ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណបក្ស​ធំៗ​ទាំងពីរ​គ្រោង​ជួបគ្នា​ជាថ្មី​នៅ​សប្តាហ៍​ក្រោយ

  • នៅ វណ្ណារិន

លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន​ និង​លោក​សម​ រង្សី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ចាប់​ដៃ​គ្នា​នៅ​មុខ​​រដ្ឋសភាជាតិ​ បន្ទាប់​ពី​ការ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​៩​ ខែ​មេសា​ ឆ្នាំ​២០១៥។​​ (នូវ​ ពៅ​លក្ខិណា/VOA)

គណ​បក្ស​ធំៗ​ទាំង​ពីរ​ដែល​មាន​កៅ​អី​ក្នុង​រដ្ឋសភា​គ្រោង​នឹង​ណាត់​ជួប​គ្នា​នា​សប្តាហ៍​ខាង​មុខ ក្រោយ​ពេល​ដែល​មាន​អរិយ​ភាព​នយោបាយ​នឹងគ្នា​ឡើង​វិញ​នា​ពេល​កន្លង​មក។

គណ​បក្ស​ធំៗ​ទាំង​ពីរ​ដែល​មាន​កៅ​អី​ក្នុង​រដ្ឋសភា​គ្រោង​នឹង​ណាត់​ជួប​គ្នា​នា​សប្តាហ៍​ខាង​មុខ ក្រោយ​ពេល​ដែល​មាន​អរិយ​ភាព​នយោបាយ​នឹងគ្នា​ឡើង​វិញ​នា​ពេល​កន្លង​មក។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​តំណាងរាស្ត្រ​នៃ​គណបក្ស​ទាំង​ពីរ។​

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​ គណបក្ស​ជំទាស់​ ដែល​មាន​សំឡេង​ភាគ​តិច​ក្នុង​រដ្ឋសភា និង​គណបក្ស​កាន់​អំណាច​របស់​លោក​នាយ​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​ថា​ នឹង​ជួប​គ្នា​ជា​ថ្មី​ទៀត ​ខណៈ​ពេល​ដែល​លោក ​សម រង្ស៊ី​ ចូលរួម​បុណ្យ​សព​១០០ថ្ងៃ​របស់​លោក​ ជា ស៊ីម ​អតីត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។​

លោក​សុខ ឦសាន​ អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​ បាន​ឲ្យដឹង​ថា​ លោក​ សម រង្ស៊ី​ និង​លោក​ ស ខេង​ បាន​ឯកភាព​ថា​នឹង​ជួប​គ្នា​នា​សប្តាហ៍​ខាង​មុខ​ ដើម្បី​ជជែក​បន្ថែម​លើ​ជំហរ​របស់​គណបក្ស​ទាំង​ពីរ​ ក្រោយ​ពី​ជំនួប​ខ្លី​មួយ​ក្នុង​ពេល​បុណ្យ​សព​១០០ថ្ងៃ​របស់​លោក​ ជា ស៊ីម​ នោះ។

«បាទ! ​ប្រហែល​១៥​នាទី​ទៅ​២០​នាទី​ ព្រោះ​គាត់​ទៅ​សួរ​សុខ​ទុក្ខ​បុណ្យ​សម្តេច ​ជា ស៊ីម​ ដែរ។​ គ្រាន់​តែ​សុំ​ជួប​ ដើម្បី​ជួប​ពិភាក្សា​គ្នា​តែ​ប៉ុណ្ណឹង​ ហើយសមេ្តច​ ស ខេង​ គាត់​ឆ្លើយ​ថា​ជួប​គ្នា​នៅ​សប្តាហ៍​ក្រោយ ​ព្រោះ​ថា​លោក​រវល់​បុណ្យ​១០០​ថ្ងៃ​សម្តេច ​ជា ស៊ីម​ បាទ»។​

ស្រប​គ្នា​នោះ​ដែរ​លោក​ យឹម សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះជាតិ​បាន​ឲ្យ​ដឹង​ពី​ការ​ណាត់​ជួប​នេះ ក៏​ប៉ុន្តែ​មិនទាន់​មាន​ការ​កំណត់​ពេល​វេលា​ និង​ប្រធាន​បទ​ច្បាស់​លាស់​នោះ​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ​លោក​បញ្ជាក់​ថា​ គោល​ការណ៍​របស់​គណបក្ស​សង្គ្រោះជាតិ​គឺ​ផ្តោត​លើ​ការងារ​មួយ​ចំនួន​នៅ​ចំពោះ​មុខ រួម​មាន​ការ​ធ្វើ​ឲ្យ​ស្ថាន​ភាព​នយោ​បាយ​ពេល​បច្ចុប្បន្ន​ប្រសើរឡើង និង​ការ​ដោះ​លែង​សកម្មជន​របស់​គណបក្ស​សង្គ្រោះជាតិ​ចេញ​ពី​ការ​ឃុំឃាំង​ជា​ដើម។​

