ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

និស្សិត​​ចិន​​ត្រូវបាន​​កាត់ទោស​​ពី​បទ​​តាមដាន​​និង​​គំរាម​​កំហែង​​សកម្មជន​​គាំទ្រ​ប្រជាធិបតេយ្យ​នៅសហរដ្ឋ​អាមេរិក


រូបឯកសារ៖ និស្សិត​ឈ្មោះ Xiaolei Wu បង្ហាញខ្លួនក្នុង​បទសម្ភាសន៍ជាមួយ​​មន្ត្រី​នៃ​​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ FBI នៅ​ទីក្រុង Chelsea រដ្ឋ Massachusetts សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២២។ (U.S. Attorney’s Office for the District of Massachusetts/Handout via Reuters)
រូបឯកសារ៖ និស្សិត​ឈ្មោះ Xiaolei Wu បង្ហាញខ្លួនក្នុង​បទសម្ភាសន៍ជាមួយ​​មន្ត្រី​នៃ​​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ FBI នៅ​ទីក្រុង Chelsea រដ្ឋ Massachusetts សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២២។ (U.S. Attorney’s Office for the District of Massachusetts/Handout via Reuters)

គណៈវិនិច្ឆ័យ​សហព័ន្ធ​នៅ​ទីក្រុង Boston សហរដ្ឋ​អាមេរិក ​បាន​កាត់​ទោស​និស្សិត​ចិន​រៀន​ផ្នែក​ដូរតន្ត្រីម្នាក់​ពី​បទ​តាមដាន​និង​បៀតបៀន​ទៅ​លើ​មិត្ត​រួមថ្នាក់​ផ្សេង​ទៀត បន្ទាប់ពី​នាង​បាន​បិទ​ខិត្តប័ណ្ណ​បង្ហាញ​ពី​ការគាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ ​នៅ​ក្នុង​ប្រទេស​ចិន​ នៅ​ជុំវិញ​បរិវេណ​មហា​វិទ្យាល័យ Berklee កាលពី​រដូវ​ស្លឹកឈើ​ជ្រុះ​ ឆ្នាំ ២០២២។

តាម​ភស្តុតាង​ដែល​បាន​បង្ហាញ​ក្នុង​អង្គជំនុំ​ជម្រះ​និង​ឯកសារ​តុលាការ​នានា​ និស្សិត​ឈ្មោះ Xiaolei Wu អាយុ ២៥ ឆ្នាំ​ បាន​ផ្ញើសារ​តាម​អ៊ីនធឺណិតទៅកាន់​មិត្ត​រួម​ថ្នាក់​ កាលពី​ចុងខែ​តុលា ឆ្នាំ ២០២២ បន្ទាប់ពី​នាង​បាន​បិទខិត្តប័ណ្ណ​ដែល​មាន​ខ្លឹមសារ​ថា «យើង​ចង់​បាន​លទ្ធិប្រជាធិបតេយ្យ» «យើង​ចង់​បាន​សេរីភាព» និង «យើង​សាមគ្គី​ជាមួយ​ប្រជាពលរដ្ឋ​ចិន»។

ដោយសារ​តែ​សារ​ទាំង​នេះ Wu បាន​គំរាម​កំហែង​កាត់​ដៃ​របស់​នាង​ចោល និង​ទាមទារ​ឱ្យ​នាង​បំផ្លាញ​ចោល​នូវ​អ្វី​ដែល​លោក​ហៅ​ថា «ផ្ទាំង​ផ្សព្វផ្សាយ​បែប​ប្រតិកិរិយា»។

Wu ក៏​បាន​ប្រាប់​មិត្ត​រួម​ថ្នាក់​ដែល​តុលាការ​ដាក់​ឈ្មោះ Zooey ថា លោក​បាន​ប្រាប់​អាជ្ញាធរ​សន្តិសុខ​សាធារណៈ​នៅ​ប្រទេស​ចិន​រួច​ហើយ អំពី​សកម្មភាព​នានា​របស់​នាង ​ហើយ​ថា​ ពួកគេ​នឹង​ទៅ «ស្វាគមន៍» គ្រួសារ​របស់​នាង។

