ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​កម្ពុជា​រើស​យក​ចិន​ច្រើន​ជាង​អាមេរិក​ក្នុង​ការ​ស្ទង់​មតិ​១ពាន់​នាក់​នៅ​៥​ខេត្ត​រាជធានី​


នៅ​លើ​បញ្ហា​នយោបាយ​ការ​បរទេស​វិញ​ ​​ការ​សិក្សា​ខាង​លើ​បាន​រក​ឃើញ​ថា​មាន​ពលរដ្ឋ​៣៨%​បាន​ជ្រើស​យក​ចិន​ ២៨%​បាន​ជ្រើស​យក​សហ​រដ្ឋ​អាមេរិក​និង​២៣%​បាន​ជ្រើស​យក​ប្រទេស​ជប៉ុន។​
នៅ​លើ​បញ្ហា​នយោបាយ​ការ​បរទេស​វិញ​ ​​ការ​សិក្សា​ខាង​លើ​បាន​រក​ឃើញ​ថា​មាន​ពលរដ្ឋ​៣៨%​បាន​ជ្រើស​យក​ចិន​ ២៨%​បាន​ជ្រើស​យក​សហ​រដ្ឋ​អាមេរិក​និង​២៣%​បាន​ជ្រើស​យក​ប្រទេស​ជប៉ុន។​

ការ​ស្ទង់​មតិ​ចុងក្រោយ​បំផុត​មួយ​ក្នុង​ចំណោម​ពលរដ្ឋ​ជាង​មួយ​ពាន់​នាក់​នៅ​រាជធានី​ភ្នំពេញ​និង​ខេត្ត​ចំនួន​៤​ផ្សេង​ទៀត​បាន​រក​ឃើញ​ថា​ពួកគេ​ជ្រើស​រើស​យក​ប្រទេស​ចិន​ច្រើន​ជាង​សហរដ្ឋ​អាមេរិក​ តែ​ក៏​មាន​ការ​ចោទ​សួរ​អំពី​វិធីសាស្ត្រ​រើស​គំរូ​ស្ថិតិ​មក​វាយ​តម្លៃ​ផង​ដែរ។​

ការ​សិក្សា​នេះ​​ដែល​ធ្វើ​ឡើង​ដោយ​មូលនិធិ​ Konrad Adenauer ​និង​ក្រុមហ៊ុន​ស្រាវជ្រាវ ​Kantar ​បាន​ចុះ​សួរ​ពលរដ្ឋ​១.០១៥​នាក់​នៅ​ភ្នំពេញ ​តំបន់​ឆ្នេរ ​តំបន់​ទំនាប​កណ្ដាល ​តំបន់​បឹង​ទន្លេសាប​និង​តំបន់​ភ្នំ ​កាល​ពី​ខែ​តុលា​ឆ្នាំ​២០២០​ពោល​គឺ​មុន​ពេល​មាន​ការ​ផ្ទុះ​ឆ្លង​ជំងឺ​កូវីដ​ធំធេង​ក្នុង​សហគមន៍​និង​មុន​ពេល​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​និង​នៅ​ទី​បញ្ចប់​នៃ​អាណត្តិ​ប្រធានាធិបតី​អាមេរិក​លោក Donald Trump។​

នៅ​លើ​បញ្ហា​ដៃគូ​ពាណិជ្ជ​កម្ម​ ​ការ​សិក្សា​ខាង​លើ​បាន​រក​ឃើញ​ថា​ មាន​ពលរដ្ឋ​៤៦%​រើស​យក​ចិន៣៨%​រើស​យក​ថៃ២៥%​រើស​យក​សហ​រដ្ឋ​អាមេរិក​និង​២៥%​រើស​យក​វៀតណាម។​

ចិន​និង​កម្ពុជា​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កាល​ពី​ខែតុលា​ខណៈ​រដ្ឋាភិបាល​កម្ពុជា​សម្លឹង​ឃើញ​ចិន​ជា​គោលដៅ​ទីផ្សារ​សម្រាប់​ផលិត​ផល​កសិកម្ម​របស់​ប្រទេស​ ចំ​ពេល​ដែល​ជញ្ជីង​ពាណិជ្ជ​កម្ម​ទ្វេភាគី​នៅ​មាន​ឱន​ភាព​ដោយ​កម្ពុជា​នាំចូល​ពី​ចិន​ច្រើន​ជាង​នាំ​ចេញ​ទៅ​ចិន។​

