ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ប្រទេស​ថៃ​ដែល​គ្មាន​វត្តមាន​លោក ​ត្រាំ អាច​ប្រឈម​ភាព​រកាំ​រកូស​ខ្លះ


បុរសម្នាក់កំពុងរៀបចំឡើងប៉ាណូស្វាគមន៍មេដឹកនាំនានាដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩។

អាស៊ាន​និង​មេដឹកនាំ​ប្រទេស​នានា​ត្រូវការ​ពិភាក្សា​គ្នា​រឿង​សំខាន់ៗ​ជា​ច្រើន​ទាក់ទង​នឹង​សន្តិសុខ បញ្ហា​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​បញ្ហា​ឥណ្ឌូប៉ាស៊ីហ្វិក បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង បញ្ហា​ឧបទ្វីប​កូរ៉េ​ជាដើម ដែល​លោក​សង្កត់​ធ្ងន់​ថា ​នឹង​មាន​ផល​ប៉ះពាល់​ដល់​សហរដ្ឋអាមេរិក។

សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅកាត់​ថា​អាស៊ាន នឹង​ចាប់​ផ្តើម​កិច្ចប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​នៅ​សប្តាហ៍​នេះ នៅ​ប្រទេស​ថៃ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ក្នុង​តំបន់​និង​សកល​ជា​ច្រើន ស្រប​ពេល​ដែល​មិន​មាន​អវត្តមាន​របស់​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន និង​ក្នុង​កិច្ចប្រជុំ​អាស៊ី​បូព៌ា​លើក​នេះ។

ក្រុម​អ្នក​វិភាគ​កិច្ចការ​តំបន់​បាន​លើក​ឡើង​ពី​ភាព​មិន​ច្បាស់លាស់​នៃ​ដំណើរការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ខ្លះ​ ក្នុង​កិច្ចប្រជុំ​នេះដែល​គេ​រំពឹង​ថា​ នឹង​ដំណើការ​ទៅ​ដោយ​រលូន បើទោះបីជាគ្មានវត្តមានលោក ត្រាំ ក៏ដោយ។ ក៏ប៉ុន្តែ អវត្តមាននេះអាចនឹងបង្កជាបញ្ហារកាំរកូសខ្លះសម្រាប់នយោបាយក្នុងតំបន់និងសាកល។

លោក​បណ្ឌិត​ឈាង វណ្ណារិទ្ធ នាយក​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី បាន​ចាត់​ទុក​អវត្តមាន​របស់​មេដឹកនាំ​អាមេរិក ថា​ជា​ការ​មាក់​ងាយ​ដោយ​បាន​អះអាង​ថា ​រឿង​មុខមាត់​សំខាន់​ណាស់​សម្រាប់​តំបន់​អាស៊ាន។

«វា​ជា​រឿង​មិន​អាច​ទួល​យក​បាន​ទេ។ វា​ប៉ះពាល់​ដល់​មុខមាត់​ ទំនាក់​ទំនង​ល្អ​ជាមួយ​អាស៊ាន​និង​តំបន់‍»។

លោក​ថ្លែង​ដូច្នេះ​ដោយសារ​ថា អាស៊ាន​និង​មេដឹកនាំ​ប្រទេស​នានា​ត្រូវការ​ពិភាក្សា​គ្នា​រឿង​សំខាន់ៗ​ជា​ច្រើន​ទាក់ទង​នឹង​សន្តិសុខ បញ្ហា​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​បញ្ហា​ឥណ្ឌូប៉ាស៊ីហ្វិក បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង បញ្ហា​ឧបទ្វីប​កូរ៉េ​ជាដើម ដែល​លោក​សង្កត់​ធ្ងន់​ថា ​នឹង​មាន​ផល​ប៉ះពាល់​ដល់​សហរដ្ឋអាមេរិក។

«នេះ​ជា​ឱកាស​ផ្តល់​ឲ្យ​ចិន​និង​រុស្ស៉ី ​ពង្រឹង​វត្តមាន​និង​ឥទ្ធិពល​របស់​ខ្លួន​កាន់តែ​ខ្លាំង​ឡើង‍»។

តំបន់​អាស៊ាន​មាន​ពលរដ្ឋ​ចំនួន​ប្រហែល ៦៥០លាន​នាក់​ ហើយ​មានទីផ្សារ​សេដ្ឋកិច្ច​ធំ​លំដាប់​ទី៤​លើ​ពិភពលោក​ ដែល​ក្រុម​អ្នក​នយោបាយ​អាមេរិក​ខ្លះ​យល់​ថា រដ្ឋបាល​លោក ត្រាំ មិន​គួរ​ព្រងើយ​នឹង​ប្លុក​នេះ ដែល​មាន​សក្តានុពល​ខាង​សេដ្ឋកិច្ច​នយោបាយ និង​វប្បធម៌​ចម្រុះ​បាន​ទេ។

អ្នកការទូត​ម្នាក់​បាន​អះអាង​ថា វត្តមាន​សហរដ្ឋអាមេរិក​ជា​រឿង​សំខាន់​សម្រាប់​តុល្យភាព​អំណាច​ក្នុង​តំបន់ ហើយ​អាច​ធានា​ឲ្យ​តំបន់​នេះ​មាន​សន្តិសុខ និង​គ្មាន​ការ​រំលោភបំពាន​នានា។

«(អវត្តមានលោក​ ត្រាំ) ​វា​បង្ហាញ​ពី​ការ​មិន​យក​ចិត្ត​ទុកដាក់​របស់​រដ្ឋបាល​លោក​ ត្រាំ​ ចំពោះ​តំបន់​អាស៊ាន»។

