ភ្នំពេញ — ថ្ងៃទី២៣ខែតុលាខាងមុខនេះ គឺជាខួប២៨ឆ្នាំនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលបាននាំប្រទេសកម្ពុជាឲ្យវិលត្រឡប់មករកសន្តិភាពវិញ ក្រោយពីស្ថិតក្នុងសង្គ្រាមស៊ីវិលប្រទាញប្រទង់រវាងភាគីខ្មែរនានា។
ជិត៣០ឆ្នាំក្រោយពីកិច្ចព្រមព្រៀងនេះ ក្រុមអ្នកឃ្លាំមើលយល់ថា កម្ពុជានៅតែមានបញ្ហាធ្ងន់ធ្ងរក្នុងការជំរុញការគោរពសិទ្ធិមនុស្សនិងសិទ្ធិនយោបាយ។
ប៉ុន្តែមន្ត្រីរដ្ឋាភិបាលនិងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាយល់ឃើញផ្ទុយពីនេះ។
នៅត្រង់ចំណុច«ក»នៃមាត្រា១៥ របស់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃ២៣តុលា ឆ្នាំ១៩៩១ ចែងថា កម្ពុជាធានាដល់ការគោរពនិងប្រតិបត្តិសិទ្ធិមនុស្សនិងសេរីភាពជាមួលដ្ឋានរបស់ប្រជាពលរដ្ឋ រួមទាំងគាំទ្រ«ពលរដ្ឋកម្ពុជាទាំងអស់ក្នុងការធ្វើសកម្មភាពដែលជំរុញ និងការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន» ដើម្បីធានាថា នយោបាយ និងអំពើប្រព្រឹត្តក្នុងអតីតកាលមិនត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់មកវិញដាច់ខាត និងចូលរួមអនុវត្តកិច្ចព្រមព្រៀងជាអន្តរជាតិទាំងឡាយដែលពាក់ព័ន្ធដល់សិទ្ធិមនុស្ស។
លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយមួយរូប លើកឡើងថា នេះជាគោលការណ៍សំខាន់សម្រាប់ធានាដល់សិទ្ធិសេរីភាពនៅកម្ពុជា។ ប៉ុន្តែគោលការណ៍នេះហាក់ដូចជាមិនត្រូវបានគោរពនោះទេក្នុងស្ថានភាពប្រទេសកម្ពុជាបច្ចុប្បន្ន។
«កិច្ចព្រមព្រៀងទីក្រុងប៉ារីសហ្នឹងក៏គេចែងដែរថា តុលាការឯករាជ្យ ដើម្បីអនុវត្តសិទ្ធិមនុស្សឲ្យបាននៅប្រទេសកម្ពុជា បាទ ចុះបើឥឡូវគឺអាដែល ពឹងទៅរដ្ឋអំណាច វាអត់មាននរណាការពារ តែរដ្ឋអំណាចទៅជា ចេញអាដែលដើរតួនាទីជាអ្នកបង្ក្រាប រួចបានអ្នកណាទៀតបាទ»។
ការវាយតម្លៃរបស់លោកបណ្ឌិតឡៅ ម៉ុងហៃ ធ្វើឡើងពីរថ្ងៃប៉ុណ្ណោះ មុនខួប២៨ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ កិច្ចព្រមព្រៀងដែលនាំឲ្យកម្ពុជាបង្រួបបង្រួមភាគីមានជម្លោះប្រដាប់អាវុធ និងបានឈានដល់ការបោះឆ្នោតដែលរៀបចំដោយអង្គការសហប្រជាជាតិនៅឆ្នាំ១៩៩៣ ។
ដោយឡែកលោកស៊ឹង សែនករុណា អ្នកនាំពាក្យរបស់សមាគមការពារសិទ្ធិមនុស្ស Adhoc កត់សម្គាល់ថា សិទ្ធិនយោបាយដែលជាផ្នែកមួយដ៏សំខាន់ដែលបានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក៏កំពុងរងការជាន់ឈ្លីផងដែរ។
«បើយើងមើលមួយភ្លែតនៅក្នុងជាទូទៅ ពាក់ព័ន្ធនឹងជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋក្នុងការសម្តែងមតិដែលពាក់ព័ន្ធតែរឿង ការរស់នៅអី ខ្ញុំគិតថា វាមិនមែន មិនមានអ្វីជា ខុសទាស់អីទេ គឺអាចទទួលយកបាន ប៉ុន្តែបើសិទ្ធិពាក់ព័ន្ធទៅនឹងការបញ្ចេញមតិ ទៅលើការរិះគន់ ទៅលើការដឹកនាំរបស់រដ្ឋាភិបាល ការរិះគន់ផ្នែកនយោបាយ ការបញ្ចេញសារផ្នែកនយោបាយអីទាំងអស់ហ្នឹងគឺមានគំរាមកំហែង»។
នៅមុនការមកដល់នៃខួបការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា សកម្មភាពបង្ក្រាបលើសកម្មជន និងមន្ត្រីអតីតគណបក្សប្រឆាំងបានរីករាលដាលកាន់តែខ្លាំងឡើង។ រហូតមកដល់ថ្ងៃចន្ទ ទី២១ ខែតុលានេះ មានសកម្មជនអតីតគណបក្សសង្គ្រោះជាតិ លើសពី៥០នាក់ត្រូវបានចាប់ខ្លួន។
បន្ថែមលើនេះ មានសមាជិកអតីតគណបក្សសង្គ្រោះជាតិច្រើនជាង១៦០ដែលភាគច្រើនធ្លាប់ជា សមាជិក ក្រុមប្រឹក្សាឃុំសង្កាត់ មេឃុំ និងចៅសង្កាត់ ត្រូវបានតុលាការ និងមន្ត្រីនគរបាលកោះហៅមកសួរ ក្នុងសំណុំរឿងបំពានសាលដីការបស់តុលាការកំពូល។ តុលាការកំពូលដែលបានរំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោកសឹង សែនករុណា កត់សម្គាល់បន្ថែម៖ «ការគាំទ្រទៅលើនយោបាយវិញ គឺអត់មានទេ ពីព្រោះយើងឃើញហើយថា គណបក្សនយោបាយដែលមានកាន់អំណាចហ្នឹង បានមានការប្រើប្រាស់នូវខាងប្រព័ន្ធយុត្តិធម៌អីជាប្រព័ន្ធហ្នឹង ធ្វើទុក្ខបុកម្នេញ ហើយធ្វើឲ្យមានការប្រកួតប្រជែងហ្នឹង វាអត់មានស្មើភាពគ្នាទេ»។
មានប្រទេសហត្ថលេខីក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសចំនួន១៨ប្រទេស។ ប្រទេសទាំងនេះមានកាតព្វកិច្ចជួយជំរុញ និងលើកទឹកចិត្តដល់ការគោរព និងប្រតិបត្តិតាមសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាននៅក្នុងកម្ពុជា «ដើម្បីជាពិសេសការពារទប់ទល់នឹងការកកើតឡើងវិញការរំលោភសិទ្ធិមនុស្សជាថ្មីទៀត»។
លោកអំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលនិងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ មានប្រសាសន៍ថា ជម្លោះនយោបាយបានងើបឡើងវិញជាថ្មីទៀត បន្ទាប់ពី២៨ឆ្នាំក្រោយនៃការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ជម្លោះដែលកើនកំដៅកាន់តែស្រួចស្រាល់ទៅ ក្រោយការរំលាយគណបក្សសង្គ្រោះជាតិត្រូវបានរំលាយចោល។
លោកអំ សំអាត យល់ថា ជម្លោះនយោបាយធ្វើឲ្យកម្ពុជាកំពុងស្ថិតនៅលើមាត់ជ្រោះនៃការរបូតប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប និងប្រព័ន្ធអនុគ្រោះពន្ធ GSP ពីសហរដ្ឋអាមេរិក។
«អ៊ីចឹងកម្ពុជាយើងគួរងាករកមួយ គេហៅថាបញ្ចប់នូវកម្តៅនយោបាយ ដោយស្វែងរកកិច្ចចរចាគ្នា ដើម្បីធ្វើការដោះស្រាយ ព្រោះយើងឃើញថាកិច្ចព្រមព្រៀងទីក្រុងប៉ារីសបញ្ឈប់សង្គ្រាម យើងធ្វើបាន ចុះគ្រាន់តែស្វែងរកដំណោះស្រាយផ្នែកនយោបាយ ដែលឡើងកំដៅនេះ ហេតុអី ក៏កម្ពុជាធ្វើអត់បានបាទ»។
សហរដ្ឋអាមេរិកដែលជាប្រទេសហត្ថលេខីមួយរបស់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅមិនទាន់មានចំណាត់ជាក់លាក់ច្បាស់លាស់នៅឡើយ ចំពោះការផ្តល់ប្រព័ន្ធឋានៈអនុគ្រោះពន្ធដល់ការនាំចូលទំនិញរបស់កម្ពុជាចូលទីផ្សារអាមេរិក។ ក៏ប៉ុន្តែ ប្រទេសប្រជាធិបតេយ្យដ៏ធំមួយនេះ យូរៗម្តងបានរំឭកដល់ការចាប់ខ្លួន និងឃុំខ្លួនលោក កឹម សុខា មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ។
លោកកឹម សុខា ដែលកំពុងស្ថិតក្រោមការឃុំឃាំងក្នុងគេហដ្ឋាន ក្រោមការចោទប្រកាន់ថា លោកបានឃុបឃិតជាមួយសហរដ្ឋអាមេរិក ប៉ុងប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់របស់លោកហ៊ុន សែន។ សហរដ្ឋអាមេរិកបានច្រានចោលការចោទប្រកាន់លើលោក កឹម សុខា «គ្មានមូលដ្ឋាន»។ ហើយការចោទប្រកាន់នេះ ជាឧបករណ៍រំលាយគណបក្សប្រឆាំង និងដកហូតតំណែងរបស់ក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សនេះចំនួនជាង៥០០០នាក់នៅទូទាំងប្រទេស។ សកម្មភាពទាំងនេះ គឺជា«ការបំផ្លាញលទ្ធិប្រជាធិបតេយ្យ»។
លោកអំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលនិងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ កត់សម្គាល់ថា កម្ពុជាបាន«ដើរកាន់តែឆ្ងាយពីគន្លងនៃការគោរពសិទ្ធិមនុស្ស» ដែលចែងក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
ប៉ុន្តែ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មិនបានមើលឃើញថាកម្ពុជាកំពុងមានបញ្ហាក្នុងការគោរពសិទ្ធិមនុស្សនោះទេ។
លោកសុខ ឥសាន ចាត់ទុកថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានសារៈសំខាន់ដល់ដំណើរការកសាងសន្តិភាព និងអភិវឌ្ឍនៅកម្ពុជា ហើយរដ្ឋាភិបាលបានពុះពារយ៉ាងខ្លាំងដើរតាមគោលការណ៍នៃកិច្ចព្រមព្រៀងនេះ។
«សព្វថ្ងៃនេះ គ្មានអ្នកណាព្រួយបារម្ភអំពីបញ្ហាចលាចល ឬមួយក៏រត់ចូលត្រង់សេ ដើម្បីទៅពួន ពីគ្រាប់បែក ទម្លាក់ពីលើយន្តហោះ ឬមួយគ្រាប់ផ្លោងអីទេ។ គេរស់នៅដោយសប្បាយរីករាយ អ្នកណារកស៊ីអី គេរកស៊ីហឹ្នង លក់គុយទាវ លក់គុយទាវ អ្នកណាគេធ្វើការអី គេធ្វើការហ្នឹង ដោយសន្តិភាពនៅក្នុងអារម្មណ៍ ក៏ដូចជានៅក្នុងរូបកាយ ក្នុងក្រុមគ្រួសាររបស់គេ អត់មានខ្វល់ខ្វាយពីរឿង អីថា ចលាចលអី វាអត់មានសោះ ប្អូនគិតមើល»។
មន្ត្រីនាំពាក្យគណបក្សកាន់អំណាចរូបនេះ លើកឡើងទៀតថា ជាមួយការប្តេជ្ញាអនុវត្តតាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស កម្ពុជាក៏រក្សាបានគោលជំហររឹងមាំក្នុងកិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដីផងដែរ។
យ៉ាងណាក៏ដោយ លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយកម្ពុជាកំពុង«ទំនោរ»ទៅរកគន្លងនៃប្រទេសផ្តាច់ការ បើធៀបនឹងស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា វាយបកភ្លាមៗដោយច្រានចោលការយល់ឃើញខាងលើនេះ។
ទាំងលោកជិន ម៉ាលីន និងលោកសុខ ឥសាន លើកឡើងថា កម្ពុជាមិនបានបំពានលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះទេ ហើយថា ការរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧ គឺជាការអនុវត្តច្បាប់របស់កម្ពុជាតែប៉ុណ្ណោះ៕
កំណត់និពន្ធ៖ លោកអ្នកនាងអាចអានខ្លឹមសារលម្អិតនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ជាភាសាអង់គ្លេសបានទាំងស្រុងខាងក្រោមនេះ៖