រដ្ឋាភិបាលកម្ពុជា នៅថ្ងៃពុធនេះ បានសម្រេចដកចេញវិញនូវលក្ខខណ្ឌតម្រូវមួយ ដោយអនុញ្ញាតឲ្យពលរដ្ឋខ្មែរដែលធ្វើដំណើរវិលត្រឡប់មកពីក្រៅប្រទេស អាចចូលប្រទេសវិញបាន ដោយមិនចាំបាច់មានវិញ្ញាបនបត្រសុខភាពបញ្ជាក់ថា គ្មានកូវីដ១៩នោះឡើយ។
ការសម្រេចនេះគឺជាការកែប្រែវិធានការដែលថា គ្រប់អ្នកដំណើរទាំងអស់ដែលចូលមកប្រទេសកម្ពុជា ទាំងជនជាតិខ្មែរទាំងជនបរទេស ត្រូវតែមានវិញ្ញាបនបត្របញ្ជាក់សុខភាពដែលបញ្ជាក់ថា ពួកគេគ្មានវីរុសកូវីដ១៩ ដែលចេញដោយអាជ្ញាធរសុខាភិបាលដែលទទួលស្គាល់ដោយរដ្ឋាភិបាលបរទេសទាំងនោះក្នុងរយៈពេល៧២ម៉ោង មុនចេញដំណើរ។
ប៉ុន្តែសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី២៧ខែឧសភាឆ្នាំ២០២០បញ្ជាក់ថា វិធានការផ្សេងទៀតនៅតែស្ថិតនៅជាធរមានដដែល។
ក្នុងនោះ អ្នកដំណើរដែលជាជនបរទេសត្រូវមានឯកសារធានារ៉ាប់រងសុខភាពមានទឹកប្រាក់យ៉ាងតិច៥ម៉ឺនដុល្លារអាមេរិកផងដែរ ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា លើកលែងតែមន្ត្រីការទូត និងមន្ត្រីអង្គការអន្តរជាតិដែលកាន់ទិដ្ឋាការការទូតប្រភេទ A និងទិដ្ឋាការផ្លូវការប្រភេទ B របស់កម្ពុជា។
អ្នកដំណើរទាំងអស់ដែលធ្វើដំណើរចូលមកដល់ប្រទេសកម្ពុជានឹងត្រូវបញ្ជូនទៅមណ្ឌលរង់ចាំដើម្បីធ្វើតេស្តបញ្ជាក់ថា មិនមានវីរុសកូវីដ១៩ និងត្រូវរង់ចាំទទួលលទ្ធផលពីមន្ទីរពិសោធន៍ប៉ាស្ទ័ររបស់កម្ពុជា។ បើអ្នកដំណើរណាម្នាក់ត្រូវបានធ្វើតេស្តរកឃើញវីរុសកូវីដ១៩ នោះអ្នកដំណើររួមគ្នាទាំងអស់នឹងត្រូវតម្រូវឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ៕