ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Xi Jinping នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​វៀតណាម​ចំ​ពេល​ទំនាក់ទំនង​រវាង​វៀតណាម​និង​អាមេរិក​កាន់តែ​កក់ក្ដៅ


រូបឯកសារ៖ ប្រធានាធិតបីចិនលោក Xi Jinping ជួបជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីសមាជបក្សលើកទី២០ នៅក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២។
រូបឯកសារ៖ ប្រធានាធិតបីចិនលោក Xi Jinping ជួបជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីសមាជបក្សលើកទី២០ នៅក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២។

ប្រធានាធិបតី​ចិន​លោក Xi Jinping នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ទៅ​កាន់​ប្រទេស​វៀតណាម​ពី​ថ្ងៃ​ទី ១២ ដល់​ទី ១៣ ខែ​ធ្នូ​នេះ ដែល​នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី ៣ របស់​លោក​ទៅ​កាន់​ប្រទេស​នេះ​បន្ទាប់ពី​លោក​បាន​ខកខាន​អស់​រយៈពេល ៦ ឆ្នាំ​កន្លង​មក។

ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ចិន​និង​សហរដ្ឋ​អាមេរិក​កំពុង​ព្យាយាម​ប្រជែង​ឥទ្ធិពល​នៅ​ក្នុង​ប្រទេស​វៀតណាម និង​ចំ​ខួប ១៥ ឆ្នាំ​នៃ​ការ​បង្កើត «ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ» រវាង​ប្រទេស​ចិន​និង​វៀតណាម​ដែល​ជា​ប្រទេស​កុម្មុយនីស្ត​ឯក​បក្ស​បែប​អាជ្ញាធិបតេយ្យ។

ជាង​នេះ​ទៀត ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើ​ឡើង​ក្នុង​រយៈពេល ៣ ខែ​ក្រោយ​មក​បន្ទាប់ពី​វៀតណាម​បាន​ដំឡើង​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​សហរដ្ឋ​អាមេរិក​ឱ្យ​ដល់​កម្រិត​មួយ​ដូច​ដែល​វៀតណាម​មាន​ជាមួយ​ចិន។ ដំណើរ​ទស្សនកិច្ច​បស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ទៅ​កាន់​ប្រទេស​វៀតណាម​កាលពី​ខែ​កញ្ញា​បាន​ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក​មាន​កម្រិត​ទំនាក់ទំនង​ការទូត​ជាមួយ​វៀតណាម​ស្មើ​ទៅ​នឹង​កម្រិត​ទំនាក់ទំនង​ការទូត​របស់​វៀតណាម​ជាមួយ​នឹង​ចិន។

«សមមិត្ត​និង​បងប្អូន»

ប៉ុន្តែ​ទំនាក់ទំនង​រវាង​ចិន​និង​វៀតណាម​មិន​ដូច​ទំនាក់ទំនង​រវាង​វៀតណាម​និង​អាមេរិក​នោះ​ទេ ពីព្រោះ​ចិន​និង​វៀតណាម​មាន​ចំណុច​រួម​ផ្នែក​មនោគមវិជ្ជា​កម្រិត​ខ្ពស់ ដោយ​មេដឹកនាំ​ប្រទេស​ទាំង​ពីរ​តែងតែ​និយាយ​ថា​ទំនាក់ទំនង​ទ្វេភាគី​របស់​ពួកគេ​ជា​ទំនាក់ទំនង​បែប «សមមិត្ត​និង​បងប្អូន»។

ចាប់តាំង​ពី​លោក Xi បាន​ក្លាយជា​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​ចិន​កាលពី​ឆ្នាំ ២០១២ មក លោក Nguyen Phu Trong ដែល​ជា​សម​ភាគី​វៀតណាម​របស់​លោក បាន​បំពេញ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចិន​ចំនួន ៣ លើក​គឺ​នៅ​ឆ្នាំ ២០១៥ ឆ្នាំ ២០១៧ និង​ឆ្នាំ ២០២២។ លោក Phu Trong គឺជា​ឥស្សរជន​បរទេស​ដំបូង​គេ​បង្អស់​ដែល​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចិន បន្ទាប់ពី​លោក Xi បាន​ជាប់​ជា​មេដឹកនាំ​ចិន​សម្រាប់​អាណត្តិ​ទី ៣ ជា​បន្ត​ទៀត។

លោក Xi ក៏​បាន​បំពេញ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​វៀតណាម​នៅ​ឆ្នាំ ២០១៥ និង ២០១៧ ផង​ដែរ ប៉ុន្តេ​លោក​បាន​ផ្អាក​ការ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​អស់​រយៈពេល ៣ ឆ្នាំ​ក្នុង​អំឡុង​នៃ​ការ​រីក​រាលដាល​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩។

រូបឯកសារ៖ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងប្រធានាធិបតីចិនលោក Xi Jinping ចាប់ដៃគ្នា មុនជំនួបពិភាក្សាគ្នានៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។
រូបឯកសារ៖ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងប្រធានាធិបតីចិនលោក Xi Jinping ចាប់ដៃគ្នា មុនជំនួបពិភាក្សាគ្នានៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។

