ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ចិន​ទំនង​ជា​ទទួល​បាន​ជោគជ័យ​ផ្នែក​នយោបាយ​ ដោយសារ​វីដេអូ​ដែល​មាន​ការ​ចែក ចាយ​យ៉ាង​ច្រើន


រូបភាព​នេះ​ត្រូវ​បាន​យក​ចេញ​ពី​វីដេអូ​ឃោសនា​របស់​ចិន​ដែល​ព្រមាន​ពី​ «ស្រមោល​នៃ​រូប​ផ្កាយ និង​សញ្ញា​ឆ្នូតៗ»។
រូបភាព​នេះ​ត្រូវ​បាន​យក​ចេញ​ពី​វីដេអូ​ឃោសនា​របស់​ចិន​ដែល​ព្រមាន​ពី​ «ស្រមោល​នៃ​រូប​ផ្កាយ និង​សញ្ញា​ឆ្នូតៗ»។

លោក​​ប្រធានាធិបតី​ចិន​ Xi Jinping ​ទំនង​ជា​ទទួល​បាន​ជ័យជម្នះ​នយោបាយ​ដ៏​សំខាន់​មួយ​ ទៅ​លើ​ដៃ​គូ​ប្រជែង​ខាង​ក្នុង​របស់​លោក​ បន្ទាប់​ពី​ការ​ចេញ​ផ្សាយ​វីដេអូ​ឃោសនា​មួយ​ចំនួន​ស្តីពី​និន្នាការ​ជាតិ​និយម​ដ៏​ខ្លាំង​​មួយ​របស់​សម្ព័ន្ធ​យុវជន​នៃ​គណបក្ស​កុម្មុយនិស្ត​ចិន។

អ្នក​វិភាគ​និយាយ​ថា វីដេអូ​ដែល​ត្រូវ​បាន​គេ​ចែក​ចាយ​យ៉ាង​ច្រើន​នៅ​លើ​បណ្តាញ​សង្គម​របស់​ចិន ហាក់​ដូច​ជា​មាន​បំណង​បង្ហាញ​ពី​ភាព​ស្មោះ​ត្រង់​ចំពោះ​លោក​ប្រធានាធិបតី Xi បន្ទាប់​ពី​មាន​របាយការណ៍​អំពី​ការ​បោស​សម្អាត​សមាជិក​ក្នុង​គណបក្ស​ខ្លួន​នាពេល​ខាង​មុខ ដែល​សមាជិក​បក្ស​ទាំង​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ជា​យូរ​មក​ហើយ​ថា ​ជា​មូលដ្ឋាន​អំណាច​សម្រាប់​ក្រុម​ប្រឆាំង​នៅ​ក្នុង​គណបក្ស​កុម្មុយនិស្ត។

នៅ​ក្នុង​គណបក្ស​កុម្មុយនិស្ត​ចិន​ លោក​ប្រធានាធិបតី ​Xi ​ត្រូវ​បាន​គេ​គិត​ថា លោក​បាន​ចាត់​ទុក​ក្រុម​យុវជន​ជា​ក្រុម​ប្រឆាំង​ដ៏​ធំ​នៅ​ក្នុង​គណបក្ស។ ការ​យល់​ឃើញ​របស់​លោក​ Xi ក៏​ត្រូវ​បាន​គាំទ្រ​ដោយ​លោក​ប្រធានាធិបតី​មុន​គឺ​លោក Hu Jintao និង​លោក Li Keqiang នាយក​រដ្ឋ​មន្រ្តី​នា​ពេល​បច្ចុប្បន្ន​ផង​ដែរ។

យោង​តាម​លោក ​Willy Lam ​អ្នក​ជំនាញ​ផ្នែក​នយោបាយ​នៃ​អ្នក​មាន​អំណាច​ចិន ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​ហុងកុង​ បាន​ឲ្យ​ដឹង​ថា​ តាម​រយៈ​ការ​ធ្វើ​ឲ្យ​ក្រុម​ប្រឆាំង​ចុះ​ខ្សោយ​នោះ​ លោក​ប្រធានាធិបតី Xi ចង់​ផ្ញើសារ​ថា​ សម្ព័ន្ធ​យុវជន​មិន​មែន​ជា​កម្លាំង​ស្ថិតស្ថេរ​ក្នុង​ការ​រារាំង​លោក​មិន​ឲ្យ​ក្តោប​ក្តាប់​អំណាច​ផ្ទៃ​ក្នុង​បក្ស​ទៀត​ឡើយ។​

ការ​ក្តាប់​យក​អំណាច​របស់​លោក Xi

ចាប់​តាំង​ពី​ឆ្នាំ​មុន​មក​ សម្ព័ន្ធ​យុវជន​របស់​គណបក្ស​នេះ​ត្រូវ​បាន​លោក​ Xi ​រិះគន់​យ៉ាង​ខ្លាំង។ នៅ​ដើម​ឆ្នាំ​នេះ គណៈកម្មាធិការ​កណ្តាល​សម្រាប់​តាមដាន​ផ្នែក​វិន័យ​របស់​បក្ស​ បាន​ព្រមាន​ដល់​សម្ព័ន្ធ​នេះ​ជា​សាធារណៈ​ ចំពោះ​កំហុស​ឆ្គង​ធំៗ​ចំនួន​បួន​ដែល​រួម​មាន «បញ្ហា​ការិយាល័យ​ធិបតេយ្យ បញ្ហា​រដ្ឋបាល​ បញ្ហា​អភិជន និង​ការ​កម្សាន្ត​ហួស​ហេតុ» ដែល​ការ​ព្រមាន​នេះ​បាន​បើក​ផ្លូវ​ដល់​លោក​ Xi ក្នុង​ការ​អនុវត្ត​ផែនការ​កែ​ទម្រង់​ ដែល​រួម​មាន​ទាំង​ការ​កាត់​បន្ថយ​ថវិកា​ជិត​៥០ភាគរយ​ផង​ដែរ។​

លោក Lam បាន​និយាយ​ថា៖ «លោក Xi Jinping និយាយ​ថា សម្ព័ន្ធ​នេះ​មិន​អាច​តំណាង​ឲ្យ​មហាជន​បាន​ទៀត​ទេ។ សម្ព័ន្ធ​មិន​បាន​បម្រើ​ដល់​ពលរដ្ឋ​ចិន​វ័យ​ក្មេង ឬ​សមាជិក​វ័យ​ក្មេង​របស់​បក្ស​នោះ​ទេ។ សម្ព័ន្ធ​នេះ​បាន​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​លើស​លប់​ទៅ​លើ​ពិធី​ជប់លៀង និង​ដំណើរ​កម្សាន្ត​នៅ​ជុំវិញ​ប្រទេស​និង​កិច្ច​ការ​មួយ​ចំនួន​ទៀត។ អ្នក​អាច​និយាយ​បាន​ថា ការ​បោស​សម្អាត​សម្ព័ន្ធ​យុវជន​នេះ​មិន​មែន​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​ទេ»។​

រូបភាព​នេះ​ត្រូវ​បាន​យក​ចេញ​ពី​វីដេអូ​ឃោសនា​របស់​ចិន​ដែល​មាន​ចំណង​ជើង​ថា «នេះ​ជា​ប្រទេស​ចិន»។
រូបភាព​នេះ​ត្រូវ​បាន​យក​ចេញ​ពី​វីដេអូ​ឃោសនា​របស់​ចិន​ដែល​មាន​ចំណង​ជើង​ថា «នេះ​ជា​ប្រទេស​ចិន»។

ការ​ឃោសនា​ប្រឆាំង​នឹង​អាមេរិក

អ្នក​តាម​ដាន​ស្ថានការណ៍​យល់​ថា ដោយសារ​មាន​និន្នាការ​ប្រឆាំង​នឹង​អាមេរិក សម្ព័ន្ធ​នេះ​បាន​បញ្ចេញ​វីដេអូ​រយៈពេល​ពីរ​នាទី​នៅ​លើ​គណនី ​Weibo ​របស់​ខ្លួន​ ដើម្បី​បង្ហាញ​ពី​ភាព​ស្មោះត្រង់។​

វីដេអូ​ទាំង​នេះ​បាន​ព្រមាន​អ្នក​ទស្សនា​ចំពោះ​អ្វី​ដែល​ខ្លួន​បាន​និយាយ​ថា ជា​ការ​គំរាម​កំហែង​គាំទ្រ​ដោយ​អាមេរិក​ ដើម្បី​បញ្ឆេះ​ឲ្យ​មាន​ «បដិវត្តន៍​ពណ៌» នៅ​ក្នុង​ប្រទេស​ចិន​ ដែល​ស្រដៀង​ទៅ​នឹង​បដិវត្តន៍​នៅ​អ៊ុយក្រែន ​ហ្សកហ្ស៊ី (Georgia) និង​នៅ​អារ៉ាប់។

វីដេអូ​មួយ​ ក្នុង​ចំណោម​វីដេអូ​ទាំង​នោះ​ ត្រូវ​បាន​គេ​បង្ហោះ​សារ​ជា​ថ្មី​នៅ​លើ​គណនី​ Weibo​ របស់​ភ្នាក់ងារ​ស៊ើប​អង្កេត​ Supreme People's Procuratorate​ ដោយ​សារ​វីដេអូ​នោះ​ និយាយ​ចំៗ​ទៅ​លើ​ក្រុម​តស៊ូ​មតិ​ផ្នែក​សិទ្ធិ​មនុស្ស​ និង​និយាយ​អំពី​អ្នក​ដែល​កំពុង​ត្រូវជំនុំ​ជម្រះ ​ដែល​អាជ្ញាធរ​យល់​ថា​ បាន​ឃុប​ឃឹត​ជាមួយ​នឹង​ភ្នាក់ងារ​បរទេស​ដើម្បី​បំផ្លាញ​ប្រទេស​ចិន ជា​ជាង​ការ​ផ្សព្វផ្សាយ​ពី​នីតិរដ្ឋ។

ក្រុម​អ្នក​តាម​ដាន​ស្ថានការណ៍​និយាយ​ថា សារ​នេះ​បាន​ធ្វើ​ឲ្យ​សម្ព័ន្ធ​នេះ​មាន​ភាព​ល្បីល្បាយ និង​មាន​ការ​និយាយ​យ៉ាង​ច្រើន​នៅ​លើ​ប្រព័ន្ធ​បណ្តាញ​សង្គម​ ខណៈ​ដែល​សារ​នេះ​ក៏​បង្ហាញ​ដែរ​ថា គណបក្ស​កុម្មុយនិស្ត​យល់​ថា​ វា​ជា​បញ្ហា​នយោបាយ ​ និង បញ្ហា​ច្បាប់។​

វីដេអូ​ទាំង​ពីរ​បាន​យក​យុវជន​ជា​គោលដៅ ​ដោយសារ​គេ​បាន​យក​តន្រ្តី​ដ៏​ល្បី​មក​ដាក់​ក្នុង​វីដេអូ​នោះ រួម​មាន​ទាំង​ការ​ច្រៀង​បែប​រ៉េប (rap) ហើយ​បាន​ធ្វើ​ឲ្យមនុស្ស​រាប់​លាន​នាក់​ទស្សនា​ក្នុង​រយៈពេល​២៤​ម៉ោង​បន្ទាប់​ពី​បាន​ចេញ​ផ្សាយ​រួច​មក។

ការ​បោស​សម្អាត​ក្នុង​សម្ព័ន្ធ​យុវជន

ក្រុម​អ្នក​វិភាគ​រំពឹង​ថា ការ​បោស​សម្អាត​លើ​ក្រុម​យុវជន​នា​ពេល​ខាង​មុខ​នេះ​ នឹង​បង្កើន​ការ​ខ្វែង​គំនិត​គ្នា​រវាង​លោក Xi ​និង​លោក Li ​កាន់​តែ​ខ្លាំង​ ខណៈ​ពេល​ដែល​មេ​ដឹកនាំ​កំពូល​របស់​ប្រទេស​ទាំង​២​រូប​នេះ​បាន​យក​ចិត្ត​ទុក​ដាក់​លើ​អាទិភាព​គោល​នយោបាយ រួម​មាន​វិសមភាព​ប្រាក់​ចំណូល ​និង​កំណែ​ទម្រង់​សេដ្ឋកិច្ច​នោះ។

ប៉ុន្តែ តើ​បញ្ហា​នេះ​ នឹង​ធ្វើ​ឲ្យ​លោក Li ​ចុះ​ចេញ​ពី​តំណែង​ឬ​យ៉ាងណា?

លោក​ Jon Taylor ​សាស្រ្តាចារ្យ​វិទ្យាសាស្រ្ត​នយោបាយ​នៅ​សាកល​វិទ្យាល័យ ​St. Thomas​ នៅ​ក្នុង​ក្រុង Houston រដ្ឋ Texas បាន​សរសេរ​នៅ​ក្នុង​អ៊ីម៉ែល​ឆ្លើយ​តប​មក​កាន់​ VOA ថា៖ «ប្រហែល​អញ្ចឹង​ហើយ។ មាន​ពាក្យ​ចចាម​អារ៉ាម​ជា​យូរ​មក​ហើយ​ថា ​លោក ​Wang Qishan​ ប្រធាន​គណៈកម្មាធិការ​កណ្តាល​តាម​ដាន​ផ្នែក​វិន័យ​ នឹង​ឡើងជំនួស​តំណែង​នាយក​រដ្ឋ​មន្រ្តី​របស់​លោក ​Li»។

លោក​សាស្រ្តាចារ្យ​បាន​បន្ថែម​ថា​ ប្រសិន​បើ​ការ​បង្រ្កាប​នេះ​ទទួល​បាន​ជោគជ័យ​ ក្រុម​ផ្សេងៗ​ទៀត​ ដូច​ជា​ក្រុម​របស់​លោក​ Jiang Zemin​ នៅ​សៀង​ហៃ​ ឬ​ក្រុម​សម្ព័ន្ធ​យុវជន​របស់​លោក ​Hu ​អាច​នឹង​ចាញ់​ក្រុម​នៅ​ខេត្ត​ Zhejiang ​ដែល​មាន​ក្រុម ​Gang of Princelings ​ជំនាន់​ទី២ ​ក្រុម Shaanxi ​និង​ក្រុម​ដែល​ស្ម័គ្រស្មោះ​នឹង​លោក Xi។​

លោក Taylor បាន​សរសេរ​នៅ​ក្នុង​អ៊ីម៉ែល​ថា៖ «នៅ​ពេល​ដែល​ក្រុម​សម្ព័ន្ធ​យុវជន​កុម្មុយនិស្ត​នៅ​តែ​ជា​ក្រុម​ដ៏​ធំ​មួយ​ក្នុង​ចំណោម​ក្រុម​ផ្សេងៗ​នៅ​ក្នុង​គណបក្ស​ លោក Xi នឹង​បន្ត​ធ្វើ​ការ​រួបរួម និង​ពង្រឹង​អំណាច​របស់​លោក»។

ក្រុម ​Gang of Princelings ​គឺ​ជា​ក្រុម​មនុស្ស​ជំនាន់​ក្រោយ​របស់​ក្រុម​មន្រ្តី​កុម្មុយនិស្ត​ល្បីៗ និង​មាន​ឥទ្ធិពល​នៅ​ក្នុង​ប្រទេស​ចិន​ រួម​មាន​លោក​ Xi ​និង​លោក​ Bo Xilai ​ដែល​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ពី​តំណែង ខណៈ​ដែល​ក្រុម ​Shaanxi ​សំដៅ​ដល់​សមាជិក​គណៈកម្មាធិការកណ្តាល​អចិន្ត្រៃយ៍​ចំនួន​៧​រូប​របស់​បក្ស ដែល​មាន​កំណើត​នៅ​ខេត្ត Shaanxi រួម​ទាំង​លោក​ Xi ​ផង​ដែរ។​

នៅ​ចំ​ពេល​មាន​ការ​ប្រជែង​អំណាច​នេះ គណបក្ស​កុម្មុយនិស្ត​ចិន​បាន​ចេញ​ផ្សាយ​នូវ​ឯកសារ​ដែល​មាន​ចំណង​ជើង​ថា «សំណើ​ស្តី​ពី​កំណែ​ទម្រង់​គណៈកម្មាធិការកណ្តាល​របស់​សម្ព័ន្ធ​យុវជន» ដោយ​មានការ​ផ្លាស់​ប្តូរ​ខ្លះ​ ក្នុង​គោល​បំណង​អនុវត្ត​ការងារ​កែប្រែ​រចនាសម្ព័ន្ធ​ស្នើ​ឡើយ​ដោយលោក ​Xi ទៅ​លើ​អង្គការ​ចាត់​តាំង​របស់​គណៈកម្មាធិការ​នេះ។

បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Xinhua សម្ព័ន្ធ​នេះ​នឹង​ធ្វើ​ការ​កែប្រែ​ប្រព័ន្ធ​ដឹកនាំ​របស់​ខ្លួន ធ្វើ​ឲ្យ​ប្រព័ន្ធបុគ្គលិក​របស់​ខ្លួន​មាន​ប្រសិទ្ធភាព​ និង​ធ្វើ​កំណែ​ទម្រង់​លើគណៈកម្មការ​ដែល​ធ្វើ​ការ​សម្រេច​ចិត្តនៅ​ក្នុង​កម្រិត​ផ្សេងៗ​ជាច្រើន។ ជា​ការ​ឆ្លើយ​តប សម្ព័ន្ធ​នេះ​បាន​សន្យា​ថា​នឹង​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​នូវ​ការងារ​នៅ​ថ្នាក់​មូលដ្ឋាន​របស់​ខ្លួន ដែល​មាន​បំណង​បញ្ជូល​មនោគមវិជ្ជា​ដល់​ពលរដ្ឋ​ចិន​ក្មេងៗ។

សម្ព័ន្ធ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ក្រុង ​Shanghai ​កាលពី​ឆ្នាំ​១៩២០​ ធ្លាប់​ជា​កន្លែង​ចាប់​ផ្តើម​នៃ​មនុស្ស​ល្បី​របស់​បក្ស​រួម​មាន​ទាំង​លោក​ Hu និង​លោក​ Li ​ក្នុង​ចំណោម​មនុស្ស​ជំនាន់​មុន​របស់​ពួកគេ​ជា​ច្រើន​ទៀត។

មិន​មែន​ជា​កន្លែង​បណ្តុះបណ្តាល​ទេពកោសល្យ

ប៉ុន្តែ​ ឥឡូវ​នេះ នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ Xi ​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បណ្តុះ​បណ្តាល​មនុស្ស​មាន​ទេពកោសល្យ​នឹង​ត្រូវ​បញ្ចប់។

លោក Lam បាន​និយាយ​ថា៖ «អ្វី​ដែល​លោក Xi Jinping បាន​និយាយ​នោះ​គឺ​ថា​ សម្ព័ន្ធ​យុវជន​កុម្មុយនិស្ត​មិន​គួរ​ដើរ​តួ​ជា​កន្លែង​សម្រាប់​បណ្តុះ​បណ្តាល​មេដឹកនាំ​នា​ពេល​អនាគត​ទៀត​ទេ ប៉ុន្តែ​សម្ព័ន្ធ​នេះ​គួរ​តែ​ផ្តោតលើ​ការងារ​មនោគមវិជ្ជា​ក្នុង​ចំណោម​សមាជិក​បក្ស​ក្មេងៗ​ និង​សមាជិក​បក្ស​ ដើម្បី​ធានា​ថា ពួកគេ​នឹង​អាច​ទទួល​បាន​ជោគជ័យ​ផ្នែក​មនោគមវិជ្ជា ដូច​ជា​ការ​ស្មោះស្ម័គ្រ​នឹង​របប​សង្គម​និយម​ជាដើម»។

ប៉ុន្តែ​ កំណែ​ទម្រង់​ដែល​មាន​បំណង​ពង្រីក​ឥទ្ធិពល​នយោបាយ​របស់​សម្ព័ន្ធ​នេះ​ក្នុង​ចំណោម​ពលរដ្ឋ​ចិន​ក្មេងៗ​ដើម្បី​ទទួល​បាន​ភាព​ស្មោះស្ម័គ្រ​របស់​ពលរដ្ឋ​ទាំង​នោះ​ចំពោះ​គណបក្ស​កុម្មុយនិស្ត​នោះ​ អាចជា​គំនិត​អភិរក្ស​ជ្រុល​ដែល​មិន​ទទួល​បានការ​គាំទ្រ​ពី​យុវជន​ច្រើន​នោះ​ទេ។​

លោក Chen Wei ​សាស្រ្តាចារ្យ​វិទ្យាសាស្រ្ត​នយោបាយ​នៅ​សាកលវិទ្យាល័យ ​Renmin ​និយាយ​ថា៖ «បើ​យើង​មើល​ទៅ​លើ​ការ​ណែនាំ​របស់​ពួកគេ​ កំណែ​ទម្រង់​យុវជន​នឹង​មិន​មែន​ជា​គំនិត​ថ្មី និង​សេរី​និយម​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ វា​ត្រូវ​បាន​គេ​ធ្វើ​ឡើង​ដើម្បី​ផ្សព្វផ្សាយ​ពី​ការ​គោរពតាម​មនោគមវិជ្ជា​របស់​ខ្លួន»។​

លោក​បាន​បន្ថែម​ថា កំណែ​ទម្រង់​នោះ​នឹង​មាន​ការ​ពិបាក​ក្នុង​ការ​ទាក់​ទាញ​មនុស្ស​ដែល​មាន​គំនិត​សេរី​និយម​ និងមាន​និន្នាការ​ក្នុង​ការ​ជ្រើសរើស​អ្វី​មួយ​ដោយ​ខ្លួន​ឯង៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG