គេបានគិតថា ជំងឺនេះបានចាប់ផ្តើមពីផ្សារលក់សត្វមួយនៅក្នុងក្រុងWuhan នៃប្រទេសចិនកាលពីចុងឆ្នាំមុន។
ប្រទេសចិនបានបញ្ជាក់ថា ខ្លួននឹងកំណត់ពន្ធគយ៨០ភាគរយលើការដឹកជញ្ជូនធញ្ញាជាតិ barley របស់អូស្ត្រាលីទៅលក់ក្នុងប្រទេសចិន។ អាជ្ញាធរចិនក៏បានហាមប្រាមការទិញសាច់ក្រហមពីក្រុមហ៊ុនរបស់អូស្ត្រាលីចំនួនបួនដែលមានជាងមួយភាគបីនៃការដឹកជញ្ជូនសាច់សត្វរបស់អូស្ត្រាលីទៅលក់ក្នុងប្រទេសចិន។
អ្នកនយោបាយខាងគណបក្សប្រឆាំង និងគ្រូបង្រៀនក្នុងសាកលវិទ្យាល័យមានជំនឿថា ចំណាត់ការនេះរបស់ប្រទេសចិនជាការសងសឹកចំពោះការអំពាវនាវរបស់អូស្ត្រាលីឱ្យមានការស៊ើបអង្កេតអន្តរជាតិអំពីវិបត្តិជំងឺកូវីដ១៩។ កាលពីខែមេសាឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសអូស្ត្រាលីបានគំរាមថា នឹងមានប្រតិកម្មអវិជ្ជមានពីអ្នកប្រើប្រាស់ទំនិញពីប្រទេសអូស្ត្រាលីទៅលក់ក្នុងប្រទេសចិនពីព្រោះរដ្ឋាភិបាលក្រុងកង់បេរ៉ាបានប៉ុនប៉ងប្រមូលការគាំទ្រជាសាកលដល់ការស៊ើបអង្កេតអំពីប្រភពនៃវីរុសកូរ៉ូណានេះ។
ក៏ប៉ុន្តែនៅក្នុងសប្តាហ៍ទីពីរនៃខែឧសភានេះអាជ្ញាធរនៅក្នុងក្រុងប៉េកាំងបាននិយាយអះអាងថា ក្រុមហ៊ុនដែលដឹកជញ្ជូនផលិតផលកសិកម្មទៅលក់ក្នុងប្រទេសចិនបានរំលោភលើបទបញ្ញត្តិស្តីពីការដាក់ទំនិញទាំងនេះឱ្យនៅដាច់ពីទំនិញឯទៀតៗនៅមុនយកទៅលក់បន្តហើយក៏មានបញ្ហាឯទៀតៗខាងសុខភាពនិងការដាក់ស្លាកទំនិញផងដែរ។
លោក Simon Birmingham រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលីក៏មានជំនឿដែរថា ការផ្អាកការដឹកជញ្ជូនសាច់សត្វទៅលក់ក្នុងប្រទេសចិនគ្មានការទាក់ទងជាមួយការស៊ើបអង្កេតអំពីជំងឺកូវីដ១៩ទេ។ លោករដ្ឋមន្ត្រី Birmingham បាននិយាយថា៖ «ពួកមន្ត្រីចិនបាននិយាយទទូចដាច់ណាត់ជាសាធារណៈ និងជាផ្លូវឯកជនថា បញ្ហាទាំងនេះមិនទាក់ទិនគ្នាទេ។ ដូច្នេះដើម្បីប្រយោជន៍ល្អបំផុតសម្រាប់ក្រុមកសិករ និងក្រុមអ្នកដឹកជញ្ជូនទំនិញយើងទៅលក់ក្នុងប្រទេសចិន យើងគួរដោះស្រាយបញ្ហាទាំងនេះតាមបែបបទត្រឹមត្រូវហើយបើតាមបរិបទគោលនយោបាយរបស់យើងវិញ បញ្ហាទាំងនេះគ្មានការទាក់ទិនគ្នាឡើយ។ ច្បាស់ណាស់ថា ការស៊ើបអង្កេតអំពីបញ្ហាជំងឺកូវីដ១៩គ្មានការទាក់ទងទាល់តែសោះជាមួយការដឹកជញ្ជូនសាច់គោ ឬធញ្ញជាតិ barley របស់អូស្ត្រាលីទៅលក់ក្នុងប្រទេសចិន»។
ខណៈបង្ហាញការគាំទ្រដល់ការអំពាវនាវឱ្យមានការស៊ើបអង្កេតអំពីជំងឺកូវីដ១៩ ក្រុមអ្នកនយោបាយប្រឆាំងនៅក្នុងប្រទេសអូស្ត្រាលីមានជំនឿថា រដ្ឋាភិបាលបានចាត់ចែងកិច្ចការមិនល្អអំពីទំនាក់ទំនងជាមួយប្រទេសចិនដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ខ្លួន។ អារម្មណ៍មួយបានលេចឡើងថា រដ្ឋាភិបាលក្រុងកង់បេរ៉ាគួរស្វះស្វែងរកការគាំទ្រដោយស្ងាត់ៗឱ្យមានការស៊ើបអង្កេតជាសាកលជាជាងប្រឆាំងនឹងចិនដោយធ្វើសេចក្តីប្រកាសជាសាធារណៈ។
វិស័យនាំចេញធំៗបីរបស់ប្រទេសអូស្ត្រាលីគឺរ៉ែ ទេសចរណ៍និងការសិក្សាអប់រំបានត្រូវគ្របដណ្តប់ដោយប្រទេសចិន។
រដ្ឋាភិបាលក្រុងប៉េកាំងបានរិះគន់ប្រទេសអូស្ត្រាលីដែលបានហាមប្រាមមិនឱ្យមានជើងហោះរបស់យន្តហោះពីប្រទេសចិនដីគោកចាប់តាំងពីខែកុម្ភៈមកដើម្បីឆ្លើយតបនឹងការគំរាមកំហែងខ្លាំងឡើងៗនៃវីរុសកូរ៉ូណា។ ទំនាក់ទំនងរវាងប្រទេសអូស្ត្រាលី និងប្រទេសចិនមានការរអាក់រអួលតាំងពីមុនពេលនេះដោយសារមានការចោទប្រកាន់អំពីការជ្រៀតជ្រែករបស់ចិនក្នុងនយោបាយផ្ទៃក្នុងប្រទេសអូស្ត្រាលីនិងការអះអាងថា ចិនធ្វើចារកម្ម និងលួចចូលបណ្តាញអ៊ីនធឺណិតផងដែរ។
មានការព្រួយបារម្ភថាសង្គ្រាមពាណិជ្ជកម្មបណ្តាលមកពីការស៊ើបអង្កេតអំពីប្រភពនៃជំងឺកូវីដ១៩អាចធ្វើឱ្យខូចខាតដល់វិស័យកសិកម្មអូស្ត្រាលីនៅពេលដែលផ្នែកនានានៃសេដ្ឋកិច្ចប្រទេសនេះបានរលំដោយសារការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩នេះ៕
ប្រែសម្រួលដោយឈឹម សុមេធ