ទំហំ​ពាណិជ្ជ​កម្ម​កម្ពុជា-សហរដ្ឋ​អាមេរិក​មាន​បរិមាណ​ជិត​៧​ពាន់​លាន​ដុល្លារ​ដោយ​កម្ពុជា​នាំ​ចេញ​ទៅ​សហ​រដ្ឋ​អាមេរិក​គិតជា​ទឹក​ប្រាក់​ចំនួន​៦.៥០០​លាន​ដុល្លារ​ហើយ​ការ​នាំ​ចូល​ពី​សហ​រដ្ឋ​អាមេរិក​វិញ​គិតជា​ទឹក​ប្រាក់​មាន​ចំនួន​៣៤៣​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​២០២០។​

ការ​សិក្សា​ដែល​ធ្វើ​ឡើង​ដោយ​មូលនិធិ ​Konrad Adenauer ​និង​ក្រុមហ៊ុន​ស្រាវជ្រាវ ​Kantar ​បាន​ចុះ​សួរ​ពលរដ្ឋកម្ពុជា១.០១៥​នាក់​។ (ថត​ពី​គេហទំព័រ kas.de)
ការ​សិក្សា​ដែល​ធ្វើ​ឡើង​ដោយ​មូលនិធិ ​Konrad Adenauer ​និង​ក្រុមហ៊ុន​ស្រាវជ្រាវ ​Kantar ​បាន​ចុះ​សួរ​ពលរដ្ឋកម្ពុជា១.០១៥​នាក់​។ (ថត​ពី​គេហទំព័រ kas.de)

នៅ​លើ​បញ្ហា​នយោបាយ​ការ​បរទេស​វិញ​ ​ ​ការ​សិក្សា​ខាង​លើ​បាន​រក​ឃើញ​ថា​មាន​ពលរដ្ឋ​៣៨%​បាន​ជ្រើស​យក​ចិន​ ២៨%​បាន​ជ្រើស​យក​សហ​រដ្ឋ​អាមេរិក​និង​២៣%​បាន​ជ្រើស​យក​ប្រទេស​ជប៉ុន។​

ចំណែក​ឯ​បញ្ហា​ហេដ្ឋា​រចនា​សម្ព័ន្ធ សេដ្ឋកិច្ច ​និង​សេវា​សាធារណៈ​វិញ​ការ​សិក្សា​ដដែល​បាន​បង្ហាញ​ថា​មាន​មនុស្ស​៤៤%​បាន​រើស​យក​ចិន​ ៣៨%​បាន​រើស​យក​ជប៉ុន​និង​២៥%​បាន​រើស​យក​សហ​រដ្ឋ​អាមេរិក។​

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​បាន​ទទួល​ស្គាល់​ជា​សាធារណៈ​កាល​សប្ដាហ៍​មុន​អំពី​ការ​ពឹង​អាស្រ័យ​របស់​រដ្ឋាភិបាល​លោក​ទៅ​លើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​តាំង​ពី​ការ​ខ្ចី​បុល​ជំនួយ​ការ​វិនិយោគ​និង​ចុង​ក្រោយ​បង្អស់​នេះ​រឿង​វ៉ាក់សាំង​ប្រឆាំង​កូវីដ​ដោយ​លោក​ថា​ បើ​មិន​ពឹង​ចិន​ មិន​ដឹង​ពឹង​នរណា។​

ការ​សិក្សា​ស្ទង់​មតិ​ខាង​លើ​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​«ជាមួយ​នឹង​ការ​ពឹង​ពាក់​ខ្លាំង​លើ​ប្រទេស​ចិន​ទាំង​ផ្នែក​នយោបាយ​និង​សេដ្ឋកិច្ច​ ភាព​រឹង​មាំ​នៃ​ទំនាក់​ទំនង​របស់​ព្រះ​រាជា​ណាចក្រ​[កម្ពុជា]​ជាមួយ​មហា​អំណាច​ពិភពលោក​ដទៃ​ទៀត​ដូច​ជា​សហ​រដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​ជា​ដើម​នោះ​បាន​វិវត្ត​ទៅ​រក​ភាព​ស្រពេច​ស្រពិល»។​

កម្រង​ការ​សិក្សា​ដដែល​សរសេរ​ថា​ ជំនួយ​ជោគ​ជាំ​និង​តួនាទី​សកម្ម​របស់​ចិន​នៅ​កម្ពុជា​ជា​កត្តា​ដែល​នាំ​ឲ្យ​ការ​សិក្សា​នេះ​រក​ឃើញ​ថា​មាន​ការ​ជ្រើស​យក​ចិន​ច្រើន​ជាង​នោះ​ហើយ​វា«មិន​គួរ​ឱ្យភ្ញាក់​ផ្អើល​ទេ»។​

វីអូអេ​មិន​ទាន់​អាច​ទាក់​ទង​សហ​និពន្ធ​ការី​នៃ​ការ​សិក្សា​ស្ទង់​មតិ​ខាង​លើ​នៅ​មូលនិធិ​Konrad Adenauer ​ប្រចាំ​ប្រទេស​កម្ពុជា​បាន​នៅ​ឡើយ​ទេ។​មូលនិធិ​ Konrad Adenauer ​ជា​អង្គភាព​និង​ជា​ម្ចាស់​ជំនួយ​លើ​ការ​ស្រាវ​ជ្រាវ​នយោបាយ​អម​គណបក្ស​កាន់​អំណាច​CDU​របស់​ប្រទេស​អាល្លឺម៉ង់។​

ស្ថានទូត​អាមេរិក​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​លើ​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​ខាង​លើ​ទេរី​ឯ​ស្ថានទូត​ចិន​ក៏​មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​របស់​វីអូអេ​សុំ​សម្ភាស​នោះ​ដែរ​គិត​ត្រឹម​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

លោក​ស៊ុន គីម ​គ្រូ​ឧទ្ទេស​ជំនាញ​ទំនាក់​ទំនង​អន្តរជាតិ​នៅ​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​បាន​និយាយ​ថា ​ការណ៍​ដែល​ការ​សិក្សា​ខាង​លើ​ចេញ​លទ្ធផល​ថាពលរដ្ឋ​និយម​ចិន​អាច​បណ្ដាល​មក​ពី​កត្តា​ពីរ​គឺ​ទីមួយ​ការ​ជ្រើស​យក​គំរូ​និង​មនុស្ស​យក​មក​សួរ​និង​ទីពីរ​កត្តា​រដ្ឋការ​លោក​ដូណាល់ ត្រាំ​ដែល​អាច​នាំ​ឱ្យ​ប្រជា​ប្រិយ​ភាព​អាមេរិក​នៅ​កម្ពុជា​និង​លើ​សាកល​លោក​ស្រក​ស្រុត។​

«អ៊ីចឹង​បើ​យើង​មើល​ទៅ​លើ​បញ្ហា​របស់​Survey​(ការ​ស្ទង់​មតិ)​ហ្នឹង​បញ្ហា​ទី១​គឺ​អត់​មាន​ដាក់​នៅ​កន្លែង​ដែល​មាន​ផល​ប៉ះពាល់​ខ្លាំង​ដូច​ជា​កំពង់​សោម។​រឿង​ទី​ពីរ​ឱ្យ​មក​ភ្នំពេញ​នេះ​តិច​ពេក​តែ​២០០​នាក់​ហើយ​មិន​ដឹង​គាត់​សម្ភាស​ក្រុម​ណា​ទៀត»។​

អ្នក​ជំនាញ​រូប​នេះ​ផ្ដល់​យោបល់​ថា​ការ​ស្ទង់​មតិ​អំពី​នយោបាយ​ការ​បរទេស​គួរ​ធានា​ថា​ គំរូ​ស្ថិតិ​គោល​ដៅ​ដូច​ជា​មន្ត្រី​រដ្ឋបញ្ញ​វ័ន្ត​ សិស្ស​និស្សិត​វិនិយោគិន​ ធុរជន​ និង​ពលរដ្ឋ​សាមញ្ញ​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​ស្រង់​មតិ។​លោក​ថា​ក្រុម​នេះ​ប្រមូល​ផ្ដុំ​នៅ​ភ្នំពេញ​និង​បណ្ដា​ប្រជុំជន។​

របាយ​ការណ៍​នៃ​ការ​ស្រង់​មតិ​នោះ​បាន​ឱ្យ​ដឹង​ថាចំនួន​អ្នក​ត្រូវ​បាន​សួរ​មាន​២០១​នាក់​នៅ​ភ្នំពេញ​២០៦​នាក់​នៅ​ខេត្ត​ស្វាយរៀង​ដែល​តំណាង​តំបន់​ទំនាប​កណ្ដាល​២០៣​នាក់​នៅ​ខេត្ត​រតនៈគិរី​ដែល​តំណាង​តំបន់​ភ្នំ២០២​នាក់​នៅ​ខេត្ត​កំពង់ធំ​ដែល​តំណាង​តំបន់​ទន្លេសាប​និង​២០៣​នាក់​នៅខេត្ត​កោះកុង​ដែល​តំណាង​តំបន់​ឆ្នេរ។​ ៨៨%​នៃ​អ្នក​ត្រូវ​បាន​សម្ភាស​មិន​ធ្លាប់​ចេញ​ក្រៅ​ប្រទេស​ ហើយ​មាន​៧%​ដែល​មាន​កម្រិត​វប្បធម៌​ដល់​ឧត្ដម​សិក្សា។​

ដោយមាន​ចំនួន​មនុស្ស​សម្ភាស​១.០១៥នាក់​ ​សហការី​និពន្ធ​សរសេរ​ថា​ របាយ​ការណ៍​នេះ​មាន​កម្រិត​គួរ​ឱ្យ​ទុក​ចិត្ត​ដល់​ទៅ​៩៥%​និង​មាន​កម្រិត​ល្អៀង​តែ​៣%​ប៉ុណ្ណោះ​ក្នុង​ការ​តំណាង​សំឡេង​ប្រជាជន​ពេញ​វ័យ​ជិត​១០​លាន​នាក់។​

ក្រៅ​ពី​បាន​សួរ​លើ​បញ្ហា​នយោបាយ​ការ​បរទេស​ ​សម្រង់​មតិ​ខាងលើ​ក៏​មាន​រាប់​បញ្ចូល​ផង​ដែរ​នូវ​សំណួរ​អំពី​បញ្ហា​ក្នុង​ស្រុក​ដូច​ជា​មាន​៧៩%​ពឹង​ពាក់​លើ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​និង​ប្រព័ន្ធ​អ៊ីនធឺណែត​ដើម្បី​អាន​និង​ទទួល​ព័ត៌មាន​ហើយ​មាន​៦២%​គិត​ថា​សិទ្ធិ​ដីធ្លី​ជា​បញ្ហា​ចម្បង។​

ចំពោះ​បម្រែ​បម្រួល​ជីវភាព​ផ្ទាល់​ខ្លួន​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ចុង​ក្រោយ​វិញមាន​មនុស្ស​៥១%​យល់​ថាប្រសើរ​ជាង​មុន ហើយ​មាន​២៥%​យល់​ថា​ជីវិត​របស់​គេ​ហាក់​យ៉ាប់​យ៉ឺន​ជាង​មុន៕​

ការ​បង្ហាញ​តម្លាភាព​ពេញលេញ​ (FULL DISCLOSURE)៖ អ្នក​សារ​ព័ត៌មាន​ដែល​រាយការណ៍​អត្ថបទ​នេះ​ធ្លាប់​ទទួល​ជំនួយ​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​រយៈពេល​បួន​ឆ្នាំ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​និង​អាហារូបករណ៍​ចុះ​កម្ម​សិក្សា​ពីរ​ខែ​នៅ​ប្រទេស​ថៃ​ពី​មូលនិធិ​ Konrad​Adenauer​និង​ធ្លាប់​បំពេញ​តួនាទី​ជាអ្នក​ហ្វឹកហ្វឺន​ក្នុង​គម្រោង​មួយ​របស់​មូលនិធិ​មួយ​នេះ​ផង​ដែរ។

វីដេអូថ្មីៗបំផុត

XS
SM
MD
LG