ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក សម រង្ស៊ី ប្រកាស​សម្របសម្រួល​ជម្លោះ​ផ្ទៃ​ក្នុង​បក្ស ដែល​រួមរឹត​ដោយ​ការវាយ​ប្រហារគ្នា


រូបឯកសារ៖ មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​បាន​និរទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស លោក សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​ខាង​ក្រៅ​វិមាន​សភា​ម៉ាឡេស៊ី ទីក្រុង​គូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។
រូបឯកសារ៖ មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​បាន​និរទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស លោក សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​ខាង​ក្រៅ​វិមាន​សភា​ម៉ាឡេស៊ី ទីក្រុង​គូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។

ក្នុង​ដំណើរ​ទស្សន​កិច្ច​នៅ​សហរដ្ឋអាមេរិក លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​សង្រ្គោះ​ជាតិ បាន​ថ្លែង​ថា​ លោក​នឹង​សម្រប​សម្រួល​ជម្លោះ​ផ្ទៃ​ក្នុង​របស់​គណបក្ស​ដែល​កើត​ឡើង​ពី​ការ​វាយ​ប្រហារ​ពាក្យ​សម្តី​ដាក់​គ្នា​រវាង​មន្រ្តី​គណ​បក្ស។

លោក សម រង្ស៊ី មិន​បាន​បញ្ចេញ​ឈ្មោះ​មន្រ្តី​ដែល​ប៉ះ​ពាក្យ​សម្តី​គ្នា​នោះ​ទេ ប៉ុន្តែ​កន្លង​ទៅ គេ​សង្កេត​ឃើញ​មន្រ្តី​ដែល​និយម​លោក សម រង្ស៊ី និងមន្រ្តី​ដែល​និយម​លោក កឹម សុខា បាន​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​គ្រា​ដែល​គណបក្ស​ប្រឆាំង​មួយ​នេះ​ បាន​បាត់​បង់​សិទ្ធិ​នយោបាយ​កម្ពុជា ក្រោយ​ការ​រំលាយ​ចោល​ដោយ​តុលាការ​កំពូល​កាល​ពី​ឆ្នាំ​២០១៧។

ថ្លែង​ទៅ​កាន់​មន្រ្តី​គណបក្ស​នៅ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា លោក សម​ រង្ស៊ី ដែល​កំពុង​និរ​ទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស និង​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនា​គារ​២៥​ឆ្នាំ បាន​អះអាង​ថា​ លោក​នឹង​ខិត​ខំ​សម្រួល​បញ្ហា​ថ្នាំង​ថ្នាក់ ការ​អាក់​អន់​ចិត្ត ការ​ប៉ះ​ទង្គិច​គ្នា និង​ការ​គុំ​គួន​នានា។ លោក​ចាត់​ទុក​ថា ​ការ​យករឿង«កំប៉ិក​កំប៉ុក»​នេះ ធ្វើ​ឲ្យ​ប៉ះ​ពាល់​គោល​ជំហរ​រួម​នៃ​ការ​ទទួល​ខុស​ត្រូវ​ចំពោះប្រទេស​កម្ពុជា។

ក្នុង​វីដេអូ​មួយដែល​បង្ហោះ​នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក អេង ឆៃអ៊ាង អតីត​អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ លោក សម រង្ស៊ី បាន​ថ្លែង​ថា៖ «ខ្ញុំ​នឹង​ខិត​ខំ​សម្រួល​[បញ្ហា​ថ្នាំង​ថ្នាក់] ប៉ុន្តែ​បង​ប្អូន​សាមីខ្លួន​ម្នាក់​ៗ​ត្រូវ​យល់ គឺ​យល់​ពី​តួនាទី​របស់​ខ្លួន​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ចំពោះ​ប្រទេស​ជាតិ​ចំពោះ​ប្រវត្តិ​សាស្រ្ត។ បើ​យើង​យក​រឿង​បុគ្គល​ រឿង​កំប៉ិក​កំប៉ុក​មក​បាំង​មុខ​យើង យើង​អត់​មាន​ស្មារតី​ទទួល​ខុស​ត្រូវ​ទេ​បង​ប្អូន»។

លោក សម រង្ស៊ី បន្តថា៖ «យើង​ត្រូវ​ដាក់​បញ្ហា​ជាតិ​ផល​ប្រយោ​ជន៍​ជាតិ​ជា​ធំ។ បញ្ហា​ជាតិ ​[និង​]ផល​ប្រយោ​ជន៍​ជាតិ​ ជា​គោល​ជំហរ​របស់​យើង​ កុំ​យក​រឿង​បុគ្គល​យក​មក​និយាយ​ ខ្ញុំ​អត់​ត្រូវ​ការ​រឿង​បុ​គ្គលទេ​។ ខ្ញុំ​ត្រូវ​ការ​ឲ្យ​អ្នក​ស្នេហា​ជាតិ​ទាំង​អស់​មាន​ជំហរ​ ស្នេហា​ជាតិ​ដូច​គ្នា។