ក្នុង​សវនាការ​រយៈ​ពេល ៤ ថ្ងៃ មេធាវី​របស់ Wu បាន​លើក​ឡើង​ថា​ មតិ​របស់​កូន​ក្ដី​ពួក​គេ​មិន​មែន​ជា​ការគំរាម​កំហែង​នោះ​ទេ ប៉ុន្តែគ្រាន់តែ​ជា​ជម្លោះ​តាម​អនឡាញ​នៃ​មនុស្ស​ក្មេងៗ​ពីរ​នាក់​ដែល​បាន​ស្គាល់​គ្នា ​និង​មាន​ទស្សនៈ​នយោបាយ​ខុសគ្នា​ប៉ុណ្ណោះ។ មេធាវី​របស់ Wu ក៏​បាន​លើក​ឡើង​ដែរ​ថា ​កូនក្ដី​ពួក​គេ​គ្រាន់តែ​រំឭក​ដល់​មិត្តរួមថ្នាក់​របស់​លោក​ អំពី​លទ្ធផល​នៃ​សកម្មភាព​របស់​នាង​នៅ​ក្នុង​ប្រទេស​ចិន។

ទោះយ៉ាងណាក៏ដោយ កាល​ពីថ្ងៃទី ២៥ ខែ​វិច្ឆិកា គណៈវិនិច្ឆ័យ​សហព័ន្ធ​បាន​រកឃើញ​កំហុស​របស់​លោក Wu ពី​បទ​តាមដាន​តាម​អ៊ីនធឺណិត​និង​ការគំរាម​កំហែង។ បទចោទ​ទាំង​ពីរ​នេះ​ប្រឈម​ជាប់​ពន្ធនាគារ​រហូត​ដល់ ៥ ឆ្នាំ ដែល​ក្នុង​នោះ ៣ ឆ្នាំ​ អាច​ត្រូវ​បាន​ដោះលែង​នឹង​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការឃ្លាំមើល ព្រមទាំង​ប្រឈម​នឹង​ការផាក​ពិន័យ​រហូត​ដល់​ ២៥ ម៉ឺន​ដុល្លារ។ ការប្រកាស​ការផ្ដន្ទាទោស​លោក Wu នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃទី ២៤ ខែ​មេសា​ខាង​មុខ​នេះ។

បន្ទាប់ពី​សាលក្រម​ផ្តន្ទាទោស​ត្រូវ​បាន​ប្រកាស ​រដ្ឋអាជ្ញារ​បាន​ស្នើឱ្យ​ឃុំ​ខ្លួន​លោក Wu ភ្លាមៗ ដោយ​លើកឡើងពី​ក្ដី​បារម្ភ​ថា លោក​អាច​នឹង​គេច​ខ្លួន​មុន​ពេល​បញ្ចប់​ដំណើរការ​ក្ដី​នេះ ហើយថា ​អាជ្ញាធរ​ចិន​បាន​បង្ហាញ​ក្ដីបារម្ភ​ម្ដងហើយ​ម្ដង​ទៀត​អំពី​រឿង​ក្តី​នេះ។ ប៉ុន្តែ​បន្ទាប់​ពី​បាន​ស្ដាប់​មតិយោបល់​ពី​ភាគី​ជន​ជាប់ចោទ​និង​រដ្ឋអាជ្ញារ លោក Wu ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន។ ចៅក្រម​បាន​ថ្លែង​ថា លោក Wu មិន​ធ្លាប់​បាន​បំពានលើ​លក្ខខណ្ឌ​នៃ​ការរស់នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​ទេ​កាលពី​មុន ហើយ​ថា ​លក្ខខណ្ឌ​ទាំង​នោះ​នឹង​នៅ​តែ​មាន​សុពលភាព​ដដែល។

លោក Wu ត្រូវ​បាន​ហាម​មិន​ឲ្យ​ផ្លាស់​ប្ដូរ​អាស័យដ្ឋាន​និង​មិន​ឱ្យ​ចូល​ទៅ​ក្នុង​បរិវេណ​មហាវិទ្យាល័យ Berklee ឬ​មាន​ទំនាក់​ទំនង​ជាមួយ​អ្នក​ដែល​ជាប់​ព័ន្ធ​នឹង​ករណី​នេះ។ លោក​បាន​ប្រគល់​លិខិត​ឆ្លងដែន​ទៅ​ឱ្យ​អាជ្ញាធរ ហើយ​មិន​អាច​ចាក​ចេញ​ពី​រដ្ឋ​ Massachusetts បាន​ឡើយ។

ការកាត់​ទោស​លោក Wu បង្ហាញ​ពី​បញ្ហា​កាន់តែ​រីកធំឡើង ​ដែល​សហរដ្ឋ​អាមេរិក​និង​អាជ្ញាធរលោក​ខាងលិច​ កំពុង​ធ្វើ​ដើម្បី​ទប់ទល់​ទៅ​នឹង​ការប្រឹងប្រែង​របស់​ចិន​ក្នុង​ការបំបិទ​មាត់​អ្នក​រិះគន់​នៅ​ក្រៅ​ប្រទេស។

ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​របស់​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក ​ដែល​ចេញ​បន្ទាប់ពី​ការ​កាត់ទោស​លោក Wu លោក Joshua S. Levy រដ្ឋអាជ្ញារ​ស្ដីទី​សហរដ្ឋ​អាមេរិក​សម្រាប់​តុលាការរដ្ឋ Massachusetts បាន​បញ្ជាក់​ពី​ការប្ដេជ្ញាចិត្ត​របស់​ក្រសួង​យុត្តិធម៌​ ក្នុង​ការធានា​សេរីភាព​នៃ​ការបញ្ចេញ​មតិ​សម្រាប់​មនុស្ស​ទាំង​អស់។

លោក Levy ថ្លែង​ដូច្នេះ​ថា៖ «គ្មាន​ជន​ណា​ម្នាក់​នៅ​ក្នុង​ប្រទេស​នេះ​ត្រូវ​គេ​គំរាម​កំហែង​ហិង្សា ឬ​យុទ្ធនាការ​បៀតបៀន​តាមរយៈ​ការតាម​ដាន ដោយសារតែ​ការបញ្ចេញ​ទស្សនៈ​នយោបាយរបស់​ពួក​គេ​នោះ​ទេ»។

អ្នកស្រី Jodi Cohen ភ្នាក់ងារ​ស៊ើប​អង្កេត​ពិសេស​នៃ​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ FBI ប្រចាំ​ក្រុង Boston ក៏​បាន​បន្ថែម​ដែរ​ថា៖ «អ្វី​ដែល Xiaolei Wu បាន​ធ្វើ​ក្នុង​គោលដៅ​បំបិទ​សំឡេង​និង​គំរាម​កំហែង​សកម្មជន​ ដែល​ជំទាស់​ទៅ​នឹង​គណបក្ស​កុម្មុយនីស្ត​ចិន​ដែល​កាន់​អំណាច មិន​ត្រឹមតែ​ជា​បទល្មើល​ឧក្រិដ្ឋ​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ប្រឆាំង​ទាំងស្រុង​ទៅ​លើ​តម្លៃ​ប្រជាធិបតេយ្យ​របស់​ប្រទេស​យើង»។

វីអូអេ​បាន​ព្យាយាម​សុំ​ការអត្ថាធិប្បាយ​ពី​ស្ថានទូត​ចិន​អំពី​រឿងក្តី​នេះ ក៏ប៉ុន្តែ​មិន​បាន​ទទួល​បាន​ការឆ្លើយ​តប​នោះ​ទេ។

នាង Zooey ដែល​ជា​មិត្ត​រួមថ្នាក់​របស់​លោក Wu បាន​បិត​ខិត្តប័ណ្ណ​នៅ​ជុំវិញ​បរិវេណ​នៃ​មហាវិទ្យាល័យ Berklee នៅ​ពេល​ដែល​ពលរដ្ឋ​ចិន​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​បាន​ទទួល​ការជំរុញ​ទឹក​ចិត្ត​ ដោយសារ​តែ​ភាពក្លាហាន​របស់​បុរស​ម្នាក់​ នៅ​ទីក្រុង​ប៉េកាំង។ បុរស​ដែល​មាន​ឈ្មោះ​ថា Peng Lifa បាន​បិទ​បដា​បាតុកម្ម​ធំៗនៅ​លើ​ស្ពាន​មួយ​នៃ​ដងផ្លូវ​ដ៏​មមាញឹក​នៅ​ក្នុង​រដ្ឋធានី​ប៉េកាំង កាល​ពី​ខែតុលា ឆ្នាំ ២០២២ ដែល​មាន​ពាក្យស្លោក​ស្រដៀង​ទៅ​នឹង​ខិត្តប័ណ្ណ​របស់​នាង Zooey។

ពាក្យ​ស្លោក​ខ្លះ​នៅ​លើ​បដា​ធំៗសរសេរ​ថា ​«យើង​មិន​ចង់​បាន​មេដឹកនាំ​ផ្ដាច់ការ យើង​ចង់បាន​ការបោះ​ឆ្នោត។ យើង​មិន​ចង់​បាន​បដិវត្តន៍​វប្បធម៌ យើង​ចង់​បាន​កំណែ​ទម្រង់»។ ពាក្យស្លោក​ទាំង​នេះ​ធ្វើ​ឡើង​ដើម្បី​ជំទាស់​ទៅនឹង​មេដឹកនាំ​ចិន​លោក Xi Jinping។

ពាក្យស្លោក​ដទៃទៀត​ដូចជា «យើង​មិន​ចង់​បាន​ការ​ធ្វើ​តេស្ត​អាស៊ីត​នុយក្លេអ៊ិច យើង​ចង់​បានអាហារ​សម្រាប់​ហូប» និង​ពាក្យ​ស្លោក« យើង​មិន​ចង់បាន​ការបិទខ្ទប់ ប៉ុន្តែ​យើង​ចង់បាន​សេរីភាព» បាន​បង្ហាញ​ពី​ការតប់​ប្រមល់​របស់​មនុស្ស​ជាច្រើន ​ក្នុង​ពេល​ដែល​ចិន​អនុវត្ត​វិធាន​ការ​គ្រប់គ្រងការ​រាតត្បាត​នៃ​ជំងឺកូវីដ១៩ ដ៏​តឹងរ៉ឹង។

លោក Peng ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ បន្ទាប់​លោក​បាន​ចងព្យួរ​បដា​តាំង​នោះ ហើយ​បច្ចុប្បន្ន​នេះ​លោក​បន្ត​ជាប់​ឃុំឃាំង​នៅ​ក្នុង​ទីតាំង​មួយ ​ដែល​មិន​ត្រូវ​បាន​បញ្ចេញ​ឱ្យដឹង។ ប្រភពព័ត៌មានមួយ​ចំនួន​បាន​ថ្លែង​ប្រាប់​វីអូអេផ្សាយជា​ភាសាចិន​កាល​ពី​ខែ​តុលា ឆ្នាំ​ ២០២៣ ​ថា​អាជ្ញាធរ​មិន​ទាន់​បាន​បញ្ចេញ​ឯកសារ​ផ្លូវច្បាប់​ណា​មួយ​ ពាក់ព័ន្ធ​នឹង​រឿង​នេះ​ទេ ខណៈ​ដែល​ក្រុមគ្រួសារ​និងមិត្តភ័ក្តិ​របស់​លោក ​ក៏​មិន​អាច​ជួល​មេធាវី​ដើម្បី​ផ្ដល់​ជំនួយ​ផ្នែក​ច្បាប់​សម្រាប់​លោក។

យោងតាម​គេហទំព័រ​ផ្ទាល់ខ្លួន​មួយ​ជា​ភាសា​ចិន​ឈ្មោះ Weiquanwang ដែល​បង្ហោះ​អំពី​បច្ចុប្បន្នភាព​នៃ​ការ​រំលោភ​សិទ្ធិមនុស្សនិងករណី​ជាច្រើន​ទៀត​ នៅ​ប្រទេស​ចិន លោក Peng បាន​ឈាន​ដល់​ថ្ងៃ​ខួប​កំណើត​អាយុ ៥០ នៅ​ដើម​ខែនេះ ខណៈ​ដែល​លោក​នៅ​ក្នុង​មន្ទីរឃុំ​ឃាំង​សម្ងាត់។ ទីតាំង​ដែល​លោក​កំពុង​ស្ថិតនៅ​និង​ស្ថានភាព​សុខភាព​របស់​លោក​មិន​ត្រូវ​បាន​គេ​ដឹង​នោះ​ទេ។ នេះ​បើ​យោង​តាម​គេហ​ទំព័រ​ដដែល ​ដែល​បាន​ស្រង់​សម្ដី​ប្រភព​ព័ត៌មានសុំ​មិន​បញ្ចេញ​ឈ្មោះ»៕

ប្រែសម្រួល​ដោយ​លោក នៀម ឆេង

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG