ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គេ​រំពឹង​ថាលោក​ស្រី​ Clinton ​​​​នឹង​ក្តាប់​យក​បេក្ខភាព​​ប្រធានាធិបតី​ពី​គណបក្ស​ប្រជាធិបតេយ្យ​នៅថ្ងៃ​នេះ

  • Michael Bowman

ពលរដ្ឋ​នៅ​​ទឹក​ដី Puerto Rico បាន​ទៅ​បោះ​ឆ្នោត​បឋម​នៅ​សាលា​បឋម​សិក្សា​ Llorens Torres Elementary កាល​ពី​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ២០១៥។

នៅ​ថ្ងៃ​អង្គារ​នេះ​ គឺ​​​ជា​ថ្ងៃ​ដែល​អាច​ផ្តល់​ចម្លើយ​ដ៏​ជាក់​ច្បាស់​មួយ​ដែល​មនុស្ស​ជា​ច្រើន​បាន​​​រង់ចាំ​​​ពី​រដូវ​កាល​នៃ​ការ​ប្រកួត​ប្រជែង​បឋម​​ជ្រើស​រើស​បេក្ខភាព​ឈរ​ឈ្មោះ​ សម្រាប់​​ការ​បោះ​ឆ្នោត​ជ្រើសរើស​​ប្រធានាធិបតី​ឆ្នាំ​២០១៦​នេះ។

ក្នុង​ដំណើរការ​ប្រកួត​ប្រជែង​តំណែង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ការ​ប្រកួត​ប្រជែងបឋម​តាម​រដ្ឋ​នីមួយ​ៗ ​នឹង​បញ្ចប់​នៅ​ថ្ងៃ​អង្គារ​នេះ នៅ​រដ្ឋ​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​នោះ​គឺ រដ្ឋ​កាលីហ្វញ៉ា ដោយសារ​មាន​ចំនួន​ប្រតិភូ​ច្រើន​ជាង​គេ​បង្អស់។ ខណៈ​ពេល​ដែល​លោក​ស្រី​ Hillary Clinton ត្រូវគេ​រំពឹង​ថា​នឹង​ក្តាប់​យក​បេក្ខភាព​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​ពី​គណបក្ស​ប្រជាធិបតេយ្យ​ លោក​ Donald Trump ដែល​ជាបេក្ខជន​គេ​រំពឹង​ទុក​ពី​ខាង​គណបក្ស​សាធារណរដ្ឋ​នោះ​ នៅ​តែ​បន្ត​ទទួល​បាន​ការ​ចាប់​អារម្មណ៍​តាម​កញ្ចក់​ទូរទស្សន៍​នានា​ក្នុង​សហរដ្ឋអាមេរិក។

នៅ​ថ្ងៃ​អង្គារ​នេះ​ គឺ​ជា​ថ្ងៃ​ដែល​អាច​ផ្តល់​ចម្លើយ​ដ៏​ជាក់​ច្បាស់​មួយ​ដែល​មនុស្ស​ជា​ច្រើន​បាន​រង់ចាំ​ពី​រដូវ​កាល​នៃ​ការ​ប្រកួត​ប្រជែង​បឋមជ្រើស​រើស​បេក្ខភាព​ឈរ​ឈ្មោះ​ សម្រាប់ការ​បោះ​ឆ្នោត​ជ្រើសរើសប្រធានាធិបតី​ឆ្នាំ​២០១៦​នេះ។ ហើយ​សំណួរ​នោះ​គឺ​ថា​តើ​បេក្ខភាព​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​ពី​គណបក្ស​ប្រជាធិបតេយ្យ គឺ​ជា​លោក​ស្រី​ Hillary Clinton ឬ​លោក Bernie Sanders។ មិន​ថា​ការ​ប្រកួត​ប្រជែង​បឋម​នៅ​រដ្ឋកាលីហ្វញ៉ា​នេះ​ មាន​លក្ខណៈ​ប្រផឹតប្រផើយ​គ្នា​ប៉ុណ្ណា​ទេ បេក្ខជន​ទាំង​ពីរ​សន្សំ​កម្លាំង​ទាំង​ប៉ុន្មាន​ ផ្តោត​ទៅ​លើ​លោក Donald Trump​ ដែល​ជា​បេក្ខជន​នៃ​គណបក្ស​សាធារណៈរដ្ឋ។

លោក​ស្រី Clinton បាន​មាន​ប្រសាសន៍​ថា៖ «គំនិត​របស់​លោក Donald Trump មិន​ត្រឹម​តែ​ខុសគេ​តែ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​គ្មាន​ជំហរ​ច្បាស់​លាស់​ដែល​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ថែម​ទៀត​ផង។ លោក​មិន​ត្រឹម​តែ​មិន​បាន​ត្រៀម​ខ្លួន​ទេ​ លោក​ថែម​ទាំង​មាន​ចរិត​ឆេវឆាវ មិន​សក្តិសម​នឹង​កាន់​តំណែង​ជា​ប្រធានាធិបតី ដែល​តួនាទីនេះ​ត្រូវការ​ការ​ចេះ​ដឹង អត្តចរិត​នឹងន និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់»។

លោក Bernie Sanders ក៏​បាន​ថ្លែង​ផង​ដែរ​ថា៖ «ពេល​ដែល​បុគ្គល​ម្នាក់​គ្មាន​ដំណោះ​ស្រាយប្រាកដប្រជា​ណាមួយ​ដើម្បី​ដោះ​ស្រាយ​បញ្ហា តើ​គេ​ធ្វើ​អ្វី? គឺ​បុគ្គល​នោះ​ចាប់​ផ្តើម​ចោត​គេ​ចោត​ឯង។ យើង​នឹង​មិន​បណ្ដោយ​ឲ្យលោក Trump បំបែក​បំបាក់​យើង​ជា​ដាច់​ខាត»។

លោក​ Trump ក៏​ឆ្លើយ​តប​វិញ​ខ្លាំងៗ​ដែរ ដោយ​លើក​ឡើង​អំពី​ករណី​ការ​ប្រើ​ប្រាស់​អ៊ីម៉ែល​ផ្ទាល់​ខ្លួន​របស់​លោក​ស្រី Clinton ក្នុង​ពេល​កំពុង​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ការ​បរទេស។ លោក​ថា៖ «លោក​ស្រី​ Hillary Clinton គួរ​តែ​ជាប់​គុក បាន​សម។ លោក​ស្រី​សម​តែ​ជាប់​គុក។ ខ្ញុំ​គិត​ថា លោក​ស្រី​ប្រហែល​ជា​រក​លុយ​បាន​ច្រើន​ជាង បើ​សិន​ជា​លោក​ស្រី​ថ្លែង​សុន្ទរកថា​ហើយ​ លក់​សម្ដី​ទាំង​នោះទៅ​ឲ្យ​មនុស្ស​ដែល​ដេក​មិន​លក់»។

លោក​ Trump ក៏បាន​ជាប់​ឈ្មោះ​នៅ​ក្នុង​ចំណង​ជើង​ព័ត៌មាន​នានា​ផង​ដែរ ដោយ​សារ​តែ​លោក​និយាយ​ថា ចៅក្រម​រដ្ឋាភិបាល​សហព័ន្ធ​មាន​ភាព​លម្អៀង​ចំពោះ​លោក ព្រោះតែ​ចៅ​ក្រម​នោះ​មាន​កំណើត​ដើម​ជា​ជន​ជាតិ​ម៉ិកស៊ីកូ​ និង​តាម​រយៈ​ការលើក​ឡើង​អំពី​ជាតិសាសន៍​នៃ​អ្នក​ចូលរួម​ក្នុង​ការ​ឃោសនា​របស់​លោក​ថា៖​ «អូ៎ មើល​ហ្ន៎ អ្នក​គាំ​ទ្រ​អាមេរិក​ដើម​កំណើត​អាហ្រ្វិក​របស់​ខ្ញុំ​ណ៎! អ្នក​គឺ​ជា​មនុស្ស​ដ៏​អស្ចារ្យ​ជាង​គេ មែន​ទេ?»។