លោក សម រង្ស៊ី ក៏​បាន​អំពាវ​នាវ​ទៅ​ដល់​ប្រជា​ពល​រដ្ឋ​ និង​អ្នក​គាំទ្រ​របស់​ខ្លួន​ ឲ្យ​ងាក​មក​បង្រួប​បង្រួម​គ្នា ដើម្បី​ជំរុញ​ដំណើរ​ការ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា។

គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ការ​បញ្ចូល​គ្នា​រវាង​គណបក្ស​សម រង្ស៊ី ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស ដែល​ដឹកនាំ​ដោយ​លោក កឹម សុខា កាល​ពី​ឆ្នាំ​២០១២។ ការ​បញ្ចូល​គ្នា​នេះ ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ កើន​ឡើងនូវការគាំទ្រ និង​ឈ្នះ​បាន​អាសនៈ​សភា​បន្ថែម ប្រកៀក​ប្រកិត​នឹង​គណបក្ស​ប្រជាជន​កម្ពុជា។

ប៉ុន្តែ​ក្នុង​រយៈ​ពេល​ជិត​៤​ឆ្នាំ ក្រោយ​ការ​រំលាយ​គណ​បក្ស​សង្រ្គោះ​ជាតិ និង​ការ​ចាប់​ខ្លួន លោក កឹម សុខា ទំនាស់​ពាក្យ​សម្តី​ផ្ទៃ​ក្នុង​របស់​គណបក្ស​ប្រឆាំង ​ក៏​បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់ រហូត​ដល់​មាន​ការ​ទស្សន៍​ទាយ​អំពី​«ការ​បែក​បាក់គ្នា»​រវាង​មេដឹកនាំ​បក្ស​ប្រឆាំង​ទាំង​ពីរ​រូប​ទៅ​ថ្ងៃ​អនាគត។

លោក មុត ចន្ថា ​ជា​មនុស្ស​ជំនិត​របស់​លោក​កឹម សុខា តែង​តែ​រិះ​គន់​លោក សម រង្ស៊ី និង​មន្រ្តី​ដែល​និយម​លោក សម រង្ស៊ី ដោយ​ផ្ទាល់។ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា លោក មុត ចន្ថា ដែល​បាន​ទទួល​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ក្រោយ​ការ​ស្នើ​សុំ បាន​សរសេរ​សារលើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​របស់​លោក​ថា​ ការ​អះអាង​ថា ​«សម រង្ស៉ី និង កឹម សុខា ជា​មនុស្ស​តែ​មួយ» ជា​«សម្តី​ផ្លែល្វា​ដើម្បី​បញ្ឆោត​និង​បំភ័ន្ត​មហាជន»។

ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ លោក គង់ មុនីកា ដែល​ជា​អតីត​មន្រ្តី​គណបក្ស​សង្រ្គោះ​ជាតិ​មួយ​រូប បាន​ប្រាប់​វីអូ​អេ​តាម​រយៈ​តេឡេ​ក្រាម​ថា​៖ «ខ្ញុំ​យល់​ថា ​ទាំង​អតីត ​CNRP ​ទាំង​លោក សម ​រង្ស៊ី​ លែង​ស្ថិត​នៅ​ក្នុង​ក្រប​ខណ្ឌ​នយោ​បាយ​កម្ពុជា​ទាំង​ស្រុង​ទៅ​ហើយ​។ អ្វី​ដែល​បាន​លើក​ឡើង​ថា ​កុំ​យក​បញ្ហា​បុគ្គល​មក​បាំង​មុខ​នោះ ​វា​ជា​រឿង​ក្នុង​ជួរ​អ្នក​ដែល​ធ្លាប់​រួម​សកម្ម​ភាព​ជាមួយគ្នា កន្លង​មក​មាន​ការ​វាយ​ប្រហារ​គ្នា ហើយ​លើក​យក​បញ្ហា​បុគ្គល​រវាង​គ្នា ដែល​ជាក់​ស្តែង​មាន​អ្នក[ខាង]​សម រង្ស៊ី​ និយម​ អ្នក​[ខាង]​កឹម សុខា និយម ​បាន​ទៅ​បង្កើត​គណ​បក្ស​ថ្មី​ និង​ខ្លះ​មាន​គម្រោង​ចូល​រួម​ជីវភាព​នយោ​បាយ​ជាមួយ​គណ​បក្ស​ប្រជាជន​ជាដើម»។

លោក​បណ្ឌិត ​សេង សារី អ្នក​សិក្សា​ស្រាវ​ជ្រាវ​សង្គម​ឯករាជ្យ បាន​ប្រាប់​វីអូអេ​ថា ​ការ​ថ្លែង​របស់​លោក សម​ រង្ស៊ី​នៅ​សហរដ្ឋអាមេរិក ជា​សម្តី​ដែល​បង្ហាញ​ពី​ការ​លើក​ទឹក​ចិត្ត ការ​ពង្រឹង​គោល​ជំហរ​ក្នុង​ការ​តស៊ូ​នយោ​បាយ ច្រើន​ជាង​បង្ហាញ​ពី​ការ​បែក​បាក់​ផ្ទៃ​ក្នុង​របស់​បក្ស។ លោក​បន្ត​ថា ​ទោះ​បី​មិន​មាន​ការ​បែក​បាក់​ទ្រង់​ទ្រាយ​ធំ​ក៏​ដោយ ប៉ុន្តែ​ការ​ពង្រឹង​នូវ​វិន័យ​ ការ​ពង្រឹង​នូវ​គោល​ជំហរ​ ការ​ដោះ​ស្រាយ​បញ្ហា​ផ្ទៃ​ក្នុង​ គឺ​កើត​ឡើង​ជា​ប្រចាំ​នៅ​ក្នុង​ការ​គ្រប់​គ្រង។

លោក​ថ្លែង​ថា៖ «ពេល​ខ្លះ​យើង​មើល​ឃើញ​ថា វា​មាន​ភាព​មិន​ចុះ​សម្រុង​[គ្នា]មួយ​ចំនួន​ ប៉ុន្តែ​បើ​មើល​ទិដ្ឋ​ភាព​ជារួម យើង​ឃើញ​ថា​ កម្លាំង​នយោ​បាយ​របស់​លោក សម​ រង្ស៊ី ជាពិសេស​អ្នក​គាំ​ទ្រ​លោក សម រង្ស៊ី ហើយ​មន្ត្រី​ភាគ​ច្រើន​ជាង​៩០​%​ មិន​ទាន់​បង្ហាញ​ពី​សញ្ញាណ​បែក​បាក់​ណា​មួយ​ទេ»។

អ្នកវិភាគ​នយោបាយ លោក​បណ្ឌិត​ មាស នី ថ្លែង​ថា​ បើ​ទោះអ្នក​នយោបាយ​ខំ​ប្រកែក​ថា មិន​មា​ន​ការ​បែក​បាក់​ផ្ទៃ​ក្នុង​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​ទិដ្ឋ​ភាព​ពិត គឺ​មនុស្ស​គ្រប់​គ្នា​បាន​ដឹង​រួច​ហើយ​អំពី​ការ​វាយ​ប្រហារ​គ្នា​ជា​បន្ត​បន្ទាប់​នេះ។ លោក​បន្ត​ថា​ ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី​ អាច​ជា​សារ​មួយ​ទៅ​លោក កឹ​ម សុខា និង​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ផង​ដែរ ដែល​ត្រូវ​តែ​យក​ពេល​ចរចា​គ្នា និង​កុំ​យក​រឿង​ផ្ទាល់​ខ្លួន​មក​តតាំង​ ដើម្បី​ធ្វើ​ឲ្យ​ខូច​ប្រយោ​ជន៍​ជាតិ។

លោក​ថ្លែង​ថា៖ «នេះ​ជា​ការ​បង្ហាញ​មួយ​ដែល​ខ្មែរ​យើង​[ភាគ​]ច្រើន​នាំ​គ្នា​រិះ​គន់​ថា​បច្ចុប្បន្ន​នេះ អ្នក​នយោ​បាយ​ខ្មែរ​យើង​ ដូច​ជា​យក​អត្ត​ចរិក​ផ្ទាល់​ខ្លួន​ មក​ត​តាំង​ជា​មួយ​គ្នា​ដែល​ពេល​ខ្លះ វា​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​ជាតិ[​របស់​យើង​]»។

អ្នក​វិភាគ​រូប​នេះ​បន្ត​ថា​ ទាំង​គណ​បក្ស​កាន់​អំណាច​ និង​គណ​បក្ស​សង្គ្រោះ​ជាតិ​ ឬ​គណ​បក្ស​ផ្សេង​ទៀត​ គួរ​តែ​ចំណាយ​ពេល​ចរចា​ដោះ​ស្រាយ​បញ្ហា​ផ្ទៃ​ក្នុង​ផ្ទាល់​ខ្លួន និង​ជជែក​គ្នារវាង​ខ្មែរ​និងខ្មែរ​ ជាជាង​ការ​ពឹងប្រទេស​ដទៃ៕

XS
SM
MD
LG