ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រឆាំង​អាច​ត្រូវ​បាន​បំផ្លាញ​ប្រសិន​បើ​ចូល​ក្នុង​រដ្ឋាភិបាល​ចម្រុះ


លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​លោក​កឹម សុខា និយាយ​ទៅ​កាន់​យុវជន​ដែល​ជា​អ្នកគាំទ្រ​ ក្នុងអំឡុងពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។
លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​លោក​កឹម សុខា និយាយ​ទៅ​កាន់​យុវជន​ដែល​ជា​អ្នកគាំទ្រ​ ក្នុងអំឡុងពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។
ភ្នំពេញ៖ អ្នក​ឃ្លាំ​មើល​ដំណើរការ​នយោបាយ​នៅ​កម្ពុជា​ព្រមាន​ថា ការ​ចូល​រួម​បង្កើត​រដ្ឋាភិបាល​ចម្រុះ​សម្រាប់​អាណត្តិ​ទី​៥​នេះ​ គឺជា​ចំណុច​ស្លាប់​រស់​របស់​គណបក្ស​ប្រឆាំង។

យោង​តាម​លទ្ធផល​បោះ​ឆ្នោត​ក្រៅ​ផ្លូវការ គណបក្ស​ប្រជាជន​កម្ពុជា​អះអាង​ថា ខ្លួន​ឈ្នះ​បាន​៦៨​អាសនៈ​ក្នុង​រដ្ឋសភា​ដែល​មាន​១២៣​អាសនៈ។ ក៏​ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​អះអាង​ដែរ​ថា ខ្លួន​ទទួល​បាន​៦៣​អាសនៈ​ក្នុង​សភា​ជាន់​ទាប​នេះ។ ប្រសិន​បើ​លទ្ធផល​បោះឆ្នោត​នេះ​យក​ជា​ការ​បាន​នោះ គណបក្ស​និមួយៗ​សុទ្ធតែ​អាច​បង្កើត​រដ្ឋាភិបាល​បាន​ដោយ​ខ្លួនឯង​ឬ​ត្រូវការ​ដៃគូ​រវាង​គណបក្ស​ឈ្នះ​ឆ្នោត​សម្រាប់​បង្កើត​រដ្ឋាភិបាល​ចម្រុះ។​

ក៏​ប៉ុន្តែ​អ្នកវិភាគ​ស្ថានការណ៍​នយោបាយ​ខ្មែរ​ព្រមាន​ថា គណបក្ស​សង្គ្រោះ​ជាតិ​អាច​នឹង​ត្រូវ​បំផ្លាញ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​និង​ឈាន​ដល់​ការ​វិនាស​ឥទ្ធិពល​នយោបាយ។​

លោក​ ព្យែរ ជីល្លែត្ត (Pierre​ Gillette) ជា​អតីត​និពន្ធ​នាយក​កាសែត​ភាសា​បារាំង​ កាំបូឌា ស្វ័រ (Cambodge Soir) ដែល​បំពេញ​ការងារ​នៅ​កម្ពុជា​អស់​រយៈពេល​ជាង​ដប់​ឆ្នាំ​និង​ជា​អ្នក​តាមដាន​សភាព​ការ​នយោបាយ​កម្ពុជា។ លោក​មើល​ឃើញ​ថា គួរ​តែ​មាន​គណបក្ស​មួយ​នៅ​ក្រៅ​រដ្ឋាភិបាល​សម្រាប់​តាម​ឃ្លាំមើល​ការ​អនុវត្ត​របស់​គណបក្ស​កាន់​អំណាច។ នេះ​ជា​គោលការណ៍​នៃ​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ពិភពលោក។

​លោក​ ជីល្លែត្ត បញ្ជាក់​ថា គណបក្ស​ជំទាស់​ត្រូវ​គិតគូរ​ពី​តម្លៃ​កម្មវិធី​នយោបាយ​របស់​ខ្លួន​និង​គ្រោះថ្នាក់​នៅ​ថ្ងៃ​ខាង​មុខ។

«ចូល​រួម​បង្កើត​រដ្ឋាភិបាល​ថ្មី​របស់​គណបក្ស​ជំទាស់​អាច​ធ្វើ​ទៅ​បាន​ប្រ​សិន​កម្មវិធី​នយោបាយ​មួយ​ចំនួន​របស់​ខ្លួន​នឹង​ត្រូវ​ទទួល​យក​ដោយ​គណបក្ស​ម្ខាង​ទៀត។​ ប្រសិន​បើ​គណបក្ស​ជំទាស់​ចូល​រដ្ឋាភិបាលចម្រុះ​ដើម្បី​បាន​តួនាទី​និង​មុខ​តំណែង​ហើយ​មិន​អាច​ធ្វើ​អ្វី​បាន​ដូចគេ​បានឃើញ​គណបក្ស​ហ្វ៊ុ​ន​ស៊ី​ន​ប៉ិក​កាលពី​អតីតកាល ដូច្នេះ​បើ​គណបក្ស​ជំទាស់​ចូលរួម​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ដើម្បី​គ្រាន់តែ​ទទួល​បាន​មុខ​តំណែង​នោះ​វា​នឹង​ក្លាយជា​រឿង​មហន្តរាយ»។

