ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ស្រី​ Clinton និង​លោក​ Sanders ប្រឈម​មុខ​គ្នា​ក្នុង​ការ​ប្រកួត​ប្រជែង​ពីររបស់​គណបក្ស


លោក​ស្រី Clinton ថត​រូប​សែល​ហ្វី​ជាមួយ​អ្នក​គាំទ្រ​ ក្រោយ​ពេល​ថ្លែង​នៅ​មុន​ពេល​បោះ​ឆ្នោត​បឋម​ នៅ​សាកលវិទ្យាល័យ​ Transylvania រដ្ឋ Kentucky កាល​ពី​ថ្ងៃទី១៦ ខែ​ឧសភា ឆ្នាំ២០១៦។

កាល​ពី​ថ្ងៃ​អង្គារ​ លោក​ស្រី​អតីត​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា. ​Hillary Clinton និង​លោក ​Bernie Sanders​ សមាជិក​ព្រឹទ្ធសភា​ស.រ.អា.​ប្រចាំ​រដ្ឋ​ Vermont ​ប្រកួត​ប្រជែង​គ្នា​នៅ​ក្នុងការ​បោះឆ្នោត​បឋម​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​រដ្ឋKentucky ​ដែល​ជា​រដ្ឋ​ផលិត​ធ្យូងថ្ម​និង​រដ្ឋ​ Oregon​ ដែល​នៅ​ជាប់​ឆ្នេរ​មហា​សមុទ្រ​ ប៉ាស៊ីហ្វិក។

ការ​ស្ទង់​មតិ​នៅ​មុន​ពេល​បោះ​ឆ្នោត​មាន​ភាព​មិន​គ្រប់​គ្រាន់​នៅ​ក្នុង​រដ្ឋ​ទាំង​ពីរនេះ​ទេ ​ដោយ​នាំ​ឱ្យ​ពួក​អ្នក​ធ្វើ​វិភាគ​និយាយ​ព្រាវៗ​អំពី​ ថា​តើលោក​ស្រី​ Clinton​ អាចប្រែ​ក្រឡាស់​ដំណើរ​ថយ​ក្រោយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ប្រឆាំង​នឹង​លោក​ Sanders ហើយ​ខិត​ទៅ​ជិត​ការ​ទទួល​ការ​តែង​តាំង​ជា​បេក្ខជន​ប្រធានាធិបតី​ស.រ.អា.​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ឬទេ។ លោកស្រី​ Clinton ​ដែល​ស្វះ​ស្វែង​ឱ្យ​ក្លាយ​ទៅ​ជា​ប្រធានាធិបតី​ស្ត្រីទី​មួយ​នៃ​ប្រទេស​អាមេរិក​ នាំ​មុខ​ច្រើន​គួរ​សម​លើ​លោក

Sanders​ នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ដណ្តើមប្រតិភូ​ឱ្យ​បាន​ច្រើន​ដាច់​ណាត់​នៅ​ក្នុង​មហា​សន្និបាត​ជាតិ​របស់​គណបក្ស​ប្រជាធិបតេយ្យ​ ដើម្បី​តែង​តាំង​បេក្ខជន​ប្រធានាធិបតី​នៅ​ក្នុង​ខែ​កក្កដា​ខាង​មុខ​នេះ។

លោក​ Sanders​ ដែល​ពណ៌នា​ខ្លួន​លោក​ថា​ជា​អ្នក​សង្គម​និយម​ប្រជាធិបតេយ្យ​ម្នាក់​ បាន​ទទួល​ស្គាល់​ថា​លោក​មាន​ឱកាស​តិច​តួច​ក្នុង​ការ​ឈ្នះ​លោក​ស្រី​ Clinton​ ដើម្បី​ទទួល​ការ​តែង​តាំង​ពី​គណក្ស។ ក៏​ប៉ុន្តែ​លោក​បាន​ឈ្នះ​លោក​ស្រី​ Clinton ​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ក្នុង​រដ្ឋ​១៩​ហើយ។​ ការ​ស្ទង់មតិ​នៅ​ទូទាំង​ប្រទេស​អាមេរិក​បង្ហាញ​ថា​ លោក​ Sanders ​មាន​ការ​គាំទ្រ​ច្រើន​ជាង​លោកស្រី​

Clinton​ ក្នុង​ការ​ប្រកួត​ប្រជែង​ប្រឆាំង​នឹង​លោក​ Donald Trump ​មហា​សេដ្ឋី​អចលន​ទ្រព្យ​មាន​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ ​ដែល​បាន​ត្រូវ​សន្មត​ថា​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ។ លោក ​Sanders​ បាន​សន្យា​ថា​នឹង​ឋិត​នៅ​ក្នុងការ​ប្រកួត​ប្រជែង​ប្រឆាំង​នឹង​លោកស្រី​ Clinton​ រហូត​ដល់​ការ​ប្រកួត​ប្រជែង​ក្នុង​រដ្ឋ​ចុង​ក្រោយ​បង្អស់​នៅ​ដើម​ខែ​មិថុនា​នេះ៕

XS
SM
MD
LG