ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កំពូល​ដម្កល់​សាលក្រម​តុលាការ​ជាន់​ទាប​លើ​បណ្តឹង​របស់​ស្រ្តី​បឹងកក់


អ្នកស្រី​ ទេព​ វន្នី​ ជា​ម្ចាស់​ពាន​រង្វាន់​ស្រី​ជា​អ្នក​ក្លាហាន​ Vital Voices​ និយាយជាមួយ​អ្នកយក​​ព័ត៌មាន​នៅមុខ​តុលាការ​កំពួល​
អ្នកស្រី​ ទេព​ វន្នី​ ជា​ម្ចាស់​ពាន​រង្វាន់​ស្រី​ជា​អ្នក​ក្លាហាន​ Vital Voices​ និយាយជាមួយ​អ្នកយក​​ព័ត៌មាន​នៅមុខ​តុលាការ​កំពួល​

តុលាការ​កំពូល​បាន​សម្រេច​នៅ​ថ្ងៃ​ពុធ​នេះ​ដម្កល់​សាលក្រម​របស់​សាលា​ឧទ្ធរណ៍​និង​តុលាការ​រាជធានី​ភ្នំពេញ​លើ​បណ្តឹង​តវ៉ា​របស់​ក្រុម​ស្រ្តី​បឹងកក់​ចំនួន​១០​នាក់​ពាក់​ព័ន្ធ​នឹង​ការសម្រេច​ដាក់​ពន្ធនាគារ​ពួកគាត់​ក្នុង​ពេល​កន្លង​មក។​​​

តុលាការ​កំពូល​បាន​សម្រេច​នៅ​ថ្ងៃ​ពុធ​នេះ​ដម្កល់​សាលក្រម​របស់​សាលា​ឧទ្ធរណ៍​និង​តុលាការ​រាជធានី​ភ្នំពេញ​លើ​បណ្តឹង​តវ៉ា​របស់​ក្រុម​ស្រ្តី​បឹងកក់​ចំនួន​១០​នាក់​ពាក់​ព័ន្ធ​នឹង​ការសម្រេច​ដាក់​ពន្ធនាគារ​ពួកគាត់​ក្នុង​ពេល​កន្លង​មក។​

មុនចូល​ស្តាប់​សាលក្រម ​ស្ត្រី​បឹងកក់​ទាំង​១០​នាក់​ និង​អ្នកភូមិ​យ៉ាងតិច​៥០នាក់​បាន​ធ្វើការ​តវ៉ា​នៅមុខ​តុលាការ​កំពូល​ទាមទារ​ឲ្យ​ចៅក្រម​បដិសេធ​ការសម្រេច​របស់សាលាឧទ្ធរណ៍​និង​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

ក្រោយពី​បាន​ពិនិត្យ​ និង​អាន​សំណុំ​បណ្តឹង​សារទុក្ខ​របស់​ស្ត្រីបឹងកក់​ទាំង​១០​នាក់ ​លោក​ចៅក្រម​ សឹង​ បញ្ញាវុឌ្ឍ​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​បាន​ប្រកាស​ថា ​អង្គ​ជំនុំ​ជម្រះ​សម្រេច​ដម្កល់​សាលក្រម​របស់​តុលាការសាលា​ដំបូង​រាជធានី​ភ្នំពេញ ​ដែល​កំណត់​ថា​ ស្ត្រីទាំង​១០នាក់​មាន​ទោស​ជាប់​ពន្ធនាគារ​មួយ​ឆ្នាំ​ ហើយនឹងសាលក្រម​របស់សាលា​ឧទ្ធរណ៍​ដែល​បាន​សម្រេច​សម្រាលទោសឲ្យ​ស្រ្តី​ទាំងនេះ​នៅ​ក្រៅ​ការ​ឃុំឃាំង​ដោយ​យល់​ឃើញ​ថា ពួក​គាត់​មានការ​យល់​ដឹង​តិច​តួច។​

បន្ទាប់​ពី​ការ​ប្រកាស​សាលក្រម​នោះ អ្នកស្រី​ ទេព​ វន្នី​ ជា​ម្ចាស់​ពាន​រង្វាន់​ស្រី​ជា​អ្នក​ក្លាហាន​ Vital Voices​ និង​ជា​អ្នក​ការពារ​សិទ្ធិ​រស់​នៅ​ក្នុង​តំបន់​បឹងកក់​ បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន ​ថា​ អ្នកស្រី​មិន​រំពឹង​ថា តុលាការ​កំពូល​នឹង​សម្រេច​ខុសពី​សាលាឧទ្ធរណ៍ ​និង​សាលាដំបូង​រាជធានី​ភ្នំពេញ​នេះ​ទេ។ ​

«ពួក​យើង​ទាំងអស់​គ្នា​បាន​ត្រៀម​ខកចិត្ត​រួច​ទៅ​ហើយ ​ព្រោះ​កន្លង​មក​គឺ​យើង​តែងតែ​ខកចិត្ត​ជា​បន្ត​បន្ទាប់​ មិន​ដែល​ទទួល​បាន​យុត្តិធម៌​ពី​ប្រព័ន្ធ​តុលាការ​នៅស្រុក​ខ្មែរ​ម្តង​ណា​ឡើយ​ចា៎»។​

​អ្នកស្រី​សុង ស្រី​លាភ​និយាយ​ថា​ បើ​តុលាការ​កំពូល​សម្រេច​ខុស​ពី​សាល​ក្រម​តុលាការ​ជាន់ទាប​នេះ​វា​បង្ហាញ​ថា​សាលាឧទ្ធរណ៍​និង​សាលាដំបូង​កាត់ទោស​ពួក​ពួកគាត់​ដោយ​អយុត្តិធម៌។

​អ្នកស្រី​ទេព វន្នី ​ អ្នកស្រី​សុង ស្រី​លាភ​ និង​ស្ត្រី​៨នាក់​ទៀត​ត្រូវ​តុលាការ​ជាន់​ទាប​ទាំងពីរ​ថ្នាក់សម្រេច​ចោទ​ប្រកាន់​ពី​បទ​ «កាន់​កាប់​ដោយ​ខុសច្បាប់​លើ​អចលន​វត្ថុ​របស់​នីតិ​បុគ្គល​សាធារណៈ​ និង​ប្រឆាំង​នឹង​អ្នករាជការ​សាធារណៈ​ ដោយ​មាន​ស្ថាន​ទម្ងន់​ទោស ​ប្រព្រឹត្ត​នៅ​ចំណុច​អភិវឌ្ឍន៍​បឹងកក់​១​ ភូមិ​១​ សង្កាត់​ស្រះ​ចក​ ខណ្ឌ​ដូន​ពេញ​ រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២២​ ខែ​ឧសភា ឆ្នាំ​២០១២»។

ការសម្រេច​របស់​តុលាការ​កំពូល​នៅថ្ងៃ​ពុធ​នេះ​គឺ​ជា​លទ្ធផល​នៃ​សវនាការ​កាលពី​ថ្ងៃទី២​ខែមីនា។ ​នៅ​ក្នុង​ការ​សួរ​ដេញ​ដោល​របស់​ក្រុម​ប្រឹក្សា​អង្គ​ជំនុំជម្រះ​នោះ​ ​ ​ស្ត្រីជាប់ចោទ​ទាំងនេះ​បាន​បដិសេធ​រាល់​ការ​ចោទប្រកាន់​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ និង​ការ​ដម្កល់​ទុក​ការ​ចោទប្រកាន់​ ដោយ​សាលា​ឧទ្ធរណ៍។

ស្ត្រី​ទាំង​១០​នាក់​នេះ​ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​ បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ ក្នុង​ម្នាក់ៗ១ឆ្នាំ​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​ ២០១៤។

ប៉ុន្តែ​ពួកគេ​មួយ​ចំនួន​ត្រូវ​បាន​សាលាឧទ្ធរណ៍​បន្ធូរ​បន្ថយ​មក​ជាប់​ពន្ធនាគារ​មិនដល់​មួយ​ឆ្នាំ​ទេ។​ ​ពួកគេ​ទាំង​១០​នាក់​នេះ​ ត្រូវ​បាន​សាលាឧទ្ធរណ៍​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញកាល​ពី​ខែ​មេសា​ ឆ្នាំ​ ២០១៥។​ ការ​ដោះ​លែង​សកម្មជន​ដីធ្លី​នេះ​ ក៏​ត្រូវ​គេ​ដឹង​ថា​ ធ្វើ​ឡើង​បន្ទាប់​ពី​ការសម្រប​សម្រួល​ផ្នែក​នយោបាយ​រវាង​គណបក្ស​នយោបាយ​ធំៗ​ ពីរ​ក្នុង​រដ្ឋសភា ​និង​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ។​

អ្នកស្រី​ទេព វន្នី​ប្រាប់​ VOA ​ថា ​ ​ទោះជា​ស្ត្រី​ទាំង​១០​រូប​នេះត្រូវ​បាន​ដោះលែង​នៅក្រៅ​ការ​ឃុំឃាំង​ក្តី ​ពួកគាត់នៅតែ​ធ្វើការ​ប្តឹង​ឧទ្ធរណ៍​ និង​ប្តឹង​សារទុក្ខ​ដើ​ម្បី​រក​យុត្តិធម៌ ​ព្រោះ​ពួកគាត់​ជា​ជន​រងគ្រោះ​នៃ​ការរំលោភ​សិទ្ធិ​លំនៅដ្ឋាន​ និង​ទំនាស់​ដីធ្លី​ក៏រ៉ាំរ៉ៃ​ទាក់ទង​នឹង​ការអភិវឌ្ឍ​តំបន់​បឹងកក់ ​ដោយ​ក្រុមហ៊ុន Sukaku Inc ​របស់​លោក​ឧកញ៉ា​ឡៅ ម៉េងឃីន។​ ដូច្នេះ​ពួកគាត់​មិន​ត្រូវ​ជាប់ពន្ធនាគារ​ និង​មាន​ឈ្មោះ​ជា​អ្នក​មាន​ទោស​ទេ។ ​

អ្នកស្រី​ទេព វន្នី​បន្ត​ថា ​ស្ត្រី​ទាំង​១០​នាក់​នឹង​បន្ត​តវ៉ា​រក​យុត្តិធម៌​ទៀត ​ក្រោយពី​ការ​សម្រច​ជាស្ថាពរ​របស់​តុលាការ​ជាន់ខ្ពស់​បំផុត​នេះ។

អ្នកស្រី​ ង៉ែត ឃុន ​អាយុ​៧៦​ឆ្នាំ​ដែល​នៅក្នុង​ចំណោម​ស្ត្រី​១០​នាក់​នេះ​ផង​ដែរ​បាន​ប្រកាស​តាម​ឧគ្ឃោសន​ស័ព្ទ​ថា ​តុលាការ​តាំង​ពី​ថ្នាក់​នេះ​ឃុបឃិត​គ្នា ​ហើយ​តុលាការ​កំពូល​ការពារ​តុលាការ​ជាន់ទាប។

អ្នកស្រី​ង៉ែត ឃុនស្រែក​តវ៉ា​នៅក្នុងតុលាការ​កំពូលមុន​ពេលប៉ូលិស​ដេញ​ពួកគាត់​ចេញ​ក្រៅ​
អ្នកស្រី​ង៉ែត ឃុនស្រែក​តវ៉ា​នៅក្នុងតុលាការ​កំពូលមុន​ពេលប៉ូលិស​ដេញ​ពួកគាត់​ចេញ​ក្រៅ​

​«តុលាការ​ដំបូង​ តុលាការ​ឧទ្ធរណ៍ ​តុលាការ​កំពូល​គឺ​គំនិត​ឃុបឃិត​ជាមួយ​គ្នា​តែ​មួយ​ ធ្វើ​បាប​រាស្ត្រ​ ប្លន់​ដី​រាស្ត្រ​លក់»៕

XS
SM
MD
LG