គេ​ជឿ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បានការ​គាំទ្រ​ដោយសារ​កម្មវិធី​នយោបាយ​របស់​ខ្លួន​ដូចជា​កម្មវិធី​តម្លើង​ប្រាក់ខែ​ដល់​មន្ត្រីរាជការ​និង​កម្មករ​ កម្ម​វិធិ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​មនុស្ស​ចាស់​ ការ​លើក​ស្ទួយ​ជីវភាព​ប្រជាកសិករ​តាមរយៈ​ការ​ការពារ​តម្លៃ​កសិផល​របស់​ពួកគេ​ជាដើម។ ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​យក​កម្មវិធី​នយោបាយ​នេះ​ទៅ​ជាមួយ​ក្នុង​រដ្ឋាភិបាល​ចម្រុះ​នោះ​ទេ​ គណបក្ស​សង្គ្រោះ​ជាតិ​អាច​នឹង​ធ្វើ​អត្តឃាត​នយោបាយ​ក្នុង​ភាព​ជា​ដៃគូ​ក្នុង​រដ្ឋាភិបាល។

ក្រុម​អ្នកវិភាគ​ជា​ច្រើន​បាន​យក​ឧទាហរណ៍​ការ​ស្លាប់​របស់​គណបក្ស​រាជា​និយម​ហ៊្វុនស៊ីនប៉ិក​មក​ធ្វើ​ជា​មេរៀន។ គណបក្ស​នេះ​ដែល​ឈ្នះ​បាន​អាសនៈ​ចំនួន​៥៨​ក្នុង​ការ​បោះ​ឆ្នោត​កាលពី​ឆ្នាំ​១៩៩៣​គឺ​លើស​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៧​អាសនៈ។​ ប៉ុន្តែ​គណបក្ស​នេះ​ហាក់ដូចជា​មិន​បាន​ឱកាស​យក​ដើមទុន​នយោបាយ​របស់​ខ្លួន​មក​ប្រើ​ក្នុង​រដ្ឋាភិបាលចម្រុះ​នោះ​ទេ​ដោយសារ​ការ​កាច់ចង្កូត​នយោបាយ​ត្រូវ​ពឹងផ្អែក​ទាំង​ស្រុង​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​អំណាច​ខ្លាំង។​

ហើយ​២០​ឆ្នាំ​ក្រោយ​មក​គណបក្ស​រាជា​និយម​នេះ​បាន​បញ្ចប់​ជីវិត​នយោបាយ​រួច​ទៅ។ តាម​រយៈ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នៅ​កាលពី​ថ្ងៃ​ទី​២៨ ខែ​កក្ដដា​ឆ្នាំ​២០១៣​នេះ​ គណបក្ស​ហ្វ៊ុ​ន​ស៊ី​ន​ប៉ិក​ពុំ​បាន​ទទួល​អាសនៈ​សភា​មួយ​ណា​ឡើយ។

លោក​អ៊ូ វី​រៈ​ នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​គិត​ថា ការ​បង្កើត​រដ្ឋាភិបាលចម្រុះ​គឺ​ជា​ច្រក​មួយ​ពិបាក​នឹង​ធ្វើ​ទៅ​បាន​ដោយសារ​តែ​វា​នឹង​មិន​មាន​គណបក្ស​ប្រឆាំង​នៅ​ឃ្លាំ​មើល​ដំណើរ​ការ​ប្រព្រឹត្តិ​ទៅ​របស់​រដ្ឋ ហើយ​វា​ក៏​ជា​រណ្តៅ​គ្រោះថ្នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ។

«ខ្ញុំ​មើលទៅ​បើសិនជា​បង្កើត​រដ្ឋាភិបាល​ជាមួយ​គ្នា​គឺ​ពិបាក​ ដោយសារ​មាន​តែ​គណបក្ស​តែ​ពីរ​ជាប់​ឆ្នោត​។​ អត់​មាន​គណបក្សប្រឆាំង​។​ ហើយ​បើសិនជា​បង្កើត​អ​ញ្ចឹ​ង​មែន​ ការ​បែងចែក​អំណាច​នឹង​មាន​កន្លែង​ជាន់​គ្នា​។​ ហើយនឹង​ចាប់​ផ្តើ​មាន​ប៉ែង​ជើង​គ្នា​ច្រើន​។​ ហើយ​បើ​ដូច្នេះ​នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រោយ​រញ៉េរញ៉ៃ​។​ ហើយ​គណបក្សប្រឆាំង​អាច​បាត់បង់​ការ​គាំទ្រ»។

ប្រសិន​បើ​គេ​ក្រឡេក​មើល​សំឡេង​គាំទ្រ​ពី​ម្ចាស់​ឆ្នោត​ ទាំង​គណបក្ស​សង្គ្រោះ​ជាតិ​ ទាំង​គណបក្ស​ប្រជាជន​កម្ពុជា​មានការ​រត់​ប្រដេញ​គ្នា។ អ្វី​ដែល​គេ​អាច​សន្និដ្ឋាន​បាន​គឺ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​អំណាច​រយៈពេល​៣៤​ឆ្នាំ​មក​ហើយ​នេះ​មាន​ទំនោរ​ទៅ​រក​ការ​បាត់បង់​ការ​គាំទ្រ​យ៉ាង​សម្បើម​ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រជែង​ឈ្នះ​មួយ​ជំហាន​យ៉ាង​ធំ​ ដែល​អាច​អនុញ្ញាត្ត​ឲ្យ​គណបក្ស​នេះ​តថ្លៃ​យក​តួនាទី​បម្រើ​ម្ចាស់​ឆ្នោត​ក្នុង​អំណាច​រដ្ឋ​នៅ​តាម​មូលដ្ឋាន​បាន​ដូចជា​ក្នុង​រដ្ឋបាល​ខេត្ត​ និង​ស្រុក​ជាដើម​ក្រៅពី​ការ​កាន់កាប់​អំណាច​រដ្ឋាភិបាល។

​ក៏​ប៉ុន្តែ​គ​ន្លឺះ​មួយ​យ៉ាង​សំខាន់​នោះ​គឺថា​រដ្ឋអំណាច​ទាំងនេះ​នឹង​ត្រូវ​ដាក់​ឲ្យ​នៅ​ក្រោម​ក្លៀក​គណបក្ស​ប្រជាជន​កម្ពុជា​ ហើយ​ក៏​ត្រូវ​ឆ្លងកាត់​ការ​បោះឆ្នោត​ដែល​ត្រូវ​បាន​រៀប​ចំឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ដែល​មាន​សមាជិកសុទ្ធ​តែ​មាន​និន្ននាការ​និង​លម្អៀង​ទៅរក​គណបក្ស​កាន់​អំណាច។

លោក​អ៊ូ វីរៈ ពន្យល់​ថា​ គេ​អាច​ធ្វើការ​បែងចែក​អំណាច​ដឹកនាំ​តាម​មូលដ្ឋាន​ទៅ​ឲ្យ​គណបក្ស​ជំទាស់​បាន​ប្រសិនបើ​មាន​ការ​ចរចា​គ្នា​បែប​ណាមួយ​ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​ក្បាលម៉ាស៊ីន​ដឹកនាំ​ខេត្ត​ ក្រុង​និង​ស្រុក​ ខណ្ឌ។​ នៅ​ពេល​នោះ​ប្រសិនបើ​គេ​ត្រឡប់​មក​វិភាគ​លទ្ធផល​បោះ​ឆ្នោត​ចុង​ក្រោយ​នេះ​ គណបក្ស​ជំទាស់​នឹង​មាន​សិទ្ធិ​កាន់កាប់​និង​ដឹកនាំ​ខេត្ត​ ក្រុង​និង​រាជធានី​ភ្នំពេញ​ជា​ស្វ័យប្រវត្តិ។

យ៉ាងណា​ក៏​ដោយ​ដំណោះស្រាយ​ទាំងនេះ​អាច​ក្លាយ​ជា​មុខ​ម្ហូប​លើ​តុ​ចរចា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ។ ក៏​ប៉ុន្តែ​វា​ក៏​ជា​គោលដៅ​ដែល​ពិបាក​នឹង​ទម្លាក់​ជើង​ទៅ​ដល់។ ​ក្នុង​ស្ថានភាព​នេះ កម្លាំង​គាំទ្រ​នយោបាយ​លើ​គណបក្ស​ទាំង​ពីរ​ប្រៀប​បាន​ដូចជា​គោ​ពីរ​ក្បាល​ក្នុង​នឹម​តែ​មួយ​ដែល​មាន​កម្លាំង​ប្រហាក់​ប្រហែល​គ្នា។

​ក្នុង​ន័យ​នេះ អ្នកស្រី​ជា​ វ​ណ្ណាត​ ដែល​ជា​អ្នកវិភាគ​ឯករាជ្យ​ចង់​ឃើញ​គណបក្ស​ទាំង​ពីរ​ដើរតួ​ជា​សត្វ​គោ​ពីរ​ក្បាល​ក្នុង​នឹម​និង​រទេះ​តែ​មួយ។

«ខ្ញុំ​មើល​ឃើញ​ថា ពីរ​ហ្នឹង (គណបក្ស) ត្រូវ​ធ្វើការ​ជាមួយ​គ្នា។ ចែក​ការ​ទទួល​ខុស​ត្រូវ​យ៉ាង​ម៉េច​ក៏​ចែក​ទៅ។ គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ដោយ​ត្រូវការ​ដាច់ខាត​ធ្វើការ​ជាមួយ​គណបក្ស​ប្រជាជន​ដែរ។ គណបក្ស​ប្រជាជន​ក៏​ត្រូវការ​សហការ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ធ្វើការ​ជាមួយ​គ្នា​ដែរ។ ប្រជាពលរដ្ឋ​ចង់​ឃើញ​អញ្ចឹង។ ចង់​ឃើញ​គណបក្ស​ពីរ​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​ដឹកនាំ​ប្រទេស​ ដើម្បី​បម្រើ​ប្រជាពលរដ្ឋ»។

ទស្សនៈ​នេះ​ហាក់​ដូចជា​ដើរ​បញ្ច្រាស់​បទ​ពិសោធន៍​ជាក់ស្តែង​រវាង​ភាព​ជា​ដៃគូ​របស់​គណបក្ស​ហ្វ៊ុនស៊ីនប៉ិក​និង​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​រដ្ឋាភិបាល។

«ការ​ពិត​ទៅ​គណបក្ស​ហ្វ៊ុ​ន​ស៊ី​ន​ប៉ិក​រលាយ​បាត់​មែន​ ប៉ុន្តែ​បាន​ផ្តល់​បទ​ពិសោធន៍​ដ៏​ល្វីង​ជូរ​ចត់​ដល់​គណបក្ស​សង្គ្រោះ​ជាតិ។ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ចេញពី​គណបក្ស​សម​ រ​ង្ស៊ី​ និង​គណបក្ស​សិទ្ធិ​មនុស្ស។​ គណបក្ស​ទាំង​ពីរ​ធ្លាប់​ហែល​បទ​ពិសោធន៍​គ្រប់យ៉ាង ម្ល៉ោះ​ហើយ​ខ្ញុំ​អត់​ជឿ​ថា វាសនា​ដូច​គណបក្ស​ហ្វ៊ុនស៊ីនប៉ិក​ទេ»។​

នៅ​ក្នុង​ពេល​នេះ​មិន​ទាន់​មានការ​ចរចា​ជា​ដុំ​កំ​ភូ​ន​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ទេ។ ប៉ុន្តែ​ពួក​គេ​កំពុង​រៀបចំ​យន្តការ​សម្រាប់​ដោះស្រាយ​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ដែល​គណបក្ស​ជំទាស់​ចាត់​ទុក​ថា ជា​មូលហេតុ​នៃ​ការ​បាត់​បង់​ចំនួន​អាសនៈ។ បើ​ទោះជា​គណបក្ស​សង្គ្រោះ​ជាតិ​មិន​មាន​លទ្ធភាព​បង្កើត​រដ្ឋាភិបាលចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​ដោយ​ ក៏​លោក​អ៊ូ​ វី​រៈ​ នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​មើល​ឃើញ​ថា គណបក្សជំទាស់​នឹង​មាន​កម្លាំង​ចរចា​បែងចែក​អំណាច​ក្នុង​រដ្ឋសភា។​ នោះ​គឺ​គណបក្សជំទាស់អាច​នឹង​ទទួល​បាន​ប្រធាន​គណៈកម្មការ​មួយ​ចំនួន ​ហើយនឹង​អាច​ទទួលតំណែងជាអនុ​ប្រធានរដ្ឋសភា។

ជាមួយ​គ្នា​នេះ​លោក​អ៊ូ​ វី​រៈ​ យល់​ថា​ជាមួយនឹង​កៅអី​តំណាងរាស្ដ្រ​៥៥​យ៉ាងតិច​និង​មុខ​ដំណែង​សំខាន់ៗ​មួយ​ចំនួន​ក្នុង​រដ្ឋសភា​ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​មាន​កម្លាំង​នយោបាយ​យ៉ាង​សំខាន់​មួយ​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​តុល្យភាព​ក្នុង​សភា​ជាន់​ទាប​និង​អាច​ជួយ​ទប់ស្កាត់​ឥទ្ធិពល​គណបក្ស​កាន់​អំណាច​មក​លើ​ស្ថាបន័​នីតិបញ្ញត្តិ​រួម​ទាំង​អាច​ជួយ​ជាន់​ហ្វ្រាំង​នៃ​ទង្វើរបស់​រដ្ឋាភិបាល​មិន​ឲ្យ​ឃ្លីងឃ្លោង​តាម​អំពើ​ចិត្ត​បាន៕
XS
SM
MD
LG