ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សារណា​បិទ​បញ្ចប់​នឹង​ធ្វើឡើង​ក្នុង​សំណុំ​រឿង​ប្រាក់​បំបិទ​មាត់​របស់​លោក Trump


អតីតប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន នៅ​តុលាការ​ព្រហ្មទណ្ឌ Manhattan នៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤។
អតីតប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន នៅ​តុលាការ​ព្រហ្មទណ្ឌ Manhattan នៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤។

សារណាបិទ​បញ្ចប់​គ្រោង​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​អង្គារ​នេះ​នៅក្នុង​សវនាការ​ព្រហ្មទណ្ឌ​របស់​លោក Donald Trump ក្នុង​ទីក្រុង New York លើ​សំណុំរឿង​លុយ​បំបិទ​មាត់។

នេះ​ជា​ឱកាស​ចុងក្រោយ​សម្រាប់​មេធាវី​របស់​លោក Trump ក្នុង​ការ​បញ្ចុះបញ្ចូល​គណៈវិនិច្ឆ័យ​តុលាការ​ដែល​មាន​សមាជិក ១២ នាក់​ថា​លោក Trump គ្មាន​ទោស​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ដែល​ថា​លោក​បាន​ព្យាយាម​ជះ​ឥទ្ធិពល​លើ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ឆ្នាំ ២០១៦ ស្រប​ពេល​ដែល​រដ្ឋអាជ្ញា​បង្ហាញ​ភ័ស្តុតាង​ប្រឆាំង​នឹង​លោក។

សារណាចុងក្រោយ​នៅក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​ដំបូង​បង្អស់​ចោទ​ប្រកាន់​បុគ្គល​ដែល​ធ្លាប់​ធ្វើ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នេះ​អាច​ចំណាយ​ពេល​ច្រើន​ម៉ោង​និង​ធ្វើឡើង​ក្រោយ​ពី​មាន​ការ​ផ្ដល់​សក្ខីកម្ម​រយៈពេល ៥ សប្ដាហ៍​កន្លង​មក។

ចៅក្រម​តុលាការ​កំពូល​រដ្ឋ New York លោក Juan Merchan ត្រូវគេ​រំពឹង​ថា​នឹង​ប្រាប់​គណៈវិនិច្ឆ័យ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ពុធ​ស្អែក​អំពី​បញ្ហា​ផ្លូវ​ច្បាប់​នានា​ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង​នេះ​មុន​ពេល​គណៈវិនិច្ឆ័យ​តុលាការ​ចាប់ដ្ដើម​ពិភាក្សា​គ្នា។

នៅក្រោម​ប្រព័ន្ធ​ច្បាប់​របស់​សហរដ្ឋ​អាមេរិក គណៈវិនិច្ឆ័យ​តុលាការ​ត្រូវតែ​សម្រេច​ជា​ឯកច្ឆន្ទ​ថាតើ​លោក Trump មាន​ទោស​ឬ​គ្មាន​ទោស។ ប្រសិនបើ​គណៈវិនិច្ឆ័យ​តុលាការ​មិន​ឯកភាព​គ្នា រដ្ឋអាជ្ញា​នឹង​សម្រេច​ថាតើ​ត្រូវ​បើក​សវនាការ​ឡើងវិញ​លើ​សំណុំរឿង​នេះ​ឬ​ក៏​អត់។

សម្រាប់​លោក Trump លទ្ធផល​នៃ​សវនាការ​នេះ​គឺ​សំខាន់​មិន​ត្រឹមតែ​សម្រាប់​សេរីភាព​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​ជោគ​វាសនា​នយោបាយ​របស់​លោក​ទៀតផង។ លោក​គឺ​ជា​បេក្ខជន​ប្រធានាធិបតី​សន្មតទុក​ខាង​គណបក្ស​សាធារណរដ្ឋ​ដែល​នឹង​ប្រជែង​ជាមួយ​នឹង​លោក​ប្រធានាធិបតី Joe Biden ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅក្នុង​ការ​បោះឆ្នោត​នៅ​ខែ​វិច្ឆិកា​ខាង​មុខ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG