ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​សង្គ្រោះ​ជាតិ​រំឭក​ព្រឹត្តិការណ៍​ថ្ងៃ​៥-៦​កក្កដា និង​អំពើ​ហិង្សា​ផ្សេងៗ​កន្លង​មក


រូបឯកសារ៖ ទិដ្ឋភាព​ផ្សែង​​ឆេះ​​​ដំណាក់​​ព្រះអង្គម្ចាស់​​នរោត្តម​រណឫទ្ធិ​​ ក្នុង​​​​ព្រឹត្តិការណ៍​ថ្ងៃ​៥-៦​កក្កដា ឆ្នាំ​១៩៩៧។
រូបឯកសារ៖ ទិដ្ឋភាព​ផ្សែង​​ឆេះ​​​ដំណាក់​​ព្រះអង្គម្ចាស់​​នរោត្តម​រណឫទ្ធិ​​ ក្នុង​​​​ព្រឹត្តិការណ៍​ថ្ងៃ​៥-៦​កក្កដា ឆ្នាំ​១៩៩៧។

សេចក្តី​ថ្លែង​ការណ៍​គណបក្ស​សង្គ្រោះជាតិ​បន្តថា ​ រដ្ឋប្រហារ​ថ្ងៃ​៥-៦​ខែ​កក្កដាកាលពី២៣​ឆ្នាំមុន​​បន្ត​ដោយ​អំពើ​ហិង្សា​ ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​និង​និទណ្ឌភាព​ និង​ឈាន​ដល់​ការ​រំលាយ​ទាំង​ស្រុង​នូវ​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​រហូត​ដល់​បច្ចុប្បន្ន។

នៅខួប​២៣​ឆ្នាំ​នៃ​អំពើ​ហិង្សា​ថ្ងៃ​៥-៦​ខែ​កក្កដា​ ​គណបក្ស​សង្គ្រោះជាតិ​ចេញ​សេចក្តី​ថ្លែង​ការណ៍​ថា​ «រដ្ឋប្រហារ» រយៈពេល​ពីរថ្ងៃ​នោះ​ បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​រាប់​រយ​នាក់​ត្រូវ«សម្លាប់​យ៉ាង​អយុត្តិធម៌​ក្រៅ​ប្រព័ន្ធ​តុលាការ»។​

សេចក្តី​ថ្លែង​ការណ៍​ចុះ​ថ្ងៃ​៦​ក្កដា​នេះ​និយាយ​ទៀត​ថា៖​ «រដ្ឋ​ប្រហារ​នេះ​បង្កឡើង​ដោយ​ក្រុម​លោក​ ហ៊ុន សែន ​ក្នុង​ការ​ដណ្តើម​អំណាច​មុន​ការ​បោះឆ្នោតឆ្នាំ​១៩៩៨»​ និង​ជា​សោកនាដ​កម្ម​មិន​អាច​បំភ្លេច​បាន។ ប៉ុន្តែ​រដ្ឋាភិបាល​ និង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ធ្លាប់​បាន​អះអាង​ថា ​នោះ​ជា​«ព្រឹត្តិ​ការណ៍​ផ្ទុះ​អាវុធ​បង្ក្រាប​ក្រុម​ប្រដាប់​អាវុធ​អនាធិបតេយ្យ»។​

ព្រឹត្តិ​ការណ៍​ផ្ទុះ​អាវុធ​នេះ​ បាន​បណ្តេញ​ព្រះ​អង្គម្ចាស់​នរោត្តម​រណឫទ្ធិ ចេញ​ពី​តំណែង​សហនាយក​រដ្ឋមន្ត្រីទី១​ ជា​ប្រធាន​គណបក្ស​រាជានិយម​ហ៊្វុនស៊ីនប៉ិច ​ដែល​បាន​ឈ្នះ​ក្នុង​ការ​បោះឆ្នោត​រៀបចំ​ដោយ​អ.ស.ប.​ស្រម​តាម​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​ចុះ​ហត្ថលេខា​កាលពី​ឆ្នាំ​១៩៩១ ​ដោយ​ភាគី​ជម្លោះ​ទាំងអស់​នៅ​កម្ពុជា​ និង​ប្រទេស​ហត្ថលេខី​ចំនួន​១៨​ទៀត។​

សេចក្តី​ថ្លែង​ការណ៍​នេះ​បន្តថា ​ រដ្ឋប្រហារ​នេះ​បន្ត​ដោយ​អំពើ​ហិង្សា​ ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​និង​និទណ្ឌភាព​ និង​ឈាន​ដល់​ការ​រំលាយ​ទាំង​ស្រុង​នូវ​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​រហូត​ដល់​បច្ចុប្បន្ន។ សេចក្តី​ថ្លែង​ការណ៍​នេះ​ បាន​រំឭក​ដល់​ការ​សម្លាប់​លោក​ កែម ឡី ​ លោក​ ជា​ វិជ្ជា ​លោក ​ឈុត ​វុទ្ធី អ្នកស្រី​ពិសិដ្ឋ ​ពីលីកា ​ព្រះតេជ​ព្រះគុណ សំ ប៊ុន​ធឿន​ និង​ជន​រង​គ្រោះ​នៃ​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​ផ្សេងៗ​ទៀត ហើយ​ «គណបក្ស​សង្គ្រោះជាតិ​មិន​ដែល​ភ្លេច​ឡើយ​នូវ​សោកនាដ្ឋ​កម្ម​ដ៏​ឃោឃៅ​នេះ»។​

វីអូអេ​មិនអាច​បញ្ជាក់​បាន​ថា ​ តើ​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ភាគី​ជម្លោះដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​អំណាច​ក្នុង​ព្រឹត្តិ​ការណ៍​ថ្ងៃ​៥-៦​ខែ​កក្កដា​កាល​ពី​២៣​ឆ្នាំ​មុន​នោះ ​ចេញ​សេចក្តី​ថ្លែង​ការណ៍​ ឬ​ ធ្វើ​ពិធី​រំឭក​សោកនាដកម្ម​នេះ ​ឬ យ៉ាង​ណា​ទេ៕

XS
SM
MD
LG