យ៉ាងណាមិញ សហរដ្ឋអាមេរិក​ទំនង​ជា​យក​ចិត្ត​ទុកដាក់​នឹង​បញ្ហា​សន្តិសុខ​និង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម ដោយ​គេ​ឃើញ​មាន​ការ​បញ្ជូន​ទីប្រឹក្សា​សន្តិសុខ​មក​ចូលរួម​ជា​ប្រេសិត​ពិសេស ជំនួស​វត្តមាន​ប្រធានាធិបតី។ លោក ត្រាំ បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​សេតវិមាន​ថា ​លោក​នឹង​បញ្ជូន​ទីប្រឹក្សា​សន្តិសុខ គឺ​លោក​ Robert O’ Brien ប្រេសិតពិសេស និង​លោក​ Wilbur Ross រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ទៅ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន។

កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​នេះ​ក៏​នឹង​កើត​ឡើង ​ស្រប​ពេល​ដែលសហរដ្ឋ​អាមេរិក​បាន​ព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធ ​GSP កាលពីសប្តាហ៍​មុន​ដល់​ប្រទេស​ថៃ ដោយសារ​ថៃ​មិន​បាន​ដោះស្រាយ​បញ្ហា​សិទ្ធិ​សេរីភាព​កម្មករ​និង​ពលករ។ ស្របពេល​ជាមួយ​គ្នា​នោះ ​លោក​ប្រធានាធិបតី​ ត្រាំ ក៏​កំពុង​ប្រឈម​នឹង​បញ្ហាផ្ទៃ​ក្នុង​នយោបាយ​អាមេរិក​ ដោយ​រដ្ឋ​សភា​អាមេរិក​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ កំពុង​ដំណើរការ​សួរនាំ​ពាក់ព័ន្ធ​នឹង​ការទម្លាក់​លោក​ប្រធានាធិបតី ត្រាំ ពី​តំណែង។ យ៉ាងណាមិញ ដំណើរ​ការ​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ជាប់គាំង​នៅ​ព្រឹទ្ធសភា ដែល​គ្រប់គ្រង​ដោយ​គណបក្សសាធារណរដ្ឋ ដូច​លោក ត្រាំ នោះ។

ទោះជាយ៉ាង​ណា​ក៏ដោយ ទាំង​អ្នក​ការទូត និង​អ្នកវិភាគ បាន​អះអាង​ស្រប​គ្នា​ថា លោក ត្រាំ ទំនងជា​មិនមាន​អ្វី​ត្រូវ​សម្រេច និង​ពិភាក្សា​ ដូច្នេះ​បាន​ជា​លោក​សម្រេច​មិន​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​នេះ ហើយ​ថែម​ទាំង​មិន​បញ្ជូន​អនុ​ប្រធានាធិបតី ឬ​រដ្ឋមន្ត្រី​ដែល​ជា​មន្ត្រី​កំពូល​ក្នុង​មុខតំណែង​ផ្លូវការ​មក​ចូលរួម​ទៀត​ផង។

អ្នក​ការទូត​ខាងលើ​បាន​បន្ថែម​ថា កិច្ចប្រជុំ​កំពូល​ភាគច្រើន​គឺ​មាន​ការ​សម្រេច​ពី​ថ្នាក់​រដ្ឋមន្ត្រី​រួចហើយ នៅ​ពាក់​កណ្តាល​ឆ្នាំ​ដោយ​មាន​ការ​ចេញ​ជា​«សេចក្តី​ប្រកាស​រួម‍»។ ដោយ​ឡែក​សម្រាប់​មេដឹកនាំ​កំពូល​របស់​ប្រទេស ក៏​នឹង​មាន​ការ​ចេញ​ជា​«សេចក្តី​ថ្លែងការណ៍​រួម‍»​តែ​ប៉ុណ្ណោះ។

កិច្ចប្រជុំ​លើក​នេះ​ក៏​ផ្តោត​ការ​យក​ចិត្តទុកដាក់​ផងដែរ ទៅ​លើ​បញ្ហា​ជនជាតិ​ដើម​ភាគតិច​រ៉ូហ៊ីងយ៉ា បញ្ហា​នៅ​ប្រទេស​ទីម័រខាងកើត​ដែល​ត្រូវ​ចូល​ជា​សមាជិក​អាស៊ាន​ដែល​គេ​រំពឹង​ថា នឹង​មាន​ប្រទេស​តិចតួចប៉ុណ្ណោះ​អាចជំទាស់​ការ​ដាក់​បញ្ចូល​ប្រទេស​មួយ​នេះ​ជាសមាជិក​អាស៊ាន។

ក្រៅពី​កិច្ចប្រជុំ​កំពូល​អាស៊ាន ​និង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​ ក៏​នឹង​មាន​កិច្ចប្រជុំ​អាស៊ាន​បូក​មួយ គឺ​អាស៊ាន​១០​ប្រទស​ជាមួយ​ប្រទេស​ឥណ្ឌា​ អូស្ត្រាលី​ នូវែលសេឡង់ ឬ​អាស៊ាន​បូក​អង្គការ​សហប្រជាជាតិ និង​អាស៊ាន​បូកបី​ដែល​មាន​អាស៊ាន​ ជាមួយ​ចិន ជប៉ុន និង​កូរ៉េខាងត្បូង​ផង​ដែរ។

ប្រទេស​អាស៊ាន​មាន​សមាជិក​ចំនួន​១០​ប្រទេស គឺ​ព្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហ​បុរី ថៃ និង​វៀតណាម៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG