ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​បិទ​ដំណើរការ​ក្រុមហ៊ុន​អចលនទ្រព្យ Evergrande របស់​ចិន​ដែល​ជំពាក់​បំណុល​ជាង ៣០០ ពាន់លានដុល្លារ


រូបឯកសារ៖ ផ្លាកយីហោ​ក្រុមហ៊ុន Evergrande Group ត្រូវបាន​ថត​ពី​អគារ​របស់​ក្រុមហ៊ុន នៅខេត្ត Guangdong ប្រទេសចិន កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។
រូបឯកសារ៖ ផ្លាកយីហោ​ក្រុមហ៊ុន Evergrande Group ត្រូវបាន​ថត​ពី​អគារ​របស់​ក្រុមហ៊ុន នៅខេត្ត Guangdong ប្រទេសចិន កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។

តុលាការ​ក្នុង​ទីក្រុង​ហុងកុង​នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​បញ្ជា​ឱ្យ​បិទ​ដំណើរការ​ក្រុមហ៊ុន Evergrande Group ដែល​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​បំផុត​របស់​ចិន។ នេះ​ជា​វិធានការ​មួយ​ដែល​ទំនងជា​អាច​មាន​ផល​ប៉ះពាល់​ជា​បន្តបន្ទាប់​លើ​ទីផ្សារ​ហិរញ្ញវត្ថុ​ដ៏​ប្រេះស្រាំ​ចុះខ្សោយ​របស់​ចិន ស្រប​ពេល​ដែល​អ្នក​ធ្វើ​គោល​នយោបាយ​ប្រឹងប្រែង​ទប់ទល់​នឹង​វិបត្តិ​ដ៏​មុត​ជ្រៅ​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

ការ​សម្រេច​នៅ​ក្នុង​ការ​បិទ​ដំណើរការ​ក្រុមហ៊ុន​ដែល​ជាប់​បំណុល​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក​សរុប​ជាង ៣០០ ពាន់​លាន​ដុល្លារ​អាមេរិក​នេះ​ត្រូវបាន​ធ្វើ​ឡើង​ដោយ​អ្នកស្រី​ចៅក្រម Linda Chan នៃ​ទីក្រុង​ហុងកុង។

អ្នកស្រី​បាន​បញ្ជាក់​ថា ក្រុមហ៊ុន Evergrande មិន​អាច​ផ្ដល់​នូវ​ផែនការ​រៀបចំ​លក្ខខណ្ឌ​បំណុល​ឡើងវិញ​ដ៏​ជាក់លាក់​បាន ទោះបីជា​បាន​ពន្យារពេល​រាប់​ខែ​កន្លង​មក​ក៏ដោយ។

ក្រុមហ៊ុន Evergrande ដែល​មាន​ទ្រព្យសម្បត្តិ​ចំនួន ២៤០ ពាន់​លាន​ដុល្លារ បាន​ធ្វើ​ឱ្យ​វិស័យ​អចលនទ្រព្យ​ដែល​កំពុង​ត្រដាបត្រដួស​នៅ​ក្នុង​ប្រទេស​ចិន​ដាំ​ក្បាល​ចុះក្រោម នៅ​ពេល​ដែល​ក្រុមហ៊ុន​នេះ​មិន​អាច​មាន​លទ្ធភាព​សង​បំណុល​របស់​ខ្លួន​បាន​នៅ​ក្នុង​ឆ្នាំ ២០២១។

ជាង​នេះ​ទៀត ការ​សម្រេច​របស់​តុលាការ​នៅ​ក្នុង​ការ​បិទ​ដំណើរការ​ក្រុមហ៊ុន​នេះ​នឹង​ទំនងជា​រុញច្រាន​ទីផ្សារ​មូលធន​និង​អចលនទ្រព្យ​របស់​ចិន​ដែល​ទន់ខ្សោយ​ស្រាប់​ឱ្យ​កាន់តែ​ដុនដាប​បន្ថែម​ទៀត។

ប្រទេស​ចិន​កំពុង​ប្រឹងប្រែង​ទប់ទល់​នឹង​បញ្ហា​សេដ្ឋកិច្ច​ទន់ខ្សោយ ទីផ្សារ​អចលនទ្រព្យ​ដុនដាប​ក្នុង​ពេល ៩ ឆ្នាំ​ចុងក្រោយ និង​ទីផ្សារ​ភាគហ៊ុន​ទាប​ដែល​ត្រាំត្រែង​ជិត ៥ ឆ្នាំ​កន្លង​មក។ ដូច្នេះ បញ្ហា​ថ្មីថ្មោង​ណា​មួយ​ដែល​ប៉ះពាល់​ទីផ្សារ​អាច​ធ្វើ​ឱ្យ​អន្តរាយ​ដល់​កិច្ច​ប្រឹងប្រែង​របស់​អ្នក​ធ្វើ​គោល​នយោបាយ​នៅ​ក្នុង​ការ​ធ្វើ​ឱ្យ​ការ​រីក​ចម្រើន​រស់រវើក​ឡើង​វិញ។

ភាគហ៊ុន​របស់​ក្រុមហ៊ុន Evergrande បាន​ធ្លាក់ចុះ​នៅ​ក្នុង​ទីផ្សារ​ជួញដូរ​រហូត​ដល់ ២០% មុន​ពេល​តុលាការ​សម្រេច​បិទ​ដំណើរការ​ក្រុមហ៊ុន​នេះ។ ការ​ជួញដូរ​ត្រូវ​បាន​បញ្ឈប់​សម្រាប់​ក្រុមហ៊ុន Evergrande នេះ ក៏ដូចជា​ក្រុមហ៊ុន China Evergrande New Energy Vehicle Group និង​ក្រុមហ៊ុន Evergrande Property Services ដែល​ជា​សាខា​ចុះបញ្ជី​របស់​ក្រុមហ៊ុន​នេះ​ផងដែរ នៅ​ក្រោយ​ការ​សម្រេច​របស់​តុលាការ៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG