារណៈ បុគ្គល​ដែល​ឡើង​និយាយ​នោះ​គួរ​តែ​ប្រើ​ប្រាស់​ភាសា​គោល​ឱ្យ​ច្បាស់​លាស់ ចៀសជាង​ការ​ប្រើ​ភាសា​ឆ្លាស់​ទៅឆ្លាស់មក។

រូបឯកសារ៖ យុវជន​ពីរ​នាក់​កំពុង​មើល​អក្សរ​ខ្មែរ​ សម័យ​ក្រោយ​អង្គរ ក្នុង​កម្មវិធី​លក្ខណៈ​ពិសិដ្ឋ​នៃ​អក្សរសាស្រ្ត និង​សាស្រ្តាស្លឹករឹត​ខ្មែរ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-កូរ៉េ (CKCC) កាលពី​ថ្ងៃអាទិត្យ ទី១៦ ខែតុលា​ ឆ្នាំ២០១៦។
រូបឯកសារ៖ យុវជន​ពីរ​នាក់​កំពុង​មើល​អក្សរ​ខ្មែរ​ សម័យ​ក្រោយ​អង្គរ ក្នុង​កម្មវិធី​លក្ខណៈ​ពិសិដ្ឋ​នៃ​អក្សរសាស្រ្ត និង​សាស្រ្តាស្លឹករឹត​ខ្មែរ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-កូរ៉េ (CKCC) កាលពី​ថ្ងៃអាទិត្យ ទី១៦ ខែតុលា​ ឆ្នាំ២០១៦។

រីឯ​កញ្ញា ហាន វិមាន ជំនួយ​ការផលិត​សៀវភៅ​កុមារ​ នៃ​អង្គការ​ JC (Jesuit Service-Cambodia) ប្រាប់​វីអូអេ​ថា រាល់​ការនិយាយ​ពី​ប្រធាន​បទ​ចែក​រំលែក​គួរតែ​ធ្វើ​ឡើង​ជា​ភាសា​ខ្មែរ​ ជាជាង​ការប្រើប្រាស់​ភាសា​ខ្មែរ​លាយ​ឡំ​ជា​មួយ​ភាសា​បរទេស ដើម្បី​ឱ្យ​ទស្សនិកជនងាយ​ស្រួលយល់​ពី​អត្ថន័យ​។ កញ្ញា​ថា បើសិន​យុវជន​នៅ​តែ​បន្ត​និយាយ​ភាសាខ្មែរ លាយ​ជា​មួយ​ភាសាបរទេស​នោះ​ វា​នឹង​ធ្វើ​ឱ្យ​ការយល់​ដឹង​ពី​អត្ថន័យ​នៃ​ការ ប្រើ​ប្រាស់​ជា​ភាសាខ្មែរ​កាន់តែ​ធ្លាក់​ចុះ។

កញ្ញាថ្លែង​ថា​៖ «សម្រាប់​យុវជន​ខ្មែរ​ បើសិន​ជា​គាត់​និយាយ​ភាគ​ច្រើន​គាត់​និយាយ​ខ្មែរ​ផង អង់គ្លេស​ផង​ សម្រាប់​ក្មេងៗ​ជំនាន់​ក្រោយ​ខ្ញុំ​គិត​ថា ដល់​ថ្ងៃ​ក្រោយ​អាច​គាត់​និយាយ​អ៊ីចឹង​ទាំង​អស់​គ្នា​ ក្មេងៗ​ជំនាន់​ក្រោយ​គាត់​លែង​សូវ​ចេះ​និយាយ​ខ្មែរ ឱ្យ​ច្បាស់​ជា​ភាសាខ្មែរ​ឱ្យ​ត្រង់​ថា​ អាហ្នឹង​វា​មាន​ន័យ​យ៉ាង​មិច​ជា​ភាសាខ្មែរ​។ វា​អាច​ជា​ ការខ្វះ​ចន្លោះ​មួយ​កន្លែង​ហ្នឹង»។

វីអូអេ​ពុំ​ទាន់​អាច​ការ​អត្ថាធិប្បាយ​ពី​អ្នក​គ្រប់​កម្មវិធី The Thomith Show បាន​នៅ​ឡើយ​ទេ។

