ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ពិភាក្សា​រឿង​បង្កើត​គណៈកម្មការ​ចម្រុះ


គណបក្ស​ប្រឆាំង​អះអាងថា ខ្លួន​ជាអ្នក​ឈ្នះ​ឆ្នោត​ដោយ​ទទួល​បាន​យ៉ាង​តិច​៦៣​អាសនៈ​ ចំណែក​ឯគណបក្ស​ប្រជាជន​កម្ពុជា​វិញ​ក៏​បាន​អះអាង​ថា ​ខ្លួន​ជាអ្នក​ឈ្នះ​ឆ្នោត​​ដែរ​ដោយ​ទទួល​បាន​៦៨​អាសនៈ។
គណបក្ស​ប្រឆាំង​អះអាងថា ខ្លួន​ជាអ្នក​ឈ្នះ​ឆ្នោត​ដោយ​ទទួល​បាន​យ៉ាង​តិច​៦៣​អាសនៈ​ ចំណែក​ឯគណបក្ស​ប្រជាជន​កម្ពុជា​វិញ​ក៏​បាន​អះអាង​ថា ​ខ្លួន​ជាអ្នក​ឈ្នះ​ឆ្នោត​​ដែរ​ដោយ​ទទួល​បាន​៦៨​អាសនៈ។
ភ្នំពេញ៖ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ និងគណបក្ស​សង្គ្រោះជាតិ​របស់​លោក​ សម រង្ស៊ី ព្រមព្រៀង​ពិភាក្សា​គ្នា​រក​វិធី​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ ​ដើម្បី​ធ្វើការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ក្នុង​អំឡុង​ពេលបោះឆ្នោត។

យោង​តាម​លទ្ឋផល​នៃ​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃអាទិត្យ​ គណបក្ស​សង្គ្រោះជាតិ​បាន​អះអាង​ថា គណបក្ស​ប្រឆាំង​ជាអ្នក​ឈ្នះ​ឆ្នោត​ដោយ​ទទួល​បាន​យ៉ាង​តិច​៦៣​អាសនៈ​ ចំណែក​ឯគណបក្ស​ប្រជាជន​កម្ពុជា​វិញ​ក៏​បាន​អះអាង​ថា ​ខ្លួន​ជាអ្នក​ឈ្នះ​ឆ្នោត​ដោយ​ទទួល​បាន​៦៨​អាសនៈ។​

នៅនាទី​ចុង​ក្រោយគណបក្ស​ទាំងពីរ​ ​បាន​ឈានដល់​ការ​ព្រមព្រៀង​ពិភាក្សា​គ្នា​រក​វិធី​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ​ដើម្បី​ធ្វើការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ដែល​បាន​កើត​ឡើង​ក្នុង​ពេល​បោះឆ្នោត។​

គណបក្ស​សង្គ្រោះជាតិ​បាន​ដាក់​លិខិត​មួយជួន​គ.ជ.ប​ ស្តីពី​ការ​ស្នើសុំ​ឲ្យ​មាន​ការ​រៀបចំ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​នេះ។ គណៈកម្មការ​នេះ​ នឹង​មាន​ការ​ចូល​រួម​ដោយ​គណបក្ស​សង្គ្រោះជាតិ​ គណបក្ស​ប្រជាជន​កម្ពុជា​ អង្កការ​សង្គម​ស៊ីវិល​ជាតិ​ និងអន្តរជាតិ​ដែលពាក់​ព័ន្ឋ​នឹង​ការ​បោះ​ឆ្នោត ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​និង​ធ្វើ​របាយការណ៍​អំពី​ភាព​មិន​ប្រក្រតី​កាល​ពី​ថ្ងៃទី​២៨​ខែកក្កដា​កន្លង​ទៅ​នេះ។

លោក​ យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​បាន​និយាយថា ការ​បង្កើត​ឲ្យ​មាន​ការ​ស៊ើប​អង្កេតនេះ​ដោយសារ​តែ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​រក​ឃើញ​ថា មាន​ភាព​មិន​ប្រក្រតី​ជាច្រើន​បាន​កើត​ឡើង​ក្នុង​អំឡុង​ពេល​បោះឆ្នោត។​

