ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាវា​ចម្បាំង​ចិន​ចូល​មក​មូលដ្ឋាន​ទ័ព​រាម ដែល​ធ្វើ​ទំនើបកម្ម​ដោយ​ចិន


រូបឯកសារ៖ ទាហាន​ម្នាក់អង្គុយ​នៅ​លើ​រថយន្ត​មួយ​គ្រឿង​នៅមូលដ្ឋានទ័ពជើងទឹករាមកម្ពុជា ក្នុង​ខេត្ត​ព្រះសីហនុ ប្រទេស​កម្ពុជាកាលពីថ្ងទី​២៦ កក្កដា ឆ្នាំ២០២១៩។ REUTERS/Samrang Pring/File Photo
រូបឯកសារ៖ ទាហាន​ម្នាក់អង្គុយ​នៅ​លើ​រថយន្ត​មួយ​គ្រឿង​នៅមូលដ្ឋានទ័ពជើងទឹករាមកម្ពុជា ក្នុង​ខេត្ត​ព្រះសីហនុ ប្រទេស​កម្ពុជាកាលពីថ្ងទី​២៦ កក្កដា ឆ្នាំ២០២១៩។ REUTERS/Samrang Pring/File Photo

ក្នុង​ពេល​ដែល​មន្រ្តី​ជាន់​ខ្ពស់​ផ្នែក​យោធា​របស់​ចិន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា នាវា​ចម្បាំង​របស់​ចិន​ក៏​បាន​ចូល​មក​មូលដ្ឋាន​កងទ័ព​រាម​ក្នុង​ខេត្ត​ព្រះសីហនុ​ផង​ដែរ។ ការ​ចូល​មក​នេះ ខណៈ​ចិន​កំពុង​ជួយ​ធ្វើ​ទំនើប​កម្ម​មូលដ្ឋាន​កងទ័ព​នេះ ដែល​កំពុង​បង្ក​ជា​ភាព​ចម្រូង​ចម្រាស ដោយ​មាន​ក្តី​បារម្ភ​ពី​សហរដ្ឋអាមេរិក​ថា​មូលដ្ឋាន​នេះ​នឹង​ត្រូវ​បាន​ប្រើប្រាស់​ដោយ​កងទ័ព​ចិន។

នាយ​ឧត្ដមសេនីយ៍ លោក ហឺ វ័យទុង (He Weidong) អនុប្រធាន​ គណៈកម្មាធិការ​យោធា​មជ្ឈិមបក្ស​ចិន ដែល​ជា​មន្រ្តី​យោធា​ជាន់​ខ្ពស់​បំផុត​របស់​ចិន​បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ចាប់​តាំង​ពី​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០២៣។

បើ​តាម​ហ្វេសប៊ុក​របស់​លោក ទៀ សីហា រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ លោក ទៀ សីហា បាន​អម​ដំណើរ​ឪពុក​របស់​លោក គឺ​លោក ទៀ បាញ់ អតីត​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​ទៅ​ស្វាគមន៍​នាវា​ដែល​បាន​ចូល​សំចត​នៅ​កំពង់ផែ​សមុទ្រ​រាម ដើម្បី​ត្រៀម​ហ្វឹកហ្វឺន​នាយ​នាវឹក​កង​ទ័ព​ជើង​ទឹក​កម្ពុជា។ នេះ​បើ​តាម​ហ្វេសប៊ុក​របស់​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​កម្ពុជា ដែល​បង្ហោះ​សារអមជាមួយ​រូបភាព​មួយ​ចំនួន។ លោក ទៀ បាញ់ ក៏​បាន​ត្រួត​ពិនិត្យ​ការ​សាង​សង់​មូលដ្ឋាន​នានា «ដែល​ជា​សំណង់​ដ៏ធំមួយ​នឹង​លើក​កម្ពស់​សមត្ថភាព​កង​ទ័ព​ជើង​ទឹក​មាន​ភាព​រីកចម្រើន​មួយ​កម្រិត​ថែម​ទៀត»។

អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​លោក​ទៀ បាញ់ មកទស្សនកិច្ចអំឡុង​ការចុះ​ចត​របស់​នាវា​ចម្បាំង​ចិន​ពីរ​នៅ​មូលដ្ឋានទ័ពជើងទឹករាមកម្ពុជា។
អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​លោក​ទៀ បាញ់ មកទស្សនកិច្ចអំឡុង​ការចុះ​ចត​របស់​នាវា​ចម្បាំង​ចិន​ពីរ​នៅ​មូលដ្ឋានទ័ពជើងទឹករាមកម្ពុជា។

បើ​តាម​រូបភាព គេ​ឃើញ​មាន​នាវា​ចម្បាំង​របស់​ចិន​២គ្រឿង​ចូលចត ហើយ​ក៏​មានមន្រ្តី​យោធា​ចិន​ក្នុង​សម្លៀក​បំពាក់​ពណ៌ស​ផង​ដែរ។

សារព័ត៌មានThe South China Morning Post ចុះផ្សាយ​ថា​នាវា​ចម្បាំង​ដែល​ចូល​មក​នេះ មាន​ឈ្មោះ​ថា​Wenshan ប្រភេទ​056A។

លោក ឈុំ សុជាត អ្នក​នាំពាក្យ​របស់​ក្រសួង​ការពារ​ជាតិ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​លោក​មិន​ទាន់​មាន​របាយ​ការណ៍​ផ្លូវ​ការ​អំពី​ការ​ចូល​សំចត​របស់​នាវា​ចម្បាំង​អ្វី​ឡើយ។ ដូច្នេះ​លោក​បដិសេធ​មិន​អត្ថាធិប្បាយ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​អត់​ទាន់​មាន​យោបល់ ព្រោះ​អត់​មាន​របាយការណ៍​អ្វី​មក​ដល់​ខ្ញុំ»។

អ្នកនាំពាក្យ​របស់​ក្រសួង​ការបរទេស​អាមេរិក​បាន​លើក​ឡើង​ថា​ខ្លួន​កំពុង​តាម​ដាន​របាយការណ៍​នៃ​នាវា​ចម្បាំង​ចិន​ដែល​ចូល​មក​មូលដ្ឋាន​ទ័ព​រាម​នេះ។ នេះ​បើ​តាម​សារព័ត៌មាន​Reuters។ អ្នកនាំពាក្យ​បញ្ជាក់​ទៀត​ថា​អាមេរិក​មាន«ក្តី​បារម្ភ​ជា​ខ្លាំង​អំពី​គម្រោង​របស់​ចិន​ក្នុង​ការ​គ្រប់គ្រង​ផ្តាច់​មុខ​ផ្នែក​ណាមួយ​នៃ​មូលដ្ឋាន​ជើង​ទឹក​រាម​នេះ»។

បើ​តាម​សារព័ត៌មាន ​Reuters សហរដ្ឋអាមេរិក​បាន​ជំរុញ​ឱ្យកម្ពុជា​ធានា​ថា​ចិន​នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យមាន​វត្តមាន​ឬ​បំពាក់​បច្ចេកវិទ្យា​សម្ងាត់​នៅ​មូលដ្ឋាន​រាម ដែល​អាមេរិក​ថា«នឹង​ធ្វើ​ឱ្យអធិប​តេយ្យ​ភាព​របស់​កម្ពុជា​ចុះ​ខ្សោយ បំពាន​រដ្ឋធម្មនុញ្ញ និង​ប៉ះពាល់​សន្តិសុខ​តំបន់»។ បច្ចេកវិទ្យា​សម្ងាត់​នេះ​សំដៅ​លើ​សមត្ថភាព​តាម​ដាន ឬ​ក៏​ការ​ដាក់​ប្រព័ន្ធ​រ៉ាដា​ផ្សេងៗ។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ទៀ បាញ់ អតីត​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ និង​ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​កម្ពុជា​បាន​នៅ​ឡើយ​ទេ។

ចំណែក​លោក ឥត សារ៉ាត់ អគ្គ​មេ​បញ្ជា​ការរង នាយ​សេនា​ធិការ​ចម្រុះ ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ដែល​មាន​វត្តមាន​នៅ​ពេល​ទទួល​ស្វាគមន៍​នាវា​ចិន អះអាង​ថា​លោក​កំពុង​នៅ​តាម​ផ្លូវ​មិន​សូវ​មាន​សេវា​ទូរស័ព្ទ ដូច្នេះ​លោក​មិន​អាច​អត្ថាធិប្បាយ​អ្វី​បាន​ឡើយ។

លោក ឈុំ សុជាត លើក​ឡើង​ថា​កម្ពុជា​ធ្លាប់​បាន​បដិសេធ​ជា​ច្រើន​ដង​ហើយ​លើ​ការ​ចោទ​ប្រកាន់​របស់​អាមេរិក ដូច្នេះ​លោក​ថា​មិន​មាន​អ្វី​ត្រូវ​បក​ស្រាយ​ច្រើន​ឡើយ។

កាល​ពី​ខែ​កញ្ញា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែល​កាន់​អំណាច​ជា​នាយក​រដ្ឋមន្រ្តី បាន​ជាង​៣​ខែ បាន​ថ្លែង​នៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ថា​កម្ពុជា​ប្រឆាំង​ដាច់​ខាត​ចំពោះ​ការ​ជ្រៀត​ជ្រែក​រដ្ឋ​ឯករាជ្យ និង​មិន​អនុញ្ញាត​ឱ្យ​បរទេស​ណាមួយ​សាង​សង់​មូលដ្ឋាន​ទ័ព​នៅ​កម្ពុជា​ឡើយ។

លោក ហ៊ុន ម៉ាណែត ថ្លែង​ថា៖ «កម្ពុជា​ប្រឆាំង​ដាច់​ខាត​ចំពោះ​ការ​គំរាម​ប្រើប្រាស់ ឬ​ប្រើ​កម្លាំង​ក្នុង​ទំនាក់​ទំនង​អន្តរជាតិ​ការ​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង និង​ឈ្លានពាន​រដ្ឋ​ឯករាជ្យ​ណាមួយ។ កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​នៅ​លើ​ទឹកដី​របស់​ខ្លួន​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​ប្រទេស​ណាមួយ ឬ​ក្រុម​ណាមួយ​ប្រើប្រាស់​ទឹកដី​កម្ពុជា​ប្រឆាំង​នឹង​ប្រទេស​ផ្សេងទៀត»។

អ្នក​ជំនាញ​លើ​ផ្នែក​សមុទ្រ​ចិន​ខាង​ត្បូង លោក Gregory Poling នៅ​មជ្ឈ​មណ្ឌល​Center for Strategic and International Studies (CSIS) សហរដ្ឋអាមេរិក​លើក​ឡើង​ថា​ក្តី​បារម្ភ​ចម្បង​មួយសម្រាប់​អាមេរិក និង​ដៃ​គូ​របស់​គេ គឺ​ការ​បំពាក់​ប្រព័ន្ធ​រ៉ាដា ដែល​ចិន​អាច​ដាក់​នៅ​មូលដ្ឋាន​ទ័ព​រាម។ នេះ​បើ​តាម​សារព័ត៌មាន​Reuters។

លោក មាស នី អ្នក​តាម​ដាន និង​អ្នក​វិភាគ​នយោបាយ​ម្នាក់ ថ្លែង​ថា​ការ​បំពេញ​ទស្សនកិច្ច​របស់​កង​យោធា​នៃ​ប្រទេស​មួយ​ក្នុង​ប្រទេស​កម្ពុជា​ជា​រឿង​ធម្មតា​នៃ​ទំនាក់​ទំនង​ការទូត​រវាង​ប្រទេស​និង​ប្រទេស។ ប៉ុន្តែ​លោក​ថា​ដោយ​សារ​កម្ពុជា​កំពុង​ស្ថិត​នៅ​ក្រោម​ខ្សែ​ភ្នែក​នៃ​ភូមិសាស្រ្ត​នយោ​បាយ ដូច្នេះ​ការ​ចូល​សំចត​នៃ​នាវា​ចិន បង្ក​ជា«មន្ទិល​សង្ស័យ»ថែម​ទៀត​ពី​សហរដ្ឋអាមេរិក។ លោក​បន្ថែម​ថា​កម្ពុជា​ត្រូវ​បង្ហាញ​ជំហរ​ថា​ខ្លួន​ស្ថិត​នៅកណ្តាល​រវាង​មហា​អំណាច​ទាំង​ពីរ។

បើ​តាម​លោក មាស នី កម្ពុជា​ស្ថិត​ក្នុង«ភាព​លំបាក​បំផុត» ដោយសារ​តែ​កម្ពុជា​បាន​ធ្លាក់​ចូល​ក្នុង​គន្លង​មួយ​ដែល​ធ្វើ​ឱ្យមាន​ការ​សង្ស័យ។

លោក​ប្រាប់​វីអូអេ​ថា៖ «វា​អាស្រ័យ​លើ​កម្ពុជា​ថា​តើ​កម្ពុជា​នឹង​បង្ហាញ​អ្វី​នៅ​ពេល​ខាង​មុខ ដើម្បី​ឱ្យមាន​ជា​ទំនុក​ចិត្ត​ពី​សហរដ្ឋ​អាមេរិក។ ហើយ​ខ្ញុំ​គិត​ថា​វា​មាន​ការ​ពិបាក​ណាស់​នៅ​ក្នុង​ការ​លាក់ ប្រសិន​បើ​កម្ពុជា​ព្យាយាម​លាក់ ឬ​ក៏​លាក់​វា​មិន​ជិត រឿង​ហ្នឹង​វា​ចេះ​តែ​ធ្លាយ​ម្តង​បន្តិចៗ»។

លោក​បន្ថែម​ថា​ប្រសិន​បើ​កម្ពុជា​អាច​លាក់​បាំង​បាន​ពី​សហរដ្ឋអាមេរិក ប៉ុន្តែ​វា​ក៏​ពិបាក​នឹង​លាក់​បាន​ពី​«ចារកម្ម​របស់​វៀតណាម»៕

XS
SM
MD
LG