ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក សម រង្ស៊ី​ ធានា​ចំពោះ​អ្នក​គាំទ្រ​ពី​ការ​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ


រូបឯកសារ៖ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ នៅឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ នៅថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ (ហ៊ាន សុជាតា/ VOA Khmer)
រូបឯកសារ៖ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ នៅឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ នៅថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ (ហ៊ាន សុជាតា/ VOA Khmer)

ប្រធាន​គណបក្ស​ប្រឆាំង​លោក ​សម​ រង្ស៊ី​ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ បាន​ទទួល​ដីកា​ចាប់​ខ្លួន ​និង​ដីកា​កោះ​ជា​បន្ត​បន្ទាប់​នៅ​ចុង​ឆ្នាំ​២០១៥ ​ក្រោយ​ពេល​មាន​ភាព​ប្រេះឆា​នយោបាយ​ជាមួយ​គណបក្ស​កាន់​អំណាច​របស់​លោក​ ហ៊ុន​ សែន។

លោក​ សម​ រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រស់នៅ​ក្រៅ​ប្រទេស ​ដើម្បី​គេច​ពី​ការ​ជាប់​ពន្ធនាគារ​នោះ​ បាន​ធ្វើ​ការ​អំពាវនាវ​តាម​វីដេអូ​ដែល​លោក​បាន​បង្ហោះ​នៅ​លើ​គេហទំព័រ​បណ្តាញ​សង្គម​ Facebook​ របស់​លោក​ឱ្យ​ប្រជា​ពលរដ្ឋ​ទុក​ចិត្ត​ថា​ លោក​នឹង​ការពារ​ប្រជាជន​ ប្រទេស​ជាតិ​ និង​សម្បត្តិ​ធម្មជាតិ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ។

នៅ​ក្នុង​វីដេអូ​ដែល​លោក​បាន​បង្ហោះ​កាល​ពីចុង​សប្តាហ៍​មុន​ ហើយ​ដែល​មាន​រយៈពេល​ប្រហែល​មួយ​នាទី​កន្លះ​នោះ​ លោក​សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា​ លោក​នឹង​ការពារ​ប្រទេស​ជាតិ​ ជួយ​ប្រជាជន​ក្រីក្រ​និង​ទន់ខ្សោយ​ និង​ការពារ​ធនធាន​ធម្មជាតិ​នានា​មិន​ឲ្យ​បាត់បង់។

លោក​បាន​បន្ថែម​ថា៖

« ខ្ញុំ​នឹង​ខិតខំ​រក​មធ្យោបាយ​ ដើម្បី​នាំ​មក​នូវ​ការ​ផ្លាស់ប្តូរ​ដូច​បង​ប្អូន​ជន​រួម​ជាតិ​ចង់​បាន។ ផ្លាស់​ប្តូរ​ឱ្យ​មាន​អ្នក​ដឹកនាំ​ថ្មី​ រដ្ឋាភិបាល​ថ្មី​ ដែល​ចេះ​ការពារ​ប្រជារាស្ត្រ​ខ្មែរ​ ជាពិសេស​ប្រជារាស្ត្រ​ក្រីក្រ​ ប្រជារាស្ត្រ​ទន់​ខ្សោយ។ ហើយ​ដែល​ចេះ​ការពារ​ទឹក​ដី​យើង។ ​កុំ​ឱ្យ​បាត់បង់​ដូច​សព្វ​ថ្ងៃ​ទៀត។ ចេះ​ការពារ​ទ្រព្យ​សម្បត្តិ​ជាតិ​ ព្រៃ​ឈើ​ព្រៃ​ភ្នំ​ បឹងបួរ​ ស្ទឹង​ទន្លេ​ រ៉ែ ​ទ្រព្យសម្បត្តិ​ធម្មជាតិ​ និង​ទ្រព្យសម្បត្តិ​វប្បធម៌​ជា​ច្រើន​ទៀត‍»។

ដោយ​ឡែក ​កាល​ពី​ថ្ងៃ​អាទិត្យ ​លោក​ សម រង្ស៊ី​ ក៏​បាន​បង្ហោះ​រូបភាព​ការ​ប្រជុំ​មួយ​នៅ​លើ​គេហទំព័រ​បណ្តាញ​សង្គម​របស់​លោក ​ដែល​លោក​បាន​ធ្វើ​តាមរយៈ​ប្រព័ន្ធ​ទំនាក់ទំនង​អេឡិកត្រូនិក ​Skype​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​កំពង់​ចាម។ នៅ​ក្នុង​វីដេអូ​នោះ​ លោក​បាន​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ថា៖

«ដោយ​សារ​តែ​អ្នក​គាំទ្រ​សកម្មជន ​សកម្មនារី​ទាំង​អស់ ទឹក​ចិត្ត​យើង​ដូចគ្នា​គឺ​សំឡុត​អត់ខ្លាច។ ទិញ​មិន​លក់​ បំបែក​មិន​បាន​គឺ​ខ្មែរ​នៅ​តែ​ខ្មែរ។ អ្នក​ស្នេហា​ជាតិ​នៅ​តែ​ជា​អ្នក​ស្នេហា​ជាតិ។ គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​សង្គ្រោះ​ជាតិ»។

លោក​ អ៊ូ​ វីរៈ​ ប្រធាន​វេទិកា​អនាគត​ បាន​មាន​ប្រសាសន៍​ថា​ លោក​ សម​ រង្ស៊ី​ បាន​ផ្តល់​ការ​សន្យា​ជា​ច្រើន​ដង ​ហើយ​ការ​សន្យា​ទាំង​នោះ​មិន​ត្រូវ​បាន​រក្សា​នោះ​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ​លោក ​អ៊ូ វីរៈ​ មាន​ប្រសាសន៍​ថា​ អ្នក​គាំ​ទ្រ​លោក​ សម​ រង្ស៊ី​ ជា​លក្ខណៈ​បុគ្គល​ នឹង​នៅ​តែ​បន្ត​គាំទ្រ​លោក ​តែ​ការ​ផ្លាស់ប្តូរ​ជំហរ​របស់​លោក ​សម ​រង្ស៊ី​ ជាមួយ​គណបក្ស​កាន់​អំណាច​អាច​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាត់បង់​ការ​ទុក​ចិត្ត​ទៅ​លើ​រូប​លោក។

«មាន​គោល​នយោបាយ​ច្បាស់លាស់​ ឬ​ក៏​អត់ ​ឬ​មួយ​និយាយ​តាម​ការ​នឹក​ឃើញ។ ខ្ញុំ​មើល​ទៅ​អ្វី​ដែល​គេ​អត់​ទុក​ចិត្ត​ គឺ​គាត់​និយាយ​តាម​ការ​នឹកឃើញ​ ហើយ​និយាយ​ខុស​គ្នា​រហូត​តាម​កាលៈទេសៈ​ និង​តាម​ពេល​វេលា​ហើយ​តាម​មនុស្ស​ផង‍»។

លោក​បាន​បន្ថែម​ថា៖ «អ្វី​ដែល​ខ្ញុំ​ព្រួយ​បារម្ភ​ពី​លោក ​សម​ រង្ស៊ី គឺ​សម្តី​របស់​គាត់។ ម្តង​គាត់​ត្រូវ​គ្នា​ជាមួយ​លោក ហ៊ុន ​សែន ​ទៅ​គាត់​និយាយ​ផ្សេង។ ម្តង​គាត់​ត្រូវ​គ្នា​ជាមួយ​ចិន​ គាត់​និយាយ​ផ្សឹង។ ពេល​ទៅ​ដល់​សហរដ្ឋ​អាមេរិក​ ត្រូវ​គ្នា​ជាមួយ​សហរដ្ឋអាមេរិក​គាត់​និយាយ​ផ្សេង​ទៀត​ទៅ»។

លោក ​សុខ ​ឦសាន្ត​ អ្នក​នាំពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​និយាយ​ថា ​ការ​ឃោសនា​របស់​លោក​ សម រង្ស៊ី​ មិន​ធ្វើ​ឱ្យ​គណបក្ស​ប្រជាជន​មាន​ការ​ព្រួយ​បារម្ភ​នោះ​ទេ។

«មាន​តែ​សមាជិក​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បក​មក​គណបក្ស​ប្រជាជន។ ខ្ញុំ​ទៅ​តាម​ស្រុក​តាម​អី​នៅ​ខេត្ត​ព្រៃវែង​មណ្ឌល​របស់​ខ្ញុំ​ ឃើញ​ថា​មក​ចូល​បន្ត​បន្ទាប់​ហើយ»។

តុលាការ​បាន​កោះ​ហៅ​លោក​ សម ​រង្ស៊ី​ ឲ្យ​បង្ហាញ​ខ្លួន​នៅ​តុលាការ​ក្នុង​សំណុំ​រឿង​បរិហារកេរ្តិ៍​លោក​ ហេង ​សំរិន​ ដែល​ទាក់​ទិន​នឹង​ការ​លើក​ឡើង​ថា​ មាន​កងទ័ព​វៀតណាម​បង្កប់​ខ្លួន​ក្នុង​ជួរ​កងទ័ព​កម្ពុជា។

ប្រធាន​គណបក្ស​ប្រឆាំង​លោក ​សម​ រង្ស៊ី​ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ បាន​ទទួល​ដីកា​ចាប់​ខ្លួន ​និង​ដីកា​កោះ​ជា​បន្ត​បន្ទាប់​នៅ​ចុង​ឆ្នាំ​២០១៥ ​ក្រោយ​ពេល​មាន​ភាព​ប្រេះឆា​នយោបាយ​ជាមួយ​គណបក្ស​កាន់​អំណាច​របស់​លោក​ ហ៊ុន​ សែន។

លោក​ សម ​រង្ស៊ី​ ត្រូវ​បាន​រដ្ឋ​សភា​ដែល​មាន​តែ​អ្នក​តំណាង​រាស្ត្រ​ពី​គណបក្ស​ ប្រជាជន​កម្ពុជា​សម្រេច​លុប​ចោល​អភ័យ​ឯកសិទ្ធិ​ជា​អ្នក​តំណាងរាស្ត្រ​នៅ​ខែវិច្ឆិកា​ ដើម្បី​បើក​ផ្លូវ​ឱ្យ​តុលាការ​អនុវត្ត​សំណុំ​រឿង​បរិហារកេរ្តិ៍​ និង​ញុះញង់​ ដែល​លោក​បាន​ថ្លែង​ថា​ លោក​ ហោ​ ណាំហុង​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ឃុបឃិត​ជាមួយ​ក្រុម​ខ្មែរ​ក្រហម ​ពេល​ដែល​លោក ​ហោ ​ណាំហុង ​នៅ​ជាប់​ក្នុង​ ពន្ធនាគារ​បឹង​ត្របែក៕

XS
SM
MD
LG