«យើង​បង្កើត​គណៈកម្មការ​នេះ​ឡើង​ដែល​មាន​សមាសភាព​ពី​គ្រប់​មជ្ឈដ្ឋាន​និង​ការ​បោះឆ្នោត​ហ្នឹង​ឲ្យ​គាត់​មក​ជួយ​ពិនិត្យ​មើល​ស្រាវ​ជ្រាវ​ភាព​មិន​ប្រក្រតី​ដើម្បី​វាយ​តម្លៃ​ទំហំ​នៃ​ផល​ប៉ះ​ពាល់​ហើយ​យើង​រក​វិធាន​ការ​ដោះស្រាយ​ដោយ​សន្តិ​វិធី»។

មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​មិន​អាច​ទាក់ទង​ដើម្បី​សុំ​សេចក្តី​បញ្ជាក់​បាន​ទេ។ ក៏ប៉ុន្តែ ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន​ សែន ​នៅ​ថ្ងៃ​សុក្រ​នេះ បើ​គណៈកម្មាធិការជាតិ​រៀប​ចំការ​បោះឆ្នោត​ប្រើ​យន្តការ​ដែល​មាន​ស្រាប់ គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ចូល​រួម។

នៅ​ខេត្ត​កណ្តាល លោក​ហ៊ុន សែន ​ដែល​បាន​បង្ហាញ​មុខជាសារធារណៈ​ជា​លើក​ទី​២​បាន​អះអាង​ថា គណបក្ស​ប្រជាជន​មិន​បាន​ស្នើ​ឲ្យ​បង្កើត​គណៈកម្មការ​ចម្រុះ​ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​អំពី​ភាព​មិន​ប្រក្រតី​នៃ​ការបោះឆ្នោតទេ។ ក៏​ប៉ុន្តែ​បើ​គ.ជ.ប ​ប្រើ​យន្តការ​ដែល​មាន​ស្រាប់​លោក​នឹង​ស្វាគមន៍។​

«បើ​បើក​ទូលាយ​បែប​នេះ​ខ្ញុំ​នឹង​ស្វាគមន៏​គាំទ្រ​ហើយ​គណបក្ស​ប្រជាជន​នឹង​ចូល​រួម​ដែរ។​អញ្ចឹង​បាន​សេចក្តី​ថា​ យើង​មិន​បាន​ទៅ​បង្កើត​គណៈកម្មការ​មួយ​ថ្មីទេ​។​ ពីព្រោះច្បាប់​បាន​ចែង​អោយ​គ.ជ.ប ​ដោះស្រាយ​បញ្ហាហ្នឹង​»។​

លោក​ ទេព នីថា​ អគ្គលេខាធិការ​នៃ​គ.ជ.ប​ បាន​និយាយ​ថា លោក​បាន​ទទួល​លិខិត​ពី​គណបក្ស​ប្រជាជន​កម្ពុជា​និងពី​គណបក្ស​សង្គ្រោះជាតិ​រួច​ហើយ​ស្តី​ពី​ការ​ស្នើសុំ​ឲ្យ ​បង្កើត​គណៈកម្មការ​ចំរុះ​ ដើម្បី​ស្រាវ​ជ្រាវ​ភាព​មិន​ប្រក្រតី​ក្នុង​អំឡុង​ពេល​បោះឆ្នោត។​

«គ.ជ.ប ​បាន​ទទួល​លិខិត​ពីគណបក្ស​ប្រជាជនកម្ពុជា​និង​គណបក្ស​សង្គ្រោះជាតិ​ដែល​ទាក់​ទង​អំពី​ការ​បង្កើត​គណៈកម្មការ​ចម្រុះ​ហើយ​គ.ជ.ប ​បាន​សម្រេច​មុន​នេះ​បន្តិច​នឹង​អញ្ជើញ​តំណាង​គណបក្ស​ទាំង​ពីរ​មក​ជួប​ប្រជុំ​ជាមួយ​គ.ជ.ប ​នៅ​ថ្ងៃ​ស្អែក»។

លោក​ទេព នីថា បាន​បញ្ជាក់​ថា នៅថ្ងៃសៅរ៍​ស្អែក​នេះយើង​នឹង​អញ្ជើញ​ភាគី​គណបក្ស​និមួយៗ​ឲ្យជ្រើសរើសតំណាងរបស់​ខ្លួន​ម្នាក់ៗ​មក​ចូល​រួម​ដើម្បី​ប្រជុំ​ជាមួយ​នឹង​គ.ជ.ប​ មុន​នឹង​ឈាន​ដល់​បង្កើត​គណៈកម្មការ​ចម្រុះ៕
XS
SM
MD
LG