«បញ្ហា​ជា​ច្រើន​ដែល​យើង​ត្រូវ​ដោះ​ស្រាយនេះ​ យើង​សំឡឹង​មើល​ទៅ​សកម្មជន​គណបក្ស​មួយ​ចំនួន ដែល​កំពុង​ជាប់​ឃុំ​ រួម​ទាំង​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស សម រង្ស៊ី​ ផង​ដែរ ​បាទ!​ យើង​មាន​ការ​ជជែក​អំពីវិ​សោធនកម្ម​ច្បាប់​បោះ​ឆ្នោត​ថ្មី​ ក៏​ដូច​ជា​បទ​បញ្ជា​ផ្ទៃក្នុង​របស់​រដ្ឋសភា។​ ដរាប​ណា សកម្មជន​របស់​យើង​នៅ​ក្នុង​ពន្ធនាគា​ ដរាប​នោះ​យើង​មាន​ក្តី​បារម្ភ​ ហើយ​យើង​ជំរុញ​ឲ្យ​មាន​បរិយាកាស​នយោបាយប្រសើរ​ជាង​នេះ»។​

កាល​ពី​ពេល​ថ្មីៗ​នេះ​ នយោបាយ​នៃ​ប្រទេស​កម្ពុជា​បាន​ឡើង​កម្តៅ​សារ​ជា​ថ្មី បន្ទាប់​ពី​សកម្មជន​ព្រំដែន​ដែល​ដឹក​នាំ​ដោយ​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​បង្គោល​ព្រំ​ដែន​នៅ​ខេត្ត​ស្វាយរៀង​ ហើយ​បាន​បញ្ជាក់​ពី​ការ​មន្ទិល​សង្ស័យ​លើ​រដ្ឋាភិបាល​ ក្នុង​ការ​ប្រើប្រាស់​ផែនទី​ដើម្បី​បោះ​បង្គោល​ព្រំ​ដែន​ជាមួយ​ប្រទេស​វៀតណាម​នោះ។

យ៉ាង​ហោចណាស់​មាន​សកម្មជន និង​មន្ត្រី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជាង១០រូប​ ត្រូវ​បាន​ចាប់​ឃុំខ្លួន​ជា​បន្ត​បន្ទាប់​ ក្នុង​រយៈពេល​ប៉ុន្មានខែចុ​ង​ក្រោយនេះ។ ក្នុងនោះ​ក៏​មាន​លោក​ ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​ សម រង្ស៊ី​ ដែល​មាន​សញ្ជាតិ​បារាំង​ផង​ដែរ។ តុលាការ​ក្រុង​ភ្នំពេញ​បាន​ចោទ​លោក​ពី​បទ«ក្លែង​បន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​ក្លែង​ក្លាយ​និង​ញុះញង់»​ ក្រោយពី​លោក​បាន​បង្ហោះ​កិច្ច​ព្រម​ព្រៀង​នាឆ្នាំ​១៩៧៩ទៅលើទំព័រ​ហ្វេសប៊ុក ដែលក្នុងនោះ​លោក​និយាយ​ថា កម្ពុជា​បាន​បាត់បង់​ទឹកដី​ទៅ​វៀតណាម​ច្រើន​ជាង​វៀតណាម​បាត់បង់​ទឹកដី​មក​កម្ពុជា។​

គណបក្ស​កាន់​អំណាច​របស់​លោក​នាយ​រដ្ឋមន្ត្រី ហ៊ុន សែន​ បាន​ស្វះ​ស្វែង​ខ្ចី​ផែនទី និង​ធ្វើ​ការ​ផ្ទាត់​ផែន​ទី​ពី​ប្រទេស​បារាំង និង​អង្គការ​សហ​ប្រជាជាតិ ដើម្បី​បញ្ជាក់​ថា ខ្លួន​ប្រើ​ផែនទី​ត្រឹមត្រូវ។​

កាល​ពីថ្ងៃ​សៅរ៍​កន្លង​ទៅ​ លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បង្ហោះ​សារ​នយោ​បាយ​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក​ទាក់​ទង​នឹង​បញ្ហា​ព្រំដែន។ លោកសរសេរ​ថា លោក​មិន​ចោទ​ប្រកាន់បុ​គ្គល​ណា ឬ​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ ហើយ​ក៏​មិន​ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ពី​បុគ្គល​ណា ឬ​គណបក្ស​នយោបាយ​ណា​មួយ​ដែរ។