ពាក្យ​ថា «មនុស្ស​ដ៏​អស្ចារ្យ» នេះ គឺ​សំដៅ​ទៅ​លើ​ជើង​ឯក​កីឡាករ​ប្រដាល់​ លោក Muhammad Ali ដែលលោក​បាន​បដិសេធ​ចោល​នូវ​គោលនយោបាយ​របស់​លោក​ Trump ដែល​ហាម​ប្រាម​មិន​ឲ្យ​ជន​មូស្លីម​ចូល​សហរដ្ឋ​អាមេរិក​ ហើយ​លោក​ក៏​បាន​ទទូច​ឲ្យ​មាន​ការ​ស្វែងយល់​ឲ្យ​បាន​ស៊ី​ជម្រៅ​ទៅ​លើ​សាសនា​អ៊ីស្លាម។

លោក​ Bob Corker ដែល​ជា​សមាជិក​ព្រឹទ្ធសភា១​រូប​មកពី​គណបក្ស​សាធារណរដ្ឋ​បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​គិត​ថា លោក​ Trump ត្រូវ​តែ​ប្ដូរ​ចរិត​ចេញ»។

ក្នុង​នាម​ជា​អ្នក​គាំទ្រ​លោក​ Trump មួយ​រូប លោក Corker ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​បច្ចេកទេស​ឃោសនា នៅ​ពេល​ដែល​ការ​ប្រកួត​ប្រជែង​នេះ​ឈាន​ចូល​ទៅ​ដល់​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ។

លោក Corker បន្តថា៖ «ក្តី​សង្ឃឹម​របស់​ខ្ញុំ​គឺ​ថា លោក​ Trumpនឹង​ផ្លាស់​ប្តូរ។ លោក​មាន​ឱកាស​ក្នុង​ការ​ផ្លាស់​ប្តូរ​ទិសដៅ​ប្រទេស​របស់​យើង ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា លោក​នឹង​ព្យាយាម​ឆក់​យក​ឱកាស​នេះ​បាន»។

អ្នក​វិភាគ​មួយ​ចំនួន​ក៏​បាន​និយាយ​ផង​ដែរ​ថា ប្រជាពលរដ្ឋ​អាមេរិកាំង គួរ​តែ​ត្រៀម​ខ្លួន​ថា ការ​ប្រកួត​ប្រជែង​រវាង​លោកស្រី Clinton និង​លោក Trump នឹង​មិនមែន​ជា​ការប្រកួតប្រជែង​បែប​លក្ខណៈ​លើក​ទឹក​ចិត្ត​នោះ​ទេ។

លោក Norman Ornstein អ្នក​វិទ្យាសាស្ត្រ​នយោបាយ​នៃ​វិទ្យាស្ថាន​ American Enterprise Institute បាន​និយាយថា៖ «​ដោយ​សារ​តែ​យើង​មាន​បេក្ខជន​ពីរ​នាក់​ដែល​មិន​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​ច្រើន​ជាង​ទុក​ចិត្ត មិន​គួរ​ឲ្យ​ចូល​ចិត្ត​ជាង​ចូលចិត្ត​នោះ ការ​ប្រកួតប្រជែង​នេះ គឺ​ដូច​ប្រជែង​គ្នា​ថា​អ្នក​ណា​អន់​ជាង​គេ»។

បើ​ដូច​ការ​រំពឹង​ទុក ការប្រកួតប្រជែង​នេះ​នឹង​ចាប់​ផ្តើម​យ៉ាង​ជាក់​ច្បាស់​ពេល​ដែល​លោក​ស្រី Clinton ​ក្តាប់​យក​បេក្ខភាពជា​ប្រធានាធិបតី​ពី​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​អង្គារ​នេះ។

ប្រែសម្រួល​ដោយ ហឿន សុភ័ក្ត្រ

XS
SM
MD
LG