ប្រជាពលរដ្ឋរួមទាំង ព្រះសង្ឃនិងមន្ត្រីរាជការនៅថ្ងៃសុក្រនេះបានសម្តែងការគោរពដឹងគុណក្នុងខួប៩ឆ្នាំនៃការសោយទិវង្គតរបស់ព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ ចំពោះការលះបង់ និងបូជាព្រះកាយពលក្នុងបុព្វហេតុការពារទឹកដី និងប្រជាជនកម្ពុជា។
អតីតព្រះមហាក្សត្រព្រះបាទនរោត្តមសីហនុ ត្រូវបានប្រជាពលរដ្ឋខ្មែរជាច្រើនចាត់ទុកថាជាឥស្សរជនដ៏ល្បីល្បាញនិងគួរឲ្យគោរព។ស្នាព្រះហស្តសំខាន់ៗរបស់ព្រះអង្គមានដូចជាការទាមទារឯករាជ្យពេញលេញឲ្យកម្ពុជាពីអាណានិគមនិយមបារាំងក្នុងឆ្នាំ១៩៥៣និងការកសាងកម្ពុជាឲ្យក្លាយជាប្រទេសរុងរឿងមួយក្នុងអំឡុងទសវត្សរ៍ ១៩៥០ និង១៩៦០។
ក្នុងគម្រប់ខួប៩ឆ្នាំនៃការសោយទិវង្គតរបស់ព្រះបាទសម្តេចព្រះនរោត្ដម សីហនុ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានបង្ហោះសារសម្តែងការគោរពដឹងគុណផងដែរ។
លោក ហ៊ុន សែន បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះថា៖ «នៅថ្ងៃនេះ ប្រជារាស្ត្រទូទាំងប្រទេសព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ សូមសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះព្រះបរមរតនកោដ្ឋដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា។ កូនចៅប្រជារាស្ត្រទូទាំងប្រទេស និងមន្ត្រីរាជការ សូមថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធព្រះបរមសពព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុសូមស្តេចយាងបដិសន្ធិក្នុងព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។
គួរបញ្ជាក់ថា អតីតព្រះមហាក្សត្រព្រះបាទ នរោត្ដម សីហនុ បានយាងចូលទិវង្គតក្នុងព្រះជន្ម៩០ព្រះវស្សាកាលពីថ្ងៃទី១៥ខែតុលាឆ្នាំ២០១២នៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន៕