វ៉ាស៊ីនតោន៖ ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គចំនួនប្រមាណ៦០លាននាក់ក្នុង ប្រទេសចំនួនបួនគឺ កម្ពុជា វៀតណាម ថៃនិងឡាវត្រូវគេគិតថារងប៉ះពាល់ខ្លាំង ដោយសារអាកាសធាតុប្រែប្រួលផងនឹងដោយសារគម្រោងសាងសង់ទំនប់តាម ដងទន្លេមេគង្គផង។
ការបង្ហាញពីផលប៉ះពាល់ស្រដៀងគ្នានេះដែរក៏ត្រូវគេធ្វើឡើងនៅក្នុងរដ្ឋធានី វ៉ាស៊ីនតោននៅក្នុងទិវាមេគង្គតាមរយៈការបញ្ចាំងខ្សែភាពយន្តទាក់ទងនឹងបញ្ហាទន្លេមេគង្គរួមនឹងការសួរដេញដោលជាច្រើនអំពីផលប៉ះពាល់នឹងវិធានការដោះ ស្រាយអំពីវិបត្តិតំបន់មេគង្គនេះផងដែរ។ ក្រុមអ្នកចូលរួមនិងអ្នករៀបចំបាន អះអាងថាទិវាមេគង្គនេះអាចទាក់ទាញឲ្យមានការយកចិត្តទុកដាក់ពីសរអា ចំពោះវិបត្តិនៅទន្លេមេគង្គ។
លោក ឌឹក្លាស់ វ៉ាជុល ( Douglas Varchol) ជាផលិតករខ្សែភាពយន្តមេគង្គ។ ខ្សែភាពយន្តឯកសាររបស់លោករៀបរាប់ពីផលប៉ះពាល់តំបន់ទន្លេមេគង្គក្នុង ប្រទេសបួនជាពិសេសគឺថៃ ឡាវ កម្ពុជា និង វៀតណាម។លោកថ្លែងពីសារៈ សំខាន់នៃការបញ្ចាំងខ្សែភាពយន្តនេះក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
«លោកអ្នកដឹងហើយថាសរអាចាប់អារម្មណ៍ក្នុងការបង្វែរគោលនយោបាយរបស់ ខ្លួនត្រឡប់ទៅកាន់តំបន់អាស៊ីវិញ។ បញ្ហាអាងទន្លេមេគង្គគឺជាអ្វីដែលគួរត្រូវគេ គិតគូរថាជាផ្នែកមួយនៃកិច្ចការរបស់ខ្លួន។ ខ្ញុំគិតថាគេគិត»។
លោកថ្លែងយ៉ាងដូច្នេះដោយយោងទៅលើការយកចិត្តទុកដាក់របស់លោកស្រី ហ៊ីលឡារី គ្លីនតុន អតីតរដ្ឋមន្ត្រីការបរទេសសរអានិងទីភ្នាក់ងារផ្តល់ជំនួយរបស់សរអា USAID ដែលបានយកចិត្តទុកដាក់លើតំបន់ទន្លេមេគង្គដែលកំពុង ជួបការរងគ្រោះនេះ។
ផលប៉ះពាល់ដ៏ធ្ងន់ធ្ងរក្នុងមហាអនុតំបន់ទន្លេមេគង្គគឺត្រូវរកឃើញដោយគម្រោង នៃការសម្របទៅតាមនិងការស៊ូទ្រាំនៃទន្លេមេគង្គទៅនឹងការប្រែប្រួលអាកាស ធាតុហៅថា Mekong Adaptation & Resilience to Climate Change ( Mekong ARCC)ដែលត្រូវបានផ្តល់ថវិកាដោយអង្គការUSAIDរបស់សរអា។ មុននឹងផ្សព្វ ផ្សាយរបាយការណ៍ស្រាវជ្រាវពេញលេញនៅថ្ងៃទី២៩មិនាខាងមុខក្នុងទីក្រុង បាងកក គំរោង Mekong ARCC បានប្រកាសលទ្ធផលសង្ខេបជាបឋមនៃការ សិក្សាស្រាវជ្រាវថ្មីៗកាលពីខែមុនស្តីអំពីអាកាសធាតុដោយបានព្យាករណ៍ថា បម្រែបម្រួលអាកាសធាតុ សីតុណ្ហភាព និងទឹកភ្លៀង នឹងធ្វើឲ្យហិនហោចដល់ ស្រូវ ពោត កាហ្វេ កៅស៊ូ ប៉ះពាល់ដល់ វិស័យជលផលនិងផលិតភាព បសុសត្វ ក្នុងមហាអនុតំបន់មេគង្គ។
នាយកវិទ្យាស្ថាន ហ្គោទ័រ (Goethe Institute) គឺលោក វីលហ្រ្វ៊ីដ អេកស្តាញ (Wilfried Eckstein ) បានថ្លែងប្រាប់វីអូអេថាការរៀបចំទិវាមេគង្គនេះព្រោះរដ្ឋ ធានីវ៉ាស៊ីនតោនមានមូលដ្ឋានគ្រឹះច្រើន យល់ដឹងពីកិច្ចការ និងមានអ្នកមានបទ ពិសោធន៍ច្រើនអំពីបញ្ហានៅតំបន់អាស៊ីអាគ្នេយ៍ដែលអាចជួយដល់ការបង្កើត គំនិតនិងផ្តល់គំនិតដល់តំបន់អាស៊ីអាគ្នេយ៍។
«ដូច្នេះខ្ញុំគិតថាវិទ្យាស្ថាន ហ្គោទ័រអាចផ្តល់វេទិកាដើម្បីជជែកអំពីអ្វីដែលកំពុង កើតឡើងក្នុងពិភពលោកជាសំខាន់បំផុត ពិសេសគឺបញ្ហាទន្លេមេគង្គនេះ ជាដើម»។
លោកថ្លែងយ៉ាងដូច្នេះដោយយោងទៅលើ ធនាគារពិភពលោក អង្គការធំ និង អ្នកតាក់តែងគោលនយោបាយធំៗដ៏មានឥទ្ធិពលជាពិសេសមានឥទ្ធិពលក្នុងការ សម្រេចចិត្តរឿងថវិកាមានមូលដ្ឋាននៅរដ្ឋធានីនៅវ៉ាស៊ីនតោន។
កម្មវិធីបញ្ចាំងខ្សែភាពយន្តពេលបើកទិវាមេគង្គប្រាំថ្ងៃចាប់ពីថ្ងៃ២២មិនាដល់ថ្ងៃទី ២៦មិនានេះត្រូវរៀបចំនៅក្នុងវិទ្យាស្ថាន ហ្គោទ័រ (Goethe Institute) ដែលរួមជា មួយនឹងវិទ្យាស្ថានអាមេរិក អង្គការល្បីល្បាញរបស់សហភាពអឺរ៉ុប ជាច្រើនទៀត ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
ពលរដ្ឋនិងមន្ត្រីអង្គការនានាជាង១០០នាក់បានចូលរួមទស្សនាខ្សែភាពយន្ត ស្តីពីមេគង្គជាច្រើននោះនៅថ្ងៃបើកទិវាមេគង្គក្នុងរដ្ឋធានីវ៉ាស៊ីនតោននោះ។
ក្រុមអ្នកទស្សនាខ្សែភាពយន្តបានលើកដៃសួរដេញដោលផលិតករភាពយន្តនិង បានសម្តែងពីការអាណិតអាសូរដល់ពលរដ្ឋដែលកំពុងរស់នៅទីនោះ។
នាង វឌ្ឍនី សយ ពលរដ្ឋខ្មែរអាមេរិកាំងមកពីរដ្ឋម៉ារីឡែនជាអ្នកចូលរួមទស្សនា ម្នាក់ដែរបានចាត់ទុកថា ការបញ្ចាំងកុនមេគង្គនៅក្នុង រដ្ឋធានីវ៉ាស៊ីនតោនក្នុងទិវា មេគង្គនេះមានសារៈប្រយោជន៍ណាស់ព្រោះមានអ្នកតាក់តែងគោលនយោ បាយ ឬ Policymakers ច្រើន។
«បញ្ចាំងកុននេះនៅវ៉ាស៊ីនតោនឌីស៊ីគឺថាមានប្រយោជន៍ច្រើនពីព្រោះយើងមាន អ្នកតាក់តែងគោលនយោបាយនៅទីនេះច្រើន ហើយនឹងអ្នកដែលអាចមានការ ទំនាក់ទំនងជាមួយអ្នកដែលមានអំណាចនិយាយពីរឿងអញ្ចឹងៗ ។ហើយម្យ៉ាង ទៀតគឺ(សរអា)ជាអ្នកមានអំណាចនិងទឹកមាត់ប្រៃក្នុងការជជែកជាមួយ រដ្ឋាភិបាលជុំវិញរឿងហ្នឹង»។
នាង វឌ្ឍនីបានសង្កេតឃើញថានៅក្នុងភាពយន្តគឺឃើញមានផលប៉ះពាល់ដល់ ការនេសាទនិងពលរដ្ឋ ដោយសារពួកគាត់ត្រូវបង្ខំចិត្តផ្លាស់ប្តូរទីលំនៅដែលមាន ជីវភាពគ្រប់គ្រាន់ទៅនឹងជីវភាពលំបាករកលុយចញ្ចឹមជីវិត។ ពោលគឺពេល ពលរដ្ឋត្រូវរើពីតំបន់មាត់ទន្លេដោយសារការកសាងទំនប់វារីអគ្គសនី។
«រឿងនេះខ្ញុំធ្លាប់ឮបន្តិចបន្តួចដែរតែពេលគេធ្វើជាកុនបញ្ចូលគ្នាទាក់ទងនឹង បញ្ហាទន្លេមេគង្គក្នុងប្រទេសទាំងប៉ុន្មានហ្នឹងធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលថាវាមានប៉ះពាល់ ដល់ជម្រៅប៉ុណ្ណាព្រោះអីកាលខ្ញុំនៅស្រុកខ្មែរខ្ញុំដឹងរឿងហ្នឹងដែរតែដឹងតិចៗដូចអ្នកថតកុនគាត់មានប្រសាសន៍គាត់ថានៅក្នុងប្រទេសកម្ពុជាយើងអត់សូវ មានព័ត៌មានរឿងហ្នឹងច្រើនដូចនៅទីនេះ»។
លោក ឌឹក្លាស់ វ៉ាជុល ( Douglas Varchol)បានរំពឹងថារដ្ឋាភិបាលនានានឹងគិត ពីផលប្រយោជន៍ពលរដ្ឋខ្លួនពីផលប្រយោជន៍ប្រទេសជិតខាង។ លោកធ្វើជា កុនឯកសានេះគឺដើម្បីឲ្យសំឡេងពីមេគង្គត្រូវបានឮនិងពិភាក្សាគ្នាពីគ្រប់ភាគី ទាំងអស់ជាពិសេសរឿងសម្បទាន រឿងសំណងដល់ពលរដ្ឋជាដើម។
«ខ្ញុំមានន័យថាពួកគេត្រូវការគិតពិចារណារពីតម្រូវការរបស់ពលរដ្ឋច្រើនបន្ថែម ទៀត។ ប្រសិនបើពួកគេធ្វើបាន ពួកគេមានបញ្ហាតិចតួច តែពួកគេមិនធ្វើទេ»។
លោកបានអះអាងបន្ថែមថាបញ្ហាទន្លេមេគង្គជារឿងលំបាកដែលពាក់ព័ន្ធនឹង នយោបាយ សេដ្ឋកិច្ច វប្បធម៌ហើយនឹងបញ្ហាឆ្លងដែន។
ក្រោយពីបានទស្សនាភាពយន្តឯកសារ មេគង្គ ដែលផលិតដោយលោក ឌឹក្លាស់ វ៉ាជុល ( Douglas Vachol) រួចមកលោក រ៉ូស ណូត្ថា (Russ Notar) មានទីលំនៅ ក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានអះអាងថាដំណោះស្រាយបញ្ហាទន្លេមេគង្គអាចរក បាននៅពេលរដ្ឋាភិបាលក្នុងតំបន់ទន្លេមេគង្គ អ្នកសាងសង់និងពលរដ្ឋមានការ ទទួលយកព្រមគ្នានិងបង្ហាញឲ្យពលរដ្ឋបានដឹងថាតើការកសាងទំនប់មានផល ប៉ះពាល់ឬមិនប៉ះពាល់អ្វីខ្លះ។
«ខ្ញុំគិតថាកិច្ចសហប្រតិបត្តិការជាគន្លឹះសំខាន់ប្រសិនបើ ផលប្រយោជន៍ទាំង ឡាយនោះអាចទៅដល់ក្រុមមួយៗដោយប្រការណាមួយនោះ»។
ភរិយាលោក រ៉ូស ណូត្ថា គឺអ្នកស្រី អេឡែន ណូត្ថា (Ellen Notar) បានបន្ទរថា៖ «ខ្ញុំគិតថាខ្សែភាពយន្តនេះបានធ្វើឲ្យយើងដឹងច្រើនអំពីការលំបាកនានាក្នុងតំបន់ ដ៏ធំមួយនេះដែលមានប្រទេសជាច្រើនពាក់ព័ន្ធ។ ជីវិតតាមទន្លេមេគង្គពិតជា សំខាន់ណាស់សម្រាប់ពលរដ្ឋទាំងនោះ»។
លោកស្រីបានបន្ថែមថាខ្សែភាពយន្តទាំងនេះធ្វើបានល្អណាស់ ហើយអ្នក ស្រីបានយល់ដឹងច្រើនពីតំបន់ទន្លេមេគង្គដែលអ្នកស្រីធ្លាប់ធ្វើដំណើរទៅ ដល់កាលពីជាង១០ឆ្នាំមុន។
លោក ណេត ត្រេជឺ (Nate Trager) រស់នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនហើយជាអ្នក បរិស្ថានម្នាក់បានអះអាងថា បរិស្ថានក្នុងតំបន់ទន្លេមេគង្គមានផលប៉ះពាល់ដល់ ប្រទេសផ្សេងទៀតនៅពេលគេសាងសង់ទំនប់វារីអគ្គីសនី ហើយលោកចូលរួម ទស្សនាខ្សែភាពយន្តនិងចូលរួមទិវាមេគង្គនេះដើម្បីយល់ដឹងអំពីបញ្ហាបរិស្ថាន មេគង្គបន្ថែមទៀត។
«ខ្ញុំមានការចាប់អារម្មណ៍ក្នុងការស្វែងយល់ឲ្យបានច្រើនអំពីបញ្ហាបរិស្ថានដ៏ សំខាន់និងបញ្ហាវប្បធម៌ ដែលប៉ះពាល់ដល់ប្រទេសជាច្រើន។ ខ្ញុំដឹងអំពីការ គិតគូររឿងបរិស្ថានក្នុងសរអា។ តែខ្ញុំក៏ចាប់អារម្មណ៍ក្នុងការស្វែងយល់អំពី ពលរដ្ឋដែលប៉ះពាល់ដោយបញ្ហាទាំងនេះនៅក្នុងនិងជិតៗតំបន់ដីសណ្ត ជ្រលងភ្នំ ទន្លេមេគង្គទាំងអស់នេះថាតើពលរដ្ឋគិតយ៉ាងម៉េច?»
ដោយឡែកលោក ជុំ សុភាជាផលិករភាពយន្តឯកសារស្តីពីទន្លេមេគង្គដែលមាន ចំណងជើងថាទន្លេរបស់ខ្ញុំ ត្រីខ្ញុំ ជីវិតខ្ញុំ។ លោកមានមោទនភាពណាស់នៅ ពេលកុនឯកសាររបស់លោកប្រាំមួយនាទី ដែលជាប់លខបីក្នុងតំបន់អាស៊ី អាគ្នេយ៍ ត្រូវគេយកទៅបញ្ចាំងនៅក្នុងប្រទេសអាមេរិកនៅឯទិវាមេគង្គ។ កុន ឯកសាររបស់លោករៀបរាប់ពីផលលំបាករបស់ប្រជានេសាទដោយសារការ អស់ត្រីហើយប៉ះពាល់ដល់ជីវភាពរបស់ពួកគាត់។ លោកបាន អះអាងថាការ ប្រែប្រួលកម្ពស់ទឹកទន្លេមេគង្គដោយសារការកសាងទំនប់វារីអគ្គីសនី ប៉ះពាល់ ដល់ប្រជាពលរដ្ឋទាំងបួនប្រទេសតាមដងទន្លេមេគង្គ។
«ការធ្វើជាប្រភេទកុនឯកសារគឺចង់បង្ហាញទៅដល់រដ្ឋាភិបាលក៏ដូចជាបណ្តារ ប្រទេសដែលពាក់ព័ន្ធអញ្ចឹងឲ្យគាត់មានការគិតពិចារណាឡើងវិញមុននឹងធ្វើការ អភិវឌ្ឍណាមួយទាក់ទងនឹងទន្លេមេគង្គហ្នឹងព្រោះថាទន្លេមេគង្គដូចជាសរសៃ ឈាមជីវិតរបស់ប្រជាពលរដ្ឋដែលគាត់រស់នៅតាមបណ្តោយទន្លេមេគង្គ»។
នាងម៉ម កល្យាណនី (Kalyanee Mam) ជាអ្នកផលិតខ្សែភាពយន្តទាក់ទងនឹង ទឹកទន្លេមេគង្គនឹងទន្លេសាបដែលមានឈ្មោះថា «ក្បង់ទឹកទន្លេ» ឬ A River Changes Course បានឈ្នះពានរង្វាន់ World Cinema Grand Jury Prize ដែលជារង្វាន់មួយក្នុងចំណោមរង្វាន់ធំបំផុតនៅឯមហោស្រពភាពយន្តទីក្រុង សាន់ដាន (Sundance Film Festival) របស់សហរដ្ឋអាមេរិក។ នាងបានថ្លែងថា រដ្ឋាភិបាលអាចជួយស្រោចស្រង់ស្ថានភាពបានប្រសិនបើមិនអនុញ្ញាតឲ្យមាន ការសាងសង់ទំនប់ ការប្រើគ្រឿងផ្ទុះដើម្បីចាប់ត្រី និងការប្រើឧបករណ៍នេសាទ ដែលមានក្រឡាតូចដើម្បីនេសាទត្រី ហើយលុបចោលក្រុមហ៊ុននេសាទធំៗ ដែលនេសាទគ្រប់ពេលវេលានោះ។
«ទន្លេមេគង្គយើង ហើយនឹងទន្លេសាបយើងមានបញ្ហាច្រើនឥឡូវដោយសារត្រី យើងតិចទៅៗពីព្រោះយ៉ាងម៉េចពីព្រោះគេចាប់ផ្តើមធ្វើវារីអគ្គីសនីច្រើនហើយ ពេលហ្នឹងវាប៉ះពាល់លើជីវិតត្រី»។
នាងបានបន្ថែមថាត្រីជាប្រភពនៃប្រតិអ៊ីន និងម្ហូបអាហារសម្រាប់ពលរដ្ឋ។
ទាំងនាង កល្យាណនី និងលោកសុភាបានអះអាងថាការធ្វើទំនប់វារីអគ្គីសនី ច្រើននឹងធ្វើឲ្យប៉ះពាល់ដល់ចរាចរណ៍ត្រីនិងការបង្កើតកូនរបស់ត្រីដែលរឿង នេះជាបញ្ហាធ្ងន់ធ្ងរសម្រាប់ជីវភាពពលរដ្ឋ។
សំណើសាងសង់ទំនប់ចំនួន១១កាត់ទន្លេមេគង្គ និងទំនប់តូចៗតាមព្រែកនិងដៃស្ទឹងជាច្រើនទៀតនោះគឺជាការបង្កឲ្យមានបម្រែបម្រួលអាកាសធាតុនិងប៉ះពាល់ ដល់ជីវភាពពលរដ្ឋក្នុងតំបន់មេគង្គ។ រឿងនេះបង្កើតឲ្យមានភាពតានតឹងក្នុង តំបន់មេគង្គផងដែរដោយសារមានប្រទេសមួយចំនួនមិនសប្បាយចិត្តនឹងការ សាងសង់ទំនប់ទាំងនោះជាពិសេសទំនប់វារីអគ្គីសនីសាយ៉ាបូរីដ៏ធំនៅប្រទេស ឡាវ។ ក៏ប៉ុន្តែប្រទេសចិនបានធ្វើទំនប់បួន នៅភាគខាងលើផងដែរដោយពុំបាន ពិភាក្សាជាមួយនឹងប្រទេសមេគង្គក្រោម ដោយសារទាំងប្រទេសចិននិង ប្រទេសឡាវសំអាងថានោះជារឿងអធិបតេយ្យរបស់ប្រទេសខ្លួន។
សរអាបានប្តេជ្ញាកាលពីឆ្នាំទៅក្នុងកិច្ចប្រជុំស្តីពីបញ្ហាមេគង្គថាខ្លួននឹងពង្រឹង កិច្ចសហប្រតិបត្តិការដើម្បីជួយដល់ប្រទេសមេគង្គក្រោមក្នុងវិស័យអប់រំ សុខា ភិបាល បរិស្ថាននិងការភ្ជាប់ទំនាក់ទំនងនិងលើកកម្ពស់សេដ្ឋកិច្ចជាដើមជាមួយ នឹងការប្រកាសផ្តល់ជំនួយ៥០លានដុល្លារសរអា។ បញ្ហាជួយជ្រោមជ្រែងតំបន់ ទន្លេមេគង្គនេះជាការផ្តួចផ្តើមរបស់លោកស្រី ហ៊ីលឡឺរី គ្លីនតុនកាលពីឆ្នាំ ២០០៩។