លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិបានបញ្ជាក់ប្រាប់ដល់មន្ត្រី គណបក្សកាលពីថ្ងៃសៅរ៍ថាលោកនឹងត្រូវតែវិលត្រឡប់ទៅ ប្រទេសកម្ពុជាវិញនៅក្នុងឆ្នាំ២០១៩នេះបើទោះបីជារងការគំរាមកំហែងយ៉ាងណាក៏ដោយ។
លោកសម រង្ស៊ីបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថាការប្តេជ្ញាចិត្តវិលត្រឡប់ទៅវិញនេះគឺដើម្បីរួមគ្នាជាមួយនឹងអ្នកនយោបាយគ្រប់និន្នាការនយោបាយជួយសង្គ្រោះប្រទេសកម្ពុជាកុំឱ្យរងគ្រោះក្លាយជាកម្មសិទ្ធិឯកជនរបស់បុគ្គលម្នាក់និងក្រុមគ្រួសារមួយដែលលោកនិយាយយោងដល់ក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ហើយក៏ដើម្បីជួយកុំឱ្យប្រទេសកម្ពុជារងសម្ពាធពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចអន្តរជាតិដែលនឹងប៉ះពាល់ដល់ពលរដ្ឋកម្ពុជាជិតមួយលាននាក់ផងដែរ។
ថ្នាក់ដឹកនាំនិងមន្ត្រីគណបក្សសង្គ្រោះជាតិបានជួបប្រជុំគ្នាកាលពីថ្ងៃទី១៥និង១៦ខែមីនានេះនៅទីក្រុងឡូវែល រដ្ឋម៉ាស្សាឈូសិត ក្រោមការដឹកនាំ របស់លោក សម រង្ស៊ីដើម្បីកំណត់យុទ្ធសាស្រ្តនយោបាយនិងវាយតម្លៃស្ថានការណ៍នយោបាយកម្ពុជានាពេលបច្ចុប្បន្នពីខាងក្រៅប្រទេសដោយសារតែគណបក្សនេះមិនអាចធ្វើសកម្មភាពក្នុងប្រទេសកម្ពុជាបានឡើយក្រោយពីត្រូវតុលាការកំពូលរំលាយកាលពីចុងឆ្នាំ២០១៧និងហាមឃាត់មន្ត្រីចំនួន១១៨នាក់មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមគណបក្សសង្គ្រោះជាតិបានចាត់ទុកថាស្ថានភាពនៃប្រទេសកម្ពុជាកំពុងតែឈានទៅជួប«គ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ» ដោយសារតែវា«បានក្លាយជាកម្មសិទ្ធិឯកជនរបស់បុគ្គលម្នាក់និងក្រុមគ្រួសារមួយហើយបុគ្គលនិងក្រុមគ្រួសារនោះបាននិងកំពុងពុះច្រៀកប្រទេសកម្ពុជាយកទៅលក់ជាដុំៗឱ្យទៅបរទេស»។
គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនមិនទាន់មានប្រតិកម្មយ៉ាងណាពីការចោទប្រកាន់នេះទេ ប៉ុន្តែកាលពីសប្តាហ៍មុនលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានប្រកាសជាសាធារណៈថាលោកនិងមន្ត្រីរបស់លោកនឹងមិនឆ្លើយឆ្លើយជាមួយនឹងក្រុមអតីតគណបក្សប្រឆាំងនេះទៀតទេ។
លោកសម រង្ស៊ីនឹងបន្តទៅជួបជាមួយនឹងអ្នកគាំទ្រនៅរដ្ឋ Pennsylvania និងរដ្ឋ New Jersey ទៀតនៅយប់ថ្ងៃអាទិត្យនេះដើម្បីពិភាក្សាពីការធ្វើមាតុភូមិនិវត្តន៍របស់លោក។ នេះបើតាមកម្មវិធី ដែលបានចែកផ្សាយជាសាធារណៈ។
សហគមន៍ អន្តរជាតិដែលនាំមុខដោយសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកកំពុងតែដំណើរការការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រទេសកម្ពុជាបើសិនជាមិនដោះលែងលោកកឹម សុខា ប្រធានគណបក្សនិងអនុញ្ញាតឱ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញទេ។
រហូតមកដល់ពេលនេះមានមន្ត្រីអតីតគណបក្សប្រឆាំងនេះចំនួន៤នាក់ដែលតុលាការហាមឃាត់បានសុំសិទ្ធិធ្វើនយោបាយឡើងវិញ ក្នុងនោះមានលោកគង់ គាំ លោកគង់ បូរ៉ា និងលោករៀល ខេមរិន្ទជាដើម៕