ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​ស្រាវជ្រាវ​ចិន​ព្រមាន​ពី​ការ​ប្រញាប់ប្រញាល់​ពេក​ក្នុង​ការ​ចរចា​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង


ក្រុម​ប្រតិបត្តិការ​ពិសេស​របស់​កងទ័ព​ជើង​ទឹក​ហ្វីលីពីន​​​បើក​​​ទូក​ល្បាត​​នៅ​ឆក Subic Bay ដែល​នៅ​ជាប់​សមុទ្រ​ចិន​ខាង​ត្បូង​ កាល​ពី​ថ្ងៃ​ទី​០៦​ សីហា ២០១៣។

ខណៈ​ដែល​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (អាស៊ាន) បាន​ប្តេជ្ញា​ថា​នឹង​និយាយ​ដោយ​សំឡេង​តែ​មួយ​នៅ​ក្នុង​ការ​ចរចា​អំពី​ក្រមប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង​ (Code of Conduct/COC) រដ្ឋាភិបាល​ទី​ក្រុង​ប៉េកាំងកាន់​តែ​យល់​ឃើញ​ថា​យុទ្ធសាស្ត្រធ្វើ​ការ​យឺតៗ​របស់​ខ្លួន​លើ​បញ្ហា​ជម្លោះ​ដែន​ទឹក​នេះ កាន់​តែ​រង​ការ​លំបាក​ពី​សមាគម​តំបន់​អាស៊ាន។

ប្រទេស​ចិន​ដែល​មាន​ជម្លោះ​ដែន​ទឹក​ជាមួយ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន​រួម​ទាំង​ប្រទេស​វៀតណាម​និង​ប្រទេស​ហ្វីលីពីន​ បាន​និយាយ​ថា ​ខ្លួន​នឹង​«មិន​ប្រញាប់ប្រញាល់»​ក្នុង​ការ​ធ្វើ​ការ​ចរចា​ដើម្បី​សម្រេច​ឲ្យ​បាន​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង​នោះទេ។ ជំហរ​នេះ​ធ្វើ​ឲ្យ​ប្រទេស​ចិន​ផ្ទុយ​គ្នា​ជាមួយ​ក្រុម​ប្រទេស​អាស៊ីអាគ្នេយ៍​ ដែល​បាន​បង្ហាញ​ថា​ពួក​គេ​ចង់​ឲ្យការ​ចរចា​ខាង​មុខ​បាន​ចប់​ឆាប់ៗ។

ខណៈ​ដែល​បណ្តា​ប្រទេស​អាស៊ាន​និង​ប្រទេស​ចិន​ប្រុងប្រៀប​ខ្លួន​ចូល​រួមកិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​នៅ​ទី​ក្រុង​ប៉េកាំង​នៅ​ក្នុង​ថ្ងៃ​ទី​២៩​ខែ​សីហា​នេះ គោលជំហរ​របស់​ប្រទេស​ចិន​ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយពិពណ៌នា​ថា​ជា​យុទ្ធសាស្ត្រ​អូស​បន្លាយ។

អ្នក​ស្រី Su Xiaohui អនុប្រធានផ្នែក​យុទ្ធសាស្ត្រ​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ចិន​សម្រាប់​ការ​សិក្សា​កិច្ចការ​អន្តរជាតិ​ ពន្យល់​អំពី​គោលជំហរប្រទេស​ចិន​ទៅ​លើ​បញ្ហា​ជម្លោះ​នេះ នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វីអូអេ​ថា៖

«ភាគី​ចិន​បាន​រក​ឃើញ​ថា​ ​ខ្លួន​មាន​ការ​យល់​ឃើញ​ខុស​គ្នា​ខ្លះ​អំពី​រឿង​ក្រមប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង COC នេះ​ជាមួយភាគី​ជាប់ទាក់ទង​ដទៃ​ទៀត រួម​ទាំង​បណ្តា​ប្រទេស​អាស៊ាន។ ទី​១ យើង​ចង់​ឲ្យ​ក្រមប្រតិបត្តិ COC នេះ​ផ្តល់​នូវ​បរិយាកាស​ល្អ​មួយ​សម្រាប់​ពិភាក្សា​និង​ចរចា​អំពី​ដែន​ជម្លោះ​នានា​ក្នុង​ពេល​អនាគត។ នេះ​ជា​គោលជំហរ​ជា​មូលដ្ឋាន​របស់​ចិន។ ប៉ុន្តែ​ភាគី​ផ្សេង​ទៀត​ចាត់​ទុក​ក្រមប្រតិបត្តិ COC ថា​ជា​មធ្យោបាយ​ជាក់​ស្តែង​មួយ​សម្រាប់​ដោះស្រាយ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​ទៅ​វិញ។ នេះ​ជា​ការ​គិត​ខុស​គ្នា​រវាង​ភាគី​ទាំង​ពីរ។ យើង​ជឿ​ថា​ នៅ​ក្រោយ​ការ​សម្រេច​បាន​ក្រម​ប្រតិបត្តិ​នេះ ភាគី​ជាប់​ទាក់​ទង​ទាំង​អស់​នឹង​គោរព​តាម​ក្រឹត្យក្រម​នានា​បាន​ជាប់លាប់​ជាង​មុន ដែល​នេះ​នឹង​បង្កើត​បរិយាកាសល្អ​មួយ​សម្រាប់​កិច្ចការ​តំបន់ ដើម្បី​ឲ្យ​យើង​អាច​ដោះស្រាយ​ជម្លោះ​នេះ​បាន​តាម​ការ​ចរចា​ទ្វេភាគី។»

ការ​លេច​ធ្លោឡើងរបស់​ប្រទេស​ចិន​ក្នុង​ឆាក​អន្តរជាតិ​ក៏​ដូច​ជា​ការ​ពង្រីក​កង​កម្លាំង​ជើង​ទឹក​របស់​ខ្លួន បាន​ធ្វើ​ឲ្យ​ប្រទេស​ជិត​ខាង​ចិន​មាន​ការ​ព្រួយ​បារម្ភ។ គោល​នយោបាយ​សហរដ្ឋ​អាមេរិក​ដើម្បី​ធ្វើ​ឲ្យមាន​តុល្យភាព​អំណាចនៅ​អាស៊ី ត្រូវ​អ្នក​វិភាគ​ជា​ច្រើន​មើល​ឃើញ​ថា​ជា​ការ​ជួយ​ធ្វើ​ឲ្យ​មាន​តុល្យភាព​កម្លាំង​យោធា​របស់​បណ្តា​ប្រទេស​នានា​ដែល​មានជម្លោះ​ដែនដី​ជាមួយ​ប្រទេស​ចិន។

លោក Luo Yuan អ្នក​សិក្សាអំពីយោធា​ជាតិ​ចិន​ដ៏​មាន​ប្រជាប្រិយភាពមួយ​រួម​ដែល​មាន​ និន្នការយោធានិយម បាន​រិះគន់​សហរដ្ឋ​អាមេរិក​ថា​មាន​ភាព​លម្អៀង​ ហើយ​បាន​ហៅ​ប្រទេស​ហ្វីលីពីន​ថា​ជា​«អ្នក​បង្ក​រឿង»។

លោក​ថ្លែង​ថា៖ «ប្រទេស​ហ្វីលីពីន​បាន​ដើរ​តួ​ជា​អ្នក​បង្ក​រឿង​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ ហ្វីលីពីន​ព្យាយាម​ប្រើមធ្យោបាយ​យោធា​ដើម្បី​ដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង។ នេះ​ជា​រឿង​មិន​អាច​ទៅ​រួច​សោះ។ ប្រទេស​ហ្វីលីពីន​នឹង​មិន​អាច​ផ្លាស់​ប្តូរ​អតុល្យភាព​អំណាច​ដែល​ខ្លួន​មាន​ជាមួយ​ចិន​ បើ​ទោះ​បី​ជា​ខ្លួន​ទិញ​សព្វាវុធច្រើន​ប៉ុន្មាន​ថែម​ទៀត​ក៏​ដោយ។ យើង​សង្ឃឹម​ថា​ប្រទេស​ហ្វីលីពីន​នឹង​ដើរ​ជាមួយ​ចិន​តាម​ទិសដៅ​ដូច​គ្នា​មួយ​ដើម្បី​ឈានទៅ​រក​ការ​ដោះស្រាយជម្លោះ​ដោយ​សន្តិវិធីតាម​ការ​ចរចា។»

សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា ខ្លួនប្រកាន់​គោលជំហរ​អព្យាក្រឹត្យនៅ​ក្នុងបញ្ហា​ជម្លោះ​ដែន​សមុទ្រ​នេះ ហើយ​បាន​អំពាវនាវ​ឲ្យ​សមាគម​អាស៊ាន​និង​ចិន​ដោះស្រាយ​ជម្លោះ​នេះ​ដោយការ​ចរចាតាម​សន្តិវិធី​និង​ពហុភាគី។

ប៉ុន្តែ​ប្រទេស​ចិន​និយាយ​ថា​ខ្លួន​នឹង​ពិភាក្សា​អំពី​បញ្ហា​ជម្លោះ​ដែន​ទឹក​នេះ​តាមរយៈ​ការ​ចរចា​ទ្វេភាគី​តែ​ប៉ុណ្ណោះ៕

ប្រែ​សម្រួល​ដោយ​ សឹង សុផាត

XS
SM
MD
LG