លោក​ អ៊ូ វីរៈ នាយក​វេទិកា​អនាគត​ដែល​ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​គោល​នយោបាយ​ក្នុងស្រុក​មួយ បាន​បញ្ជាក់​ថា ​ជំនួប​រវាង​គណបក្ស​ធំៗ​ទាំង​ពីរ​នា​សប្តាហ៍​ខាង​មុខ​នេះ​ គឺគ្រាន់តែ​ជា​ការ​ផ្សាំ​ និង​ការ​បន្ធូរ​បន្ថយ​អរិភាព​រវាង​គណបក្ស​ទាំងពីរ​ ដើម្បី​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ណា​មួយ​នោះ។​ ហើយ​ការ​ប្រកាស​របស់​លោក​ សម រង្ស៊ី ​ថា ​នឹង​ឈប់​និយាយ​រឿង​កិច្ចការ​ព្រំដែន​ និង​ការ​បោះ​បង្គោល​ព្រំដែន​គឺ​ជា​ជំហាន​ធំមួយ​ ដែល​នាំ​ឲ្យ​គណបក្ស​ទាំង​ពីរ​វិល​មក​រក​តុ​ចរចា។

«នេះ​ជា​សញ្ញា​មួយ​ថា​ ជា​ការ​ផ្សះផ្សារ​នៃ​វប្បធម៌​សន្ទនា ហើយ​វា​អាច​ឈាន​ទៅ​ដល់​បញ្ហា​អី​ធំៗ​មួយ​ចំនួន​ផ្សេង​ទៀត​ ដូច​ជា​ការ​ដោះ​លែង​សកម្មជន បញ្ហា​កំណែ​ទម្រង់​បទ​បញ្ជា​រដ្ឋសភា​អី​ជា​ដើម។ ប៉ុន្តែ​ខ្ញុំ​មើល​ទៅ​ការ​ជួបគ្នា​នា​សប្តាហ៍​ខាង​មុខ​នេះ​ គឺ​មិន​ឈាន​ដល់​ការ​ដោះ​ស្រាយ​បញ្ហា​ធំៗ​អ្វី​ទេ​ តែ​គ្រាន់​តែ​ជា​ការ​ផ្សាំៗ​ឡើង​វិញ​នោះ​ទេ​បាទ!»។

លោក​អ៊ូ វីរៈ​បាន​បន្ថែម​ថា៖

«គណបក្ស​ប្រជាជន​កម្ពុជា​គឺ​គាត់​ចង់​បានតែ​ប៉ុណ្ណឹង​ទេតើ!​ គឺ​ចង់បាន​ឲ្យ​គណ​បក្ស​សម រង្ស៊ី ​គណ​បក្ស​សង្គ្រោះជាតិ​ឈប់​លើក​ឡើង​បញ្ហា​ព្រំដែន​ ឈប់​យក​បញ្ហា​ព្រំដែន​ទៅ​ជា​បាតុ​កម្ម​ អឺ​ជាតិ​និយម។​ គាត់​ចង់​បាន​តែ​ប៉ុណ្ណឹង​ ហើយ​គាត់​ចង់​បាន​ឲ្យ​មាន​វប្បធម៌​សន្ទនា​ គឺ​ឈប់​ធ្វើ​ការ​រិះ​គន់​ខ្លាំងៗ។ អញ្ចឹង​គាត់​បាន​នូវ​អ្វី​ដែល​គាត់​ចង់​បាន​ហើយ​នាពេល​បច្ចុប្បន្ន​នេះ»។​

គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ធ្លាប់​មាន​អរិភាព​នឹង​គ្នា​នេះ​ ធ្លាប់​បាន​វិល​មក​តុ​ចរចា ​និង​បាន​បង្កើត​កិច្ច​ព្រមព្រៀង​នយោបាយ​ដែល​មាន​ឈ្មោះ​ថា​«វប្បធម៌​សន្ទនា»​ កាល​ពី​ដើម​ឆ្នាំ​កន្លង​ទៅ។ ក៏​ប៉ុន្តែ​កិច្ច​ព្រមព្រៀង ដែល​មាន​ភាព​ផុយស្រួយ​នេះ​បានជួប​ភាព​រកាំរកោះ ​បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ចាប់​ផ្តើម​លើក​ពីបញ្ហាព្រំដែន​ និង​ផែនទី៕

XS
SM
MD
LG