ពាណិជ្ជកម្ម

ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លង​មក​នេះ ទំនាក់ទំនង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិន​និង​វៀតណាម​បាន​ខិត​ជិត​គ្នា​កាន់តែ​ខ្លាំង។ ចិន​គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​របស់​វៀតណាម​ធំ​ជាង​គេ​បង្អស់​ហើយ​ក៏​ជា​ទីផ្សារ​នាំ​ចេញ​ធំ​ជាង​គេ​បង្អស់​ទី​ពីរ​របស់​វៀតណាម​ផងដែរ។ បច្ចុប្បន្ន​នេះ ចិន​គឺ​ជា​ប្រភព​ដ៏​ចម្បង​មួយ​នៃ​ការ​វិនិយោគ​បរទេស​នៅ​ក្នុង​ប្រទេស​វៀតណាម។ ចំណែក​ឯ​វៀតណាម​វិញ​គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​កំពូល​របស់​ចិន​ក្នុង​ចំណោម​បណ្ដា​ប្រទេស​នៃ​សមាគម​អាស៊ាន (ASEAN)។

អគ្គរដ្ឋបាល​គយ​របស់​ប្រទេស​ចិន​បាន​បញ្ជាក់​ថា ពាណិជ្ជកម្ម​រវាង​ចិន​និង​វៀតណាម​បាន​កើនឡើង​លើស​ពី ២០០ ពាន់​លាន​ដុល្លារ​ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ ២០២១ គឺ​ឡើង​ដល់ ២៣០,២ ពាន់​លាន​ដុល្លារ។ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ ២០២០ គឺ​កើន​ឡើង​ចំនួន ១៩,៧%។

ការិយាល័យ​អ្នក​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​បាន​ឱ្យ​ដឹង​ថា ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក​និង​វៀតណាម​នៅ​ក្នុង​ឆ្នាំ ២០២២ មាន​ទំហំ​ទឹកប្រាក់​សរុប​ចំនួន ១៤២ ពាន់​លាន​ដុល្លារ ដោយ​ក្នុង​នោះ​ការ​នាំចេញ​របស់​សហរដ្ឋ​អាមេរិក​ទៅ​កាន់​វៀតណាម​ចាប់ពី​ឆ្នាំ ២០២១ មក​កើនឡើង ៣% និង​ការ​នាំចូល​ពី​វៀតណាម​កើនឡើង ២៥%។

ជម្លោះ​ទឹកដី

ទោះបីជា​ប្រទេស​ចិន​និង​វៀតណាម​មាន​ទំនាក់ទំនង​នយោបាយ​និង​សេដ្ឋកិច្ច​ជិតស្និទ្ធ​ជាមួយ​គ្នា​ក៏ដោយ ក៏​ប្រទេស​ទាំង​ពីរ​មាន​ជម្លោះ​អធិបតេយ្យភាព​អស់​រយៈពេល​រាប់​ទសវត្សរ៍​មក​ហើយ​លើ​ផ្នែក​ជា​ច្រើន​នៃ​សមុទ្រ​ចិន​ខាងត្បូង។ ការ​អះអាង​ដាច់ណាត់​របស់​ចិន​ចំពោះ​ការ​ទាមទារ​កាន់កាប់​ផ្នែក​ភាគ​ច្រើន​បំផុត​នៃ​សមុទ្រ​ចិន​ខាងត្បូង​បាន​រុញច្រាន​វៀតណាម​ឱ្យ​ងាក​ទៅរក​សហរដ្ឋ​អាមេរិក​កាន់តែ​ជិតស្និទ្ធ​ជាង​មុន។

ការ​ដំឡើង​អណ្ដូង​រុករក​ប្រេង​ឥន្ធនៈ​របស់​ចិន​នៅ​ជិត​ប្រជុំកោះ Paracel កាលពី​ឆ្នាំ ២០១៤ បាន​បណ្ដាល​ឱ្យ​មាន​ភាព​ប្រទាំងប្រទើស​និង​ការ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​នាវា​នេសាទ​វៀតណាម​មួយ​គ្រឿង ដែល​បង្ក​ឱ្យ​មាន​កុបកម្ម​នៅ​ក្នុង​ប្រទេស​វៀតណាម​ប្រឆាំង​នឹង​ចិន។

ភាព​តានតឹង​បាន​កើតឡើង​ម្ដង​ទៀត​នៅ​ក្នុង​ឆ្នាំ ២០២០ បន្ទាប់ពី​នាវា​នេសាទ​វៀតណាម​មួយ​គ្រឿង​និង​នាវា​ចិន​មួយ​គ្រឿង​បាន​ប៉ះ​ទង្គិច​គ្នា​នៅ​ជិត​ប្រជុំកោះ Paracel ដែល​បណ្ដាល​ឱ្យ​នាវា​របស់​វៀតណាម​លិច។

យោធា​នីយកម្ម​របស់​ចិន​នៅ​លើ​ប្រជុំកោះ Spratly រយៈពេល​មួយ​ទសវត្សរ៍​កន្លង​មក​នេះ ដែល​ចិន​បាន​ដាក់​មីស៊ីល​បាញ់​នាវា​និង​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​បាញ់​ពី​ដី​ទៅ​ទៅ​អាកាស ក៏​បាន​បង្ក​ឱ្យ​មាន​ក្ដី​បារម្ភ​ខ្លាំងក្លា​នៅ​ក្នុង​ប្រទេស​វៀតណាម​ផងដែរ។

វៀតណាម​បាន​ឆ្លើយតប​ទៅ​នឹង​ទង្វើ​របស់​ចិន​វិញ​តាម​រយៈ​ការ​ទាមទារ​ដែនដី​និង​ការ​ពង្រីក​គម្រោង​នានា​នៅ​លើ​កោះ​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន។

រូបឯកសារ៖ កម្មករម្នាក់កំពុងដេរសម្លៀកបំពាក់នៅក្នុងរោងចក្រ Pro Sports ក្នុងខេត្ត Nam Dinh ប្រទេសវៀតណាម កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧។
រូបឯកសារ៖ កម្មករម្នាក់កំពុងដេរសម្លៀកបំពាក់នៅក្នុងរោងចក្រ Pro Sports ក្នុងខេត្ត Nam Dinh ប្រទេសវៀតណាម កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧។

ការ​យល់​ឃើញ​របស់​មហាជន

ទោះបីជា​ពលរដ្ឋ​វៀតណាម​ភាគ​ច្រើន​បង្ខំ​ចិត្ត​ទទួល​យក​នូវ​ក្ដី​ឈឺចាប់​នៃ​សង្គ្រាម​វៀតណាម​ដែល​បាន​បញ្ចប់​ទៅ​នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក​បាន​ដក​កងទ័ព​របស់​ខ្លួន​កាលពី​ឆ្នាំ ១៩៧៥ ក៏ដោយ ក៏​ពលរដ្ឋ​ជា​ច្រើន​សម្លឹង​មើល​លើ​ចិន​ដោយ​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់។

ចិន​គឺជា​ប្រទេស​ជិត​ខាង​ដ៏​ធំ​មួយ​ដែល​វៀតណាម​ធ្លាប់​បាន​ប្រយុទ្ធ​ជាមួយ​រយៈពេល​ខ្លី​កាលពី​ឆ្នាំ ១៩៧៩។ កាល​នោះ ចិន​បាន​បើក​ការ​វាយ​ប្រហារ​រយៈពេល ៣ សប្ដាហ៍​ទៅ​លើ​វៀតណាម​ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​វៀតណាម​ដែល​បាន​ឈ្លានពាន​ចូល​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​បណ្ដេញ​ពួក​ខ្មែរ​ក្រហម។ ភាគី​ទាំង​ពីរ​ក៏​ធ្លាប់​បាន​ប្រយុទ្ធ​គ្នា​ម្ដងម្កាល​នៅ​តាម​ព្រំដែន​ផងដែរ​នៅ​ក្នុង​បណ្ដា​ឆ្នាំ​ជា​បន្តបន្ទាប់​ក្រោយ​មក។

ការ​ស្ទង់មតិ​មួយ​របស់​វិទ្យាស្ថាន ISEAS-Yusof Ishak នៅ​ក្នុង​ប្រទេស​សិង្ហបុរី ដែល​បាន​ចេញផ្សាយ​កាលពី​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ បាន​បង្ហាញ​ថា ខណៈ​ពលរដ្ឋ​វៀតណាម​ជាច្រើន​យល់​ឃើញ​ថា​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក​មាន​ភាព​វិជ្ជមាន ពលរដ្ឋ​វៀតណាម​កាន់តែ​ច្រើន​បាន​យល់​ឃើញ​ថា​ឥទ្ធិពល​របស់​ចិន​មាន​ភាព​អវិជ្ជមាន។

ការ​ស្ទង់មតិ​នេះ​ក៏​បាន​បង្ហាញ​ផងដែរ​ថា ពលរដ្ឋ​វៀតណាម​ភាគ​ច្រើន​មិន​មាន​ភាព​ជឿជាក់​ថា​ចិន​នឹង​ធ្វើ​រឿង​ត្រឹមត្រូវ​ទាក់ទិន​នឹង​សន្តិភាព សន្តិសុខ វិបុលភាព និង​អភិបាល​កិច្ច​នៅ​លើ​ពិភពលោក​នោះ​ទេ។ ពលរដ្ឋ​វៀតណាម​ដែល​បាន​ចូលរួម​ក្នុង​ការ​ស្ទង់មតិ​នេះ​ចំនួន ៦៥% ជឿ​ថា អំណាច​ផ្នែក​សេដ្ឋកិច្ច​និង​យោធា​របស់​ចិន​អាច​នឹង​ត្រូវ​បាន​ប្រើ​ដើម្បី​គំរាម​កំហែង​ដល់​ផល​ប្រយោជន៍​និង​អធិបតេយ្យភាព​របស់​វៀតណាម៕

ប្រែ​សម្រួល​ដោយ​លោក នៀម ឆេង

XS
SM
MD
LG