យ៉ាង​ណាមិញ ការ​និយាយ​ឆ្លាស់ភាសា​នេះ​មិនមែន​កើតមាន​ឡើង​តែ​នៅ​ក្នុង​សង្គម​នៃ​យុវជន​របស់​កម្ពុជា​នោះ​ទេ ប៉ុន្តែ​គេសង្កេត​ថា​ការ​និយាយ​ឆ្លាស់ភាសា​ក៏​កើតមាន​ចំពោះ​យុវជន​នៅ​បណ្តា​ប្រទេស​ដទៃ​ផង​ដែរ ជាពិសេស​ក្នុង​តំបន់​អាស៊ី ដោយ​សារ​តែ​ពួកគេ​យល់​ថា​ ​ការ​ប្រើប្រាស់​ភាសា​ឆ្លាស់​បង្ក​ជា​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​ទៅ​វិញទៅមក។

សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​នៃ​សាកលវិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជាលោក​ សំបូរ មាណ្ណារ៉ា ​ប្រាប់​វីអូអេ​ថា​ ការប្រើប្រាស់​ភាសា​គឺ​ជា រឿង​មួយ​ធម្មតា​របស់​មនុស្ស។ ប៉ុន្តែ​លោក​ថា រាល់​ការប្រើប្រាស់​ភាសា​ជា​សាធារណៈ​គួរតែ​មាន​ការប្រុងប្រយ័ត្ន​ព្រោះវា​អាច​ប៉ះពាល់​ដល់​តម្លៃ​នៃ​ការស្តាប់​របស់​សាធារណជន​ទូទៅ​។

លោក​ថ្លែងថា៖ «បើគាត់​និយាយ​តែ​ពីរនាក់​គាត់​អត់​អីទេ តែ​បើ​គាត់​និយាយ​ជា​សាធារណៈ​អាហ្នឹង​ត្រូវ​ប្រយ័ត្ន​ព្រោះ​វា​ជា​គុណធម៌​ និង​សីលធម៌ អ៊ីចឹង​បាន​យើង​ត្រូវ​ពិចារណា​ឡើង​វិញ ​... អ៊ីចឹង​សំណូមពរ​កាល​ណា​យើង​និយាយ ក្នុង​ន័យ​ជា​សាធារណៈ​គឺ​យើង​ត្រូវ​កាត់​បន្ថយ​ឱ្យ​អស់​នូវ​ការប្រើភាសា​បរទេស​នៅ​ក្នុង​ភាសា​និយាយ​របស់​យើង​ ព្រោះ​យើង​ជា​ខ្មែរ។ ផ្ទុយ​ទៅ​វិញ​បើ​យើង​និយាយ​ជា​មួយ​បរទេស អាហ្នឹង​រឿង​ផ្សេង​ បើ​យើង​និយាយ​ជា​មួយ​ខ្មែរ​គ្នា​ឯង​ឬ​ក៏​មាន​បរទេស​នៅ​លាយ​ឡំ​ យើង​ចង់​ឱ្យ​គេ​យល់​យើង​បក​ប្រែ​នោះ​ គឺសំខាន់​ដែល​យើង​ត្រូវ​ឱ្យ​តម្លៃ​លើ​គុណធម៌ សីលធម៌​នៃ​ការ​ប្រើប្រាស់​ភាសាជាតិ​»។

សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​រូប​នេះ​បន្ថែម​ថា​ បើ​យុវជន​នៅ​តែ​បន្ត​ប្រើប្រាស់​ការនិយាយ​ជា​ភាសា​លាយ​ឡំ​គ្នា​បែប​នោះ​បន្ត​ទៀត​ នឹង​ធ្វើ​ឱ្យ​អ្នក​ស្តាប់​ពិបាក​យល់ ហើយ​វា​ក៏​ជា​ទម្លាប់​មិន​ល្អ​មួយ​ដែល​ឈាន​ទៅ​រក​ការ​ធ្លាក់​ចុះ​នៃ​ការប្រើប្រាស់​ភាសា​ដែល​ជា​ភាសា​ជាតិ​។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត ​និង​ការ​ស្រាវជ្រាវ ​លោក សេក សុជាតិ យល់​ឃើញ​ថា ការ​រិះគន់​ទៅ​លើ​កម្មវិធី​ជជែក​ដេញ​ដាល​របស់​យុវជន​ដែល​និយាយ​ភាសាខ្មែរ​លាយ​ភាសាអង់គ្លេស​ជា​រឿង​មួយ​ត្រឹមត្រូវ ពីព្រោះ​មិន​មែន​ទស្សនិកជន ទាំង​អស់​សុទ្ធ​តែ​អាច​យល់​ពី​អត្ថន័យ​នៃ​ការ​និយាយ​របស់​ក្រុម​យុវជន​ទាំង​នោះ​ទេ។

ទោះយ៉ាងណា ​លោក​ថា ដោយ​សារ​តែ​ការ​វវិឌ្ឍ​នៃ​សង្គម​ជាតិ​បច្ចុប្បន្ន ហើយ​យុវជន​ជំនាន់​ក្រោយ​ភាគច្រើន​សុទ្ធ​តែ​ទទួល​បាន​ការ​អប់រំ​លើ​ភាសា​បរទេស​ច្រើន​ ក៏​ដូច​ជា​គ្រួសារ​មួយ​ចំនួន​មិន​អនុញ្ញាត​ឱ្យ​កូន​របស់​ខ្លួន​សិក្សា​ភាសាខ្មែរ​ជ្រៅជ្រះ ទើប​វា​បង្ក​ឱ្យ​មាន​ជា​របាំង​មួយ​នៃ​ការ​ប្រើប្រាស់​ភាសាជាតិ​ឱ្យ​ត្រឹមត្រូវ​នៅក្នុង​ចំណោម​យុវជន​ជំនាន់​ក្រោយ។

លោក​ថ្លែង​ថា៖ «ដូច្នេះ​វា​របាំង​មួយ​ដែល​ធ្វើ​ឱ្យ​យុវជន​ជំនាន់​ក្រោយ​អាច​ជួប​នឹង​បញ្ហា​ដែល​យុវជន​របស់​យើង​អាច​នឹង​ប្រើប្រាស់​ភាសា​ណា​ដែល​គាត់​រក​នឹក​និយាយ​ជា​ភាសា​ខ្មែរ​មិន​បាន​ ប៉ុន្តែ​គាត់​ដឹង​ភាសា​បរទេស​ ដូច្នេះ​គាត់​ព្យាយាម​និយាយ​ដែរ​ ខ្ញុំ​ព្យាយាម​កត់​សម្គាល់​ដែរ​ថា​គាត់​ព្យាយាម​និយាយ​ដែរ​ប៉ុន្តែ​វា​មិន​បាន​ដូច​អ្វី​ដែល​អ្នក​រិះ​គន់​គាត់​ចង់​បាន ដោយសារ​តែ​បញ្ហា​នេះ​ហើយ​យើង​គួរ​តែ​ពិចារណា​ យើង​គួរ​តែ​ស្វែង​រក​ចំណុច​កណ្តាល​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ជា​ជាង​ការ​រិះគន់​ជាន់​ពន្លិច»។

លោក​បញ្ជាក់​ទៀត​ថា សាធារណជន​គួរ​មាន​ការ​ស្នើ​សុំ​ឱ្យ​យុវជន​ប្រើប្រាស់​ភាសាជាតិ​ឱ្យ​បាន​ច្រើន ក្នុង​ករណី​យុវជន​មិន​សូវ​យល់​ពី​អត្ថន័យ​នៃ​ពាក្យ​ក្នុង​ភាសាជាតិ​ ក៏​គប្បី​ប្រាប់​ពួកគេ​ឱ្យ​សិក្សា​ពាក្យ​ទាំង​នោះ​ក្នុង​វចនានុក្រម​ខ្មែរ​ ជា​ជាង​រិះគន់​យុវជន​ដោយ​ពុំ​ស្ថិត​ក្នុង​ន័យ​ស្ថាបនា ដែល​អាច​ជា​ការ​រាំង​ខ្ទប់​នូវ​ការ​ចែក​រំលែក​ចំណេះដឹង​របស់​ពួកគេ​បន្ត​ទៀត​៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG