ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឈ្មោះ​របស់​ប្រធានាធិបតី​ចិន​លោក Xi Jinping ត្រូវ​បាន​តម្កល់​ក្នុង​ធម្មនុញ្ញ​គណបក្ស​កុម្មុយនិស្ត​ចិន


ទស្សនាវដ្តី​មួយ​ដាក់​រូប​លោក​ប្រធានាធិបតី Xi Jinpingដោយ​ដាក់​ចំណងជើង​ថា «ចិន​ក្លាយ​ជា​ប្រទេស​ខ្លាំង» នៅ​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧។
ទស្សនាវដ្តី​មួយ​ដាក់​រូប​លោក​ប្រធានាធិបតី Xi Jinpingដោយ​ដាក់​ចំណងជើង​ថា «ចិន​ក្លាយ​ជា​ប្រទេស​ខ្លាំង» នៅ​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧។

ឈ្មោះ​របស់​ប្រធានាធិបតី​ចិន​លោក Xi Jinping ត្រូវ​បាន​តម្កល់​ទុក​នៅ​ក្នុង​ធម្មនុញ្ញ​របស់​គណបក្ស​កុម្មុយនិស្ត​ដែល​ជា​គណបក្ស​កាន់​អំណាច​សព្វថ្ងៃ​នៅ​ក្នុង​ប្រទេស​ចិន ដោយ​ដំឡើង​ឋានៈ​របស់​លោក​ឲ្យ​ស្មើ​នឹង​ឋានៈ​របស់​លោក Mao Zedong ដែល​ជា​ស្ថាបនិក​នៃ​ប្រទេស​ចិន​កុម្មុយនិស្ត។

វិសោធនកម្ម​ធម្មនុញ្ញ​គណបក្ស​ដែល​បញ្ចូល​នូវ​ឃ្លា «គោល​គំនិត​របស់​លោក Xi Jinping លើ​របប​សង្គម​និយម​បែប​ចិន​សម្រាប់​យុគសម័យ​ថ្មី‍» ត្រូវ​បាន​អនុម័ត​ដោយ​គណបក្ស​នៅ​ថ្ងៃ​អង្គារ​នេះ ដែល​ជា​ថ្ងៃ​បិទ​បញ្ចប់​នៃ​ការ​ធ្វើ​សមាជជាតិ​របស់​គណបក្ស​កុម្មុយនិស្ត​ចិន ដែល​ធ្វើ​ឡើង​រៀងរាល់ ៥ ឆ្នាំ​ម្ដង នៅ​ក្នុង​ទីក្រុង​ប៉េកាំង។ គោល​គំនិត​នេះ​ដាក់​ឲ្យ​គណបក្ស​កុម្មុយនិស្ត​ស្ថិត​នៅ​ជួរ​មុខ​នៃ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ចិន ដែល​មាន​តាំង​ពី​ការ​គ្រប់គ្រង​លើ​សេដ្ឋកិច្ច និង​សន្តិសុខ​ជាតិ​រហូត​ដល់​ការ​តម្រង់​ទិសដៅ​ផ្នែក​សីលធម៌​ដល់​ប្រជាពលរដ្ឋ​ចិន​ជា​ដើម។

ការ​កែ​សម្រួល​ធម្មនុញ្ញ​នេះ​ចាត់ទុក​ឋានៈ​របស់​លោក Xi Jinping ថា​ជា​មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ​រូប​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ចិន​សម័យ​ទំនើប។ លោក​គឺ​ជា​មេដឹកនាំ​ចិន​ទី ៣ ដែល​មាន​ឈ្មោះ​តម្កល់​នៅ​ក្នុង​ធម្មនុញ្ញ​របស់​គណបក្ស បន្ទាប់ពី​លោក Mao Zedong និង​លោក Deng Xiaoping។ លោក Deng Xiaoping ជា​អ្នក​ផ្ដួចផ្ដើម​លើ​កំណែ​ទម្រង់​សេដ្ឋកិច្ច​មួយ​ដែល​ធ្វើ​ឲ្យ​ប្រទេស​ចិន​ក្លាយជា​មហា​អំណាច​សេដ្ឋកិច្ច​មួយ​នៅ​លើ​ពិភពលោក​ដូច​ពេល​បច្ចុប្បន្ន​នេះ។

លោក Xi Jinping ត្រូវ​គេ​រំពឹង​ថា​នឹង​ក្លាយជា​មេដឹកនាំ​គណបក្ស​កុម្មុយនិស្ត​ចិន​ជា​ផ្លូវការ​រយៈពេល ៥ ឆ្នាំ​ទៀត​នៅ​អាណត្តិ​ទី​ពីរ គឺ​នៅ​ពេល​ដែល​សមាជិក​ថ្មី​នៃ​គណៈកម្មាធិការ​កណ្ដាល​ទទួល​បន្ទុក​កិច្ចការ​គោល​នយោបាយ​របស់​គណបក្ស​ត្រូវ​បាន​ជ្រើសរើស។ ជាង​នេះ​ទៅ​ទៀត វិសោធនកម្ម​ធម្មនុញ្ញ​គណបក្ស​នេះ​អាច​ធ្វើ​ឲ្យ​លោក Xi Jinping នៅតែ​អាច​រក្សា​អំណាច​បាន​ដដែល​នៅ​ពេល​ដែល​អាណត្តិ​ទី​ពីរ​របស់​លោក​ចប់​នៅ​ក្នុង​ឆ្នាំ ២០២២៕

XS
SM
MD
LG